ពលរដ្ឋ​សហគមន៍​​​បុរី​​កីឡា​​ខ្លះ​​អហោសិកម្ម​ឲ្យ​​​​ម្ចាស់​​ក្រុមហ៊ុន​​​​​​ផានអ៊ីមិច​​តែ​​បន្ត​​ទាមទារ​​ដំណោះស្រាយ​​ដីធ្លី​​

ដោយ អាស៊ីសេរី
2021-03-29
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​សហគមន៍​​​បុរី​​កីឡា​​ខ្លះ​​អហោសិកម្ម​ឲ្យ​​​​ម្ចាស់​​ក្រុមហ៊ុន​​​​​​ផានអ៊ីមិច​​តែ​​បន្ត​​ទាមទារ​​ដំណោះស្រាយ​​ដីធ្លី​​

(រូបតូច) លោកស្រី ស៊ុយ សុផាន អតីតយ​ម្ចាស់​ក្រុមហ៊ុន​ផានអ៊ីមិច (Phan Imex) ដែល​សម្បូរ​រឿង​អាស្រូវ ពាក់ព័ន្ធនឹងជម្លោះ​ដីធ្លីនៅបុរីកីឡាកាលពីឆ្នាំ២០១២។ រូប៖ ហ្វេសប៊ុក sinath hun


ពលរដ្ឋ​រងគ្រោះដីធ្លីមួយចំនួននៅ​ក្នុង​សហគមន៍​​បូរី​កីឡា ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ព្រម​​អហោសិកម្ម​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ផានអ៊ីមិច (Phan Imex) គឺអ្នកស្រី ស៊ុយ សុផាន ដែលបាន​ស្លាប់កាល​ពី​យប់​ថ្ងៃ​ទី២៨ ខែមីនា។ ប៉ុន្តែ​ពួកគាត់​ប្ដេជ្ញា​​ថា នឹង​​បន្ត​ទាមទារ​​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​ឲ្យ​ចប់​សព្វ​គ្រប់​ទើប​សុខ​ចិត្ត។

តំណាង​សហគមន៍​បូរី​កីឡាលោកស្រី ភោគ សុភីន ឲ្យ​ដឹង​ថា ពេល​លឺ​ដំណឹង​ថា អ្នកស្រី ស៊ុយ សុផាន​ ស្លាប់មាន​​ពលរដ្ឋ​ក្នុង​សហគមន៍​ខ្លះព្រម​អធ្យាស្រ័យតែ​ខ្លះ​ទៀត មិន​ព្រម​ទេ​ ព្រោះ​ពួកគេ ឈឺ​ចាប់​នឹង​ការ​ធ្វើ​បាប​ខ្លាំង ហើយ​ធ្លាក់​ខ្លួន​វេទនាត​ជំនាន់ ពាក់​ព័ន្ធ​​នឹង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃដោយការ​បណ្តេញ​ប្រជា​ពលរដ្ឋបូរីកីឡា​ជា​ច្រើន​គ្រួសារចេញ​ពីលំ​នៅ​ដ្ឋាន កាលពីដើមឆ្នាំ២០១២។ តែ​យ៉ាង​ណា​លោកស្រី ភោគ សុភីន រំពឹង​ថា អាជ្ញាធរ​នឹង​ដោះស្រាយ​បញ្ចប់​វិវាទ​របស់​​​ពួកគាត់​ នៅ​ក្រោយ​ពេលម្ចាស់​ក្រុមហ៊ុន​​ផានអ៊ីមិច ស្លាប់ កាល​ពី​យប់​ ថ្ងៃ​អាទិត្យ​៖ «វាលស្បូវ​ក៏​ដោយ ដី​ឧត្ដុង្គ​ក៏​ដោយ ដី​របស់​គាត់​ទាំង​អស់​ គឺ​ថា អំពើ​ល្អ​ អំពើ​យុត្តិធម៌​របស់​ប្រជារាស្ត្រ ដាក់​បណ្ដា​សារ​គាត់​បន្តិច​ម្ដងៗ​ ហើយ​ទឹក​ភ្នែក​រាស្ត្រ​គ្រប់​កន្លែង​ ដែល​គាត់​បំពាន​រឿង​ដីធ្លី​ហ្នឹង ហើយ​ឥឡូវ​គាត់​ទៅ​តែ​ខ្លួន​ទទេ​ហ្នឹង ខ្លួន​មួយ​ហ្នឹង ហើយ​និង​បាប​ឃើញ​ទាន់ហន់​ឥឡូវ​ហ្នឹង មិន​ចាំបាច់​ទៅ​ជាតិ​ណា​ទេ ​តែ​ជាតិ​នេះ។ យើង​ធ្វើ​ល្អ សាង​អំពើ​ល្អ​ខ្លះ​ទៅ។ ខំ​ទៅគាត់​យក​ទៅ​តែ​ប៉ុន្មាន​ម៉ែត្រ​នៅ​ឧត្ដុង្គ​ហ្នឹង គាត់​យក​ទៅ​បាន​ហើយ​ គឺ​ផ្នូរ​គាត់ សម្រាប់​ទុក​នៅ​ហ្នុងសម្រាប់​គាត់។ តែ​ទឹក​ភ្នែក​ប្រជារាស្ត្រ​នៅ​តែ​ទឹក​ភ្នែក​សម្រាប់​គាត់​ហ្នឹង»។

ប្អូនស្រីរបស់លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺ អ្នកស្រី ហ៊ុន ស៊ីណាត​ ដែល​ស្និទ្ធស្នាលនឹង​អ្នក​ជំនួញ​ធំៗ បានបង្ហោះសារលើទំព័រហ្វេសប៊ុក (Facebook)​ថា អ្នកស្រី ស៊ុយ សុផាន បាន​ស្លាប់ ដោយ​រោគាពាធ ក្នុង​អាយុ​ ៦២​ឆ្នាំ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ក្រុម​គ្រួសារ​របស់លោកស្រី ស៊ុយ សុផាន និងអាជ្ញាធរ​​ ដែល​​ភូមិ​គ្រឹះ​​​អ្នកស្រី ធ្លាប់​ស្នាក់​នៅ​ក្នុង​ខណ្ឌ​ទួល​គោកបាន​ទេ នៅ​ថ្ងៃ​ទី​២៩ ខែមីនា។ តែ​យ៉ាង​ណា សារព័ត៌មាន​ក្នុង​ស្រុក​ (Thmeythmey) ចុះ​ផ្សាយ​ថា សន្តិសុខ​យាម​នៅ​ភូមិ​គ្រឹះ​អ្នកស្រី ស៊ុយ សុផាន នៅ​ម្ដុំ​​សង្កាត់​ទឹក​ល្អក់​៣ ​ប្រាប់​ ថា ​សព​លោកស្រី ស៊ុយ សុផាន ត្រូវ​​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី នៅ​គេហដ្ឋាន​របស់​កូនចៅ​​អ្នក​ស្រីនៅ​ម្ដុំ​វាលស្បូវ ខណ្ឌ​ច្បារអំពៅ ជាយ​រាជធានី​ភ្នំពេញ។

អ្នកស្រី ស៊ុយ សុផាន កាល​នៅ​រស់​ មាន​ងារ​ជា​ឧកញ៉ា​ គឺជា​ឈ្មួញ​​ដី ដែល​សម្បូរ​រឿង​អាស្រូវ ពាក់ព័ន្ធនឹងជម្លោះ​ដីធ្លីជាមួយ​ពលរដ្ឋ​​ច្រើន​កន្លែង​។ ជម្លោះ​ដីធ្លី​ទាំង​នោះ ភាគច្រើន ក្រុមហ៊ុនរបស់អ្នកស្រី សហការជាមួយអាជ្ញាធរក្រុងភ្នំពេញ បណ្តេញប្រជាពលរដ្ឋរាប់រយគ្រួសារចេញពីលំនៅដ្ឋានទាំងបង្ខំ ​​ក្រោម​ហេតុផលយកដី​អភិវឌ្ឍន៍។ លោកស្រី ធ្លាប់​មាន​រឿង​អាស្រូវ​ដីធ្លី​​យ៉ាង​តិច ៣​​ តំបន់​​ធំៗ​ គឺ​នៅ​បុរី​កីឡា តំបន់​វាលស្បូវ និង​តំបន់​ព្រែក​តាទែន ​ចាប់​ពី​ម្ដុំ​​ព្រែក​ព្នៅ ដល់​ម្ដុំ​ភ្នំ​ឧត្ដុង្គ​ ស្រុកពញ្ញាឮ ខេត្តកណ្តាល៕​​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ពលរដ្ឋ​សហគមន៍​​​បុរី​​កីឡា​​ខ្លះ​​អហោសិកម្ម​ឲ្យ​​​​ម្ចាស់​​ក្រុមហ៊ុន​​​​​​ផានអ៊ីមិច​​តែ​​បន្ត​​ទាមទារ​​ដំណោះស្រាយ​​ដីធ្លី​​"

  1. Anonymous says:

    the wish of those who SUY SOPHAN has been hurt them is coming peacefully but only on the mind of people in GOD believer and the other may wishing the other way because they hurt so bad to their life . I guess in this world nothing else that make any one happy even if they had money to live for hundred life time . all those money just only a punishment from GOD after those who no longer in this world. I’m not that rich but I was so happy in my life by living around people who have peace in their mind.

Leave a Reply

Submit Comment