ក្រុមយុវជន​គ្រោង​ដាក់ញ្ញត្តិទៅ​រដ្ឋាភិបាល​អោយ​ដោះស្រាយសំណើ៤សុំ​នៅថ្ងៃសុក្រ​ទី២៦មីនា

ដោយ សុជីវី
2021-03-23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុមយុវជន​គ្រោង​ដាក់ញ្ញត្តិទៅ​រដ្ឋាភិបាល​អោយ​ដោះស្រាយសំណើ៤សុំ​នៅថ្ងៃសុក្រ​ទី២៦មីនា

យុវជនសមាគមស្ត្រីដើម្បីសង្គមដើរប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ដាក់សំណើទៅរដ្ឋាភិបាលដើម្បីស្នើសុំបញ្ចុះតម្លៃ​ប្រេងសាំង ថ្លៃទឹកភ្លើង ថ្លៃផ្ទះជួល និង​ការសងបំណុលធនាគារ។ រូប៖ ហ្វេសប៊ុក សមាគមស្ត្រីដើម្បីសង្គម ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។


តំណាង​ម្នាក់​របស់​ក្រុម​យុវជន​ធ្វើ​យុទ្ធនាការ​ ៤សុំ​ តាមណ្ដាញ​ហ្វេសប៊ុក​នៅ​តែ​ប្រកាន់​ជំហរ​បន្ត​យុទ្ធនាការ​បន្តទៅទៀត បើ​ទោះ​ជាមាន​ឧបសគ្គ ដោយ​សំអាង​ថា ​អ្វី​ដែល​ពួកគាត់​ធ្វើ គឺដើម្បី​ប្រយោជន៍​របស់ពលរដ្ឋដែល​កំពុង​រងផលប៉ះពាល់​ពីវិបត្តិ​ជំងឺកូវីដ-១៩។

ប្រធាន​សមាគម​ស្រ្តីដើម្បី​សង្គម កញ្ញា កែវ ទិត្យលីដា អោយ​អាស៊ីសេរីដឹង​ថា ក្រុម​យុវជន​នឹង​ប្រមូលស្នាមមេដៃ​ពលរដ្ឋ ដែល​យល់ព្រម​ចូលរួម​យុទ្ធនាការ​ ៤សុំ ដើម្បី​​ដាក់សំណើ​ទៅរដ្ឋាភិបាល​នៅ​ថ្ងៃ​សុក្រ​ ទី២៦ ខែមីនា​ ខាង​មុខ ដើម្បី​អោយ​រដ្ឋាភិបាល​បានដឹង និង​ដោះស្រាយ​សំណើ​ពលរដ្ឋ៖ «ខាងក្រុមនាងខ្ញុំមិនបាន​បង្កើតយុទ្ធនាការហ្នឹង​ឡើង ដើម្បីតតាំង ឬក៏​ប្រឆាំង​ជាមួយរដ្ឋាភិបាល​ នាងខ្ញុំគ្រាន់តែធ្វើអ្វី ដើម្បី​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​តែប្រឈមមុខ។ ៤ចំណុច​ ដែល​នាងខ្ញុំស្នើសុំ​គឺមិនត្រឹមតែសង្កត់ទៅរដ្ឋតែម្នាក់ទេ​ គឺមានទាំងឯកជនទាំងរដ្ឋ​ត្រូវតែចូលរួមចំណែក​ជួយ​ទៅដល់ប្រជាពលរដ្ឋ។ នាងខ្ញុំនៅតែទទូចអោយជួយដល់ពលរដ្ឋ បើសិន​ជាករណី​ជំងឺកូវីដ-១៩ រីករាលដាលខ្លាំង​ពីមួយថ្ងៃទៅមួយថ្ងៃ»។

ក្រុមយុវជនបានចាប់ផ្ដើមយុទ្ធនាការ​រយៈពេល​ជាង​ ១០ថ្ងៃ មកហើយ ដោយស្នើអោយ​រដ្ឋាភិបាល​លើកលែង ឬបញ្ចុះតម្លៃ​ប្រេងសាំង ទឹកភ្លើង ថ្លៃបន្ទប់ជួល និងការសងបំណុធនាគារ ឬ​ដែល​ក្រុមនេះ​ហៅថា​ ៤សុំ។ ពួកគេ​បាន​សម្ភាសន៍​អ្នកដែល​បាត់បង់ការងារធ្វើ និង​អ្នកមានចំណូលធ្លាក់ចុះ​នៅ​ក្នុង​ពេល​វិបត្តិ​ជំងឺ​កូវីដ​-​១៩​​ កាន់​តែធ្ងន់ធ្ងរ​ក្រោយ​មាន​ករណី​ឆ្លងចូលសហគមន៍​ជាលើកទី ៣ ​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ផលិតជាវីដេអូ​ផ្សព្វផ្សាយ​តាម​ហ្វេសប៊ុក។

អាស៊ីសេរី​បាន​ទាក់ទង​សុំការឆ្លើយតប​រឿង​នេះ​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន ប៉ុន្តែ​លោកមិនលើកទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី២៣ ខែ​មីនា។ ប៉ុន្តែ​លោក​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ដោយ​ចាត់ទុក​​យុទ្ធនាការ​ក្រុមយុវជន​ទាំងនេះ​ថា ជាសកម្មភាពខុសច្បាប់ និងស្នើសុំឱ្យបញ្ឈប់​ធ្វើ​សកម្មភាព​យុទ្ធនាការ​នេះ​ទៅ​វិញ។

ផ្ទុយ​ពីនេះ​អ្នកសិក្សា​ការអភិវឌ្ឍ​សង្គមលោកបណ្ឌិត មាស នី កោតសរសើរ​ភាពក្លាហាន​របស់​ក្រុមយុវជន និង​ថា​នេះ​ជាសរីភាព​របស់​ពលរដ្ឋ ឯរដ្ឋាភិបាល​មានតួនាទី​​ឆ្លើយតប​អោយ​ពលរដ្ឋ​អស់ចិត្ត ជាជាង​ការ​ដាក់​សម្ពាធ​ដោយការចោទប្រកាន់​ផ្សេងៗ ដែលនាំអោយមានការរិះគន់​ថា​ រដ្ឋាភិបាល​កំពុង​រើសអើង​ពលរដ្ឋ​ខ្លួន​ឯង៖ «បើសិនជាមានការរិះគន់ ប៉ុន្តែរដ្ឋាភិបាល​ហ្នឹង​បែរទៅជាមិនស្ដាប់ ហើយ​មិន​ដោះស្រាយ មិនត្រឹមតែមិនស្ដាប់​មិនដោះស្រាយទេ ហើយ​អាចនឹង​មានការចូលរហូត​ដល់ទៅការចោទប្រកាន់ថាជារឿងខុសច្បាប់ បើធ្ងន់ធ្ងរអាចនឹង​មាន​ការចាប់ខ្លួន​អីនោះ ខ្ញុំគិតថា វានឹង​រុញស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាហ្នឹង​អោយ​ធ្លាក់ទៅកន្លែង​មួយ អោយ​កាន់តែមានភាពយ៉ាប់យ៉ឺនថែមទៀត»

Youth_campaign _to_reduce_the_pric_14_03_2021.jpg
ប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្ទឹងមានជ័យរាជធានីភ្នំពេញ លើកបដាស្នើសុំរដ្ឋាភិបាលជួយអន្តរាគមន៍បញ្ចុះតម្លៃ ទឹកភ្លើង បន្ទប់ជួល និងបង់បំណុលធនាគារក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩។

លោក មាស នី បន្ត​ថា​ ការធ្វេសប្រហែស បណ្ដែតបណ្ដោយ​អោយ​បញ្ហាដែល​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​អូសបន្លាយ​គ្មាន​ដំណោះស្រាយ​ក្នុង​វិបត្តិ​ជំងឺកូវីដ-១៩​នេះ ​នឹង​រុញច្រាន​អោយ​សង្គម​ធ្លាក់ចូល​ក្នុង​វិបត្តិដែល​រដ្ឋាភិបាល​ត្រូវ​ប្រឈម​មុខ​នៅ​ថ្ងៃ​មុខ៖ «ទី១ យើងប្រឈមនឹងកូវីដក្នុង​ស្រុកផង ទី២​ បញ្ហាសង្គម​មួយចំនួន​ក៏​យើងមិនបានដោះស្រាយទៀត ហើយ​ក៏មាន​សម្ពាធពីបរទេស​មកទៀត​ នោះ​យើង​អាចនឹង​មើលឃើញថា​ បើប្រទេសនៅក្នុង​ស្ថានភាព​ប្រឈមជាមួយ​រឿង​ទាំង​៣​ក្នុង​ពេល​តំណាលគ្នា ខ្ញុំគិតថា​ សេដ្ឋកិច្ចក្នុង​ប្រទេសមួយនេះ​ពិបាករើខ្លួននៅពេលខាងមុខ។ អ៊ីចឹងរឿងណាដែលរដ្ឋអាចដោះបាន យើង​ដោះទៅ។ ក្នុង​នាមពលរដ្ឋកម្ពុជា យើងយល់ណាស់ យើង​មិនមែន​ចង់ទៅជុះអោយដូចដំរីទេ»

ទាក់ទង​នឹង​ជំនួយ​របស់​រដ្ឋាភិបាល​នេះ​អ្នកនាំពាក្យ​ក្រសួងសេដ្ឋកិច្ចលោក មាស សុខសេនសាន មិនបាន​ឆ្លើយអោយចំ​សំណួរ​អាស៊ីសេរី ពីរឿង​សំណើរ​របស់​ក្រុមយុវជន​ឡើយ ប៉ុន្តែ​លោកអះអាង​ថា ​រដ្ឋាភិបាល​បាន​ជួយ​បណ្ដើរៗហើយ​នៅ​តែបន្តជួយ​ទៀត​តាម​ជាក់ស្ដែង។ លោកបញ្ជាក់​ថា ​រដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​ ៨០០រយលាន​ដុល្លារ​ សម្រាប់​ឆ្នាំ​២០២១ បន្ថែម​លើ​ថវិកា​ដែល​សល់ពី​ឆ្នាំចាស់ ពោលគឺ​ថវិកា​សរុប​សម្រាប់​ដោះស្រាយ​បញ្ហា​វិបត្តិ​ជំងឺ​កូវីដ-១៩​មាន​ចំនួន​ជាង ​១ពាន់ លានដូល្លារ។ ចំណែក​របាយការណ៍​របស់​ក្រសួង​សង្គម​កិច្ច​វិញ​អោយ​ដឹង​ថា ក្នុង​ឆ្នាំ២០២០ កន្លង​ទៅ​រដ្ឋាភិបាល​បាន​ចំណាយ​អស់​ជិត​ ៣០០លានដុល្លារ ​សម្រាប់​គម្រោង​ឧបត្ថម្ភសាច់ប្រាក់​ដល់​គ្រួសារក្រីក្រ និង​អ្នកងាយរងគ្រោះ។ នេះ​នៅ​មិន​ទាន់​រាប់បញ្ចូល​ជំនួយ​ទៅ​ដល់​កម្មករ ដែល​បាត់បង់ការងារ និង​ព្យួរការងារ និង​ជំនួយ​ទៅ​ស្ថាប័ន​ម្ចាស់​បំណុល​មាន​ខាងធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ក្នុង​ការកាត់បន្ថយ​ការប្រាក់ និង​រៀបចំឥណទានឡើងវិញនោះទេ។

បើទោះជាយ៉ាងណា ​ក្រុមយុវជន​​មើលឃើញ​ថា រដ្ឋាភិបាល​នៅ​មិន​ទាន់​បាន​ជួយ​ទៅ​ដល់​ពលរដ្ឋ​អោយ​បាន​គ្រប់គ្រាន់​នៅឡើយ ដែល​ចាំបាច់ត្រូវ​រដ្ឋាភិបាល​បញ្ចុះតម្លៃ​ប្រេងសាំង ថ្លៃទឹកភ្លើង ថ្លៃផ្ទះជួល និង​កែសម្រួល​ការសងប្រាក់​ទៅធនាគារ​វិញ​បន្ថែម​ទៀត ទើប​អាច​ជួយអោយ​ពលរដ្ឋ​បាន​ធូរស្រាល​ពីផលប៉ះពាល់​ដោយវិបត្តិ​ជំងឺកូវីដ-១៩​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment