ពេទ្យ​ខ្មែរ​នៅ​អាមេរិក​បារម្ភ​ពី​គ្រោះថ្នាក់​នៃ​ការ​ប្រើ​ថ្នាំ​គ្រុន​ចាញ់ ទៅ​ព្យាបាល​អ្នកជំងឺ​កូវីដ-១៩

ដោយ មួង ណារ៉េត
2021-03-08
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពេទ្យ​ខ្មែរ​នៅ​អាមេរិក​បារម្ភ​ពី​គ្រោះថ្នាក់​នៃ​ការ​ប្រើ​ថ្នាំ​គ្រុន​ចាញ់ ទៅ​ព្យាបាល​អ្នកជំងឺ​កូវីដ-១៩

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង (ឆ្វេង) និង​អ្នកនាំពាក្យ​ក្រសួង​នេះ​អ្នកស្រី ឱ វណ្ណឌីន។ រូប​ពី​គេហទំព័រ​ក្រសួង​សុខាភិបាល


គ្រូពេទ្យ​ជនជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ ព្រួយបារម្ភ​អំពី​គ្រោះថ្នាក់​នៃ​ការ​ប្រើ​ថ្នាំ​គ្រុន​ចាញ់ ឬ​អ៊ី​ដ្រុកស៊ីក្លរ៉ូគីន (Hydroxychloroquine) យក​ទៅ​ព្យាបាល​អ្នកជំងឺ​កូវីដ​-១៩ នៅ​កម្ពុជា ព្រោះ​លោក​ថា​ថ្នាំ​នេះ ជា​អាវុធ​មុខ​ពីរ និង​ប៉ះពាល់​ដល់​សុខភាព​យូរអង្វែង។ ការ​ព្រួយបារម្ភ​នេះ កើតឡើង​នៅ​ក្រោយ​លោក​ទទួល​ដំណឹង​ថា គ្រូពេទ្យ​ផ្ដល់​ថ្នាំ​នេះ ដើម្បី​ព្យាបាល​អ្នកជំងឺ​កូវីដ​-១៩ ដែល​ទៅ​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង និង​ហង់សិន។

គ្រូពេទ្យ​ប្រចាំ​គ្រួសារ​នៅ​ទីក្រុង​ឡូវ៉ែល (Lowell) រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋអាមេរិក​លោក ឆាន់ ទូច យល់​ស្របតាម​លទ្ធផល​សិក្សា និង​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​សុខភាព​ជាតិ​របស់​សហរដ្ឋអាមេរិក (NIH) ដែល​កាលពី​ដើមខែ វិច្ឆិកា ឆ្នាំ ២០២០​កន្លងទៅ រក​ឃើញ​ថា ថ្នាំ​អ៊ីដ្រុកស៊ីក្លរ៉ូគីន នេះ មិន​បាន​ជួយ​អ្វី​ដល់​អ្នកជំងឺ​កូវីដ​-១៩ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​នោះ​ទេ។

លោក​បន្ត​ថា តាមពិត​គ្មាន​ថ្នាំ​មួយ​មុខ​ណា​ឱ្យ​ពិតប្រាកដ​ដែល​ពូកែ​ស័ក្ដិ​សិទ្ធ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​-១៩ នេះ​ទេ ព្រោះ​ជំងឺ​នេះ​ធ្វើ​ឱ្យ​ប្រព័ន្ធ​ការពារ ឬ​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ក្នុង​រាយ​កាយ​របស់​អ្នកជំងឺ​ចុះ​ខ្សោយ ដែល​ងាយ​ឱ្យ​មេរោគ​វាយលុក និង​មាន​មេរោគ​ឱកាសនិយម​ផ្សេង​ទៀត មក​យាយី​រាងកាយ​។ ដូច្នេះ គ្រូពេទ្យ​ត្រូវ​ប្រើ​ថ្នាំ​ចម្រុះ ទៅតាម​រោគសញ្ញា​ដែល​មាន​។ ឧទាហរណ៍ បើ​អ្នក​ជំងឺ​ក្ដៅខ្លួន ត្រូវ​ឱ្យ​ថ្នាំ​បំបាត់​ក្ដៅ​។ បើ​អ្នកជំងឺ​ក្អក ឬ​ផ្ដាសាយ ត្រូវ​ឱ្យ​ថ្នាំ​បំបាត់​ក្អក ឬ​ផ្ដាសាយ និង​បើ​រាករូស ត្រូវ​ឱ្យ​ថ្នាំ​បំបាត់​រាគ​ជាដើម៖ «កូវីដ​វា​មិនមែន​ជា​ជំងឺ​ទេ​។ កូវីដ​វា​គ្រាន់តែ​ចាប់ផ្ដើម កាល​ហ្នឹង​ដូច HIV ដែរ​វា​ធ្វើ​ឱ្យ immunity (​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង​ខ្សោយ។ កាលណា immunity របស់​យើង​ខ្សោយ​ទៅ មេរោគ​ផ្សេងទៀត​ក៏​អាច​ចូល​មក​បាន​។ លក្ខណៈ​ពិសេស​របស់​វីរុស គឺ​វា​វាយប្រហារ​លើ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​។ ដូច្នេះ​ការ​ព្យាបាល ត្រូវ​យោងទៅតាម​ជំងឺ​របស់​យើង​។ កាលណា​យើង​មាន​កូវីដ​១៩ យើង​មាន​ជំងឺ​រលាក​សួត (neumonia)​។ កាល​ណា​យើង​មាន​កូវីដ វា​ធ្វើ​ឱ្យ​ឈាម​យើង​ហ្នឹង​វា​ខាប់​ជាង​ធម្មតា ដែល​នាំ​ឱ្យ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល (stroke) នាំ​ឱ្យ​មាន infarction គឺ​ឈាម​យើង​កក ទៅ​ដល់​​ក្បាល​វា​អាច​ដាច់​សរសៃ​ឈាម​ខួរក្បាល ទៅដល់​ក្រលៀន​វា​អាច​ខូច​ក្រលៀន​។ ដូច្នេះ​គេ​ព្យាបាល​ទៅ​តាម​ហ្នឹង​។ គ្មាន​ថ្នាំ​ណាមួយ​ពិតប្រាកដ​តែម្ដង វា​អត់​មាន​ទេ»។

ទោះជា​យ៉ាង​នេះ​ក្ដី លោក​ព្រមាន​ថា ការប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូគីន ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ អាច​មាន​គ្រោះថ្នាក់​ដល់​អ្នកជំងឺ​ទាំង​រយៈពេល​ខ្លី និង​រយៈពេល​វែង៖ «ព្រោះ​រឿង​អ៊ីចឹងៗ ជួនកាល​គេ​យក​យើង​ទៅ​ពិសោធ​ដែរ​ណា អ្នក​ដែល​ញ៉ាំ​ថ្នាំ​ហ្នឹង​។ វា​អាច​ទាក់ទង​ទៅ​នឹង​ក្រលៀន ទាក់ទង​ទៅ​នឹង​បេះដូង​ជាដើម​។ តាមពិត​វា​មាន​សឹងតែ​គ្រប់មុខ​ហ្នឹង ប៉ុន្តែ​វា​បន្តិចៗ​តាម​មុខ ហើយ​ថ្នាំ អ៊ីដ្រុកស៊ីក្លូរ៉ូគីន​ហ្នឹង បើជា​ប្រភេទ​ថ្នាំ​គ្រោះថ្នាក់​មធ្យម​ទេ ដូច​គីនីន​ដែរ តែ​បើ​ប្រភេទ​ថ្នាំ​ចាក់ ចាក់​ផ្ទាល់​តែម្ដង​គឺ​ស្លាប់»។

ការ​ព្រួយ​បារម្ភ និង​ព្រមាន​អំពី​គ្រោះថ្នាក់​នេះ ធ្វើ​ឡើង​ក្រោយ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង និង​ហង់សិន លោក ហួត ចាន់យុដា ប្រាប់​សារព័ត៌មាន​ក្នុងស្រុក កាលពី​ថ្ងៃ​ទី៦ ខែ​មីនា ថា​គ្រូពេទ្យ​ខ្មែរ​ឱ្យ​ថ្នាំ​អ៊ីដ្រុកស៊ីក្លរ៉ូគីន (Hydroxychloroquine) ដើម្បី​ព្យាបាល​អ្នកជំងឺ​កូវីដ​-១៩​ទាំងអស់ ដែល​បាន​ទៅ​សម្រាក​ព្យាបាល នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង និង​ហង់សិន។ លោក ហួត ចាន់យុដា អះអាង​ថា ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព ជួយ​ឱ្យ​អ្នកជំងឺ​ឆាប់​ជា។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​បំភ្លឺ ពី​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន អំពី​ការ​ប្រើប្រាស់​ថ្នាំ​អ៊ីដ្រុកស៊ីក្លរ៉ូគីន នេះ ថា​តើ​គ្រូពេទ្យ​ខ្មែរ​ប្រើ​វា​ជាទូទៅ នៅ​គ្រប់​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​-១៩ នៅ​ទូទាំង​ប្រទេស ឬ​យ៉ាងណា​នោះ​ទេ។

កាលពី​ថ្ងៃ​ទី៤ ខែ​មីនា អ្នកជំងឺ​កូវីដ​-១៩ វ័យ ៣៤ ឆ្នាំ ដែល​ជា​ជនជាតិ​ចិន បាន​ស្លាប់​ក្នុង​ពេល​សម្រាក​ព្យាបាល​ជំងឺ​នេះ នៅ​មណ្ឌល​ព្រែកព្នៅ រាជធានី​ភ្នំពេញ​។ អាស៊ីសេរី ក៏​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ដដែល ថា​តើ​គ្រូពេទ្យ​បាន​ផ្តល់​ថ្នាំ​អ៊ីដ្រុកស៊ីក្លរ៉ូគីន (Hydroxychloroquine) នេះ​ទៅ​ឱ្យ​ជនជាតិ​ចិន​នោះ​ដែរ ឬ​យ៉ាងណា នៅឡើយ​នោះ​ដែរ ដោយសារ​អ្នកស្រី ឱ វណ្ណឌីន មិន​ឆ្លើយ​សារ​របស់​អាស៊ីសេរី។

ប៉ុន្តែ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បាន​រាយការណ៍​ទៅ​រដ្ឋមន្ត្រីការបរទេស​លោក ប្រាក់ សុខុន ដោយ​អះអាង​ថា ជនជាតិ​ចិន​នោះ ស្លាប់​ដោយសារ​រើ​មេ​ថ្នាំញៀន។

ទោះជា​យ៉ាង​នេះ​ក្ដី ក្រោយ​ជនជាតិ​ចិន​នេះ​ស្លាប់​ភ្លាម លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្តី​បន្ទោស​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​យ៉ាង​ចាស់ដៃ​ភ្លាម រឿង​គ្រប់គ្រង​បញ្ហា​មិន​បាន​ត្រឹមត្រូវ ទើប​ធ្វើ​ឱ្យ​ជនជាតិ​ចិន​នោះ​ស្លាប់​។ ភ្លាម​នោះ​លោក​បាន​បញ្ជា​ឱ្យ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ចាត់ការ​រឿង​នេះ ជំនួស​មន្ត្រី​ដែល​លោក​ស្ដីបន្ទោស​នោះ៖ «តាម​ដឹង​កន្លែង​នោះ គឺថា​អ្នក​មិន​ឈឺ យក​ទៅ​កន្លែង​ហ្នឹង​ឈឺ​បណ្ដោយ​។ អ៊ីចឹង​វា​មិន​អាច​ជា​បាន​ទេ​។ ឥឡូវ​ចេញ​បញ្ជា​ដាច់​ណាត់ គឺ​ឱ្យ​ម៉ាណែត​ដឹកនាំ ម៉ាណែត​មិញ​ហ្នឹង​ថា កំពុង​នៅ​សណ្ឋាគារ អាំងទែរ​កុងទីណង់តាល់ (Inter-Continental) ហើយ មាន​ដល់​ទៅ ៥០០ បន្ទប់ ប៉ុន្តែ​យើង​បែរជា​ថា​ខ្វះ​នេះ ខ្វះ​នោះ ធ្វើ​ស្អី​ក៏​មិន​ចេញ​។ ចុងក្រោយ​នេះ ខ្ញុំ​ឱ្យ​ដើរ​រៀបចំ ទៅជា​ទី​ចុង​បំផុត ទៅ​យក​កន្លែង​មួយ​ដែល​មិនមែន​ស័ក្ដិ​សមជា​មន្ទីរពេទ្យ យក​មក​ធ្វើការ​របៀប​នេះ​។ ខ្ញុំ​ទទួល​យក​អត់​បានទេ កិច្ចការ​ដឹកនាំ​បែបនេះ​។ ឥឡូវ​ខ្ញុំ​សុំ​ចេញ​បទ​បញ្ជា​ដាច់​ណាត់ រួមគ្នា​រៀបចំ​សណ្ឋាគារ​អាំងទែរ​កុងទីណង់តាល់ ថ្ងៃ​ហ្នឹង យប់​ហ្នឹង ថ្ងៃស្អែក យប់​ស្អែក ថ្ងៃ​ខាងស្អែក ដឹក​អ្នកជំងឺ​ពី​ព្រែក​ព្នៅ​ចូល​សណ្ឋាគារ​អាំងទែរកុងទីណង់តាល់ ឱ្យ​ខាងតែ​បាន​។ ខ្ញុំ​ចេញ​បទបញ្ជា​ហើយ​។ បើ​ធ្វើ​របៀប​ហ្នឹង នេះ​បាន​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​យ៉ាងម៉េច​បាត់​ម្ចាស់ការ​តែម្ដង»។

កន្លងមក​ពេល​ដែល​ពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល រិះគន់​អំពី​បញ្ហា​នៅ​មណ្ឌល​ចត្តាឡីស័ក​ជាច្រើន ពាក់ព័ន្ធ​នឹង​អនាម័យ បញ្ហា​ផាសុកភាព ការ​ហូបចុក និង​ការគ្រប់គ្រង​មាន​ភាព​ឆក​ល្វែង រដ្ឋាភិបាល​មិន​បាន​ចាត់ការ​លឿន ដោយ​ជម្លៀស​មនុស្ស​ចេញពី​មណ្ឌល​ភ្លាមៗ និង​ទ្រង់ទ្រាយ​ធំ ដូច​ករណី​ដែល​មាន​ជនជាតិ​ចិន​ស្លាប់​នេះ​ទេ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន កាល​ពី​ថ្ងៃទី៧ ខែ​មីនា បាន​ចេញ​បញ្ជា​ឱ្យ​ប្តូរ​ទីតាំង​ធ្វើ​ចត្តាឡីស័ក ពី​នៅ​ព្រំដែន​មក​នៅ​ក្នុង​ប្រទេស​វិញ​ទាំងអស់ ចំពោះ​អ្នក​ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័ក​តាម​ព្រំដែន​។ លោក​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ខេត្ត​នីមួយៗ ត្រូវ​ដឹកជញ្ជូន​អ្នក​ទាំងនោះ មក​ធ្វើ​ចត្តាឡីស័ក នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន។

គិត​មក​ត្រឹម​ថ្ងៃទី៧ ខែមីនា​ម្សិលមិញ ករណី​ចម្លង​ក្នុង​សហគមន៍​លើក​ទី​បី នៃ​ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃទី២០ ខែ​កុម្ភៈ មាន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប ៤៤៦នាក់ ក្នុង​នោះ​ភាគច្រើន​លើសលប់​ជា​ជនជាតិ​ចិន គឺ​មាន ៣៤៦នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles