ដោយ មាន ឫទ្ធិ
2021-03-30
RFA

សកម្មភាពអាជ្ញាធរចាប់ខ្លួនពលរដ្ឋដាក់លើឡាន បន្ទាប់ពីបំបែកការតវ៉ានៅមុខស្ថានទូតចិន ចំថ្ងៃរំលឹកខួបសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ២០២០។ Photo courtesy of CCHR
សកម្មជនបក្សប្រឆាំងខ្លះ កំពុងជួបស្ថានភាពលំបាកធ្ងន់ធ្ងរខ្លាំងក្នុងពន្ធនាគារ ដោយសារការមិនអនុញ្ញាតឲ្យសាច់ញាតិចូលជួប ការមិនអនុញ្ញាតឲ្យផ្ញើឥវ៉ាន់ និងម្ហូបអាហារជាដើម ដែលគួបផ្សំនឹងពួកគាត់មានជំងឺប្រចាំកាយរៀងៗខ្លួនផង។
កូនរបស់សកម្មជនបក្សប្រឆាំងលោកស្រី លឹម សាន គឺលោកស្រី ផាន សាត ឲ្យដឹងថា ចាប់តាំងពីខាងពន្ធនាគារ «ម២» ផ្អាកឲ្យចូលសួរសុខទុក្ខមក លោកស្រី បារម្ភថា ម្ដាយវ័យជិតហុកសិប (៥៧) ឆ្នាំរូបនេះ ធ្លាក់ខ្លួនឈឺ។ លោកស្រីប្រាប់ថា លោកស្រី លឹម សាន មានជំងឺប្រចាំកាយធ្ងន់ធ្ងរ និងច្រើនមុខ ដូចជា គ្រួសតម្រងនោម លើសឈាម ស្ពឹក ឈឺសន្លាក់ និងភ្លេចភ្លាំងខ្លាំងយូរមកហើយ។
គួបផ្សំអាជ្ញាធរមិនឲ្យយកអាហារ និងសម្ភារៈចូលផងនោះលោកស្រី សាត ផាន ក៏បារម្ភពីម្ដាយចាស់ ប្រឈមនឹងជំងឺកាន់តែធ្ងន់ទៅៗ។ លោកស្រីទទូចសុំអាជ្ញាធរពន្ធនាគារអនុញ្ញាតឲ្យអ្នកជាប់ឃុំបានទូរស័ព្ទមកប្រាប់ពីសុខទុក្ខឲ្យគ្រួសារបានដឹង ពីស្ថានភាពរស់នៅ និងការអនុញ្ញាតឲ្យអ្នកជាប់ឃុំបានសម្រាកព្យាបាលត្រឹមត្រូវ នៅមន្ទីរពេទ្យក្រៅពន្ធនាគារ៖ «(ពន្ធនាគារ) គាត់ជួយឲ្យម៉ែខ្ញុំទាក់ទងមកខាងគ្រួសារឲ្យដឹង ពួកខ្ញុំសួរសុខទុក្ខគាត់ ឲ្យគាត់ដឹងសុខទុក្ខគ្រួសារខាងក្រៅ ឲ្យដឹងណា ឲ្យខ្ញុំទាក់ទងមកពួកខ្ញុំខាងក្រៅ។ ឲ្យខ្ញុំទាក់ទងទៅខាងណា អ៊ីចឹង ណា»។

ក្រៅពីលោកស្រី លឹម សាន ហើយនោះ សាច់ញាតិរបស់សកម្មជនបក្សប្រឆាំងផ្សេងទៀត ក៏បារម្ភអំពីអ្នកជាប់ឃុំមួយចំនួនទៀតធ្លាក់ខ្លួនឈឺធ្ងន់ដែរ។ អាជ្ញាធរពន្ធនាគារ បានផ្អាកសាច់ញាតិ មិនឲ្យចូលជួបអ្នកជាប់ឃុំទេ ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ឆ្លងជំងឹកូវីដ១៩ (covid-19) ក្នុងសហគមន៍ ២០ កុម្ភៈមក។
ជុំវិញករណីនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សាវនា ឲ្យដឹងថា ស្ថានភាពអ្នកជាប់ឃុំទាំងអស់ មានភាពធម្មតា ហើយទាំងអាជ្ញាធរ និងអ្នកជាប់ឃុំ បានខិតខំថែរក្សាសុខភាពទាំងអស់គ្នា។ លោកថា ប្រសិនបើអ្នកជាប់ឃុំណាឈឺ គឺអាជ្ញាធរនឹងអន្តរាគមន៍ព្យាបាល ឬបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ តាមស្ថានភាពជាក់ស្ដែង។ លោក នុត សាវនា បន្តទៀតថា ខាងអាជ្ញាធរពន្ធនាគារកំពុងពិចារណានិងសិក្សា ពីលទ្ធភាពដាក់ទូរស័ព្ទដើម្បីឲ្យអ្នកជាប់ឃុំអាចទាក់ទងសួរសុខទុក្ខគ្នាជាមួយក្រុមគ្រួសារដែរ៖ «ដាក់ទូរស័ព្ទនេះ យើងកំពុងតែរិះរកវិធានការយ៉ាងណា ដើម្បីគ្រប់គ្រងប្រព័ន្ធទូរស័ព្ទខាងក្រៅ។ ដោយសារ នៅតាមតំបន់ខ្លះ ឲ្យប្រើអាទូរស័ព្ទខ្សែអត់កើត។ អាទូរស័ព្ទខ្សែវាមានប្រដាប់ស្ដាប់សំឡេង វាមានអ្វី យើងស្រួលគ្រប់គ្រង។ អ៊ីចឹង តំបន់ឆ្ងាយៗ ទាល់តែឲ្យប្រើទូរស័ព្ទដៃ។ ដល់ទូរស័ព្ទដៃ យើងពិបាកគ្រប់គ្រង។ ដល់អ៊ីចឹង យើងកំពុងរកវិធីគ្រប់គ្រង។ ទូរស័ព្ទដៃ វាមិនស្រួលទេ វាឆ្ងាយពីភ្នែក ផុតពីដៃ»។

ទោះជាយ៉ាងណា សង្គមស៊ីវិលជំរុញឲ្យអាជ្ញាធររកយន្តការដោះស្រាយបញ្ហាប្រឈមរបស់អ្នកជាប់ឃុំក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩នេះ។ នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត ឲ្យដឹងថា ខាងពន្ធនាគារក៏មិនអនុញ្ញាតឲ្យសង្គមស៊ីវិលចូលពន្ធនាគារដែរ ចាប់តាំងពីផ្ទុះកូវីដមក។ តែយ៉ាងណា លោកថា អ្នកជាប់ឃុំប្រឈមការលំបាកកាន់តែខ្លាំងក្នុងពន្ធនាគារដែលកំពុងចង្អៀតណែនស្រាប់។
អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ ក៏បារម្ភដូចសាច់ញាតិសកម្មជនបក្សប្រឆាំងដែរ គឺអ្នកជាប់ឃុំនឹងធ្លាក់ខ្លួនឈឺ និងមានវិបត្តិផ្លូវចិត្ត។ លោក អំ សំអាត ជំរុញឲ្យអាជ្ញាធរអនុញ្ញាតឲ្យអ្នកជាប់ឃុំបានទូរស័ព្ទនិយាយលេងជាមួយសាច់ញាតិ និងរកយន្តការផ្សេងទៀត ដើម្បីជួយសម្រួលការលំបាករបស់អ្នកជាប់ឃុំ៖ «អ៊ីចឹង! ជាមធ្យោបាយវាលំបាក ប៉ុន្តែខាងពន្ធនាគារ គួររកមធ្យោបាយណាមួយ ដើម្បីឲ្យមានការទទួលដំណឹងពីខាងគ្រួសាររបស់អ្នកជាប់ឃុំ និងក្រុមគ្រួសាររបស់គាត់។ វាជារឿងមួយល្អមែនទែន ដែលមានការទទួលព័ត៌មានទៅមក»។
ដោយឡែក នៅថ្ងៃទី៣១ ខែមីនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធិ នឹងបើកកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធើណេត ដើម្បីស្នើសុំបន្ធូរបន្ថយ និងដោះលែងអ្នកជាប់ឃុំ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។ ចូលឆ្នាំខ្មែរខាងមុខនេះ ក្រសួងនឹងប្រជុំគ្រោងស្នើសុំលើកលែងទោសឲ្យទណ្ឌិតចំនួន ៧០នាក់ (ស្រី ០៩នាក់) និង ស្នើសុំបន្ធូរបន្ថយទោសអ្នកជាប់ឃុំជិតប្រាំរយ (៤៧២) នាក់ (ស្រី ៥៩) នាក់។
ជាមួយគ្នានេះ សកម្មជនគណបក្សប្រឆាំងមួយចំនួន កំពុងនាំគ្នាធ្វើយុទ្ធនាការទាមទារដោះលែងអ្នកជាប់ឃុំពាក់ព័ន្ធនឹងរឿងនយោបាយ និងសកម្មជនផ្សេងទៀត ដោយអះអាងថា ការចាប់ខ្លួនជារឿងនយោបាយ ហើយពួកគាត់គ្មានកំហុសដូចការចោទប្រកាន់ទេ។
គិតត្រឹមចុងខែមីនានេះ មានសកម្មជនបក្សប្រឆាំង សកម្មជនសង្គម សកម្មជនដីធ្លី សកម្មជនព្រំដែន យុវជន អ្នកចម្រៀងរិះគន់សង្គម ជាដើម សរុបជិតមួយរយនាក់កំពុងជាប់ឃុំតាមពន្ធនាគារនានា ពីបទញុះញង់ បទជេរប្រមាថ និងបទរួមគំនិតក្បត់ជាដើម។ តែអង្គការ សហគមន៍សិទ្ធិមនុស្សជាតិ និងអន្តរជាតិ ថ្កោលទោសរដ្ឋាភិបាលជាបន្តបន្ទាប់ ចំពោះការចាប់ខ្លួនទាំងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ប្រពន្ធរបស់សកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំជាង១ឆ្នាំទាមទារឲ្យដោះលែងប្តី
- មេធាវីលោក កឹម សុខា ថាអ្នកនយោបាយទុច្ចរិតព្យាយាមទម្លាក់ប្រជាប្រិយភាពលោក កឹម សុខា
- សង្គមស៊ីវិលថាការផ្តន្ទាទោសទ្រង់ទ្រាយធំលើសកម្មជនបក្សប្រឆាំងនឹងជំរុញឱ្យអន្តរជាតិបន្ថែមទណ្ឌកម្មលើរដ្ឋាភិបាល
- អាជ្ញាធររបបក្រុងភ្នំពេញតាមដានសកម្មភាពគ្រួសារលោក អេង ឆៃអ៊ាង និងលោក ហូ វ៉ាន់
- តុលាការនឹងបន្តសវនាការសំណុំរឿងលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀតនៅដើមខែក្រោយ
- តុលាការក្រុងភ្នំពេញនឹងបន្តសវនាការលើក្រុមសកម្មជនសង្គម និងបក្សប្រឆាំងនៅដើមខែក្រោយ
- សមាជិកបក្សប្រឆាំង លោក ស៊ូ យាន ជាប់ពន្ធនាគារ ២ដង ដោយសារការតស៊ូមតិផ្នែកនយោបាយ
- តុលាការគ្រោងជម្រះក្តីសកម្មជនមាតាធម្មជាតិ ៣នាក់នៅសប្តាហ៍ក្រោយ
- អ្នកវិភាគថាមន្ត្រីបក្សប្រឆាំងគួររួមគ្នាទាមទារប្រជាធិបតេយ្យឡើងវិញជាជាងចេញទៅបង្កើតបក្សថ្មី
- អាជ្ញាធរពន្ធនាគារបារម្ភពីការឆ្លងជំងឺកូវីដដល់អ្នកជាប់ឃុំក្នុងពន្ធនាគារ