ដោយ មួង ណារ៉េត
2021-03-08
RFA

មណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ។ រូបពីហ្វេសប៊ុក
មន្ត្រីសង្គមស៊ីវិលជំរុញឱ្យលោក ហ៊ុន សែន ចេញបញ្ជាឱ្យមន្ត្រីមូលដ្ឋាន រៀបចំ និងគ្រប់គ្រងមណ្ឌលចត្តាឡីស័កទាំងអស់ឱ្យបានល្អ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ។ ការលើកឡើងបែបនេះ ធ្វើឡើងក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខកចិត្តនិងស្តីបន្ទោសមន្ត្រីមួយចំនួនដែលធ្វេសប្រហែសក្នុងការរៀបចំមណ្ឌលចត្តាឡីស័កមួយ នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
មន្ត្រីសង្គមស៊ីវិលមួយចំនួនយល់ឃើញដូចៗគ្នា អំពីការខ្វះចន្លោះប្រហោងមួយចំនួនរបស់មន្ត្រីរដ្ឋាភិបាលក្នុងការគ្រប់គ្រងមណ្ឌលចត្តាឡីស័កឱ្យមានសុវត្ថិភាព និងផាសុកភាពត្រឹមត្រូវ។ ពួកគាត់សាទរ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឱ្យមន្ត្រីទាំងនោះដឹងខ្លួន និងកែតម្រូវឡើងវិញឱ្យបានទាន់ពេលវេលា។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា ការតក់ក្រហល់ក្នុងការសាងសង់ ឬជ្រើសរើសទីតាំងមណ្ឌលចត្តាឡីស័ក ដោយមិនបានគិតគូរគ្រប់ជ្រុងជ្រោយ ឬខ្វះការយកចិត្តទុកដាក់របស់មន្ត្រីមួយចំនួន គឺអាចបណ្ដាលឱ្យមានហានិភ័យខ្ពស់ដល់ប្រជាពលរដ្ឋកម្ពុជា។ លោកបន្តថា អ្នកដែលសម្រាកព្យាបាល ឬកំពុងធ្វើចត្តាឡីស័ក គួរទទួលបាននូវសេវាល្អមួយពីខាងរដ្ឋាភិបាល ដើម្បីបង្ការការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរ។ លោករិះគន់ចំពោះការជ្រើសរើសយកទីតាំងសាលារៀន ធ្វើជាមណ្ឌលចត្តាឡីស័ក និងករណីគ្រប់គ្រងមិនបានល្អ បណ្ដោយឱ្យអ្នកធ្វើចត្តាឡីស័កលួចរត់ចេញក្រៅ ដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។ លោកទទូចឱ្យ រដ្ឋាភិបាលគួរតែចុះធ្វើអធិការកិច្ចមណ្ឌលទាំងនោះឱ្យបានញឹកញាប់ និងម៉ឺងម៉ាត់បំផុតចំពោះករណីទាំងនេះ៖ «បើមានរឿងមិនប្រក្រតីដូចជារឿងអំពើពុករលួយ ទំនងជារឿងមានការស៊ើបអង្កេតហើយ ក៏ប៉ុន្តែរឿងនេះវាអាចជាប់ពាក់ព័ន្ធជាមួយនឹងការយកចិត្តទុកដាក់ ហើយនិងប្រសិទ្ធភាពនៃការផ្ដល់សេវា អ៊ីចឹងគេត្រូវពិនិត្យមើលទៅលើឥរិយាបថ ឬក៏ទង្វើនៅក្នុងការបំពេញការងារ ហើយនិងការប្រើប្រាស់ធនធានហ្នឹងឱ្យចំគោលដៅ»។
រីឯប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា ឱ្យដឹងថា រដ្ឋាភិបាលគួរមានទំនួលខុសត្រូវឱ្យបានខ្ពស់នៅពេលយកប្រជាពលរដ្ឋ ឬអ្នកដំណើរទៅធ្វើចត្តាឡីស័កនៅមណ្ឌលណាមួយ ទាំងផាសុកភាពក្នុងការរស់នៅ ការផ្គត់ផ្គង់អាហារ ឬសម្ភារៈផ្សេងៗ។ លោកបន្តថា ការដាក់ប្រជាពលរដ្ឋឱ្យធ្វើចត្តាឡីស័កមិនត្រូវត្រឹមត្រូវ គឺជាហានិភ័យ និងជាការធ្វេសប្រហែសធំបំផុត។ លោកបន្ថែមថា រដ្ឋាភិបាលគួរពង្រឹងការគ្រប់គ្រងរបស់ខ្លួនឱ្យបានល្អ ដើម្បីធានាថា ពួកគេមិនអាចរត់គេចចេញពីមណ្ឌលចត្តាឡីស័កបាន៖ «នៅក្នុងមណ្ឌលចត្តាឡីស័កហ្នឹង បើយើងនិយាយអំពីការទទួលខុសត្រូវ ហើយនិងសុវត្ថិភាពទៅដល់អ្នកដែលត្រូវបានធ្វើចត្តាឡីស័ក អាហ្នឹងគឺវាមិនទាន់មានកម្រិតឱ្យបានស្តង់ដារត្រឹមត្រូវទេ អាហ្នឹងហើយដែលយើងឃើញវាជាបញ្ហាប្រឈមខ្លាំង ហើយចំពោះការគ្រប់គ្រងដែលវាអត់មានបានកម្រិតអីឱ្យបានត្រឹមត្រូវ»។
ការលើកឡើងរបស់សង្គមស៊ីវិលបែបនេះ ធ្វើឡើងបន្ទាប់ពីបែកធ្លាយសារសំឡេងមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលខកចិត្ត និងស្តីបន្ទោស មន្ត្រីគ្រប់គ្រងមណ្ឌលចត្តាឡីស័កនៅព្រែកព្នៅថា ពុំបានរៀបចំមណ្ឌលឱ្យបានល្អប្រសើរនោះទេ ធ្វើឱ្យអ្នកធ្វើចត្តាឡីស័កនៅមណ្ឌលនោះពិបាករស់នៅ ប៉ះពាល់ដល់សុខភាព និងអាចឆ្លងជំងឺកូវីដជាដើម។ លោកបានចេញបទបញ្ជាឱ្យកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ប្រញាប់ប្ដូរទីតាំង និងបញ្ជូនអ្នកជំងឺពីមណ្ឌលចត្តាឡីស័កនោះ មកដាក់នៅសណ្ឋាគារ ដឹ ហ្គ្រេត ឌ្យូក (The Great Duke) ដែលអតីតជាសណ្ឋាគារ អាំងទែកុងទីណង់តាល់ (Intercontinental Hotel) ជាបន្ទាន់៖ «ថ្ងៃហ្នឹង យប់ហ្នឹង ថ្ងៃស្អែក យប់ស្អែក ថ្ងៃខានស្អែក ដឹកអ្នកជំងឺពីព្រែកព្នៅចូលសណ្ឋាគារ អាំងទែកុងទីណង់តាល់ ឱ្យខានតែបាន គឺខ្ញុំចេញបទបញ្ជាហើយ បើសិនថា ជាធ្វើរបៀបហ្នឹង នេះបានបង្ហាញអំពីភាពជាអ្នកដឹកនាំ យ៉ាងម៉េច បាត់ម្ចាស់ការតែម្ដង។ ហើយអាចុងក្រោយហ្នឹងឃើញសភាពការណ៍វាមិនស្រួលឱ្យចុះរើសកន្លែង រើសចុះ រើសឡើង ទៅរើសអាកន្លែងដែលមិនសាកសមជាកន្លែងមន្ទីរពេទ្យ អ៊ីចឹងខ្ញុំមានការឃ្នើសចិត្ត និយាយដោយត្រង់ គឺមានការឃ្នើសចិត្តតែម្ដង»។
ក្រោយការបញ្ជារបស់លោក ហ៊ុន សែន នេះ ក្រសួងសម្រេចប្រកាសដាក់ឱ្យប្រើប្រាស់អគារនៃសណ្ឋាគារដឹ ហ្គ្រេត ឌ្យូក ធ្វើជាមន្ទីរពេទ្យពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅទីនោះ។
កន្លងមកមាន អ្នកធ្វើចត្តាឡីស័ក នៅតាមមណ្ឌលមួយចំនួន បានរត់គេចចេញជាញឹកញយ និងតែងរិះគន់អាជ្ញាធរថា រៀបចំមណ្ឌលចត្តាឡីស័កមិនបានល្អ គ្មានភ្លើង ទឹក កន្លែងដេកត្រឹមត្រូវ និងផ្ដល់ម្ហូបអាហារមិនបានគ្រប់គ្រាន់ជាដើម ធ្វើឱ្យពួកគេ ធុញថប់ និងពិបាករស់នៅក្នុងរយៈពេល ១៤ថ្ងៃ។
ទាក់ទងនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកទី៣វិញ ក្រសួងសុខាភិបាល នៅថ្ងៃទី៧ មីនា រកឃើញករណីឆ្លងថ្មី ចំនួន៣៤ករណីបន្ថែមទៀត ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍។
គិតត្រឹមថ្ងៃទី០៧ មីនា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ជិត ១ពាន់(៩៨៧)នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយ ជាងប្រាំរយ (៥១០)នាក់ និងកំពុងសម្រាកព្យាបាល ជិត ៥រយ (៤៧៦)នាក់៕