ពលករ​ខ្មែរ​ជិត ១​ពាន់​នាក់​​នៅ​ថៃ តវ៉ា​ករណី​ថៅកែ​រោងចក្រ​បណ្ដេញ​ពួកគេ​​ពី​ការងារ

ដោយ អាស៊ីសេរី
2021-03-08
RFA

ពលករ​ខ្មែរ​ប្រមាណ​ជិត ១​ពាន់​នាក់ ធ្វើការ​នៅ​រោងចក្រ​សាច់​មាន់ ក្នុង​ខេត្ត​ឈុនបុរី ប្រទេស​ថៃ ផ្ទុះ​ការ​តវ៉ា​ករណី​ថៅកែ​កាត់​ប្រាក់ខែ និង​បណ្ដេញ​ពលករ ចំនួន​៣២​នាក់ ចេញ​ពី​ការងារ នៅ​ល្ងាច​ថ្ងៃ​ទី៧ មីនា។

តំណាង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ដែល​ត្រូវ​ថៅកែ​បណ្ដេញ​ចេញ លោក យ៉ែម យ៉ត ថ្លែង​ថា ថៅកែ​បាន​កាត់​ប្រាក់ខែ​ពួកគាត់​ប្រមាណ​ជិត ៥០​ភាគរយ​នៃ​ប្រាក់ខែ​កន្លងទៅ នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ដោយ​យក​លេស​ថា ពួកគេ​កាប់​សាច់​យឺត និង​ខូចខាត​ច្រើន។ លោក​បន្ត​ថា នេះ ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​ពលករ​ខ្មែរ​ទាំងនោះ ដោយ​លោក​អះអាង​ថា ករណី​កាប់​សាច់​ខូច​នេះ គឺ​ដោយសារ​សាច់​ដែល​ថៅកែ​យក​មក​ឱ្យ​ពលករ​កាប់​នោះ ពុំ​មានគុណ​ភាព​ល្អ​ស្រាប់ ទើប​ធ្វើ​ឱ្យ​ខូចខាត​ច្រើន​បែបនេះ​។ លោក​ត្អូញត្អែរ​ថា ពលករ​ទាំងនោះ ធ្វើការ​ច្រើន​ម៉ោងជាង​មុន ពោល​គឺ​ពី​១០ ទៅ​១១​ម៉ោង​ក្នុង​មួយថ្ងៃ ប៉ុន្តែ​ប្រាក់ខែ​របស់​ពួកគេ​បែរជា​ធ្លាក់​ចុះ​ក្នុង​កម្រិត​ខ្ពស់​មួយ។

លោក យ៉ែម យ៉ត លើកឡើង​ថា ក្រៅពី​ការ​កាត់​ប្រាក់ខែ​ថៅកែ​បាន​បញ្ឈប់​បុគ្គលិក ៣២​នាក់​ចេញ​ពី​ការងារ ដោយ​លើក​ហេតុផល​ថា សុពលភាព​សៀវភៅ​ការងារ​របស់​ពួកគេ​ផុត​កំណត់។ លោក​ថា ថៅកែ​បកស្រាយ​ថា ការ​បញ្ឈប់​បុគ្គលិក​ទាំង​៣២​នាក់​នេះ គឺ​ដោយសារ​ពួកគេ​មិនបាន​គិត​ពី​ផល​ប្រយោជន៍​ក្រុមហ៊ុន​សកម្ម​ក្នុង​ការ​តវ៉ា និង​បកប្រែ​ភាសា​មាន​លក្ខណៈ​លំអៀង​ជួយ​ដល់​ពលករ​ខ្មែរ ជាដើម៖ «បុគ្គលិក​គាត់​ចូលរួម​ច្រើន មាន​បងប្អូន​ខ្លះ​គាត់​មិន​មាន​ឈ្មោះ​ដែល​គេ​មិន​ត​ឯកសារ​ឱ្យ​ទេ គឺ​គាត់​មានឈ្មោះ​ត​ធម្មតា តែ​ដោយ​គាត់​ឃើញ​ទី​១ គឺ​ភាព​អយុត្តិធម៌​ចំពោះ​ពលរដ្ឋ​ខ្មែរ ទី​២ សូម្បី​តែ​ខ្លួន​គាត់​ជិត​អស់​អាយុ Passport ជិត​អស់​អាយុ​លិខិត​ធ្វើការ​ហ្នឹង​ក៏​គាត់​កំពុងតែ​មានការ​ភ័យខ្លាច ល​ដល់​ពេល​គាត់ ខាង​ក្រុមហ៊ុន គាត់​នឹង​មាន​ការចោទប្រកាន់​ក្នុង​ករណី​ដូចគ្នា​អ៊ីចឹង​ដែរ»។

ការ​តវ៉ា​របស់​ពលករ​ខ្មែរ​នេះ ពុំ​មែន​ជា​លើកទីមួយ​ទេ គឺ​ធ្វើ​ឡើង​ច្រើន​លើក​ច្រើន​សា​មក​ហើយ ដោយសារ​ថៅកែ​ក្រុមហ៊ុន​រោងចក្រ​សាច់​មាន់​មួយ​នេះ បាន​កាត់​ប្រាក់ខែ និង​មាន​បំណង​ចង់​បញ្ឈប់​ការងារ​របស់​ពួកគេ។

លទ្ធផល​នៃ​ការ​តវ៉ា​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ថៅកែ​បាន​កោះហៅ​បុគ្គលិក​តវ៉ា​ទាំងអស់​ឱ្យ​ទៅ​ជួប​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ជជែក​រក​ដំណោះស្រាយ​។ ទោះជា​យ៉ាងណា ពួកគេ​ទទូច​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ជួយ​អន្តរាគមន៍​នៅ​ក្នុង​រឿង​នេះ ដោយ​ជួយ​ឱ្យ​ថៅកែ​ទទួល​ពួកគេ​ចូលធ្វើ​ការ​វិញ បន្ត​សុពលភាព​សៀវភៅ​ការងារ និង​ទូទាត់​ប្រាក់​ឱ្យ​ពួកគេ​ត្រឹមត្រូវ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles