ពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​រាជធានី​ភ្នំពេញ ស្នើ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​អគ្គិសនី និង​ទឹក​ស្អាត

ដោយ ជាតិ ចំណាន
2021-03-04
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​រាជធានី​ភ្នំពេញ ស្នើ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​អគ្គិសនី និង​ទឹក​ស្អាត

អគារ​អង្គភាព​អគ្គិសនី​កម្ពុជា នៅ​រាជធានី​ភ្នំពេញ (រូបថតឯកសារ RFA 07/15/15)


ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​រាជធានី​ភ្នំពេញ ស្នើ​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ចុះ​តម្លៃ​អគ្គិសនី និង​ទឹក​ស្អាត ដោយ​សារ​ពួក​គាត់ បាត់​បង់​ការងារ ដោះ​បំណុល​ធនាគារ និង​ផ្គត់ផ្គង់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ ស្រប​ពេល​ស្ថានភាព​ជំងឺ​កូវីដ១៩ បន្ត​រីក​រាតត្បាត​ជា​លើក​ទី៣។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ថា រដ្ឋាភិបាល​គួរ​មាន​គោល​នយោបាយ​ជួយ​សម្រប​សម្រួល​កាត់​បន្ថយ​ការ​ចំណាយ លើ​តម្លៃ​អគ្គិសនី និង​ទឹក​ស្អាត ដល់​ប្រជាពលរដ្ឋ។

កម្មការិនី​រោងចក្រ​កាត់ដេរ ប័ររី (Berry) ជម្ពូវ័ន កញ្ញា ហេង បូរី កំពុង​ជួប ស្ថានភាព​លំបាក មិន​សូវ​មាន​ការងារ ទទួល​ប្រាក់​ខែ​បាន​តិចតួច ត្រូវ​បង់​ធនាគារ រ៉ាប់រង​ការ​ចាយ​វាយ និង​បង់​ទឹក​ភ្លើង​ប្រចាំខែ​ទៀត​ផង។ កញ្ញា​ហេង បូរី ថា ជាង​មួយ​ឆ្នាំ​នេះ​ ក្នុង​អំឡុង​កូវីដ១៩ គ្រួសារ​កញ្ញា​ត្រូវ​បង់​ទឹក​ភ្លើង​យ៉ាង​ច្រើន​ជា​រៀងរាល់​ខែ កញ្ញា​មិន​ដែល​ឃើញ​រដ្ឋាភិបាល​ប្រកាស​បញ្ចុះតម្លៃ​ទឹក​ភ្លើង​ជូន​ប្រជាពលរដ្ឋ​នោះ​ទេ។ កញ្ញា​ស្នើ​រដ្ឋាភិបាល​ជួយ​បន្ធូរបន្ថយ​ការ​បង់​ថ្លៃ​ទឹក​ភ្លើង​ដល់​ប្រជាពលរដ្ឋ ក្នុង​ស្ថានភាព​ជំងឺកូវីត១៩ ដែល​ពល​រដ្ឋ​កំពុង​បាត់បង់​ប្រាក់​កម្រៃ និង​ខ្វះខាត​លទ្ធភាព៖ «ជីវភាព​រាល់​ថ្ងៃ​នឹង ជា​ពិសេស​ផ្ទុះ​ជំងឺ​កូវីដ​ហ្នឹង ខាង​ការងារ​ខ្ញុំ​ក៏​មិន​សូវ​មាន​ការងារ​គ្រប់គ្រាន់ ជួន​បាន​ថែម​ម៉ោង​ជួន​អត់​ទៅ ហើយ​ខ្ញុំ​ត្រូវ​រ៉ាប់រង​លើ​ការ​ចាយវាយ​ក៏​ដូច​ជា​ទឹក​ភ្លើង ហើយ​នឹង​បង់​ធនាគារ​ទៀត​អ៊ីចឹង ខ្ញុំ​សង្ឃឹម​ថា​រដ្ឋាភិបាល​នឹង​អាច​មាន​ការ​បន្ធូរបន្ថយ​សេវា​បង់​ទឹក​ភ្លើង​មក​ដល់​ប្រជាពលរដ្ឋ»

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​រត់​ផាសអាប់ (PassApp) នៅ​រាជធានី​ភ្នំពេញ លោក គង់ ស្រ៊ន់ ប្រាប់​អាស៊ី​សេរី​ថា វិបត្តិ​ជំងឺកូវីត១៩ បាន​ធ្វើ​ឱ្យ​លោក និង​អ្នក​រត់​ផាសអាប់​ផ្សេង​ទៀត រក​ប្រាក់​ទៅ​ទិញ​ម្ហូប​ប្រចាំ​ថ្ងៃ​សឹង​មិន​បាន​ផង។ លោក​ថា​ផាសអាប់ ដែល​លោក​ដឹក​ភ្លៀង​រាល់​ថ្ងៃនេះ គឺ​បង់​រំលោះ ដូច្នេះ​លោក​ត្រូវ​ចំណាយ​ទៅ​ធនាគារ បង់​ថ្លៃ​ទឹក​ភ្លើង​ប្រចាំខែ​ទៀត។ បុរស​វ័យ ៤៧ឆ្នាំ​រូប​នេះ​លើក​ឡើង​ថា ប្រជាពលរដ្ឋ​បាន​សំណូមពរ​ទៅ​រដ្ឋាភិបាល​ច្រើន​ដង​មក​ហើយ ចំពោះ​ទុក្ខ​លំបាក​ទាំងនេះ តែ​រដ្ឋាភិបាល​មិន​អើពើ​នឹង​ការ​ស្នើ​បញ្ចុះតម្លៃ​ទឹក​ភ្លើង​ជូន​ប្រជាពលរដ្ឋ​នោះ​ទេ៖ «ស្នើ​ឱ្យ​រដ្ឋាភិបាល​ហ្នឹង គាត់​ជួយ​បញ្ចុះ​តម្លៃ​ទឹក​ភ្លើង​ដល់​ប្រជាពលរដ្ឋ​ខ្លះ​ទៅ ព្រោះ​ប្រជាពលរដ្ឋ​រក​លុយ​អត់​បាន​ទេ ផ្ទុះ​លើក​ទី៣​នេះ គឺ​ធ្ងន់ធ្ងរ គឺ​បិទ​ទីតាំង​ច្រើន ដោយ​ភ្ញៀវ​អត់​ហ៊ាន​ចេះ​ដើរ​អ៊ីចឹង​ទៅ អ្នក​ប្រកប​មុខ​របប​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហ្នឹង គឺ​គ្នា​យ៉ាប់យ៉ឺន​មែនទែន ថ្ងៃនេះ ថ្មើរ​ណេះ​អី អ្នក​រត់​ម៉ូតូ​ឌុប​វិញ ទើប​បាន​ពីរ​បី​ពាន់ ប្រាំ​ពាន់ មួយ​ម៉ឺន ចេះ​តែ​សួរៗ ទៅ​ណា៎ មិនមែន​យ៉ាប់​តែ​យើង​ទេ»

រដ្ឋលេខាធិការ និង​ជា​អ្នក​​នាំ​ពាក្យ​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន បដិសេធ​ការ​​ឆ្លើយតប​​ជុំវិញ​កង្វល់ និង​​សំណើ​របស់​​ពលរដ្ឋ​អំពី​បញ្ហា​បញ្ចុះ​តម្លៃ​អគ្គិសនី និង​ទឹក​ស្អាត​នេះ ដោយ​លោក រុញ​ឱ្យ​ទៅ​សួរ​ខាង​អគ្គិសនី​កម្ពុជា និង​រដ្ឋាករ​ទឹក​ក្រុង​ភ្នំពេញ​វិញ។ អាស៊ី​សេរី​បាន​ទាក់ទង​​ទៅ​​អគ្គនាយក​អគ្គិសនី​កម្ពុជា លោក កែវ រតនៈ  ដើម្បី​សាក​សួរ​​បញ្ហា​​នេះ​ដែរ ប៉ុន្តែ​មិន​លើក​ទូរស័ព្ទ។

ទោះបី​ជា​យ៉ាង​ណា រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ បាន​បង្ហាញ​របាយការណ៍ ប្រាក់​ចំណេញ ឬ​ខាត និង​ចំណូល​ផ្សេងៗ សង្ខេប​សម្រាប់​រយៈ​មួយ​ឆ្នាំ២០២០ ធៀប​នឹង​ឆ្នាំ​២០១៩ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​រក​ប្រាក់​ចំណូល​បាន​ជាង​​ ៧៩លាន​ដុល្លារ កើន​ជិត ៥០ភាគរយ និង​ទទួល​ប្រាក់​ចំណេញ​បាន​ជាង ២១លាន​ដុល្លារ កើន ១៦៥ភាគរយ។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី មាន​ប្រសាសន៍ ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ជា​រឿង​ត្រឹមត្រូវ និង​សម​ហេតុ​ផល ដែល​គាត់​កំពុង​ប្រឈម​ពិត​ប្រាកដ ហើយ​មិនមែន​ជា​ការ​ញុះញង់​នោះ​ទេ តែ​នេះ​ជា​តម្រូវ​ការ​របស់​ពួក​គាត់ ដើម្បី​ជីវភាព​រស់​នៅ​រាល់​ថ្ងៃ។ លោក​មើល​ឃើញ​ថា​កន្លង​មក​រដ្ឋាភិបាល​មិន​ទាន់​បាន​បង្ហាញ​ពី​គោល​នយោបាយ ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពលរដ្ឋ​ឱ្យ​បាន ​ច្បាស់លាស់ ចំពោះ​ការ​ចំណាយ​លើ​ថ្លៃ​ទឹក​ភ្លើង​នោះ​ឡើយ។ លោក​ថា ស្ថាប័នរដ្ឋ និង​ឯកជន​បែរ​ជា​ប្រកាស​អួត​ពី​ប្រាក់ចំណេញ​ទៅវិញ។ លោក​ចង់​ឃើញ​រដ្ឋាភិបាល​មាន​គោល​នយោបាយ​ជួយ​សម្បទាន​ដល់​ប្រជាពលរដ្ឋ​កំពុង​មាន​បញ្ហា​បំណុល បង់ថ្លៃ​ទឹក​ភ្លើង ក្នុង​វិបត្តិកូវីដ១៩។ លោក​ថា រដ្ឋាភិបាល គួរ​មាន​ចំណាត់​ការ​ណាមួយ​ជួយ​កាត់​បន្ថយ កុំ​ឱ្យ​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​កាន់​តែ​ដុនដាប​ដោយសារ​តម្លៃ​ទឹក​ភ្លើង ដើម្បី​ឱ្យ​ពួក​គាត់ អាច​ដកដង្ហើម​បាន​ស្រួល​ក្នុង​ស្ថានភាព​បែបនេះ៖ «មិនទាន់​ឃើញ​រដ្ឋាភិបាល​ហ្នឹង គឺ​មាន​គោល​នយោបាយ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ទទួល​រង​ផល​ប៉ះ​ពាល់​ថា មិន​លុយ​ចែក​ឱ្យ​ក៏​ហី​ចុះ ប៉ុន្តែ​ក៏​អាច​ពិចារណា​រឿង​កាត់​បន្ថយ​រឿង​ទឹក​និង​ភ្លើង​ផង យើង​ដឹង​ថា​រដ្ឋ​ចំណេញ​មិន​ខាត​ទេ ពី​រឿង​ទឹក​និង​ភ្លើង ហើយ​ទន្ទឹមគ្នា​ទៀត យើង​ឃើញ​ប្រេង​ក៏​កាន់​ឡើង​ថ្លៃ​ជា​បន្ត​បន្ទាប់​ហើយ​ទៅ​ដល់​ជាង​៣ពាន់​៥រយរៀល ឬ​ក៏​អាច​ឡើង​លើស​ហ្នឹង​ទៀត យើង​ជា​ពលរដ្ឋ ជា​ពិសេស​ពលរដ្ឋ​ក្រីក្រ ចង់​ឃើញ​រដ្ឋាភិបាល គួរ​មាន​គោល​នយោបាយ​ណាមួយ ដើម្បី​ជា​សម្បទាន នៅ​ពេល​ពលរដ្ឋ​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សារ​កូវីដ​នេះ»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រាប់​ថា រដ្ឋាភិបាល​របស់​លោក​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​២៥លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ សម្រាប់​ផ្តល់​ជូន​ពលរដ្ឋ​ក្រីក្រ​ចំនួន ៥៦២.៦៨៦​គ្រួសារ តែ​លោក ហ៊ុន សែន មិន​បាន​លើក​ឡើង​ពី​ការ​បញ្ចុះ​តម្លៃ​ទំនិញ អគ្គិសនី និង​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​ក្នុង​វិបត្តិ​កូវីដ​១៩ នោះ​ទេ។

ធនាគារ​ពិភពលោក​ព្យាករណ៍​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ជិត ២លាន​នាក់ នឹង​ធ្លាក់​ខ្លួន​ក្រីក្រ ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ១៩ ក្នុង​ឆ្នាំ​២០២០ ធ្វើ​ឱ្យ​ចំនួន​អ្នកក្រ​នៅ​កម្ពុជា​នឹង​កើន​ឡើង​ដល់ ៤លាន​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ជាង ១៥លាន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles