អ្នក​ឃ្លាំមើល​​សិទ្ធិ​ការងារ​​​ថា​ ការ​​​​ព្រមាន​​​​បញ្ឈប់​​កម្មករ​​ដោយ​សារ​​មិន​​ព្រម​​ចាក់​វ៉ាក់សាំង ​គឺ​ខុស​​​នឹង​​គោលការណ៍​​​ស្ម័គ្រ​​ចិត្ត​​​​​​​

ដោយ មួង ណារ៉េត
2021-04-05
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​ឃ្លាំមើល​​សិទ្ធិ​ការងារ​​​ថា​ ការ​​​​ព្រមាន​​​​បញ្ឈប់​​កម្មករ​​ដោយ​សារ​​មិន​​ព្រម​​ចាក់​វ៉ាក់សាំង ​គឺ​ខុស​​​នឹង​​គោលការណ៍​​​ស្ម័គ្រ​​ចិត្ត​​​​​​​

អ្នក​ឃ្លាំមើល​​សិទ្ធិ​ការងារ​​​ថា​ ការ​​​​ព្រមាន​​​​បញ្ឈប់​​កម្មករ​​ដោយ​សារ​​មិន​​ព្រម​​ចាក់​វ៉ាក់សាំង​ គឺ​ខុស​​​នឹង​​គោលការណ៍​​ស្ម័គ្រ​ចិត្ត​​​​​​។ រូប៖ ហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ។


សារ​គំរាម​​បញ្ឈប់​​កម្មករ​​នេះ​ធ្វើ​ឡើង​​​ជា​ថ្មី​ដោយ​​តំណាង​​របស់​​​ក្រសួង​​ការងារ​គឺលោក ហេង សួរ​។ លោក ហេង សួរ​ បាន​​បង្ហោះ​សារ​​ក្នុង​​បណ្ដាញ​​សង្គម​ (Telegram)​ ថា​ ចាប់​​ពី​​ខែ​សីហា​​ខាង​មុខ​​ទៅ​​រោងចក្រ​​ណា​​ដែល​​បរាជ័យ​​ក្នុង​ការ​​ចុះ​ឈ្មោះ​​កម្មករ​​ឱ្យ​​ចាក់​​វ៉ាក់សាំង​​បាន​​តិច​ជាង​ ​៧០​ ភាគរយ នឹង​​រង​​ពិន័យ​​ពី​ក្រុម​​អធិការ​កិច្ច​​របស់​​ក្រសួង​​។​ អ្នក​​នាំ​​ពាក្យ​​​ក្រសួង​​ការងារ​រូប​នេះ ​ក៏​​បាន​​បើក​ដៃ​ឲ្យ​​ថៅកែ​​រោងចក្រ​អាច​​បញ្ឈប់​​កម្មករ​​បាន​ក្រោម​​ហេតុផល​​​​មិន​​បាន​​ចាក់​​វ៉ាក់សាំង។​ ជាមួយ​គ្នា​​នេះ ​លោក​បញ្ជាក់​​​​ថា​ ខាង​​ពេទ្យ​​ការងារ​ក៏​​នឹង​​មិន​ពិនិត្យ​ ឬ​​មិន​​ចេញ​​វិញ្ញាបនបត្រ​​​ឲ្យ​​កម្មករ​​សម្រាប់​​​​ចូល​ធ្វើការ​ងារ​​ដែរ​ បើ​​កម្មករ​​រូប​នោះ​គ្មាន​​កាត​​ចាក់​​វ៉ាក់សាំង​​។​

ក្រៅ​តែ​​ពី​សារ​គំរាម​មួយ​​​នេះ ​លោក ហេង សួរ​ ក៏​បាន​​បង្ហោះ​សារ​​តាម​ហ្វេសប៊ុក ​(face​book) លើក​ទឹក​​ចិត្ត​​ឲ្យ​​កម្មករ​​ចេះ​​រាយការណ៍​ពី​គ្នា​ ​ឬ​​អាច​​​ថត​​រូប​ទុក​​ហើយ​​ប្រាប់​​ទៅ​​នគរបាល​ក្នុង​ករណី​មាន​កម្មករ ឬ​មាន​នរណា​ម្នាក់គំរាម​កំហែង ញុះញង់ ឬ​បំផុស​​កម្មករ​ កុំ​ឱ្យ​ចាក់​វ៉ាក់សាំង។ លោកអះអាង​ថា ការ​ធ្វើ​បែប​នេះ កម្មករ​នឹង​​បាន​បុណ្យ​ច្រើន និង​អាច​រួច​ផុត​ពី​គ្រោះថ្នាក់​នៃ​ជំងឺ​កូវីដ​១៩ បាន​មួយ​គ្រួសារ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​​លោក ហេង សួរ បាន​ទេ នៅ​ថ្ងៃ​ទី​០៥ ខែមេសា​ ជុំវិញ​សារ​គំរាម​កំហែង​ទាំង​នេះ។ អ្នក​គ្រប់​គ្រង​កម្ម​វិធី​​សិទ្ធិការ​ងារ​​នៃ​​មជ្ឈ​មណ្ឌល​​សម្ព័ន្ធ​ភាព​​ការងារ​ និង​​សិទ្ធិ​មនុស្ស​ហៅ​កាត់​អង្គការ​សង់ត្រាល់ (CENTRAL) ​លោក ឃុន ថារ៉ូ ថា ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ គួរតែ​​បង្កើន​​ការ​​ផ្សព្វផ្សាយ​អប់រំ​​ដល់​​កម្មករ​កម្មការិនីឲ្យ​យល់ដឹង​​អំពី​គុណភាព​​និង​​ប្រសិទ្ធ​ភាព​​នៃ​​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​នេះ​ជា​មុន​សិន​។ លោកយល់ថា ការ​គំរាម​បញ្ឈប់​កម្មករ ក្រោម​ហេតុផល​មិន​បាន​​ចាក់​វ៉ាក់សាំង គឺ​ខុស​នឹង​គោលការណ៍​របស់​ក្រសួង​សុខាភិបាល។

លោក ឃុន ថារ៉ូ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទិញ​វ៉ាក់សាំង​ដែល​មាន​ការ​ទទួលស្គាល់​​គុណ​ភាព​​ពី​​អង្គការ​​​សុខភាព​ពិភព​លោក​​ជាជាង​​ការ​​ប្រើ​យុទ្ធសាស្ត្រ​គំរាម​កំហែងឲ្យ​ចាក់​​វ៉ាក់សាំង ដែល​គ្មាន​ការ​​ទទួល​ស្គាល់​គុណភាព​ត្រឹមត្រូវ។ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះ ក៏​ទាម​ទារ​ឲ្យ​មន្ត្រី​រដ្ឋាភិបាលបញ្ឈប់​ការ​ប្រើ​ប្រាស់​សារ ឬ​ការ​​គំរាម​កំហែង​បង្ខំ​ឲ្យ​កម្មករ​ចាក់​វ៉ាក់សាំង ដែល​ខុស​​​ពី​គោលការណ៍​ស្ម័គ្រ​ចិត្ត៖ «វា​អត់​មាន​ជា​ស្មារតី​នៃ​ច្បាប់​ដែល​និយាយ​នៅ​ក្នុង​លក្ខខណ្ឌ​ហ្នឹង​ទេ។ ក្នុង​ច្បាប់​ស្ដីពី​ការងារ​ក៏​ដូច​គ្នា។ អ៊ីចឹង​ណា វា​អត់​មាន​​ហេតុផល​ណា​មួយ​សមរម្យ​ទៅ​បង្ខំ​ឬ​ក៏​ទៅ​គំរាម​កំហែង​ទេ។ ​ក្នុង​ករណី​ការ​បង្ហាញ​​សារ​បែប​ហ្នឹង ហើយ​ក្នុង​នាម​ជា​ក្រសួង​សាមី ដែល​អនុវត្ត​ច្បាប់ខ្ញុំ​គិត​ថា អា​ហ្នឹងរឹត​តែ​លើក​ទឹក​ចិត្ត​ឲ្យ​និយោជក​ហ្នឹង យក​ហេតុផល​មិន​ចាក់​វ៉ាក់សាំង​ហ្នឹងមក​បញ្ឈប់​និយោជិត​បាន​ហើយ​អា​ហ្នឹងជា​រឿង​មិន​ត្រឹមត្រូវ​ទេ។ ជា​រឿង​ផ្ទុយ​ពី​ច្បាប់​ហើយ​»។

Heng_Sour.jpg
លោក ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលព្រមានកម្មករនិងម្ចាស់រោងចក្រដែលមិនព្រមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ចិន។

សារ​ព្រមាន​​ម្ចាស់​រោងចក្រ និង​កម្មករឲ្យ​ទៅ​ចាក់​វ៉ាក់សាំង​នេះ ធ្វើ​ឡើង​ក្រោយ​ពេលលោក​នាយក​រដ្ឋ​មន្ត្រី​ប្រកាស​​ពី​គម្រោង​ចាក់​វ៉ាក់សាំង​​ឲ្យ​បាន​​មួយ​លានដូស ​(១.០០០.​០០០​​)​ ក្នុង​មួយ​ខែ។​​ វ៉ាក់សាំងដែល​​​រដ្ឋាភិបាល​ចាក់​ឲ្យ​​មន្ត្រី​រាជការ​កម្មករនិង​ពលរដ្ឋ​​ទូទៅ​នោះភាគច្រើន​លើស​​លុប គឺ​ជា​​វ៉ាក់សាំង​​របស់​​​​ចិន (Sinopharm & Sinovac) ដែល​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​គុណភាព។ ឯ​វ៉ាក់សាំង ​​(Astra Zeneca) របស់អង់គ្លេសដែល​មាន​ការ​ទទួល​ស្គាល់​គុណ​ភាព​ត្រឹមត្រូវជា​ជំនួយមនុស្ស​ធម៌ (COVAX) សម្រាប់​​កម្ពុជា​នោះ ភាគច្រើន​ត្រូវ​បាន​ចាត់ចែង​សម្រាប់​​​ចាក់​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​​នៃ​របប​ក្រុង​ភ្នំពេញ​និង​ក្រុម​គ្រួសារ​​របស់​ពួកគេ​។

បើ​ទោះ​ជា​រដ្ឋាភិបាលកំពុង​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​យ៉ាង​ទូលាយនៅ​កម្ពុជាបែប​ណា​ក៏​ដោយ​ក៏​ពលរដ្ឋនិង​កម្មករ​ខ្លះ​មិន​ទាន់​យល់​​​ដឹង​​​ពី​គុណភាព​​វ៉ាក់សាំង​នៅ​ឡើយ​ទេ។​​ កម្មករ​រោងចក្រ​ញ៉ូ អូរៀន (New Orient) នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​កាណា​ឌីយ៉ា រាជ​ធានី​ភ្នំពេញ លោក ប៊ុន វ៉ាន ​​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់សាំងនៅ​សប្ដាហ៍​ក្រោយ ក្នុង​​រោង​ចក្រ​របស់​លោក​កំពុង​ធ្វើការ​។ កម្មករ​រូប​នេះនិយាយ​ថា ទាំង​លោកនិង​កម្មករ​ខ្លះ​ទៀត​មិន​​បាន​ដឹង​​ពី​គុណភាព ​​ឬ ​ប្រភេទ​វ៉ាក់សាំង​អ្វី​ទេ គឺពួក​លោកនាំ​គ្នា​ចាក់​តាម​​គ្នា​​៖ «វា​មិន​ដឹង​ (គុណភាព)​​ដែរ ហើយ​ខ្ញុំ​ក៏​មិន​ហ៊ាន​និយាយ​អ្វី​ផ្ដេសផ្ដាស​ដែរ។ អ៊ីចឹង​ណា តែ​អា​នេះជា​គំនិត​ដែល​ខ្ញុំ​ស្វែង​យល់​។ អ្វី​ដែល​ខ្ញុំ​យល់ មិន​ដឹង​ថា ចាក់​ទៅ​វា​ល្អ ឬ​មិន​ល្អ។ ខ្ញុំ​អត់​ដឹង​ដែរ ព្រោះ​អ្វី​ដូច​ដែល​ខ្ញុំ​និយាយ​ពី​ខាង​ដើម​ហ្នឹង គឺ​ខ្ញុំ​អត់​មាន​ពី​បច្ចេកទេស​ក្នុង​ការ​ស្រាវជ្រាវ​​ដឹង​ថា វ៉ាក់សាំង​ហ្នឹង​ល្អ សម្រាប់​ខ្លួន​ខ្ញុំ ឬ​សម្រាប់​អ្នក​ដទៃ​ទេ។ តែ​គ្រាន់​ថា​ ខ្ញុំ​ជឿជាក់​លើ​រាជ​រដ្ឋាភិបាល​ដែរ ថាវ៉ាក់សាំង​ហ្នឹងយក​មក​វា​ការពារ​ដល់​ពលរដ្ឋ​ខ្មែរ និង​កម្មករ​ទាំង​អស់​ហ្នឹង​។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​គិត»

signal-2021-02-10-104647_001.jpeg
វ៉ាក់សាំងចិនឈ្មោះ ស៊ីណូហ្វាម ដែលគ្រោងនឹងចាក់ជូនកម្មករ កម្មការិនីខ្មែរដើម្បីបង្ការជំងឺកូវីដ១៩។

ជុំវិញ​គម្រោង​ចាក់​វ៉ាក់សាំង​ឲ្យ​កម្មករ​តាម​រោងចក្រ​នេះ​ដែរ អាស៊ី​សេរីមិន​អាច​សុំ​ការ​បញ្ជាក់​ពី​អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជាលោក ខេន លូ បាន​ទេ នៅ​ថ្ងៃ​ដដែលនេះ។ តែ​លោកធ្លាប់​ប្រាប់​អាស៊ី​សេរីថា លោកចង់​ឲ្យ​កម្មករ​​ស្ម័គ្រចិត្ត​ទៅ​ចាក់​​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ​ឲ្យ​បាន​ច្រើន​​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ទ្រង់​ទ្រាយ​​​ធំ​ក្នុង​រោងចក្រ​និង​ជា​ផលប្រយោជន៍​ផ្ទាល់​​ខ្លួនរបស់​កម្មករ​និង​ក្រុម​គ្រួសារ​​​ពួកគេ​។

ក្រសួង​ការងារ  បាន​​ហ្វឹកហាត់​​​​គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ​និង​វេជ្ជបណ្ឌិត​ផ្នែក​ពេទ្យ​ការងារ សរុប​​ជាង​ប្រាំ​រយ ​(៥៣០)​ នាក់​​ សម្រាប់​ត្រៀម​ចាក់​វ៉ាក់សាំង​ជូន​​កម្មករ​និយោជិត​នៅ​តាម​រោងចក្រ។ ក្រសួង​នេះបាន​កំណត់យកថ្ងៃ​ទី​០១ ខែមេសា​ ជា​ថ្ងៃចាប់​ផ្ដើម​ចាក់វ៉ាក់សាំង ​​​(​Sinovac) ឲ្យ​មន្ត្រី​រាជការ​ក្នុង​ក្រសួង។​ ក្រសួង​ការងារ​មាន​គម្រោង​​​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់ ​(Sinovac)​ ឲ្យ​ក្រុមអាទិភាពក្នុង​វិស័យ​ការងារមាន​ទាំង​កម្មករ​​​ផង​ឲ្យ​បាន​ប្រមាណ​​ជាង​ប្រាំពីរ​សែន (៧៤ម៉ឺន) នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment