សហគមន៍​ដីធ្លី​ចំនួន​៥ នៅ​កោះកុង​លុប​គម្រោង​ប្រារព្ធ​សិទ្ធិ​នារី​អន្តរជាតិ ៨​មីនា ដោយសារ​ជំងឺ​កូវីដ

ដោយ អាស៊ីសេរី
2021-03-08
RFA

សហគមន៍​ដីធ្លី​ចំនួន​៥ នៅ​កោះកុង​លុប​គម្រោង​ប្រារព្ធ​សិទ្ធិ​នារី​អន្តរជាតិ ៨​មីនា ដោយសារ​ជំងឺ​កូវីដ

លោកស្រី ផាវ ញ៉ើង (កណ្ដាល) និង​តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី ២នាក់​ទៀត ចូល​ខ្លួន​បំភ្លឺ​ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​ខេត្ត​កោះកុង តាម​បណ្ដឹង​របស់​លោកស្រី ឆាយ វី នៅថ្ងៃទី១៧ មីនា ២០២០។។ Photo Provided


តំណាង​សហគមន៍​ដីធ្លី ក្នុង​ខេត្តកោះកុង សម្រេច​លុបចោល​គម្រោង​ប្រារព្ធ​សិទ្ធិ​នារី​អន្តរជាតិ ៨​មីនា ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩។

តំណាង​សហគមន៍ ១៧៥​គ្រួសារ លោកស្រី ផាវ ញើង ឱ្យ​ដឹង​ថា ការលុបចោល​គម្រោង​ប្រារព្ធ​ទិវា​នេះ គឺ​ដើម្បី​ការពារ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ និង​ដើម្បី​កុំ​ឱ្យ​អាជ្ញាធរ​ឃាត់ខ្លួន​ពួក​លោក​ស្រី ដោយ​ប្រើ​លេស អនុវត្ត​វិធានការ​កូវីដ។ លោកស្រី​បន្ត​ថា អាជ្ញាធរ​ឃ្លាំមើល គំរាម​តំណាង​សហគមន៍ និង​បិទ​ទីតាំង​មិន​ឱ្យ​មានការ​ប្រមូល​ផ្តុំ ព្រមទាំង​ពង្រាយ​កម្លាំង​ដើម្បី​ត្រួត​ពិនិត្យ​រថយន្ត​ធ្វើ​ដំណើរ​ចេញចូល​ក្នុង​ខេត្ត​កោះកុង មិន​ឱ្យ​ជិះ​លើស​ពី​២​នាក់​ឡើយ៖ «ពួក​ខ្ញុំ​ចង់​ប្រារព្ធ​ទិវា​នេះ ដើម្បី​លើក​កង្វល់​អំពី​បញ្ហា​ដីធ្លី ឬក៏​ការ​ឃាត់ខ្លួន ចាប់ខ្លួន ឬក៏​ឱ្យ​ពួក​ខ្ញុំ​ហ្នឹង​ទៅ​នៅ​ក្រៅ​ឃុំ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ សួរ​ថា ពួក​ខ្ញុំ​វា​ខុស​អី​ពួក​ខ្ញុំ​តវ៉ា​ដី មិនមែន​ធ្វើ​រឿង​នយោបាយ​ទេ ទោះបីជា​រឿង​នយោបាយ​ក៏ដោយ ក៏​ប្រជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ដែរ​។ អ្នកណា​ដែល​ជាប់ឆ្នោត អ្នក​ហ្នឹង​ត្រូវតែ​ដោះស្រាយ​បញ្ហា​ឱ្យ​ពួក​ខ្ញុំ អាហ្នឹង​បាន​ត្រឹមត្រូវ ហើយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​បែបនេះ គឺជា​ការ​បំភិតបំភ័យ គំរាមកំហែង​ខុស​ពី​ការពិត​។ ពួក​ខ្ញុំ​ស្អី ទៅ​បង្ក​ភាព​វឹកវរ​អសន្តិសុខ​សង្គម​ស្អី បើ​ពួក​ខ្ញុំ​គ្រាន់តែ​ទៅ​ស្ថាប័ន​ជំនាញ ដើម្បី​ទៅ​ប្រាប់​ថា ខ្ញុំ​មាន​កង្វល់ បាត់បង់​ដី ឱ្យ​ដោះស្រាយ រក​យុត្តិធម៌​ឱ្យ​ពួក​ខ្ញុំ​ផង អាហ្នឹង​គឺជា​ការ​ខុសច្បាប់​ដែរ​មែន?»។

អាជ្ញាធរ​ចាប់ផ្ដើម​រឹត​បន្តឹង​សន្តិសុខ និង​ការ​ធ្វើ​ដំណើរ​ចេញចូល​ខេត្ត​កោះកុង ដោយសារ​ខេត្ត​នេះ​មាន​ករណី​ចម្លង​ជំងឺ​កូវីដ​-១៩ ចូល​ក្នុង​សហគមន៍។

ក្រុម​សហគមន៍​ដីធ្លី​នៅ​ខេត្ត​កោះកុង អះអាង​ថា ពួកគាត់​នឹង​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នេះ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ប្រសិនបើ​ជំងឺ​កូវីដ​១៩ ធូរស្បើយ​ជាង​នេះ​។ ពួកគាត់​គ្រោង​ប្រមូល​ផ្តុំ​គ្នា​ជាថ្មី​ម្តង​ទៀត ចំនួន​ជាង​៧​រយ (៧០០)​នាក់ ឆ្ពោះ​ទៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រសួង​យុត្តិធម៌ ដើម្បី​ឱ្យ​ជួយ​រក​យុត្តិធម៌​ជូន​សហគមន៍​ដែល​បាន​បាត់បង់​ដីធ្លី​។ ជាពិសេស ពួកគាត់​ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​គំរាមកំហែង ឬ​ចាប់ខ្លួន​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​តទៅ​ទៀត ប៉ុន្តែ​ត្រូវ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​ជូន​ពួកគាត់​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles