ដោយ ឡេង ម៉ាលី
2021-03-25
RFA

រូបភាពគំនរឈើច្រៀកដែលសកម្មជនការពារព្រៃឈើថតបាន នៅទីតាំងរបស់ PNT ចំណុចភូមិឫស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។ រូប៖ លោក ខេម សុឃី សកម្មជនព្រៃឡង់
ប្រជាសហគមន៍ព្រៃឡង់ខេត្តព្រះវិហារអះអាងថា ក្រុមហ៊ុនវៀតណាម ភីអ៊ិនធី (PNT Co., Ltd.) កំពុងពង្រាយកម្លាំងកម្មកររាប់សិបនាក់ ចូលកាប់រំលំដើមឈើធំៗ ក្នុងដែនជម្រកសត្វព្រៃជិត ២សប្តាហ៍មកហើយ។ ការលើកឡើងនេះ គឺក្រោយពីពួកគេបានចុះស្រាវជ្រាវពីបទល្មើសព្រៃឈើនៅតំបន់នោះ។
ប្រជាសហគមន៍លើកឡើងថា ឈើមានតម្លៃជាច្រើនប្រភេទ រួមមាន គគីរ ឈើទាល និងពពេលមានមុខកាត់ចាប់ពី ៣តឹក ដល់ ៦តឹក ប្រវែង ៣ម៉ែត្រឡើងទៅឋិតក្នុងដែនជម្រកសត្វព្រៃឡង់កំពុងទទួលរងការកាប់ផ្តួលយ៉ាងពេញទំហឹង ដើម្បីធ្វើអាជីវកម្មខុសច្បាប់។ ប្រជាសហគមន៍ព្រៃឡង់ចោទថា ក្រុមហ៊ុនវៀតណាម ភីអ៊ិនធី (PNT CO., LTD.) ជាអ្នកនៅពីក្រោយខ្នងបទល្មើសនេះ តាមរយៈការបើកទីតាំងប្រមូលទិញឈើខ្នាតធំជាប់ព្រៃឡង់ ក្នុងឃុំរៀបរយស្រុករវៀង។
អ្នកសម្របសម្រួលសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ លោក ស្រី ថី ប្រាប់អាស៊ីសេរីថា ក្រុមកម្មកររាប់សិបនាក់ កំពុងសម្រុកកាប់ឈើធំៗ ក្នុងដែនជម្រកសត្វព្រៃឡង់ នៅចំណុចវាលស្រែអាចម៍ដែក អណ្ដូងពណ៌ អូរធ្នង់ និងចំណុចជាំប្រទាល។ លោកថាក្រុមកម្មករទាំងនោះ បានអារច្រៀកឈើជាជ្រុងៗ ក្នុងព្រៃអភិរក្ស រួចដឹកចេញក្រៅតាមគោយន្តចូលទៅក្នុងការដ្ឋានក្រុមហ៊ុន ភីអ៊ិនធី។ លោកសោកស្ដាយ ដែលក្រសួងបរិស្ថានហាមពលរដ្ឋមិនឱ្យចូលល្បាតព្រៃ ប៉ុន្តែអ្នកកាប់ឈើបែរជាចូលព្រៃបាន៖ «ក្រុមហ៊ុននោះគេឱ្យឈ្មួញចូលកាប់ដឹកជញ្ជូនចេញមកដាក់ដេប៉ូរបស់ក្រុមហ៊ុន ភីអ៊ិនធី ហ្នឹង។ ខ្ញុំឆ្ងល់ថា ហេតុអីបានរារាំងបណ្ដាញព្រៃឡង់មិនឱ្យចូលមើលក្នុងព្រៃឡង់។ ឱកាសនេះហើយ ដែលបទល្មើសព្រៃឈើអាចឆ្លៀតឱកាសកាប់ឈើដឹកជញ្ជូនឈើចូលដេប៉ូក្រុមហ៊ុនបាន»។
លោក ស្រី ថី បន្ថែមថា កាលពីដើមសប្ដាហ៍នេះ ពួកលោកបានធ្វើដំណើរចូលព្រៃឡង់ ហើយបានប្រទះឃើញគោយន្ត ៣គ្រឿងដឹកជញ្ជូនឈើជ្រុងជាច្រើនម៉ែត្រគូប ចេញពីព្រៃឡង់ ឆ្ពោះទៅការដ្ឋានក្រុមហ៊ុន ភីអ៊ិនធី។ លោកសង្ស័យថា មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ ឃុបឃិតគ្នាជាប្រព័ន្ធបណ្ដោយឱ្យមានអាជីវកម្មឈើខ្នាតធំនេះផុសឡើង។
ក្រុមហ៊ុន ភីអ៊ិនធី (PNT Co., Ltd.) ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលទំហំជិត ៨ពាន់ហិកតារ (៧.៩០០) នៅស្រុករវៀង ខេត្តព្រះវិហារ កាលពីឆ្នាំ២០១០ ក្រោមកិច្ចសន្យារយៈពេល ៧០ឆ្នាំ។ ក្រុមហ៊ុននេះមានម្ចាស់ជាជនជាតិវៀតណាមឈ្មោះ ផាន់ ហួណាម (Phan Huu Nam)។ ក្នុងកិច្ចសន្យាក្រុមហ៊ុននេះវិនិយោគដំណាំខ្លឹមច័ន្ទ ចន្ទី និងដំណាំរួមផ្សំផ្សេងៗទៀត ប៉ុន្តែប្រជាសហគមន៍អះអាងថា ក្រុមហ៊ុនមិនបានដាំដុះតាមកិច្ចសន្យានោះទេ ដោយផ្តោតលើការកាប់ឈើទៅវិញ។
អាស៊ីសេរីបានព្យាយាមទាក់ទងក្រុមហ៊ុនភីអ៊ិនធី តាមរយៈលេខទូរស័ព្ទក្នុងគេហទំព័រសាជីវកម្ម តែគ្មានអ្នកលើក។
ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា និងអ្នកនាំពាក្យសាលាខេត្តព្រះវិហារលោក យ៉ុង គឹមហឿង វិញ ក៏អាស៊ីសេរីមិនទាន់អាចទាក់ទងបានដែរ។
ក៏ប៉ុន្តែអ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី ជំរុញឱ្យប្រជាសហគមន៍ព្រៃឡង់ ត្រូវផ្តល់ព័ត៌មានពីបទល្មើសព្រៃឈើទាំងនេះ ទៅអាជ្ញាធរដែនដីឱ្យចុះទប់ស្កាត់។ លោកថា ប្រសិនបើអាជ្ញាធរមូលដ្ឋានមិនចាត់វិធានការទេ ប្រជាសហគមន៍អាចសរសេរលិខិតផ្ញើជូនគណៈកម្មការជំនាញថ្នាក់ជាតិ ដើម្បីដោះស្រាយរឿងនេះ៖ «មិនថានៅកំពង់ធំ មិនថានៅណាទេ នៅស្ទឹងត្រែង ក្រចេះ មួយជួរហ្នឹង គឺឱ្យតែពាក់ព័ន្ធព្រៃឡង់ យើងចុះបង្ក្រាបមួយសាហើយបាទ។ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ កុំឱ្យគាត់និយាយ ឱ្យគាត់ធ្វើជាលិខិតមក»។
ទោះយ៉ាងណាក្ដី សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ ចាត់ទុកវត្តមានក្រុមហ៊ុនវៀតណាមនេះ កំពុងបំផ្លាញព្រៃឈើខ្នាតធំជាថ្មីទៀត ក្នុងតំបន់ការពារធម្មជាតិ ដែលទាមទារឱ្យអាជ្ញាធរចុះទប់ស្កាត់ជាបន្ទាន់។ លោកអស់សង្ឃឹមពីប្រសិទ្ធភាពការងាររបស់ក្រសួងបរិស្ថាន ដែលបណ្ដែតបណ្ដោយឱ្យមានបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដដែលៗ និងមិនដោះស្រាយក្តីកង្វល់របស់ពលរដ្ឋ៖ «យើងលែងមានសង្ឃឹមលើក្រសួងបរិស្ថានទៀតហើយ យើងមានតែអំពាវនាវឱ្យគណៈកម្មការជាតិ អ្នកដែលពាក់ព័ន្ធផ្សេងៗ ទៀត ធ្វើការចុះអន្តរាគមន៍ ក៏ដូចជា ចុះបង្ក្រាបជាបន្ទាន់។ បើសិនជាពួកគាត់នៅតែបណ្ដែតបណ្ដោយ អាហ្នឹងវិនាសកម្មព្រៃឡង់ នៅតែកើតមានតទៀត»។
កាលពីចុងឆ្នាំ២០២០ ប្រជាសហគមន៍ព្រៃឡង់ប្រទះឃើញឈើមូលធំៗ ជាង ៥រយដើម (៥០០) ត្រូវគេកាប់ចេញពីដីស្រែចម្ការរបស់ពលរដ្ឋដឹកជញ្ជូនចូលក្នុងការដ្ឋានរបស់ក្រុមហ៊ុនភីអ៊ិនធីជាបន្តបន្ទាប់ ដើម្បីអារច្រៀកធ្វើអាជីវកម្ម។ ប្រជាសហគមន៍ និងពលរដ្ឋអះអាងថា ក្រុមហ៊ុនមានម៉ាស៊ីនអារច្រៀកឈើខ្នាតធំ ៤គ្រឿង និងមានរថយន្តកែច្នៃជិត ១០គ្រឿង សម្រាប់ដឹកឈើធ្វើអាជីវកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
do not say that VIETNAM call VIETCONG love Cambodia so much just about to swallow the whole KAMPOUCHEA right now