ពលរដ្ឋ​មួយ​ចំនួន​ថា លោក ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី គ្មាន​បំណង​លើកស្ទួយ​ផលិតផល​ក្នុង​ស្រុក

ដោយ ម៉ៅ សុធានី
2021-03-07
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​មួយ​ចំនួន​ថា លោក ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី គ្មាន​បំណង​លើកស្ទួយ​ផលិតផល​ក្នុង​ស្រុក

លោក​ ហ៊ុន សែន និង​ភរិយា​ ក្នុង​ឯកសណ្ឋាន និង​គ្រឿងអលង្ការ​មាន​តម្លៃ​ថ្លៃ។ រូបពី​ហ្វេសប៊ុក


ពលរដ្ឋ​មួយ​ចំនួន​យល់​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហម​កម្ពុជា គ្មាន​បំណង​លើកស្ទួយ​ផលិតផល នៅ​ក្នុង​ស្រុក​ទេ ស្រប​ពេល​អ្នក​ទាំងពីរ​អួត​កំពុង​អួត​បង្ហាញ​សម្ភារៈ​បរទេស ដែល​ជា​ម៉ាក​យីហោ​ល្បីៗ​ពាក់​ជាប់​ខ្លួន​។ ទោះជា​យ៉ាងណា អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​អះអាង​ថា អ្នក​រិះគន់​រឿង​សម្ភារៈ​ផ្ទាល់ខ្លួន​របស់​លោក ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី នេះ​គឺ​កំពុង​រំលោភ​លើ​សិទ្ធិ​បុគ្គល។

ប្រជាពលរដ្ឋ​មួយ​ចំនួន​បញ្ចេញមតិ​ថា ជា​រឿង​អាម៉ាស់​បំផុត​ដែល​មាន​ដឹកនាំ​មិន​យកចិត្តទុកដាក់​ប្រជាពលរដ្ឋ​ខ្លួន និង​កំពុង​កុហក​ពួកគេ។ ពួកគេ មិន​ជឿ​ថា ថា​លោក ហ៊ុន សែន មាន​ចេតនា ចង់​លើកទឹកចិត្ត ដល់​សិប្បកម្ម​កែច្នៃ និង​ផលិត​ផល​ស្នាដៃ​កូន​ខ្មែរ​ឱ្យ​ប្រសើរ​ឡើង​នោះ​ទេ។

ប្រជាពលរដ្ឋ​ខេត្ត​សៀមរាប លោក យាយ យឺន រិះគន់​ថា លោក ហ៊ុន សែន និង​គ្រួសារ​មិន​មាន​ទម្លាប់​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ដូច​ការ​អះអាង​ឡើយ​។ លោក​បន្ត​ថា​អ្នកស្រី ប៊ុន រ៉ានី ថតរូប​សម្ញែង​ដោយ​កាន់​កាបូប​ក្នុងស្រុក​មាន​តម្លៃ​មិន​ដល់​មួយ​រយ​ដុល្លារ គ្រាន់តែ​ចង់​ជួយ​ផ្សព្វ​ផ្សាយ​ឈ្មោះ​ហាង​បក្ខពួក​តែប៉ុណ្ណោះ៖ «សម្ភារៈ​ក្នុង​ខ្លួន​វិញ​សុទ្ធតែ របស់​មានតម្លៃ ហើយ​ទំនើបៗ​ហើយ​ដល់​សម្ដី ថា​លើ​ស្ទួយ​ផលិតផល​ខ្មែរ ប៉ុន្តែ​ដល់​ប្តី​នោះ ពាក់​នាឡិកា តម្លៃ​រាប់​លាន ឯ​ប្រពន្ធ ក្នុង​ខ្លួន​ស្គុះស្គាយ មើល​ទៅ​ដូចជា​អាណោចអាធ័ម​ជីវិត​ខ្មែរ​ណាស់​អ្នក​ក្រីក្រ ដល់​ទៅ​ខ្លួនឯង​ល្អ​ណាស់ ខោ​សុទ្ធតែ​រាប់ពាន់​ដុល្លារ អាវ​សុទ្ធតែ​រាប់​រយ រាប់ពាន់​ដុល្លារ កាបូបស្ពាយ​បង្ហាញ​សម្ញែង រាស្ត្រ​ខ្មែរ​គ្មាន​អ្នកណា​គេ​សប្បាយចិត្ត​ជាមួយ​ទេ បង្ហាញ​មួយ​ភ្លេត​ដើម្បី​ឱ្យ​គេឯង​ចាប់អារម្មណ៍​ជា​ហាង​នោះ​ផង»។

ប្រតិកម្ម​របស់​ពលរដ្ឋ​នេះ ធ្វើឡើង​ក្រោយ​ពេល លោក ហ៊ុន សែន សរសេរ​នៅ​លើ​ទំព័រ​ហ្វេសបុក​របស់​ខ្លួន លើក​សរសើរ​អ្នកស្រី ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហម​កម្ពុជា និង​អ្នក​ហែហម​ផ្សេង​ទៀត កាន់​កាបូបដៃ ដែល​ជា​ផលិតផល​ឆ្នៃ​ប្រឌិត​របស់​កូន​ខ្មែរ​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​០២ ខែ​មីនា។

រូបថត​បាន​បង្ហាញ​ពី​ស្លៀកពាក់​ហឺហា របស់​អ្នកស្រី ប៊ុន រ៉ានី។ អ្នកស្រី ប្រើប្រាស់​សម្ភារៈ រួម​មាន អាវយឺត​ម៉ាក វ័រស៍ហ្សេ (Versace) មួយ​តម្លៃ​ជិត​៧​រយ (៦៣០) ដុល្លារ និង​ខ្សែ​ក្រវ៉ាត់​ម៉ាក ហេមេស (Hemes) មួយ​តម្លៃ​ជិត​១​ពាន់ (៨៤៥) ដុល្លារ ស្បែកជើង​ម៉ាក បា​លេន​ស៊ី​អេ​ហ្គា (Balenciaga Triple S sneakers) មួយ​តម្លៃ​ជាង​មួយ​ពាន់ (១០៩០) ដុល្លារ និង​នាឡិកា​ម៉ាក រី​ឆាត មៀល (Richard Mille) មួយ​តម្លៃ​ចន្លោះ ១​សែន ទៅ​៤​សែន​ដុល្លារ ដែល​ជា​ម៉ាក់​យីហោ​ល្បីៗ នៅ​លើ​ពិភពលោក រួម​ទាំង​គ្រឿង​អលង្ការ​ដ៏​មានតម្លៃ​ផ្សេង​ទៀត​។ ជាមួយគ្នា​នេះ កាបូប​យួរ​ដៃ​ផលិតផល​កែច្នៃ​ពី​កំប្លោក ដែល​ប្ដី​អ្នកស្រី​អួត​សរសើរ​នោះ​មួយ​តម្លៃ​ជិត​មួយ​រយ​ដុល្លារ (៧៦.៥០) ជា​ផលិតផល​ហាង​ឈ្មោះ បាលិលេយ្យ (Palilay) ទំនងជា​ហាង​របស់​អ្នកស្រី ទាង អេង ភរិយា​លោក ទៀ សីហា អភិបាល​ខេត្ត​សៀមរាប និង​ជា​កូនប្រសា​រលោក ទៀ បាញ់។

ការប្រើប្រាស់​សំលៀកបំពាក់ និង​សម្ភារៈ​មានតម្លៃ​ដល់​រាប់​សែន​ដុល្លារ​នេះ បង្កើត​ជា​ចម្ងល់​ជាច្រើន​ដល់​ពលរដ្ឋ​ជាច្រើន​ផង​ដែរ​ថា តើ​អ្នក​ទាំង​ពីរ​បាន​ប្រាក់​មក​ពី​ណា ហើយ​ថា​ហេតុអ្វី​បានជា​មេដឹកនាំ​ប្រទេស​បន្ត​អួតអាង​ពី​ទ្រព្យសម្បត្តិ នៅ​ពេល​មនុស្ស​ខ្លះ​រកតែ​បាយ​សឹង​មិន​មាន​ហូប​ដូច្នោះ​?

ពលករ​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ផន សុភាព យល់ថា លោក ហ៊ុន សែន និង​ភរិយា​ចូលចិត្ត​បង្អួត​សម្ភារៈ ស្បែកជើង នាឡិកា កាបូប វែនតា និង​ខោអាវ ដែល​មាន​តម្លៃ​ខ្ពស់​កប់​ពពក ហួស​ពី​ប្រាក់ខែ​របស់​ខ្លួន​។ លោក​និយាយ​ថា លោក ហ៊ុន សែន មិន​មាន​គំនិត លើក​តម្កើង​ផលិតផល​ខ្មែរ និង​ស្វែងរក​ទីផ្សារ​លក់​ដូរ​ផលិតផល​ឱ្យ​ពលរដ្ឋ​ទេ៖ «បើ​ចេញ​វិញ ព្រៃឈើ រ៉ែ ខ្សាច់ អី​ជាដើម យើង​មើល​ឃើញ​ហើយ​ហែ​ដូច​កឋិន តើ​មាន​សមត្ថភាព​គ្រប់គ្រង​បាន​ទេ​ផលិតផល​ល្អ​ណាស់​របស់​ខ្មែរ អី​ខ្មែរ តែ​ពេល​លទ្ធភាព​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​បាន មានបាន​នាំចេញ​យក​ជា​ស្នាដៃ គេ​ឃើញ​ជា​ស្នាដៃ​របស់​ខ្មែរ​ល្អ​ទេ​អត់​ទេ បំបិទ តែ​ដល់ពេល​និយាយ​ល្អ​ណាស់ តែ​អនុវត្ត​ផ្សេង​អ៊ីចឹង»។

ជាមួយ​គ្នា​នេះ​ដែរ ពលករ​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េខាងត្បូង លោក ឯក ចេស្តារ មិន​គាំទ្រ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នោះ​ទេ ព្រោះ​វា​គ្រាន់តែ​ជា​ការ​សម្តែង យក​រូបភាព​មក​ដាក់​នៅ​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ ដើម្បី​បង្ហាញ​ទៅដល់​ប្រជាពលរដ្ឋ ដែល​មិន​បាន​ដឹង​និង​ស្គាល់​តម្លៃ​សំលៀកបំពាក់​នៅ​បរទេស​តែប៉ុណ្ណោះ៖ «ប្រើប្រាស់​នូវ​នាឡិកា របស់​លោក ហ៊ុន សែន ក្តី ទាំង​ខោអាវ ទាំង​កាបូប ទាំង​ស្បែកជើង​របស់​ភរិយា​គាត់​ក្តី គឺ​សុទ្ធសឹងតែ​ជា​របស់​បរទេស​ទាំងស្រុង អ៊ីចឹង​អត់​មាន​ចំណុច​ណា​ដែល​គាត់​លើកឡើង​មក​ជា​ការពិត​ទេ គឺជា​ការ​និយាយ​កុហក និយាយ​បំផ្លើស​តែម្ដង»។

មិនមែន​តែ​អ្នកស្រី ប៊ុន រ៉ានី ទេ ដែល​និយម​ប្រើប្រាស់​របស់​ថ្លៃ ចំណែកប្តី​អ្នកស្រី គឺ​លោក ហ៊ុន សែន ក៏​ធ្លាប់​រង​ការរិះគន់​ដែរ​ថា ប្រើប្រាស់​របស់របរ​ថ្លៃ​ហួស​សមត្ថភាព​និង​ប្រាក់​ខែ។

កាលពី​ខែ​កក្កដា ឆ្នាំ​២០២០ សារព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ឈ្មោះ វ៉ាយស៍ (VICE) បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ថា លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ក្រីក្រ​មួយ​មាន​ប្រាក់ខែ​ជាង​១០​លាន​រៀល ឬ​ប្រមាណ ២​ពាន់​៥​រយ (២៥០០) ដុល្លារ​អាមេរិក​នោះ បែរ​ជា​មាន​នាឡិកាដៃ​ប្រណិត​ជាច្រើន​គ្រឿង ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ​។ សារព័ត៌មាន​នេះ សរសេរ​យ៉ាង​លម្អិត​ថា នាឡិកា​ដ៏​ប្រណិត​មួយ​គ្រឿង​ថ្មី​ទៀត ដែល​លោក ហ៊ុន សែន បាន​ពាក់​ជាប់​នឹង​ដៃ គឺជា​ប្រភេទ​នាឡិកា​ម៉ាក ផាថេក ហ្វីលីប (Patek Philip) ផលិត​នៅ​ប្រទេស​ស្វីស​អំឡុង​ឆ្នាំ​២០១៤-២០១៦ មាន​តម្លៃ ១​លាន ២​សែន​ដុល្លារ ហើយ​បច្ចុប្បន្ន នាឡិកា​ប្រភេទ​នេះ មានតម្លៃ​ដល់ ៣​លាន​ដុល្លារ នៅ​ពេល​គេ​ដាក់​ឱ្យ​ដេញ​ថ្លៃ​។ ជាមួយ​គ្នា​នេះ​គេ​ក៏​ប្រទះ​ឃើញ​ថា លោក ហ៊ុន សែន ធ្លាប់​ពាក់​នាឡិកា​ជាច្រើន ដែល​មាន​តម្លៃ​សរុប​ដល់​ទៅ​៩​លាន​ដុល្លារ ក្នុង​នោះ​ក៏​មាន​នាឡិកា​ម៉ាក រីឆាត មៀល (Rechard Mille Sapphire Dragon Tuorbilon) ដែល​ជា​ប្រភេទ​កម្រ គឺ​មាន​តែ ៥៥​គ្រឿង​លើ​ពិភពលោក។

ពាក់ព័ន្ធ​នឹង​ការរិះគន់​របស់​ពលរដ្ឋ​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន្ត លើកឡើង​ថា រដ្ឋាភិបាល និង​កាកបាទ​ក្រហម​កម្ពុជា មាន​គោលនយោបាយ លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​។ លោក​ថា អ្នកស្រី ប៊ុន រ៉ានី ប្រើប្រាស់​របស់​បរទេស​នោះ​ដោយសារ​ស្រុក​ខ្មែរ​មិន​ផលិត​ដូច​ស្រុក​គេ។ លោក​ជឿជាក់​ថា អ្នកស្រី ប៊ុន រ៉ានី នឹង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ប្រសិន​មានការ​ផលិត​នៅ​ក្នុង​ស្រុក​។ លោក​យល់​ថា ការរិះគន់​របស់​ពលរដ្ឋ​ជា​រឿង​ច្រណែន​នឹង លោក ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី៖ «ការ​ទិតៀន និង​វាយប្រហារ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល និង​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នេះ ខ្ញុំ​យល់ថា​ជា​ការ​យល់​ឃើញ​របស់​បង​ប្អូន​មួយ​ចំនួន​ទេ បើ​គាត់​និយាយ​ថា សម្លេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រើ​តែ​របស់​បរទេស គឺ​ខ្ញុំ​យល់​ថា របស់​បរទេស​នោះ ដែល​គាត់​ប្រើ​នោះ ដោយសារ​អត់​មាន​ផលិតផល​ក្នុង​ស្រុក​ធ្វើ​ដូច​គេ បើ​ធ្វើ​ឧបមា​ថា ធ្វើ​ដូចជា កាបូប ឬមួយ​ស្បែកជើង ឬមួយ​វ៉ែនតា​អី បើ​យើង​មាន​ផលិតផល​ក្នុងស្រុក ខ្ញុំ​ជឿជាក់​គាត់​ប្រាកដជា​ប្រើ​របស់​ក្នុងស្រុក​ហើយ»។

ទោះបីជា​យ៉ាងណា អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត យល់​ថា ផលិតផល​របស់​ខ្មែរ មិន​មាន​ទីផ្សារ​ច្បាស់លាស់ និង​មិនសូវ​ទទួល​បាន​ការ​គាំទ្រ មិន​ផ្ដល់​តម្លៃ និង​មិន​មាន​ទីផ្សារ​នោះ​ទេ​។ លោក​ថា​មេដឹកនាំ​ខ្មែរ​រវល់​តែ​ស​ម្ងែ​ង​របស់​មានតម្លៃ ស្រុក​គេ ហាក់​មិន​ខ្វាល់​ខ្វា​យ​ស្វែងរក​ទីផ្សារ​លក់​ផលិតផល​ក្នុងស្រុក។ លោក​យល់​ថា អ្នក​នយោបាយ​មិន​គួរ​សម្ញែង​សម្ភារៈ ដល់​ប្រជាពលរដ្ឋ នៅ​ក្នុង​ប្រទេស ដែល​កំពុង​ជួប​ទុក្ខ​លំបាក​បែប​នេះ​ទេ៖ «គិត​ថា​មហាជន​គាត់​យល់ ហើយ​គាត់​យល់​ច្បាស់​ពី​ការ​បង្ហាញ ពី​នៅ​របស់​ទំនើបៗ ដែល​មាន​តម្លៃ​ថ្លៃ​ហ្នឹង តែ​ផលិតផល​ដែល​ជា​របស់​ខ្មែរ ហាក់​មិន​សូវ​បាន​យកចិត្តទុកដាក់ ឬក៏​ផ្ដល់​តម្លៃ​ប៉ុន្មាន​ទេ ពី​អ្នក​ដឹកនាំ អ្នកនយោបាយ យើង​ឃើញ​តែ​រូបភាព​នៃ​ការ​អំពាវនាវ នៃ​ការ​បង្ហាញ​បន្តិចបន្តួច ប៉ុន្តែ​ធាតុ​ពិត នៅតែ​ជួប​នូវ​បញ្ហា​ដដែល​ហ្នឹង បញ្ហា​គឺ​ខ្វះ​ទីផ្សារ ខ្វះ​ការ​លើកទឹកចិត្ត ទំនុកបម្រុង»។

អង្គការ​ឃ្លាំមើល​ពិភពលោក គ្លូបល វីនេស (Global Witness) កាលពី​ឆ្នាំ​២០១៦ រក​ឃើញ​ថា ត្រកូល «​ហ៊ុន​» កំពុង​ក្ដោបក្ដាប់​សេដ្ឋកិច្ច​ធំៗ​របស់​កម្ពុជា ដោយ​អំពើពុករលួយ រំលោភ​អំណាច និង​រំលោភ​សិទ្ធិមនុស្ស​ដើម្បី​ការពារ​អំណាច​របស់លោក ហ៊ុន សែន​។ គ្រួសារ​ត្រកូល «​ហ៊ុន​» បាន​កាន់កាប់​ផ្ទាល់ ឬ​កាន់កាប់​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជាច្រើន ដែល​មាន​ដើមទុន​ចុះបញ្ជី​ជាង ២០០​លាន​ដុល្លារ ហើយ​បាន​ដាក់​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​មាន​យីហោ​ល្បីៗ។

កាលពី​ថ្មីៗ​នេះ អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) ក៏​បាន​ឱ្យ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​១៦០ ក្នុងចំណោម​ប្រទេស និង​ដែនដី​សរុប​ចំនួន​១៨០ ដែល​ចំណាត់ថ្នាក់​នេះ អន់​ជាង​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា​(Myanmar) វៀតណាម និង​ឡាវ ទៅទៀត ក្នុង​ការ​វាយតម្លៃ​ពី​អំពើពុករលួយ​ឆ្នាំ​២០២០៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ពលរដ្ឋ​មួយ​ចំនួន​ថា លោក ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី គ្មាន​បំណង​លើកស្ទួយ​ផលិតផល​ក្នុង​ស្រុក"

  1. Anonymous says:

    this what I call the dog ridding on the fancy car at first time. this animal rather die if some one trying to kick him out of powers .