ការ​អូស​បន្លាយ​នៃ​វិបត្តិ​ជំងឺ​កូវីដ​-១៩​ក្នុង​សហគមន៍​បណ្ដាល​ឱ្យ​ពលរដ្ឋ​ជួប​វិបត្តិ​កាន់តែ​ធ្ងន់

ដោយ មួង ណារ៉េត
2021-03-08
RFA

ការ​អូស​បន្លាយ​នៃ​វិបត្តិ​ជំងឺ​កូវីដ​-១៩​ក្នុង​សហគមន៍​បណ្ដាល​ឱ្យ​ពលរដ្ឋ​ជួប​វិបត្តិ​កាន់តែ​ធ្ងន់

សកម្មភាព​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នា​ពេល​កន្លង​ទៅ។ រូប​ពី​ហ្វេសប៊ុក


ការ​អូស​បន្លាយ​នៃ​វិបត្តិ​ជំងឺ​កូវីដ​១៩ (Covid-19) ក្នុង​សហគមន៍​នៃ​ព្រឹត្តិការណ៍​២០​កុម្ភៈ បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្លះ ជួប​បញ្ហា​ជីវភាព​កាន់តែ​លំបាក​ទៅ​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ​។ ពួកគាត់​ទទូច​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ​១៩ ក្នុង​សហគមន៍​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព និង​ទទូច​ឱ្យ​មាន​ការ​ជួយ​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​បន្ថែម​ទៀត។

ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន កំពុង​ប្រឈម​ការ​បាត់បង់​ប្រាក់​ចំណូល​ដូចៗ​គ្នា ហើយ​ពួកគាត់ បារម្ភ​ថា ជីវភាព​របស់​ពួកគាត់​នឹង​កាន់តែ​លំបាក បើ​ជំងឺ​នេះ នៅតែ​ឆ្លង​រាលដាល​ច្រើន​ដូច​សព្វថ្ងៃ។

កម្មករ​ធ្វើ​សំណង់​តាម​ព្រំដែន​ខ្មែរ​-​ថៃ​ម្នាក់ លោក ស៊ុម សារ៉ុន បាត់បង់​ការងារ​ធ្វើ​ចាប់​តាំង​ពី​ពេល​ផ្ទុះ​ជំងឺ​កូវីដ-១៩​ឡើងវិញ​ជា​លើក​ទី​បី កាល​ពី​ព្រឹត្តិការណ៍​២០ កុម្ភៈ​។ លោក​ប្រាប់​ថា ថៅកែ​ម៉ៅការ​សំណង់ បាន​បញ្ឈប់​កម្មករ​ទាំង​អស់ ដោយសារ​វិបត្តិ​នេះ​។ បន្ទាប់ពី​អត់​ការងារ​ធ្វើ​លោក​បាន​ត្រឡប់​ទៅ​ស្រុកកំណើត​នៅ​ខេត្ត​ប៉ៃលិន​វិញ ដើម្បី​ដាំ​ដំណាំ​ក្បែរ​ផ្ទះ ទុក​ហូប​ប្រចាំថ្ងៃ​។ លោក​បន្ត​ថា បញ្ហា​ប្រឈម​ធំ​បំផុត​ពេលនេះ គឺ​បំណុល​ធនាគារ៖ «តាំងពី​កូវីដ​ហ្នឹង​ទៅ ថៅកែ គាត់​ម៉ៅការ​អត់​បាន​អ៊ីចឹង​ទៅ ក៏​សម្រាក​។ អត់​សូវ​មាន​អ្នកធ្វើ​ផ្ទះ​ធ្វើ​សំណង់​អ្វី​អ៊ីចឹង ធ្លាក់​ចុះ​ភាគ​ច្រើន​។ ២​ឆ្នាំមុន​អ្វី​អ៊ីចឹង គេ​កសាង​ច្រើន ដល់​ក្រោយ​នេះ ធ្លាក់​ចុះ​ច្រើន។ តាំងពី​បាត់បង់​មុខរបរ​កម្មករ​សំណង់​អ៊ីចឹង​ទៅ ក៏​មក​សម្រាក​នៅ​ផ្ទះ»។

ឯ​អាជីវករ​រកស៊ី​ដាក់​ទ្វារ​ដែក រស់នៅ​ខណ្ឌ​ដង្កោ ក្រុង​ភ្នំពេញ គឺ​លោកស្រី ហេង ហួរ លោកស្រី​ក៏​មាន​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ​។ អាជីវករ​រូប​នេះ បញ្ជាក់​ថា ចាប់​តាំង​ពី​វិបត្តិ​លើក​ទី​បី​នោះ​មក ពលរដ្ឋ​ធ្លាក់​ចំណូល​គ្រប់គ្នា និង​ពិបាក​បំផុត គឺ​ការ​បង់​ប្រាក់​សង​បំណុល​ធនាគារ។ លោកស្រី ហេង ហួរ ព្រួយបារម្ភ​ថា បើ​វិបត្តិ​នេះ នៅតែ​បន្ត​កើតមាន​ដូច​សព្វថ្ងៃ គ្រួសារ​លោកស្រី នឹង​គ្មាន​លទ្ធភាព​សង​បំណុល​ធនាគារ​នោះ​ទេ​។ រីឯ​ពលរដ្ឋ​ផ្សេងទៀត ពួកគាត់​ក៏​ប្រឈម​ផល​ពិបាក​ធ្ងន់ធ្ងរ​ដូច​គ្រួសារ​របស់​លោក​ស្រី​ដែរ៖ «​កូ​វីដ​បើសិនជា​បន្ត​ទៀត​ហ្នឹង ងាប់​ហើយ​។ គ្រាន់តែ​ប៉ុណ្ណឹង​នាំគ្នា​ត្រដរ​ខ្យល់​គ្រប់គ្នា»។

ចំណែក​ពលរដ្ឋ​ម្នាក់ទៀត គឺជា​តំណាង​សហគមន៍​បឹង​ឈូក អេ (A) នៅ​ខណ្ឌ​ឫស្សីកែវ និង​ជា​អ្នកលក់​ចាប់ហួយ​នៅ​ក្នុង​សហគមន៍​នេះ គឺ លោក តូច សំអ៊ន់ លោក​ឱ្យ​ដឹង​ថា ពលរដ្ឋ​ភាគច្រើន​ក្នុង​សហគមន៍​នេះ គឺជា​អ្នក​ក្រីក្រ ហើយ​ពួកគាត់​បាត់បង់​ចំណូល​ទាំងស្រុង ចាប់​តាំង​ពី​ផ្ទុះ​វិបត្តិ​កូវីដ-១៩ លើក​ទី​៣​នោះ​មក​។ អ្នក​ក្រីក្រ​ក្នុង​សហគមន៍​បឹង​ឈូកអេ ភាគច្រើន គឺជា​កម្មករ​ប្រកបមុខរបរ​ក្រៅ​ប្រព័ន្ធ។

បន្ថែម​លើ​វិបត្តិ​គ្មាន​ប្រាក់​ចំណូល​ពេល​នេះ ពលរដ្ឋ​ក្នុង​សហគមន៍​នេះ ក៏​ប្រឈម​មុខ​នឹង​បំណុល​ធនាគារ​ដែរ។ លោក តូច សំអ៊ន់ ទទូច​ឱ្យ​រដ្ឋាភិបាល​ជួយ​ពន្យារ​រឿង​សងបំណុល​ធនាគារ និង​ឧបត្ថម្ភ​ស្បៀងអាហារ​សម្រាប់​អ្នក​រស់នៅ​ក្នុង​សហគមន៍៖ «សំណូមពរ​ឱ្យ​រដ្ឋាភិបាល គាត់​ជួយ​ដល់​សហគមន៍​ក្រីក្រ​។ ជាពិសេស​ហ្នឹង ជួយ​គាត់​ផង ខ្លះ​ហ្នឹង អត់​មាន​ធនធាន​អ្វី​អ៊ីចឹង​ទៅ សុំ​ឱ្យ​រដ្ឋាភិបាល​ហ្នឹង គាត់​ជួយ​សហគមន៍​ក្រីក្រ​មាន​ជីវភាព​ឡើងវិញ ឬក៏​ការ​ជួយ​ជាបឋម​អ៊ីចឹង​ទៅ ព្រោះ​ខ្លះ​ហ្នឹង ចង់​ដាច់​បាយ​ហើយ»។

ពាក់ព័ន្ធ​នឹង​វិបត្តិ​ជំងឺ​កូវីដ​-១៩ ដែល​កំពុង​ឆ្លង​ខ្លាំង ក្នុង​សហគមន៍ និង​ក្ដី​កង្វល់​របស់​ពលរដ្ឋ​នេះ អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល គឺ​លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ជុំវិញ​ជំហរ​របស់​រដ្ឋាភិបាល ស្ដីពី​ដំណោះស្រាយ​ជីវភាព​ពលរដ្ឋ​ក្រីក្រ​ដែរ ប៉ុន្តែ ពួកគាត់​មិន​ឆ្លើយតប នៅ​ថ្ងៃ​ទី៨ មីនា​។ តែ​យ៉ាងណា​កន្លងមក រដ្ឋាភិបាល បាន​ចែក​ប្រាក់​ខ្លះ ដល់​ពលរដ្ឋ​ដែល​មាន​បណ្ណ​ក្រីក្រ និង​ផ្ដើម​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ខ្លះ ដល់​អ្នក​កំពុង​ធ្វើ​ចត្តាឡីស័ក។ ទោះជា​យ៉ាង​នេះ​ក្ដី ក្រុម​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្អូញត្អែរ​ថា រដ្ឋាភិបាល​មើល​រម្លង​ពួកគាត់ តាំងពី​ផ្ទុះ​ជំងឺ​កូវីដ​-១៩ ដំបូង​នៅ​កម្ពុជា​ម្ល៉េះ។

កាលពី​ខែ​ធ្នូ ឆ្នាំ​២០២០ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា រដ្ឋាភិបាល​នឹង​បន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ ដែល​មាន​ប័ណ្ណ​សមធម៌ ឬ​ប័ណ្ណ​ក្រីក្រ រហូត​ប្រមាណ​ប្រាំពីរ​សែន (៧០​ម៉ឺន​)​គ្រួសារ នៅ​ទូទាំង​ប្រទេស​ដោយ​ក្នុង​មួយ​ខែ​ទទួល​បាន​ប្រាក់ ៣០ ដុល្លារ ក្នុង​មួយ​គ្រួសារ។

ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​កូវីដ​១៩ នៅតែ​បន្ត​អូស​បន្លាយ​នេះ​ដែរ កម្មករ​ធ្វើការ​តាម​ផ្ទះ​ភាគច្រើន បាត់បង់​ការងារ​ធ្វើ​ទាំងស្រុង​ខុស​ពី​កម្មករ​វិស័យ​ដទៃ ដែល​អាច​នៅ​មាន​ការងារ​ធ្វើ​ខ្លះ។

ប្រធាន​បណ្ដាញ​កម្មករ​ធ្វើការ​តាម​ផ្ទះ អ្នកស្រី វ៉ុន សម្ផស្ស ឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ភាគច្រើន លែង​ជួល​កម្មករ​សំអាត ឬ​ធ្វើការ​តាម​ផ្ទះ ដោយសារ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩ និង​កត្តា​ប្រឈម​ផ្នែក​ជីវភាព​។ អ្នកស្រី ថា កម្មករ​ធ្វើការ​តាម​ផ្ទះ ក៏​មិន​ទទួល​បាន​ការ​ជួយជ្រោមជ្រែង​ពី​រដ្ឋ​ដែរ និង​មិន​អាច​រក​ការងារ​ថ្មី​ធ្វើ​បានទេ​។ អ្នកឃ្លាំមើល​សិទ្ធិ​កម្មករ​រូប​នេះ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចេញ​យន្តការ​ជួយ​អ្នកធ្វើការ​តាម​ផ្ទះ ឱ្យ​ទទួល​បាន​អត្ថប្រយោជន៍​ខ្លះ ក្នុង​ពេល​កម្ពុជា ជួប​វិបត្តិ​ជំងឺ​កូវីដ​១៩ ឆ្លង​ក្នុង​សហគមន៍ ជា​លើក​ទី​៣​នេះ «អាជ្ញាធរ​រដ្ឋ ក៏ដូចជា​អាជ្ញាធរ​ឃុំ​សង្កាត់​ហ្នឹង ត្រូវតែ​ធ្វើ​របាយការណ៍​មួយ​ពាក់ព័ន្ធ​ជាមួយ​នឹង​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​និង​អ្នកធ្វើការ​តាម​ផ្ទះ ដែល​គាត់​កំពុងតែ​ប៉ះពាល់​ខ្លាំង​ជាមួយ​នឹង​ស្ថានភាព​កូវីដ​១៩ ហើយ​យើង​ហៅថា​ជំនួយ​បន្ទាន់​។ បើ​សិន​គាត់​អាច​នៅផ្ទះ​បាន​លុះ​ត្រា​គាត់​មាន​ជំនួយ មាន​អាហារ​គ្រប់គ្រាន់»។

ការ​អូស​បន្លាយ​ជំងឺ​កូវីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ កើតឡើង​រយៈពេល​ជាង​២​សប្ដាហ៍​ហើយ​។ ពលរដ្ឋ​ខ្លះ​អះអាង​ថា បើ​វិបត្តិ​នេះ អូស​បន្លាយ​យូរ​ត​ទៀត ហើយ​រដ្ឋាភិបាល​នៅតែ​មិន​ជួយ​ដោះស្រាយ​បញ្ហា​លំបាក​ពួកគាត់ នោះ​ពួកគាត់​នឹង​ប្រឈម​បញ្ហា​កាន់តែ​លំបាក​ទាំង​គ្រួសារ និង​ត្រូវ​កើន​បំណុល​ធនាគារ កាន់តែ​វ័ណ្ឌក​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles