រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ផ្សេង​គ្នា​ពី​ការ​គោរព​សិទ្ធិ​ស្ត្រី

ដោយ ហេង រស្មី
2021-03-08
RFA

រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ផ្សេង​គ្នា​ពី​ការ​គោរព​សិទ្ធិ​ស្ត្រី

ស្ត្រីម្នាក់នេះដួលផ្ទប់នឹងថ្នល់​ដោយកម្លាំងរបស់សមាជិក​កងសន្តិសុខក្រុងភ្នំពេញ​ម្នាក់ (រូប​កណ្ដាល) នោះ ចាប់គាត់គ្រវាត់​បោកនឹង​ថ្នល់ ក្នុង​ពេល​​ស្ត្រី​រូប​នេះ​កំពុង​តវ៉ា​ទាមទារ​អាជ្ញាធរ​ឱ្យ​ដោះលែង​ប្ដី​របស់​គាត់ កាល​ពី​ថ្ងៃ​ទី៤ ខែ​កញ្ញា ឆ្នាំ២០២០។ រូប៖ ពី​វីឌីអូ​ឃ្លីប


រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ផ្សេង​គ្នា​ពី​ការ​គោរព​សិទ្ធិ​ស្ត្រី។ លោក ហ៊ុន សែន នៅ​តែ​អះអាង​ថា រដ្ឋាភិបាល​របស់​លោក​លើក​កម្ពស់​សិទ្ធិ​នារី​រាប់​ឆ្នាំ​មក​នេះ​បាន​យ៉ាង​ល្អ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​មើល​ឃើញ​ភាព​ប្រឈម និង​ការ​រំលោភ​បំពាន​លើ​ស្ត្រី។

ទាំង​រដ្ឋាភិបាល​ទាំង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ប្រារព្ធ​រម្លឹក​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨មីនា​ឆ្នាំ​នេះ មិន​បាន​ឱ្យ​មាន​ការ​ជួបជុំ​ធំ​ដុំ​នោះ​ទេ ដោយសារ​តែ​ការ​ឆ្លង​រាល​ដាល​សាកល​នៃ​ជំងឺ​កូវីដ១៩។ ទោះ​យ៉ាង​ណា អ្នក​ពាក់ព័ន្ធ​ព្យាយាម​ធ្វើ​ដោយ​ផ្សាយ​តាម​បណ្ដាញ​សង្គម ឬ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ជា​ដើម។ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សរសេរ​លើ​ហ្វេសប៊ុក​នៃ​ខួប​លើក​ទី១១០ នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នេះ​ថា សិទ្ធិ​ទាំង​ឡាយ​រួម​ទាំង​សិទ្ធិ​នារី ដែល​ទទួល​បាន​ឡើង​វិញ ពេល​នេះ​គឺ​ដោយសារ​គុណ​បុណ្យ​ថ្ងៃ​រំដោះ ៧មករា ឆ្នាំ១៩៧៩។ លោក​អួតអាង​ទៀត​ថា រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ជានិច្ច​ក្នុង​ការ​លើក​កម្ពស់​ស្ត្រី​រហូត​បង្កើត​បានជា​ពាក្យស្លោក​ថា «ស្ត្រី​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ជាតិ»។

ប៉ុន្តែ​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អ្នកស្រី ចក់ សុភាព បាន​លើក​ឡើង​ថា មានការ​ប្ដេជ្ញា​ជា​ច្រើន ចំពោះ​ការ​លើក​កម្ពស់​ឱ្យ​មាន​សមភាព​យេនឌ័រ ប៉ុន្តែ​បញ្ហា​ប្រឈម​សម្រាប់​ស្ត្រី​នៅ​តែ​មាន។ ​អ្នកស្រី​ជំរុញ​ទៅ​តួអង្គ​ពាក់ព័ន្ធ​រួម​គ្នា​ពិចារណា​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ស្ត្រី ឬ​លុប​ចោល​បញ្ហា​វិសមភាព​យេនឌ័រ។ អ្នកស្រី​សង្ឃឹម​ថា ការ​ដោះ​ស្រាយ​បញ្ហា​នេះ​មិន​មែន​ត្រឹម​តែ​ដាក់​ចេញ​ជា​ច្បាប់​នៅ​លើ​ក្រដាស​នោះ​ទេ ប៉ុន្តែ​ត្រូវ​មាន​ការ​អនុវត្តន៍​ជាក់​ស្ដែង ហើយ​ត្រូវ​ផ្ដល់​ឱ្យ​ស្ត្រី​មាន​តួនាទី​ក្នុង​ការ​សម្រេច​ចិត្ត៖ «មិនមែន​ត្រឹមតែ​បរិមាណ​ទេ យើង​ត្រូវ​ឈាន​ឱ្យ​ហួស​ពី​ការ​កំណត់ ដែល​ថា ស្ត្រី​ត្រូវ​តែ​ចូល​រួម​ប៉ុណ្ណេះ​ភាគ​រយ ប៉ុន្តែ​ខ្ញុំ​យល់​ថា តួលេខ​នេះ​នឹង​មិន​មាន​ខ្លឹមសារ​ទេ បើ​យើង​មើល​ក្នុង​ការ​សម្រេច​ចិត្ត​ភាគ​ច្រើន គឺ​បុរស»

អ្នកស្រី ចក់ សុភាព លើក​ឡើង​បែប​នេះ​ក្នុង​ពិធី​ប្រារព្ធ​សិទ្ធិ​នារី​អន្តរជាតិ​ដែល​មជ្ឈមណ្ឌល​របស់​អ្នកស្រី​ធ្វើ​កាល​ពី​ថ្ងៃ​ទី៤ ខែ​មីនា​កន្លង​ទៅ។ វិបត្តិ​នៃ​ជំងឺ​កូវីដ១៩ តម្រូវ​ឲ្យ​ពិធី​នេះ​ធ្វើ​ឡើង​តាម​អ៊ីនធឹណិត និង​រឹតត្បិត​ចំនួន​អ្នក​ចូល​រួម។ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​លើក​យក​ប្រធាន​បទ៖ «ខ្ញុំ​ស៊ូ​ជម្នះ​នឹង​វិសមភាព​យេនឌ័រ» មក​ជជែក ក្រៅពី​ការ​វេទិកា​បញ្ចេញ​មតិ​សួរ​ដេញដោល ក៏​មាន​ការ​សម្ដែង​រឿង​អប់រំ​ខ្លី និង​ចម្រៀង​ចាប៉ី​ដង​វែង​និយាយ​ពី​សិទ្ធិ​នារី​ដែរ។

អ្នកកាសែត​ស្ត្រី​ម្នាក់​ដែល​បម្រើ​ការងារ​នៅ​វិទ្យុ​វីអូឌី (VOD) កញ្ញា ខាន់ លក្ខិណា និយាយ​ថា ក្នុង​កន្លែង​កញ្ញា​ធ្វើ​ការងារ និង​ស្ថាប័ន​ផ្សេង​ទៀត ការ​ចូល​រួម​របស់​ស្ត្រី​នៅ​មាន​តិចតួច​នៅ​ឡើយ បើ​ធៀប​នឹង​ចំនួន​បុរស។ កញ្ញា លក្ខិណា យល់​ថា ដើម្បី​ឱ្យ​ស្ត្រី​អាច​ចូលរួម​ការងារ​នានា បាន​ច្រើន​ដូច​បុរស គឺ​ស្ត្រី ត្រូវ​ជួយ​ខ្លួន​ឯង​ជា​មុន​សិន ដោយ​ប្រឹង​ធ្វើ​ការងារ និង​ពង្រឹង​សមត្ថភាព​ខ្លួន​ឱ្យ​សង្គម​ឃើញ​ពី​តម្លៃ​ស្ត្រី៖ «ធ្វើ​ការងារ​មួយ​បាន​ល្អ​គាត់​អាច​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​គ្រួសារ​ផង​ដែរ កុំ​ជឿ​ថា ស្ត្រី​មិន​អាច​ធ្វើ​ការងារ​អី​បាន​កុំ​ជឿ​ឱ្យ​សោះ​ស្រលាញ់​អី​ធ្វើ​ហ្នឹង​ទៅ»

ចំណែក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោល​នយោបាយ ហៅ​កាត់​ថា API បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ ៨ មីនា ឱ្យ​ដឹង​ថា ការ​សិក្សា​ថ្មី​សឹង​តែ​ទាំង​អស់​បង្ហាញ​ថា បញ្ហា​គម្លាត​រវាង​អត្រា​អក្ខរកម្ម​របស់​ស្ត្រី និង​បុរស​នៅ​តែ​មាន ហើយ​ជាង​នេះ​ទៅ​ទៀត បញ្ហា​នេះ​បើ​ផ្ដោត​លើ​ក្រុម​ស្ត្រី​ងាយ​រង​គ្រោះ ដូច​ជា ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច និង​ស្ត្រី​ពិការភាព​គម្លាត​នេះ​រីក​កាន់​តែ​ធំ។ ស្ថាប័ន​ដដែល​លើក​ឡើង​ទៀត​ថា ការ​ទទួល​បាន​ការ​អប់រំ និង​ចំណេះ​ដឹង​ទូទៅ ជា​ពិសេស ការ​ទទួល​បាន​ព័ត៌មាន​សាធារណៈ​នៅ​តែ​ជា​បញ្ហា ដែល​គួរ​ឱ្យ​បារម្ភ​សម្រាប់​ស្ត្រី ដោយសារ​វប្បធម៌​យក​បុរស​ជា​ធំ ដែល​អនុញ្ញាត​ឱ្យ​បុរស​វ័យ​ចំណាស់​មាន​មុខ​តំណែង​ជា​អ្នក​មាន​អំណាច​ក្នុង​ការ​បន្ទោស​ពលរដ្ឋ​ខ្លួន​ឯង​ដែល​ជា​ស្ត្រី។

អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ឯ​ណោះ​វិញ លោក​សរសេរ​លើ​ហ្វេសប៊ុក​ថា ប្រសិន​ចង់​ឱ្យ​ស្ត្រី​ចូល​រួម​ដឹក​នាំ​ប្រទេស​ឱ្យ​បាន​ស្មើ​នឹង​បុរស គឺ​អាច​ចាប់​ផ្ដើម​ពី​ការ​ធ្វើ​ច្បាប់​មួយ ដែល​នឹង​បង្ខំ​ឱ្យ​គណបក្ស​នយោបាយ​ដាក់​បេក្ខជន​នារី និង​បេក្ខជន​បុរស​ឆ្លាស់​គ្នា នារី​មួយ បុរស​បន្ទាប់ ឬ​បុរស​មួយ នារី​បន្ទាប់ ពី​ក្បាល​ដល់​ចុង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​របស់​គណបក្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ផ្សេង​គ្នា​ពី​ការ​គោរព​សិទ្ធិ​ស្ត្រី"

  1. so socheath says:

    ស្ត្រីជាមេ ស្ត្រីជាមាតា ស្ត្រីជាភរិយា ជាបងស្រី ជាប្អូនស្រី ​ គឺជាស្ត្រី ដែលត្រូវគោរព
    ស្រឡាញ់ ក្នុងកិរិយា ជាសុភាពស្ត្រី សុភាពនារីដែលពេញដោយលក្ខិណា ។
    តែក៏មិនត្រូវគោរព ចំពោះស្ត្រី ដែល
    ពេញដោយកិរិយា ប្រព្រឹត្តតែអំពើថោកទាប អត់អៀនខ្មាស់ បង្ករហេតុ
    ដោយមិនសមហេតុផល ទាំងក្នុងគ្រួសារ នឹងក្នុងសង្គមជាតិ នោះទេ ។
    ដូចនេះ មិនមែនឲ្យតែស្ត្រី សុទ្ធតែត្រូវគោរព ដោយមិនបែងចែក ស-ខ្មៅ នោះទេ ។

  2. Gabrieloptob says:

    Great site. Chic design. I found a lot of interesting things here. Check out my theme site – and rate it
    http://virginities.xyz
    adult video

    ^^XxX=+