អ្នកជំនាញរបស់អង្គការសហប្រជាជាតិ ស្នើរដ្ឋាភិបាល ពិនិត្យច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ឡើងវិញ

យន់ សាមៀន
2021-04-03
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកជំនាញរបស់អង្គការសហប្រជាជាតិ ស្នើរដ្ឋាភិបាល ពិនិត្យច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ឡើងវិញ

 រូបភាពពីអេភី (AP)


អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ ​ជំរុញឲ្យរដ្ឋាភិបាល​ ពិនិត្យ​និង​កែប្រែ​ច្បាប់​ស្តីពី​ការទប់ស្កាត់​​ជំងឺកូវីដ-១៩ ​ឡើងវិញ ​ដើម្បី​ឲ្យស្របតាម​បទដ្ឋាន​សិទ្ធិមនុស្ស អន្តរជាតិ។ ការជំរុញនេះ ​គឺបន្ទាប់ពី​អ្នកជំនាញ​របស់អង្គការ​សហប្រជាជាតិ ​ពិនិត្យ​ឃើញថា​ ច្បាប់មួយនេះ ​ផ្តល់អំណាច​ច្រើនលើសលប់​ដល់​អាជ្ញាធរ​រដ្ឋាភិបាល​ក្នុងការ​រឹតត្បិតសិទ្ធិសេរីភាព​ ការដាក់ពិន័យ ​និង​ដាក់ទោសធ្ងន់ធ្ងរ​លើប្រជាពលរដ្ឋ​ផ្ទុយពី​គោល​ការណ៍​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ។​

អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ​ចំនួន៣រូប​ បង្ហាញក្តីកង្វល់របស់ខ្លួន​ក្នុង​លិខិត​រួម​គ្នាមួយ​​ដែលផ្ញើ​ជូនរដ្ឋាភិបាល ​លោក ហ៊ុន សែន ​កាលពី​ថ្ងៃទី៣១​ ខែមីនា ពាក់ព័ន្ធ​នឹងច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩ ​និង​ជំងឺឆ្លង​កាចសា​ហាវ ​និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់ធ្ងន់ធ្ងរ​​ផ្សេងៗ​ទៀត។


អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ​ទាំង​៣រូប​លើកឡើងថា​ច្បាប់នេះ​ផ្តល់​អំណាច​ដល់រដ្ឋាភិបាល​ក្នុងការរឹតត្បិត ​ឬហាមឃាត់ការធ្វើដំណើរ​ ការជួបជុំ ​ការ​ប្រតិបត្តិការ​អាជី​វកម្ម​ និង​សកម្មភាពអាជីព​មួយចំនួន​ ក៏ដូចជា​អំណាច​ក្នុងការ​ទប់​ស្កាត់ ​ឬរឹតត្បិត​តំបន់ ​និងទីកន្លែងមួយចំនួន​ផងដែរ។លើសពីនេះ ​ក្រុមអ្នកជំនាញ ​ក៏មានកង្វល់​ពាក់​ព័ន្ធនឹង​ការដាក់ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ ​និងមិនសមាមាត្រ​ចំពោះបុគ្គល​ដែលមិន​គោរព​តាមវិធានការសុខភាព ​វិធានការរដ្ឋបាល​ និងវិធានការផ្សេងទៀត ​ដែលមានចែង​នៅ​ក្នុងច្បាប់នេះ ​។

ក្រុមអ្នកជំនាញសិទ្ធិមនុស្ស​​របស់​អង្គការសហ​ប្រជា​ជាតិក៏​ជំរុញឲ្យ​រដ្ឋា​ភិបាល​ពិនិត្យ​ឡើងវិញ​លើច្បាប់ស្តីពី​ការទប់ស្កាត់ជំងឺកូវីដ-១៩​នេះ​ ដើម្បីធានា​នូវការ​គោរពតាម​បទដ្ឋាន​សិទ្ធិមនុស្សអន្តរជាតិ ​ដែល​ការពារសិទ្ធិ ​និងសេ​រីភាព​របស់​ប្រជា​ជនកម្ពុជា។ ពួកគេ ​​ទុកពេល​ឲ្យរដ្ឋាភិបាល​ ផ្ញើលិខិតឆ្លើយតប​ក្នុងរយៈ​ពេល៦០ថ្ងៃ។ ក្នុងអំឡុង​ពេលរងចាំ​ការឆ្លើយតបនេះ ​ពួកគេ​ ក៏ជំរុញឲ្យរដ្ឋាភិបាល​ ចាត់វិ​ធានការ​ចាំបាច់​បណ្តោះអាសន្ន​ដើម្បីបញ្ឈប់ការ​រំលោភបំពាន​ដែល​ត្រូវបាន​ចោទប្រកាន់​ទាំង​ឡាយ។

អ្នក​ជំនាញ​របស់អង្គការសហប្រជាជាតិទាំង៣រូប ​មានដូចជា៖​អ្នករាយ​ការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​ជួបជុំ​ដោយ​សន្តិវិធី និង​ការ​ចងក្រង​ជា​សមា​គម ​ព្រមទាំង​អ្នករាយ​ការណ៍​ពិសេស​ស្តីពី​ឯករាជ្យភាព​នៃចៅក្រម ​និងមេធាវី។

ការបញ្ចេញប្រតិម្មនេះ ​គឺបន្ទាប់ពី​របបក្រុងភ្នំពេញ ​បានបង្កើត​ច្បាប់​ស្ដី​អំពី​ការ​ទប់​ស្កាត់​ការ​រាលដាល​ជំងឺ​កូវីដ-១៩ ​យ៉ាងប្រញាប់​ដោយគ្មានការ​ពិគ្រោះយោបល់​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ដូចជា​ក្រុមអង្គការសង្គមស៊ីវិល​ជាដើម ​និង​ដាក់ឲ្យ​ប្រើប្រាស់ភ្លាមៗ ​កាលពីថ្ងៃ​ទី១១ ខែមីនា។ ច្បាប់​នេះ​មាន ៦ជំពូក និង ១៨មាត្រា ដើម្បី​ទប់ស្កាត់​ការ​រាល​ដាល​ជំងឺ​កូវីដ១៩ ហាម​ឃាត់​សកម្មភាព​ពលរដ្ឋ​មួយ​ចំនួន និង​ដាក់​ទោស​ទណ្ឌ​ ដល់​អ្នក​ល្មើស​ការ​ធ្វើ​ចត្តា​ឡីស័ក ​និង​បិទ​តំបន់​ណា​មួយ ដែល​មាន​ជំងឺ​កូវីដ១៩ ឆ្លង​រាល​ដាល​ផង​ដែរ។សម្រាប់​ទោស​ទណ្ឌ​វិញ អ្នក​គេចវេះ​មិន​ធ្វើ​ចត្តាឡឺស័ក ត្រូវ​ជាប់​ពន្ធនាគារ​ពី ៦ខែ ដល់ ៣ឆ្នាំ។ ឯ​អ្នក​គេចវេះ​ពី​ការ​ព្យាបាល ឬ​លួច​រត់​ចេញ​ពី​កន្លែង​ព្យាបាល​ជំងឺ​នេះ​ ក៏​ត្រូវ​ជាប់​ពន្ធ​នាគារ​ដែរ ហើយ​បើ​អ្នក​ជំងឺ​នោះ លួច​រត់​បណ្ដាល​ឲ្យ​ឆ្លង​ដល់​អ្នក​ដទៃ នឹង​ត្រូវ​មាន​ទោស​កាន់​តែ​ធ្ងន់ គឺ​អាច​ជាប់​ពន្ធនាគារ​អតិបរមា​រយៈ​ពេល ១០ឆ្នាំ។ អ្នក​មាន​ចេតនា​ចម្លង​ជំងឺ​កូវីដ១៩ ដល់​អ្នក​ដទៃ ត្រូវ​ដាក់​ពន្ធនាគារ​ពី ៥ឆ្នាំ ទៅ​ ១០ឆ្នាំ ហើយ​បើ​ចេតនា​នេះ ធ្វើ​ឡើង​ដោយ​មាន​ការ​រៀបចំ ជា​ក្រុម ឬ​មាន​អង្គការ​ចាត់តាំង អ្នក​នោះ នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី ១០ឆ្នាំ ទៅ ២០ឆ្នាំ។

អាស៊ីសេរី​ មិនអាចទាក់ទង​ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ​លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យក្រសួងយុត្តិធម៌​ លោក ជិន ម៉ាលីន ​ដើម្បីឆ្លើយតបរឿងនេះ ​បានទេ​ដោយ​ទូរស័ព្ទ​ចូល​ពុំ​មានអ្នកទទូល។

ចំណែកអ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក ​កត្តា ​អ៊ន វិញ​ លោក ថ្លែងថា ការបង្កើត​ច្បាប់របស់រដ្ឋាភិបាល​ គឺដើម្បីទប់ស្កាត់​ការ​ឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ​សំដៅ​ការពារអាយុជីវិត​របស់​ប្រជាពលរដ្ឋ។ លោក​ បន្តថា ​វិធានការ ដែលមាន​ចែងនៅក្នុងច្បាប់នេះ​ ក៏មិនធ្ងន់ធ្ងរ​ដូចការ​ចោទប្រកាន់​ដែរ ​ហើយរដ្ឋាភិបាល ​នឹងពិចារណា​ឆ្លើយ​តប​ជាលិខិត​ទៅអ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ​វិញ។

«អ្វីដែលជាវិធានការនៅក្នុងក្របខណ្ឌច្បាប់  វាពុំមានដូចការលើកឡើងថា រំលោភសិទ្ធិមនុស្ស រំលោភបទបញ្ញត្តិនេះ បទបញ្ញត្តិ​នោះ​ទេ។បើយើងយកអត្ថបទច្បាប់ហ្នឹងមកមើល ហើយយកកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ក៏ដូចជាកតិកាសញ្ញាស្តីពីសេដ្ឋកិច្ច សង្គម និង​វប្បធម៌ មកពិនិត្យ វាអត់ឃើញមាត្រាណាដែលបំពានទៅលើច្បាប់អន្តរជាតិ លិខិតតុបករណ៍អន្តរជាតិនោះទេ  ប៉ុន្តែអ្វីដែលជាកតព្វកិច្ចរបស់រដ្ឋាភិបាល តាមការ ចង់បានរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្តីពីការវិវត្តន៍ស្ថានការណ៍សិទ្ធិមនុស្សកម្ពុជា ខ្ញុំគិតថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនឹងពិចារណា កិច្ចការនេះ»។

ទោះជាយ៉ាងណា​ នាយករង​ទទួលបន្ទុក​ផ្នែកឃ្លាំមើល ​និងការពារ​សិទ្ធិមនុស្ស​នៃ​អង្គ​ការ​លីកាដូ លោក​ អំ ​សំអាត​ មានប្រសាសន៍ថា ​ការលើកឡើង​របស់​អ្នកជំនាញ​អង្គ​ការ​សហប្រជាជាតិនេះ ​គឺផ្អែកលើបទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​ដែលកម្ពុជា ​ទទួល​ស្គាល់ ​និង​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ថែមទៀត។ លោក ទទួល​ស្គាល់ថា ​រដ្ឋាភិបាល បង្កើតច្បាប់ដើម្បី​ប្រយោជន៍​សុខភាព​សាធារណៈ​ ប៉ុន្តែ​យ៉ាងណាក៏ដោយ ​លិខិតតុ​បក​រណ៍ ​ឬច្បាប់ទាំងឡាយ​ ត្រូវតែ​ធានា​ដល់​ការគោរសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ផងដែរ។

«ខ្ញុំគិតថា អ្នកជំនាញរបស់អង្គកសហប្រជាជាតិដែលធ្វើការផ្នែកសិទ្ធិមនុស្សនេះ គឺគេមានហេតុផលច្រើនដើម្បីបញ្ជាក់ទៅលើ បញ្ហាមួយចំនួនដែលគេថា វាអាចប៉ះពាល់ទៅដល់សេរីភាពរបស់ប្រជាពលរដ្ឋ  ដូច្នេះនេះគឺជាការលើកឡើងនេះ និងជាការព្រួយបារម្ភទេ តែអ្វីដែលសំខាន់គឺ​រដ្ឋាភិបាលទេ ដែលលោកជាអ្នកពិចារណានោះ»។

មកទល់ពេលនេះ ​បើទោះបីជា​របបក្រុងភ្នំពេញ កំពុង​អនុវត្តច្បាប់នេះ​ក្តី ​ក៏អ្នក​ឃ្លាំ​មើល​ អះអាងថា​ ការទប់ស្កាត់ជំងឺកូវីដ ​នៅតែ​មិន​មាន​ប្រសិទ្ធិភាពឡើយ ​ប៉ុន្តែ​ច្បាប់​នេះ ​កំពុងក្លាយ​ជាឧបករណ៍​ដើម្បី​ដាក់ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​ទៅ​លើអ្នករិះគន់​លើរបប​ក្រុងភ្នំពេញ​ទៅវិញ​។ ថ្មីៗនេះ ​តុលាការក្រុងភ្នំពេញ ​ចោទ​ប្រកាន់ ​និងឃុំខ្លួន​យុវ​ជន​ម្នាក់ឈ្មោះ​ តោ ចន្នី ពីបទ«រារាំង​ដល់​ការអនុវត្ត​វិធានការ»បង្ការជំងឺកូវីដ-១៩ ​តាម​មាត្រា​ ១១ ​នៃច្បាប់​ថ្មីស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ក្រោយ​ពី​បង្ហោះវីដេអូ​តាមបណ្តាញសង្គម​ទិកតុក​ (TikTok) ​របស់​ខ្លួន រិះគន់វ៉ាក់សាំង​ចិន។ យុវជនរូបនេះ ​ប្រឈម​ការពិន័យជា​ប្រាក់​ពី២លានរៀល (ឬ៥០០ ដុល្លារ) ដល់ ១០ លានរៀល (​ឬ២,៥០០ ដុល្លារ) និង​អាច​ជាប់ពន្ធនាគារ​ពី ៦ខែដល់ ៣ឆ្នាំ ​ប្រសិនបើ​តុលាការ​រក​ឃើញថាមានទោស។

អ្នកជំនាញអង្គការសហប្រជាតិជាតិ ​សង្កត់ធ្ងន់ថា ​វិបត្តិជំងឺកូវីដ-១៩ ​មិនគួរប្រើ​ជាលេ​ស​សម្រាប់​គាប់​សង្កត់​សិទ្ធិសេរីភាព​ជាទូទៅ ​ឬសិទ្ធិជួបជុំ​ដោយ​សន្តិវិធីនោះទេ។ ពួកគេ ថា​ការ​រឹតត្បិតសិទ្ធិ​សេរីភាពរបស់ប្រជាពលរដ្ឋ​ ត្រូវតែ​មានសមាមាត្រ​ និងភាព​ចាំបាច់ ​ដើម្បី​ឲ្យ​ស្របតាម​ស្តង់ដារ​សិទ្ធិមនុស្សអន្តរជាតិ។ ម្យ៉ាងវិញទៀត ​ការ​ដាក់​ពិន័យ​ជា​ប្រាក់​ដ៏​ច្រើន​ ​និងដាក់​ទោស​ក្នុងពន្ធនាគារ​រាប់សិប​ឆ្នាំនោះ ​គឺបង្ហាញ​ថា ​ច្បាប់នេះ ​មិនបាន​បំពេញ​តាម​គោលការណ៍​សមាមាត្រ ​និងភាព​ចាំបាច់ឡើយ។ អ្នកជំនាញ​របស់​អង្គ​ការ​សហប្រជាតិ ​យល់ថា ​អ្វីដែល​រដ្ឋាភិបាលកម្ពុជា​ គួរខិតខំ​ប្រឹងប្រែង​ធ្វើនៅពេល​នេះ ​គឺបង្កើន​ការផ្សព្វផ្សាយ​អប់រំឲ្យបាន​ទូលំទូលាយ ​ការផ្តល់​សេវាថែទាំ​សុខភាព​តាម​មូលដ្ឋាន​ និងការផ្តល់​សេវាចំាំបាច់​ជាច្រើន​ទៀត​តាម​យន្ត​ការផ្សេងៗ​ប្រកប​ដោយសមធម៌៕

What Next?

Recent Articles

One Response to "អ្នកជំនាញរបស់អង្គការសហប្រជាជាតិ ស្នើរដ្ឋាភិបាល ពិនិត្យច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ឡើងវិញ"

  1. Anonymous says:

    the law of that high educated animal SAMAKMITH HENG SAMRIN >>DEARMBAY KEIRTHA and KEIRTHA DERMBAY . Cambodia will end soon

Leave a Reply

Submit Comment