​អ្នកជំនាញ​អន្តរជាតិ​ជាង ​១​០​០​នាក់​ ​បារម្ភ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកការពារ​ព្រៃឈើ​នៅ​កម្ពុជា​

ដោយ មាន ឫទ្ធិ
2021-03-06
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

​អ្នកជំនាញ​អន្តរជាតិ​ជាង ​១​០​០​នាក់​ ​បារម្ភ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកការពារ​ព្រៃឈើ​នៅ​កម្ពុជា​

ប្រជាសហគមន៍ព្រៃឡង់ដែលក្នុងនោះរួមមានលោក អ៊ូច​ ​ឡេង និងលោក ហេង ស្រស់ ដែលត្រូវបានអាជ្ញាធរបរិស្ថានខេត្តក្រចេះឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។ រូប៖ គេ​ផ្ដល់​ឱ្យ


អ្នកធ្វើការ​ងារ​ទាក់ទង​បរិស្ថាន​ ​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ ​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ ​និង​អ្នក​សិក្សាស្រាវជ្រាវ​អន្តរជាតិ​ចំនួន​ ១​១​០​នាក់​ ​មកពី​ជុំវិញ​ពិភពលោក​ ​បាន​នាំគ្នា​ចេញ​សេចក្តីថ្លែង​ការណ៍​រួម​បង្ហាញ​ក្ដី​បារម្ភ​របស់​ពួកគេ​ចំពោះ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​អ្នកការពារ​ព្រៃឈើ​នៅ​កម្ពុជា​។​

សេចក្តីថ្លែង​ការណ៍​រួមគ្នា​នេះ​ ​ធ្វើឡើង​ក្រោយពេល​អាជ្ញាធរ​កម្ពុជា​បាន​ឃាត់ខ្លួន​សកម្មជន​ព្រៃឈើ​ ​ដែល​ក្នុង​នោះ​រួម​មាន​ ​ប្រធាន​អង្គ​ការកិច្ច​ការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា​​លោក​ ​អ៊ូច​ ​ឡេង​ ​និង​សកម្មជន​ព្រៃឈើ​ជាច្រើន​នាក់​ទៀត​ ​ក្នុង​ពេល​អ្នក​ទាំងនោះ​ចូល​ល្បាត​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ម្តង​ហើយ​ម្ដងទៀត​។​

លិខិត​ចុះ​ថ្ងៃ​ទី​០​៥​ ​ខែ​មីនា​ ​ដែល​ពួកគេ​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក​ ​សាយ​ ​សំ​អា​ល់ ​និង​នាយិកា​​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (​US​AID​) ​ប្រចាំ​នៅ​កម្ពុជា​អ្នកស្រី​ ​វ៉េ​ណា​ ​រ៉េ​ដ​ឌី​ (​V​e​e​n​a​ R​eddy​) ​សង្កត់ធ្ងន់​ថា​ ​នេះ​ជា​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកការពារ​ព្រៃឈើ​ ​ដែល​ចុះ​ស៊ើប​អង្កេត​វិនាសកម្ម​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ក្នុង​តំបន់​ព្រៃ​ឡង់​។​ ​ពួកគេ​បន្ត​ថា​ ​វិធានការ​លើ​អ្នកការពារ​ព្រៃឈើ​បែប​នេះ​ ​បាន​ធ្វើ​ឱ្យ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​រួចពី​សំ​នា​ញ់​ច្បាប់​ ​។​

ប្រធាន​អង្គ​ការកិច្ច​ការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា​ ​និង​ជា​ម្ចាស់​ពានរង្វាន់​វីរជន​បរិស្ថាន​ ​Gold​man​ ​Environment​a​l​ ​Prize​ ​លោក​ ​អ៊ូច​ ​ឡេង​ ​យល់ថា​ ​នេះ​ជា​ការ​ព្រួយបារម្ភ​របស់​សហគមន៍​អន្តរជាតិ​ចំពោះ​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា​។​ ​លោក​បន្ត​នេះ​ជា​ប្រវត្តិ​សា​ស្រ្ត​ដែល​សហគមន៍​អន្តរជាតិ​បង្ហាញ​ការ​បារម្ភ​ព្រមគ្នា​ចំពោះ​សុខ​សុវត្ថិភាព​និង​សិទ្ធិ​របស់​អ្នកការពារ​ព្រៃឈើ​។​ ​លោក​ ​អ៊ូច​ ​ឡេង​ ​រំពឹង​ថា​ ​ក្រោយ​មាន​សេចក្ដីថ្លែង​ការណ៍​នេះ​ ​រដ្ឋាភិបាល​និង​ស្ថាប័ន​ម្ចាស់​ជំនួយ​គួរ​ចាត់វិធានការ​ផ្លូវច្បាប់​លើ​ក្រុមហ៊ុន​ដែល​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​៖ «នេះ​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរយើង​ទទួល​បានការ​គាំទ្រ​ពី​១​១​០​ស្ថាប័ន​ក្នុង​នោះ​មាន​មហាវិទ្យាល័យ​ ​សកលវិទ្យាល័យ​ ​ធំ​ៗ​នៅ​អន្តរជាតិ​»

អាស៊ីសេរី បាន​ទាក់ទងទៅទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (​US​AID​) ​ប្រចាំ​នៅ​កម្ពុជា​ ដើម្បី​សុំប្រតិកម្ម​ជុំវិញកង្វល់​នានា​ដែល​បាន​លើកឡើង​នេះ ក៏ប៉ុន្តែនៅពុំទាន់​មាន​ការឆ្លើយតបណាមួយនៅឡើយទេគិតត្រឹមល្ងាចថ្ងៃទី០៦ ខែមីនា។

signal-2021-02-05-192438_005.jpeg
បទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ដែលប្រជាសហគមន៍ និងសកម្មជនការពារព្រៃឡង់បានរកឃើញនាពេលកន្លងមក។

ឆ្លើយតបនឹង​សេចក្តីថ្លែង​ការណ៍​នេះ​ ​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក​ នេត្រ ភក្ត្រា​ ​អះអាង​ថា​ ​អ្វី​ដែល​ក្រសួង​បរិស្ថាន​បាន​ធ្វើ​ ​និង​មាន​វិធានការ​លើ​សកម្មជន​ព្រៃឈើ​កន្លងមក​ ​គឺជា​ការ​អនុវត្ត​ច្បាប់​។​ ​លោក​ឱ្យ​ដឹង​ទៀត​ថា​ ​ការដែល​ក្រសួង​បរិស្ថាន​ត្រូវ​មានការ​ត្រួតពិនិត្យ​លើ​សកម្មភាព​របស់​ក្រុមសកម្ម​ជន​ព្រៃឈើ​នោះ​ ​ព្រោះ​កន្លងមក​មាន​សកម្មជន​មួយ​ចំនួន​គ្មាន​ភាព​ស្មោះត្រង់​ជាមួយ​ក្រសួង​ក្នុង​កិច្ចការពារ​ព្រៃឈើ​នោះ​ទេ​។​ ​អ្នកនាំពាក្យ​ដដែល​លើក​ជាឧទាហរណ៍​ថា​ ​កន្លងមក​ក្រសួង​ធ្លាប់ធ្វើ​ការ​ជាមួយ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ ​ប៉ុន្តែ​ពេល​ចេញពី​ព្រៃ​មកវិញ​បណ្ដាញ​នេះ​បាន​ចេញ​របាយការណ៍​ខុស​ពី​ក្រសួង​ ​ហើយ​ពួកគេ​បាន​ប្រើប្រាស់​ទិន្នន័យ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​យកមក​វាយប្រហារ​និង​រិះគន់​កិច្ចប្រឹងប្រែង​របស់​​​ក្រសួង​បរិស្ថាន​៖ «ពេលខ្លះ​យើង​ផ្ដល់​កិច្ច​សហការ​ណ៍ ​ប៉ុន្តែ​កិច្ច​សហការ​ណ៍​របស់​គាត់​ចាប់ដៃ​ជាន់​ជើង​វិញ​ឬក៏​បង្ហាញ​ភាព​មិន​ស្មោះត្រង់​»

ទោះជាយ៉ាងណា​ ​អ្នកការពារ​ព្រៃឈើ​ម្នាក់ទៀត​លោក​ ​ហេង​ ​ស្រស់​ ​ថ្លែង​ថា​ ​ក្រសួង​បរិស្ថាន​គួរ​ដល់ពេល​បើក​លំហ​សេរីភាព​ឱ្យ​ប្រជា​សហគមន៍​ ​និង​ក្រុមសកម្ម​ជន​ ​បាន​ចុះទៅ​ល្បាត​ ​និង​ថែរក្សា​ព្រៃ​វិញ​ហើយ​ ​ព្រោះ​បទល្មើស​ព្រៃឈើ​កំពុង​កើតឡើង​ឥតឈប់ឈរ​។​ ​សកម្មជន​ដែល​ត្រូវ​អាជ្ញាធរ​ឃាត់ខ្លួន​ជាច្រើន​ដង​រូប​នេះ​ថ្លែង​ថា​ ​លោក​អរគុណ​ដែល​ក្រុម​អ្នក​អភិ​រក្ស​ ​និង​អ្នក​បរិស្ថាន​អន្តរជាតិ​មើលឃើញ​ពី​ទុក្ខ​លំបាក​អ្នកការពារ​ព្រៃឈើ​នៅ​កម្ពុជា​ ​ហើយ​ទាមទារ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ពួក​លោក​បន្ត​ទៅទៀត​៖ «បើ​សិន​គាត់ ​(​ក្រសួង​បរិស្ថាន​)​ នៅតែ​មិន​ប្ដូរ​ឥរិយា​ប​ទទេ​ ​យើង​ដឹង​ស្រាប់ហើយ​ថា​ ធ្វើការ​ដើម្បី​អ្នកណា​?​ ទុក​ឱ្យ​ពលរដ្ឋ​គាត់​ជា​អ្នក​ពិ​ចារ​ណា»

អង្គការ​ជាតិ​ ​និង​អន្តរជាតិ​បាន​រក​ឃើញ​ថា​ ​ក្នុងរយៈពេល​ ២​០​ឆ្នាំ ​ចុងក្រោយ​នេះ​ ​ទំហំ​ព្រៃ​ឡង់​ជាង ​១​សែន​ ហិកតារ​ (​១​០​២​.​៤​៣​៦​) ​ឬ​ស្មើនឹង​ ​២​៤​% ​បាន​បាត់បង់​ ​ក្លាយ​ជា​វាលរហោឋាន​។​ សកម្មជន​ព្រៃឈើ​លោក​​ ​អ៊ូច​ ​ឡេង​ ​ស្នើ​ទៅ​រដ្ឋាភិបាល​ ​និង​អង្គការ​ម្ចាស់​ជំនួយ​ ​ត្រូវ​មាន​ភាព​ក្លាហាន​ទទួលស្គាល់​ការពិត​អំពី​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា​ ​និង​បើកទូលាយ​ឲ្យ​សកម្មជន​បរិស្ថាន​បំ​ពេញការ​ងារ​ការពារ​ព្រៃឈើ​ឡើងវិញ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles