សិទ្ធិអំណាច​ប្រជាពលរដ្ឋកាន់តែរួមតូច ​ឆ្លុះបញ្ចាំង​ពីការដឹកនាំបែប​​ផ្តាច់ការ

ដោយ ខែ សុណង
2021-03-07
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សិទ្ធិអំណាច​ប្រជាពលរដ្ឋកាន់តែរួមតូច ​ឆ្លុះបញ្ចាំង​ពីការដឹកនាំបែប​​ផ្តាច់ការ

(ឆ្វេង) អ្នកវិភាគបញ្ហាសង្គម​ និង​នយោបាយ​បណ្ឌិត​ ឡៅ ម៉ុងហៃ និងលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ។ រូប៖ ហ្វេសប៊ុក


ក្រោយពីរបបក្រុងភ្នំពេញរំលាយ​គណបក្សសង្គ្រោះជាតិ​ ហើយ​ក្រសោប​យកអំណាចផ្តាច់​មុខរួចមក​ របបក្រុងភ្នំពេញចាប់ផ្តើមប្រើ​គ្រប់គ្រប់វិធី​ដើម្បី​ដាក់ទោសទណ្ឌ​ និងបំបិទ​សិទ្ធិ​សេរី​ភាព​ជាមូលដ្ឋាន​របស់​ប្រជាពលរដ្ឋ។

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិថ្លែង​ថា ​​របប​ប្រជាធិបតេយ្យ​សេរីពហុបក្ស​ ​គឺ​ប្រជាពលរដ្ឋ​គ្រប់​រូបមិន​ត្រឹមតែ​​មាន​សិទ្ធិសេរីភាព​​ប៉ុណ្ណោះទេ​ ​ពួកគេ​​ថែម​ទាំង​មាន​​កាតព្វ​កិច្ចទៀតផង​​ក្នុងការ​ចូលរួម​​កសាង​​ប្រជាធិបតេយ្យ​​ឲ្យប្រសើរឡើង​​ និង​​សហការ​ចូលរួម​អភិវឌ្ឍសង្គមជាតិ។​ ទោះជាយ៉ាងណា​​ លោក ​សោក​ស្តាយ​​ដែល​​របបក្រុង​ភ្នំពេញ​តែងតែបំភិតបំភ័យ ​​វាយប្រហារ​ ​និង​​ឃុំឃាំង​​លើ​ប្រជាពលរដ្ឋ​ដែល​មាន​និន្នា​ការ​ប្រ​ឆាំង​​ដោយ​​គ្រាន់តែ​​អនុវត្តសិទ្ធិសេរីភាព​​ជាមូលដ្ឋាន​របស់ខ្លួន​​ដែល​មាន​​ចែងក្នុង​ច្បាប់​​កំពូល​​របស់ជាតិ​។​ លោក​បន្តថា ​​នៅពេល​​ដែល​​សិទ្ធិអំណាច​​របស់​​ប្រជាពល​រដ្ឋ​កាន់តែ​​រួមតូច​បែប​នេះ​​ គឺឆ្លុះបញ្ចាំង​​ថា​​​លោក ហ៊ុន សែន​​ កំពុង​​គ្រប់គ្រង​​ប្រទេស​​តាមបែប​​ផ្តាច់ការ ​​ដែល​​ធ្វើឲ្យ​ប៉ះពាល់​​ធំធេង​​ដល់​​ផលប្រយោជន៍​​សាធារ​ណៈ​៖ ​«​បើរបបលោក​​នៅតែ​​បំបាត់​សំឡេងប្រឆាំង​​នៅតែ​​គាប់សង្កត់​​បិទសិទ្ធិសេរីភាព​​ប្រជាពលរដ្ឋ ​​គឺ​ប្រទេស​លោកខាងលិច​​ ប្រទេស​សេរី​ហ្នឹង​គេ​ដាក់​​ទណ្ឌកម្មធ្វើឲ្យ​​ប្រទេសកម្ពុជា​ជួបផលវិបាក​ផ្នែក​សេដ្ឋកិច្ច ​​ហើយ​មួយទៀត​​ការ​បំបិទ្ធិសេរីភាព​នេះ​​ វាក៏​ជាការ​រំលោភ​រដ្ឋធម្មនុញ្ញ​ដែរ​​ ព្រោះ​​រដ្ឋធម្មនុញ្ញ​ផ្តល់សិទ្ធិ​សេរី​ភាព​​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ»​

​លោក ​អេង ឆៃអ៊ាង ​អះអាងថា ​​កត្តា​ជំរុញ​ឲ្យ​របប​​លោក ហ៊ុន សែន​​ ប្រើ​គ្រប់វិធី​​ដើម្បី​កម្ទេច​គណបក្សប្រឆាំង​ និង​បង្ក្រាបលើអ្នកប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​ដោយ​សន្តិវិធី​ជាបន្តបន្ទាប់នេះ ​ព្រោះ​លោក ​ហ៊ុន សែន​ ដឹងថាអំណាច​របស់លោកមិនរឹងមាំ ​ហើយ​ប្រជាប្រិយភាព​របស់លោកក៏ធ្លាក់​ចុះ ​ដែល​នឹង​ចាញ់​ឆ្នោត​បាត់បង់​អំណាច។ លោកយល់ថា​ វិធីដែល​ធ្វើឲ្យ​របបលោក​ ហ៊ុន សែន ​ប្រគល់​សិទ្ធិសេរីភាព​ជូនប្រជាពលរដ្ឋឡើងវិញ ​គឺមានតែ​ប្រជា​ពលរដ្ឋ​ខ្មែរ​សាមគ្គីគ្នា​ និង​តស៊ូ​មតិឲ្យ​សកម្ម​ព្រមគ្នា​ដូចនៅ​ប្រទេសថៃ​ និង​ប្រទេសភូមា​ ឬមី​យ៉ាន់ម៉ា ​​(Myanmar)​ ជាដើម៖ «ប៉ុន្តែខ្ញុំមើលឃើញថា​ អាភាពខ្លាច​របស់​ប្រជាពលរដ្ឋហ្នឹង វានឹងដល់​ពេលមួយ ​បើកាលណា​ការគាប់សង្កត់​ ការជិះជាន់ វានៅតែ​ខ្លាំងទៅៗ​ ប្រជាពលរដ្ឋខ្មែរ ​នឹងអស់ភាពអត់ធ្មត់ ​ហើយគាត់​ត្រូវតែចេញហើយ ​ប៉ុន្តែឥឡូវនេះ ​គឺមាន​តែយើង​ទាំងអស់គ្នា ​យើងរួមគ្នា​ យើងសាមគ្គីគ្នា​ ងើបឡើង​ស្រុះគ្នាទៅ​យើងនឹងឈ្នះហើយ»

signal-2021-02-18-180038_002.jpeg
ស្ត្រីជាភរិយារបស់មន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិចូលរួមតវ៉ានៅមុខតុលាការក្រុងភ្នំពេញ ដើម្បីទាមទារឱ្យតុលាការដោះលែងស្វាមីរបស់ខ្លួននាពេលកន្លងមក ប៉ុន្តែតែងតែរងការបង្ក្រាបនិងរារាំង។

ក្រៅពីអ្នកនយោបាយបក្សប្រឆាំងនេះ​ ​​អ្នក​ឃ្លាំ​មើលបញ្ហាសង្គម​ក៏ពិនិត្យឃើញថា​ សិទ្ធិ​អំណាច​របស់ប្រជាពល​រដ្ឋ​កម្ពុជា​កាន់តែរួមតូច ​និង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ដែរ។

អ្នកវិភាគបញ្ហាសង្គម​ និង​នយោបាយ​បណ្ឌិត​ ឡៅ ម៉ុងហៃ មាន​ប្រសាសន៍ថា​ របប​ណាក៏ដោយ​ដែលបង្ក្រាប ​និង​ដាក់ទោសទណ្ឌ​ប្រជាពលរដ្ឋ​មិនឲ្យ​ប្រើ​ប្រាស់​ដោយ​សិទ្ធិសេរីភាពដោយសន្តិវិធី​ដែលមានចែង​ក្នុងរដ្ឋធម្មនុញ្ញ ​គេអាច​និយាយ​បានថា​ របប​នោះកំពុងធ្វើសង្គ្រាមប្រឆាំង​នឹងប្រជាពលរដ្ឋខ្លួនឯង​ ដូចតួយ៉ាងនៅ​ប្រ​ទេស​ភូមា​ជាដើម​។ អ្នកវិភាគចាស់វស្សារូបនេះកត់សម្គាល់ថា​ សិទ្ធិសេរីភាព​របស់​ប្រជាព​ល​រដ្ឋកម្ពុជា បាន​ធ្លាក់​ចុះដុនដាប​ធ្ងន់ធ្ងរបន្តិចម្តងៗ​គួរឲ្យព្រួយ​បារម្ភ​បំផុត​​ចាប់តាំង​ក្រោយ​សម័យ​អ៊ុនតាក់ ​ឆ្នាំ១៩៩៣ ​ ​រហូតមកដល់​បច្ចុប្បន្ននេះ៖ «រឿងគោរពច្បាប់ហ្នឹង​ ក៏ដូចជា​ធ្វើតែច្បាប់​ដើម្បីតែ​គោល​បំណងមួយ​គឺដើម្បីបង្ក្រាប​​មិនឲ្យប្រើប្រាស់​សិទ្ធិសេរីភាព​មានចែងក្នុង​រដ្ឋ​ធម្មនុញ្ញ​ហ្នឹង ​ហើយឃើញថ្មីៗនេះ ​ស្ថានភាពកាន់តែ​ធ្ងន់ធ្ងរទៅៗ។ តែកាលណា​យើងរឹតត្បិត​សិទ្ធិសេរី​ភាព​កាន់តែច្រើនៗទៅ ​គឺប្រជាពលរដ្ឋជាពិសេស​អ្នកសារព័ត៌មាន ​មិនអាច​យកការ​ពិតទៅផ្សព្វផ្សាយ​ហើយជូន​ជាព័ត៌មានដល់ថ្នាក់ដឹកនាំទេ​ ម្លោះហើយយើង​បាត់​បង់​ការពិត ​ព្រោះកាលណា​គ្រប់គ្រងប្រទេសមិនចាប់អារម្មណ៍​មិនឲ្យ​តម្លៃហើយ​ ​កា​រ​ពិតជាមូលដ្ឋាន​យើងពិបាក​ហើយវានឹង​ច្របូកច្របល់​ដូចសព្វថ្ងៃ»

អង្គការជាតិនិងអន្តរជាតិ​វាយតម្លៃថា​ លំហសិទ្ធិសេរីភាពប្រជាពលរដ្ឋ និងលទ្ធិ​ប្រជា​ធិបតេយ្យនៅកម្ពុជា ​បានធ្លាក់ដាំក្បាលចុះ ​ចាប់តាំងពីរបប​ក្រុងភ្នំពេញ​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ ​ហើយចាប់ប្រធានបក្សនេះ​គឺលោក​ កឹម សុខា ​ដាក់គុកចោទ​ថា​ ក្បត់​ជាតិ។ គិត​ចាប់​ពីដើម ឆ្នាំ២០២០ មកដល់​ ខែមីនា ឆ្នាំ​២០២១​នេះ អាជ្ញា​ធរ​របបក្រុងភ្នំពេញ​ បានចាប់​ឃុំខ្លួន​សកម្ម​ជន​នយោ​បាយ ​សកម្មជនសង្គម ព្រះសង្ឃ​ និងយុវជន សរុប​ជិត ៨០នាក់​ ហើយដាក់​ក្នុង​ពន្ធគារ ​ដោយចោទពីបទ’ ‘រួមគំនិតក្បត់” ​”ញុះញង់” ​និងបទ ”​ប្រមាថ​ថ្នាក់ដឹកនាំ”។

លោកបណ្ឌិត ឡៅ ម៉ុងហៃ ​លើកឡើងថា ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ចែង​យ៉ាង​ច្បាស់​នៅក្នុងរដ្ឋធម្មនុញ្ញ ​ហើយ​តុលាការមានករណីយកិច្ច​ធានាការ​ពារ​សិទ្ធិសេរី​ភាព​ពលរដ្ឋគ្រប់រូប​។ ប៉ុន្តែ​លោកសោកស្តាយ​ដែល​តុលាការមិនឯករាជ្យ​ និងក្លាយជាឧប​ករ​ណ៍​របស់រដ្ឋាភិបាលក្នុងការបង្ក្រាប ​គាបសង្កត់ ​និង​ដាក់ទោស​ទណ្ឌ​ប្រជា​ពលរដ្ឋមិន​ឲ្យ​ប្រើប្រាស់​សិទ្ធិ​និងសេរីភាព​របស់ពួកគេទៅវិញ។ លោកជំរុញឲ្យជន​ជាប់ចោទ​ពី​បទ​ញុះញង់​ដោយសារ​ការ​បញ្ចេញមតិ​ដោយសន្តិវិធី​កន្លងមក ​​គួរតែ​ប្តឹង​ទៅ​ក្រុមប្រឹក្សា​​ធម្មនុញ្ញ​អំពី​ច្បាប់​អធម្មនុញ្ញភាព​ និងតុលាការមិនឯករាជ្យ​ដើម្បីសុំឲ្យ​ដកហូតការ​ចោទប្រកាន់ ​និងប្រគល់សិទ្ធិ​សេរីភាព​ជូនពួកគេ​ឡើងវិញ៖ «អាហ្នឹង​ស៊ីសងសាមីខ្លួន​ជនជាប់ចោទហ្នឹង​ តើយល់ថា ​គ្រាន់តែ​ប្រើប្រាស់សិទ្ធិសេរីភាព​ក្នុងការបញ្ចេញមតិ​ឬក៏ជួបជុំគ្នា​ឬក៏បោះ​ពុម្ភផ្សាយ​មួយចំនួន ​ហ្នឹងវា​អត់សមថា​ ​ទៅបង្កើតភាពវឹកវរអីផងទេ​ ហើយយើង​មានស្តង់ដារ​ទៅ​ទៀត តើភាពវឹងវរអី​ ចុះបោះឆ្នោត ឆ្នាំ២០១៣ ​មើលវិភាគមើល​ត្រឹមណា ​ហើយ​ឥឡូវ​នេះ​តែពីរបីនាក់ថា បួនដប់នាក់​ចុះហើយ ​តើបង្កើត​ភាពវឹកវរ​អីធ្ងន់ធ្ងរស្អី ​វាទៅរួចទេអាហ្នឹង​ត្រូវតែតតាំង​អំពីធម្មនុញ្ញភាព​ហ្នឹង»

ទាក់ទង​នឹង​ការលើកឡើង​នេះ​​អ្នក​នាំពាក្​យ​គណៈកម្មាធិការ​​សិទ្ធិមនុស្ស​​របស់​​រដ្ឋាភិ​បាល​​លោក កត្តា អ៊ន​ ​ឆ្លើយតប​ថា ​​ប្រជាពលរដ្ឋកំពុង​តែ​​ប្រើប្រាស់​​សិទ្ធិសេរី​​ភាព​​យ៉ាង​​ពេញលេញ ​​និង​ទូលំទូលាយ​ជាង​បណ្តា​ប្រទេស​ផ្សេងៗ​​នៅលើ​​សក​ល​លោក​ ​ប៉ុន្តែ​លោក​មិន​បញ្ជាក់ថា ​​ល្អជាង​ប្រទេសណា​ខ្លះ​នោះទេ។​ លោកការពារ​ទង្វើរបស់​​​រដ្ឋាភិបាល​​​កន្លង​មក​​ថា​​ ​ជាការ​អនុវត្តច្បាប់​​ទៅ​លើ​ជន​​ដែល​បំពាន​​ច្បាប់​​តែ​ប៉ុណ្ណោះ​។​ លើសពីនេះ​​លោក​ថែមទាំង​​ចោទ​​ក្រុម​អ្នក​​ដែល​រងគ្រោះ​ពីការ​ធ្វើ​ទុក្ខ​បុក​​ម្នេញ​​​ពីសំណាក់​រដ្ឋាភិបាល​​ថា​ ​ជាក្រុម​អ្នកបំផ្លា​ញ​ប្រជាធិបតេយ្យ​ទៅ​វិញ៖​ «​អ្នកដែល​​ត្រឹមត្រូវ​គោរពច្បាប់​ គឺមិនមាន​បញ្ហា​ចំពោះមុខ​ច្បាប់ទេ ​​ដូច្នេះ​​ហើយ​​ប្រជាជន​កម្ពុជា​​រាប់លាននាក់​ដែលគេ​អនុវត្តសិទ្ធិសេរីភាព​របស់ខ្លួនត្រឹមត្រូវតាមច្បាប់ ​គេពេញចិត្ត​ចំពោះការប្រើប្រាស់សិទ្ធិសេរីភាពនៅកម្ពុជា​បច្ចុប្ប​ន្ន​នេះ។ ​ឯបុគ្គលមួយចំនួនតូច​ដែលជាជនល្មើស​ដែលជា​អ្នកប្រព្រឹត្ត​រំលោភ​ច្បាប់ ​រំលោភ​សិទ្ធិអ្នកដទៃ ​គឺគាត់ប្រឈមមុខ​ចំពោះមុខច្បាប់​ហើយគាត់ស្រែក​ហៅ និង​ទទូចអញ្ចេះទទូចអញ្ចុះ​ពីគំនាបរដ្ឋាភិបាល​ដូច្នេះ​ជាការ​មិនត្រឹមត្រូវទេ។ ទាំងអស់គ្នាត្រូវ​យល់​ថា ​ច្បាប់​និងសិទ្ធិសេរីភាព​ គឺដើម្បីសង្គម​ដើម្បីប្រយោជន៍​សាធាណៈ»

ថ្មីៗនេះ ​អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក (Freedom House) បានដាក់ពិន្ទុ​សេរី​ភាព​នៅ​កម្ពុជាធ្លាក់​ចុះ​មួយ​ពិន្ទុទៀតនៅឆ្នាំ ២០២១ នេះ ​ដោយធ្លាក់មក​លេខ ​២៤ លើ​ ១០០​ពិន្ទុ។ ពិន្ទុ​ ១០០ ​មាន​ន័យ​ថា មាន​សេរីភាព​ពេញលេញ។ សេរីភាព​ដែល​អង្គការ​ឃ្លាំ​មើល​សេរី​ភាព​ពិភពលោកវាយតម្លៃនេះ ផ្តោត​ជា​ពិសេស​នោះ គឺ​សំដៅ​ដល់សិទ្ធិ​នយោ​បាយ​ និង​សិទ្ធិ​ពលរដ្ឋ​។ បើ​តាម​អង្គការ​នេះ សិទ្ធិនយោបាយ​របស់​កម្ពុជា​ធ្លាក់ចុះ​ខ្លាំង​ស្ទើ​តែ​ដល់​កម្រិតសូន្យ។ រីឯសិទ្ធិពលរដ្ឋ​វិញ ក៏​ស្ថិត​ក្នុង​ភាព​រឹតត្បិត​ដែរ ដែល​កម្ពុជា​ទទួល​បាន​​ពិន្ទុ​មិនដល់​ពាក់កណ្តាល​ផង​នៃ​ពិន្ទុ​សិទ្ធិ​ពលរដ្ឋ​ពេញ​លេញ។ ពិន្ទុ​សេរីភាព​របស់​កម្ពុជានេះ ​គ្រាន់បើ​តែ​ជាង​ប្រទេសកុម្មុយនិស្ត​ឡាវ​ និង​វៀតណាម​តែ​ប៉ុណ្ណោះ។

មន្ត្រីបក្សប្រឆាំង ​និងអ្នកឃ្លាំមើលព្រួយបារម្ភថា ​នៅពេល​សិទ្ធិ​អំណាច​របស់​ប្រជាពលរដ្ឋ​កាន់តែ​រួមតូច ​មិនអាច​ចូលរួម​កិច្ចការងារ​សង្គម​ដោយ​ទូលំទូលាយ​បែបនេះ​ នឹងធ្វើឲ្យ​មន្ត្រី​ ឬ​ក្រុម​មនុស្ស ដែល​ជាប់ឆ្នោតកាន់តែមានអំណាច​ធំធេង​ និងប្រើ​អំណាចខុស​ច្បាប់​ដូចជាប្រព្រឹត្តអំពើពុករលួយជាដើម ​​ដែលពិបាក​ក្នុងការ​ត្រួត​ពិ​និ​ត្យ​ និងទប់ស្កាត់​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សិទ្ធិអំណាច​ប្រជាពលរដ្ឋកាន់តែរួមតូច ​ឆ្លុះបញ្ចាំង​ពីការដឹកនាំបែប​​ផ្តាច់ការ"

  1. Anonymous says:

    WELL ….KAMPOUCHEA is a hunted nation there are so many well educated dead people who can be the good leader but unfortunately we got HUN NAL call HUN SEN his last dump name CHHOUP SAMLAP that was came from his dump head set up the story to murder Dr KEM LEY not suit to the plan . I knew HUN NAL through my brother in law he toll me every thing about HUN NAL this guy was a Vietcong’s dog indeed he murder so many KHMER ESLAM in KAMPONGCHAM province expressly in POUMTREA people should know the story about that mass killing . so in what so ever HUN NAL will never change his evil mind because he already born as an evil . the history of this nation will be remembers not just in this region but it will be all over the whole world . after the dead of this evil I do not know how bad the story will every one put to this evil. I knew it will not be a good GOD like what he lie to every one in the whole world. the reason is his evil act was so large can not be forgive