យុទ្ធនាការ​បំបាត់​អំពើ​និទ្ទណ្ឌភាព​មាន​អ្នក​ចូលរួម​កើន​ដល់​ជាង ៦​ម៉ឺន​នាក់

ដោយ ខែ សុណង
2021-03-07
RFA

យុទ្ធនាការ​បំបាត់​អំពើ​និទ្ទណ្ឌភាព​មាន​អ្នក​ចូលរួម​កើន​ដល់​ជាង ៦​ម៉ឺន​នាក់

យុទ្ធនាការ​ប្រឆាំង​អំពើ​នទ្ទណ្ឌភាព​នៅកម្ពុជា។ រូប​ពី​ហ្វេសប៊ុក


អ្នកចូលរួម​យុទ្ធនាការ​បញ្ចប់​អំពើ​និទ្ទណ្ឌភាព​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចុះហត្ថលេខា​គាំទ្រ​យុទ្ធនាការ​នេះ បាន​ជាង ៦​ម៉ឺន​នាក់ (6,0064) គិត​មក​ត្រឹម​យប់​ថ្ងៃ​ទី​០៦ ខែ​មីនា។

ប្រជាពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ត​ចុះហត្ថលេខា​គាំទ្រ​យុទ្ធនាការ​បញ្ចប់​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​ដល់​ជនល្មើស​នៅ​កម្ពុជា​នេះ ដោយ​គ្រោង​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ប្រមាណ​កន្លះ​លាន​នាក់ ដើម្បី​ដាក់​ញត្តិ​ទៅ​តុលាការអន្តរជាតិ​នានា ឱ្យ​ជួយ​រក​យុត្តិធម៌​ជូន​ក្រុម​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ដោយ​អយុត្តិធម៌ ក្រោម​របប​គ្រប់គ្រង​របស់​លោក ហ៊ុន សែន​។​

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌ សង្គម និង​ជា​ប្រធាន​គណៈកម្មការ​ស្រាវជ្រាវ​សៀវភៅ​ស មាន​ថេរ​ដីកា​ថា ការ​ចងក្រង​សៀវភៅ​ស​ស្ដីពី «​ឃាតកម្ម​មិន​រក​ឃាតក​» នេះ​កំពុង​មាន​ឧបសគ្គ​ធំ​២ ដែល​នាំ​ឱ្យ​យឺតយ៉ាវ​មិនទាន់​អាច​បញ្ចប់​សៀវភៅ​នេះ​បាន​នៅឡើយ​។ ព្រះ​តេជគុណ​ថា ឧបសគ្គ​ទី​១​នោះ​គឺ ការ​ចុះ​ស្រាវជ្រាវ​នៅ​តាម​តំបន់​ពាក់ព័ន្ធ ដោយសារ​វិបត្តិ​កូ​វីដ​-១៩ ដោយ​ប្ដូរ​យុទ្ធសាស្ត្រ​ធ្វើតាម​អនឡាញ​វិញ​។ ចំណែក​ឧបសគ្គ​ទី​២ គឺ​កា​ងារ​នេះ​ត្រូវ​ធ្វើ​ការ​ពី​ចម្ងាយ​និង​លាក់​មុខ​។ ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​បន្ត​ថា ដើម្បី​ដោះស្រាយ​ឧបសគ្គ​នេះ ព្រះតេជព្រះគុណ​កំពុង​រិះរក​មធ្យោបាយ​បន្ថែម​ធនធានមនុស្ស​ដើម្បី​បំពេញ​ភាព​ខ្វះ​ចន្លោះ​ដែល​ទាន់​ដល់​ផែនការ​កំណត់ ចំណាយ​ពេល​អង្គុយ​ជួយ​ក្រុមការងារ​ស្រាវជ្រាវ​ដើម្បី​ដោះស្រាយ​ចំណុច​រារាំង​ទាំងនោះ​៖ «យើង​បាន​រៀបចំ​រហូត​បាន​ចប់​ការសិក្សា​បឋម​ហើយ​បញ្ជូន​ឱ្យ​គណៈកម្មការ​ត្រួតពិនិត្យ​ហើយ​ផ្ញើ​ត្រឡប់​ទៅវិញ​។ ពិសេស​ករណី ជា វិជ្ជា ឈុត វុទ្ធី និង​ករណី​បោក​គ្រាប់បែក​៣០​មីនា នៅតែ​បញ្ចប់​ទេ​។ នៅសល់​ករណី​លោក កែម ឡី លោកគ្រូ សំ ប៊ុនធឿន ដែល​មាន​អ្នកស្រាវជ្រាវ​២​នាក់​ដាច់​ដោយឡែក​ពី​គ្នា នៅសល់​ករណី​អ្នក​សិល្បៈ អ្នកកាសែត និង​ករណី​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧​ដែល​សម្លាប់​មន្ត្រី​គណបក្ស​ហ៊្វុនស៊ីនប៉ិច រាប់រយ​នាក់​ហ្នឹង​។ ទាំងអស់​នេះ បាន​ទទួល​សេចក្ដីព្រាង ស្រាវជ្រាវ​មក​ហើយ ប៉ុន្តែ​ធ្វើ​មតិ​ប្រតិកម្ម​តប​វិញ (Feedback) តែ​មិន​ទាន់​ឆ្លើយតប​មក​វិញ​នៅ​ឡើយ​។ អាត្មា​ខ្លួនឯង​អ្នកស្រាវជ្រាវ​ហ្នឹង​ក៏ ចង់​ឃើញ​របកគំហើញ​នៃ​ការស្រាវជ្រាវ​ហ្នឹង​ដែរ ចង់​ឃើញ​ខ្លាំង​ជាង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចង់​ឃើញ​មុខ​ឧក្រិដ្ឋជន​ហ្នឹង​ទៀត»។

គណៈកម្មការ​ស្រាវជ្រាវ​សៀវភៅ​ស ឱ្យ​ដឹង​ថា សំណុំរឿង​ធំៗ​ដែល​កំពុង​ចងក្រង​នោះ​រួមមាន ព្រឹត្តិការណ៍​បោក​គ្រាប់បែក​ចូល​ហ្វូង​បាតុករ​ដឹកនាំ​ដោយ លោក សម រង្ស៊ី ក្នុង​ពេល​តវ៉ា​ទាមទារ​រក​យុត្តិធម៌​សង្គម និង​ទាមទារ​ឱ្យ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ កាលពី​ថ្ងៃ​​ទី​៣០ មីនា ឆ្នាំ​១៩៩៧ សំណុំរឿង​លោក ជា វិជ្ជា លោក​បណ្ឌិត កែម ឡី លោក ឈុត វុទ្ធី ព្រះតេជព្រះគុណ សំ ប៊ុនធឿន ករណី​សម្លាប់​អ្នកកាសែត សិល្បករ និង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ថ្ងៃ​ទី​៥-៦ កក្កដា ឆ្នាំ​១៩៩៧។គណៈកម្មការ​នេះ​ឱ្យ​ដឹង​ទៀត​ថា ការ​ចងក្រង​សៀវភៅ​ស នេះ​មាន​ជា​ទិសដៅ ដើម្បី​បង្ហាញ​ការពិត​នៃ​រឿងរ៉ាវ​ឃាតកម្ម​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ដែល​អ្នក​ជាប់​ពាក់ព័ន្ធ​មិន​ហ៊ាន​លាតត្រដាង ជា​ឯកសារ​ភស្តុតាង​ដ៏​រឹងមាំ​មួយ ដើម្បី​ឈាន​ទៅ​បញ្ចប់​អំពើ​និទ្ទណ្ឌភាព​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles