ក្រុម​សង្គម​ស៊ីវិល​ស្នើ​ធនាគារ​ផ្អាក​យក​ការ​ប្រាក់​​និង​ប្រាក់​ដើម​​ពី​អតិថិជន​មួយ​រយៈ​ខ្លី​​ ដើម្បី​ទប់​ស្កាត់​​កូវីដ-១៩

កូវីដ-១៩ | ព័ត៌មានជាតិ | សេដ្ឋកិច្ច
លោក ណាត សុភាព and លោក ពក ខឺយ | ០៦ មេសា ២០២១ |ម៉ោង ១៦:២៧
VOD

ពលរដ្ឋធ្វើចរាចរណ៍តាមដងផ្លូវមួយកន្លែង ទល់មុខនឹងធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួន ស្ថិតក្នុងក្រុងភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ពលរដ្ឋធ្វើចរាចរណ៍តាមដងផ្លូវមួយកន្លែង ទល់មុខនឹងធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួន ស្ថិតក្នុងក្រុងភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)


ក្រុមអង្គការសង្គមស៊ីវិល​ សហជីព និងសហគមន៍ជាង១០០ ស្នើទៅរដ្ឋាភិបាលជួយអន្តរាគមន៍ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់ ផ្អាកការ​បង់សង​ប្រាក់កម្ចី​និងការប្រាក់បង្គរ​ទាំងអស់​ក្នុង​រយៈពេល​យ៉ាងតិច៣ខែ​ ដើម្បី​ឱ្យ​​អ្នកខ្ចីប្រាក់មានឱកាស​​ស្នាក់នៅផ្ទះនិងរក្សា​សុវត្ថិភាព ដែលជាការរួមចំណែកក្នុងការ​​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ការស្នើនេះបានធ្វើឡើងនៅក្នុង សេចក្តីថ្លែងការណ៍រួមមួយ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ របស់​​អង្គការ សមាគម សហជីព និងសហគមន៍ ចំនួន​១០៣ រួមមាន អង្គការការពារសិទ្ធិមនុស្សលីកាដូ ក្រុមការងារដើម្បីដោះស្រាយទំនាស់ សម្ព័ន្ធសហជីពកម្ពុជា សហជីពនិយោជិតទេសចរណ៍អាស៊ាន អង្គការអភិវឌ្ឍន៍សំឡេងសហគមន៍ មជ្ឈ​មណ្ឌល​សិទ្ធិមនុស្សកម្ពុជា និងសហគមន៍ដីធ្លី ជាដើម។

សេចក្តីថ្លែងការណ៍រួមនោះបានលើកឡើង​ថា វិស័យកាត់ដេរ​ ទេសចរណ៍ ​សេវាកម្សាន្ត និងសំណង់​ កំពុង​​រងគ្រោះ​ជាខ្លាំង​ពីការរីករាលដាល​នៃជំងឺនេះ ហើយ​​​វិស័យទាំងនេះ​ផ្ដល់ការងារ​ដល់ស្រ្តី​រាប់សែននាក់​ ខណៈដែល​អត្រា​នៃអ្នកខ្ចី​កម្ចីខ្នាតតូច​ គឺមានស្រ្តី​ចំនួន ៧៥%​ ប៉ះពាល់យ៉ាងខ្លាំង។​ ក្រៅពីនេះ​ កសិករ​ ពលករ​ចំណាកស្រុក​ សហគមន៍​ក្រីក្រ ​អ្នកប្រកប​របរ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ អ្នកធ្វើជំនួញ​ អាជីវករ​ និងអ្នកលក់​ដូរតាមដងផ្លូវ​ ក៏ប្រឈម​នឹងការធ្លាក់ចុះ​ខ្លាំង​នៃប្រាក់ចំណូល​ផងដែរ។​

ក្រុមអង្គការ និងសមាគមជាង១០០នោះ បន្តថា​ បើរដ្ឋាភិបាលមិនជួយអន្តរាគមន៍ឱ្យមីក្រូហរិញ្ញវត្ថុ និងធនាគារផ្អាកការបង់ប្រាក់ដើមនិងការប្រាក់យ៉ាងតិច៣ខែដល់អ្នកខ្ចីប្រាក់ទេ ពួកគេនៅតែរងការភ័យ​ខ្លាច​ក្នុងការបាត់បង់​ដីធ្លីឬផ្ទះសម្បែង​ ដោយសារ​ពួកគេ​គ្មានលទ្ធភាព​សងទៅធនាគារ អំឡុងពេលជួបវិបត្តិកូវីដនេះ ហើយសេដ្ឋកិច្ចក៏ធ្លាក់ចុះទៀតផង។

សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា៖ «យើងខ្ញុំសូមស្នើជាថ្មីម្តងទៀត […] សូម​ឱ្យផ្អាកការបង់សងកម្ចីទាំងអស់ រួមទាំងប្រាក់ដើម និងការប្រាក់ ក៏ដូចជាការប្រាក់បង្គរ [ការប្រាក់ដែលត្រូវបានកត់ត្រាទុកនិងត្រូវទូរទាត់នៅពេលក្រោយ​] សម្រាប់រយៈពេលយ៉ាងតិច៣ខែ […] ការផ្អាកការបង់ប្រាក់សងប្រាក់រយៈពេល៣ខែ ជាមួយលក្ខខណ្ឌដែលអាចបន្តការផ្អាកនេះបន្តទៀត នឹងជួយអ្នកខ្ចីប្រាក់ឱ្យ​ស្នាក់នៅផ្ទះ រក្សាសុវត្ថិភាព និងពង្រឹង​ស្ថានភាពទូទៅនៅក្នុងប្រទេសវិញ»។

សេចក្តីថ្លែងការណ៍បានស្នើបន្ថែមថា៖ «យើងខ្ញុំស្នើយ៉ាងទទូចឱ្យ​រដ្ឋាភិបាលជួយប្រជាពលរដ្ឋ​រាប់លាននាក់ ដោយ​ដាក់​ចេញវិធានការ​ណែនាំឱ្យ​វិស័យមីក្រូហិរញ្ញវត្ថុដែលរកប្រាក់ចំណេញ ដើម្បីជួយទទួលបន្ទុកសេដ្ឋកិច្ចខ្លះរបស់អ្នកខ្ចីប្រាក់ »។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍បន្ថែមថា បើរដ្ឋាភិបាល និងមីក្រូហិរញ្ញវត្ថុ និងធនាគារ មិនផ្អាកការបង់ប្រាក់ដើមនិងការប្រាក់តាមការស្នើសុំនេះទេ នឹងធ្វើឱ្យ​ពលរដ្ឋ​ជួបហានិភ័យកាន់តែខ្លាំងអំឡុងពេលឆ្លងរាលដាលកូវីដ-១៩ ក្នុងសហគមន៍ ដោយ​​​សារពួកគេរកចំណូលមិន​​បានដូចមុន។

លោកមានប្រសាសន៍ថា៖ «បើសិនជាការបង់នៅតែបន្ត ប្រហែលជាគាត់ [ប្រជាពលរដ្ឋ] មិនអាចនៅផ្ទះបានទេ គាត់​ត្រូវតែចេញទៅប្រកបមុខរបរផ្សេងៗ ដើម្បីឱ្យមានចំណូលក្នុងការបង់ត្រឡប់ទៅមីក្រូហិរញ្ញវត្ថុ។ ចំណុចនេះហើយ ដែលធ្វើឱ្យយើងគិតថា វាអាចមានហានិភ័យដែរ»។

អ្នកស្រី សេង នី រស់នៅរាជធានីភ្នំពេញ និយាយថា គាត់ជាប់បំណុលធនាគារ និងត្រូវបង់រម្លស់ទាំងដើមនិងការប្រាក់ក្នុងមួយខែចំនួន៣០០ដុល្លារ។ អ្នកស្រីថា អំឡុងពេលឆ្លងរាលដាលជំងឺកូវីដ-១៩ ​រហូតមកដល់ពេលបច្ចុប្បន្ននេះ ធ្វើឱ្យគាត់និងគ្រួសាររកប្រាក់ខ្វះព្រឹកខ្វះល្ងាច ពោលមិនមានលទ្ធភាពបង់ធនាគារនោះទេ។

ករណីនេះ អ្នកស្រីស្នើទៅរដ្ឋាភិបាលនិងធនាគារផ្អាកកុំឱ្យគាត់បង់ប្រាក់ដើមនិងការប្រាក់ចំនួន២ទៅ៣ខែ ដើម្បីកុំឱ្យពួកគាត់ជួបបញ្ហាប្រឈមខ្លាំងក្នុងអំឡុងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ។

អ្នកស្រីអំពាវនាវដូច្នេះថា៖ «បារម្ភដូចថាលក់ដូរមិនសូវបាន ណាមួយយើងខ្លាចជំងឺហ្នឹងវាឆ្លងមកដល់ពួកយើងច្រើន ហើយណាមួយបើយើងរកមិនបាន លុយជំពាក់ធនាគារ ខ្លាចធនាគារគេមករឹបអូស [ដី ផ្ទះ] យើង។ ហើយសំណូមពរឱ្យសម្តេច [ហ៊ុន សែន] ជួយកូនចៅទៅ រឿងជំងឺ [កូវីដ] យើងមើលអត់ឃើញដែរ ហើយឥលូវសំណូមពរឱ្យធនាគារអនុគ្រោះ ពន្យារពេលឱ្យយើង»។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន សុំមិនធ្វើការបកស្រាយជុំវិញករណីនេះ​ ដោយលោកបង្វែរសំណួរឱ្យទៅសួរធនាគារជាតិនៃកម្ពុជាវិញ។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យ​នៃ​ធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី បានទេនៅថ្ងៃនេះ។

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋម​ន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា នៅអំឡុងពេលកូវីដ-១៩ រដ្ឋាភិបាលមិនមានសិទ្ធិឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់កុំយកប្រាក់ដើមនិងការ​ប្រាក់ពីកូនបំណុល តាម​ការស្នើសុំ​របស់​ក្រុម​អង្គការនិងសមាគមដែលស្នើសុំនោះទេ ដោយសារកម្ពុជាជាប្រទេសប្រកាន់យកទីផ្សារសេរី។

ទោះជាបែបនេះក្តី លោក ផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាលបានត្រឹមតែស្នើទៅគ្រឹះស្ថានមីក្រូហរិញវត្ថុ ជួយសម្រួលបន្ធូរបន្ថយការបង់ប្រាក់ដើមនិងការប្រាក់តាមលទ្ធភាពជាក់ស្តែងជាមួយកូនបំណុលរបស់ខ្លួន ដើម្បីជាផ្នែកមួយជួយ​ដល់ពួកគាត់​ដែលកំពុងជួបនឹងវិបត្តិកូវីដ-១៩។

លោកមានប្រសាសន៍ថា៖ «ធនាគារនិងមីក្រូហិរញ្ញវត្ថុ និយាយថា សុំឱ្យកូនបំណុលមេត្តាទាក់ទងទៅម្ចាស់បំណុលរៀបចំកម្មវិធីក្នុងការដោះស្រាយ បើសុំឱ្យគេផ្អាក [មិនបង់ដើម និងការទាំងអស់] ទាល់តែស្រុកយើងកែទៅជាកុម្មុយ​នីស្តទៅវិញ។ រាជរដ្ឋាភិបាលមានតែគំនិតមួយ គឺថាសុំឱ្យមានការសម្របសម្រួលដោយមានភាពទន់ភ្លន់ ហើយឯកឧត្តមទេសាភិបាលនៃធនាគារកណ្តាល លោកបានចុះទៅធ្វើកិច្ចការជាមួយសមាគមនៃធនាគារ ក៏ដូចជាសមាគម​នៃមីក្រូហិរញ្ញវត្ថុរួចជាស្រេចទៅហើយ ដូច្នេះការលើកឡើងនេះដូចជាឥតន័យ»។

ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី មានប្រសាសន៍ថា មីក្រូហិរញ្ញវត្ថុ និងធនាគារ តែងតែយកចិត្តទុកដាក់និងធ្វើតាមការណែនាំរបស់រដ្ឋាភិបាល រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្នុងការសម្រួលការបន្ធូរបន្ថយនិងពន្យារពេលបង់រម្លស់ប្រាក់ដើមនិងការប្រាក់ រួមទាំងមិនឱ្យបង់ទាំងដើមនិងការប្រាក់ រយៈពេល៣ទៅ៦ខែ ឬរៀបចំកម្ចីឡើងវិញ តាមទិដ្ឋភាពជាក់ស្តែងជូនប្រជាពលរដ្ឋ​សរុបប្រហែលជា៣០០ ០០០នាក់ ក្នុងចំណោមអ្នកខ្ចីសរុប្រហែល២ ០០០ ០០០​នាក់ ។

លោកបន្តថា ការអនុគ្រោះនេះមិនអាចអនុគ្រោះទាំងអស់គ្នាបាននោះទេ ព្រោះអាចនាំឱ្យប៉ះពាល់ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិ ជាដើម។

លោកមានប្រសាសន៍ថា៖ «យើងមិនអាចឱ្យអតិថិជន២លាននាក់ឈប់បង់សងទាំងការទាំងដើមក្នុងវិស័យហ្នឹងបានទេ វិធីហ្នឹងដូចសម្លាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ បើមីក្រូហិរញ្ញវត្ថុរង្គោះរង្គើហើយ សេដ្ឋកិច្ចប្រាកដជាមានបញ្ហាហើយ»។

លោក តុងងី បញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានអតិថិជនសរុបប្រមាណ២លាននាក់ ដែលខ្ចីប្រាក់សរុបប្រមាណ៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។ លោកបន្តថា ក្នុងចំណោមអតិថិជនប្រមាណ២លាននាក់នោះ គឺមានអតិថិជនប្រមាណ៣០ម៉ឺននាក់ស្នើសុំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជួយរៀបចំឥណទានឡើងវិញ ដោយមានទំហំទឹកប្រាក់ជាង១ ៤០០លានដុល្លារសហរដ្ឋអាមេរិក៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment