មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​បញ្ចូល​សកម្មជន​នយោបាយ និង​បរិស្ថាន ​ក្នុង​បញ្ជី​​លើកលែង​និង​បន្ធូរ​បន្ថយទោស

ដោយ សេក បណ្ឌិត
2021-04-05
RFA

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​បញ្ចូល​សកម្មជន​នយោបាយ និង​បរិស្ថាន ​ក្នុង​បញ្ជី​​លើកលែង​និង​បន្ធូរ​បន្ថយទោស

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធិ។ រូប​​ក្រសួង​យុត្តិធម៌


មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ក្រសួង​យុត្តិធម៌ បញ្ជូល​ឈ្មោះ​អ្នក​ជាប់ឃុំ​ជា​សកម្មជន​នយោបាយ បរិស្ថាន និង​អ្នកទោស​មនសិការ​ផ្សេងទៀត​ក្នុង​បញ្ជី​ឈ្មោះ​ដែល​ត្រូវ​ការលើកលែង និង​បន្ធូរ​បន្ថយទោស​។ មន្ត្រី​សង្គម​ស៊ីវិល លើកឡើង​បែបនេះ ខណៈ​ក្រ​សូង​យុត្តិធម៌​កំពុង​ជាតិ​ពិនិត្យ​និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយទោស​និង​លើកលែងទោស​ជាង​៥០០​នាក់​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាងមុខ។

អ្នកធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​លើកឡើង​ថា ការ​លើកលែង​និង​បន្ធូរ​បន្ថយទោស​ទណ្ឌិត នៅតែ​មាន​ភាព​មិន​ប្រក្រតី។

ពួកគេ​ចង់​ឃើញ​ការអនុវត្ត​នេះ​ធ្វើឡើង​ដោយ​ត្រឹមត្រូវ​និង​គួរ​ផ្ដល់​យុត្តិធម៌ ឬ​សេរីភាព​ដល់​អ្នក​ជាប់ឃុំ ព្រោះ​វិបត្តិ​នយោបាយ និង​អ្នក​ធ្វើ​ការងារ​សង្គម។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា នៅ​ពេល​ប្រទេស​បន្ត​ជួប​វិបត្តិ​នយោបាយ​និង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​ផង​នោះ លោក​ឃើញ​ការ​ចាប់ខ្លួន និង​ឃុំខ្លួន​សកម្មជន​នយោបាយ បរិស្ថាន និង​សកម្មជន​ដីធ្លី​ជា​បន្តបន្ទាប់​រាប់​សិន​នាក់​។ លោក​យល់ថា ការ​មាន​វិធានការ​លើ​អ្នក​ទាំងនោះ​មិនមែន​ជា​អនុវត្ត​ច្បាប់​ទេ ប៉ុន្តែ​ជា​ការ​ធ្លាក់ចុះ​នៃ​ស្ថានការណ៍​នយោបាយ ដូច្នេះ​លោក​ថា រដ្ឋាភិបាល​គួរ​យក​ឱកាស​នេះ​ផ្ដល់​សេរីភាព​ដល់​អ្នក​ទាំងនោះ​វិញ៖ «យើង​មើលទៅ​អ្នក​ទាំងអស់​នោះ​ខាង​សង្គម​ស៊ីវិល​យើង​ចាត់ទុកថា មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​ទេ​គឺ​គ្រាន់តែ​ជា​ការ​ធ្លាក់ចុះ​នៃ​ស្ថានភាព​នយោបាយ​ហើយ​ពួកគេ​ទទួលរង​ការចោទប្រកាន់​តាម​សាច់រឿង​ទាំងអស់​គឺ​ទាក់ទង​តែ​រឿង​នយោបាយ​តែ​ប៉ុណ្ណឹង​អ៊ីចឹង​ជា​ផ្នែក​យើង​ចង់ឱ្យ​មាន​ការពិចារណា​ការ​បន្ធូរបន្ថយ​លើកលែងទោស​ទៅលើ​ពួកគាត់​ផង​ដែរ»។

តាមច្បាប់​ទណ្ឌិត​ដែល​អនុវត្ត​ទោស​បាន​២​ភាគ​៣​នៃ​ទោស​សរុប​អាច​ទទួល​បាន​ការ​លើក​លែង​ទោស ខណៈ​ទណ្ឌិត​អនុវត្ត​ទោស​បាន ១​ភាគ​៣ នៃ​ទោស​សរុប​អាច​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស​ប្រសិនបើ​គេ​រក​ឃើញ​ថា ទណ្ឌិត​ទាំង​នោះ​បាន​កែខ្លួន​ពេល​នៅ​ក្នុង​ពន្ធនាគារ។

ទោះ​ច្បាប់​ចែង​ដូច្នេះ​ក្តី ប៉ុន្តែ​មន្ត្រី​សិទ្ធិ​មនុស្សលោក ស៊ឹង សែនករុណា កត់សម្គាល់​ឃើញថា កាល​ពី​ចុងឆ្នាំ​២០១៩ មានការ​ដោះលែង​អ្នក​ជាប់ឃុំ​ដែល​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​ក្រោយ​ពេល​មាន​សំណើ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

គិត​ត្រឹម​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ដល់ ថ្ងៃទី​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២១ អ្នក​ធ្វើ​ការងារ​សង្គម ព្រំដែន បរិស្ថាន សកម្មជន​បក្ស​ប្រឆាំង និង​សកម្មជន​ដីធ្លី​ជាដើម​ត្រូវ​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់​ឃុំ​ខ្លួន​ចំនួន ៧៣​នាក់។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​នៃ​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត យល់​ថា ការ​បន្ធូរបន្ថយ​ទោស​ជា​រឿង​ល្អ ខណៈ​ពន្ធនាគារ​កំពុង​ចង្អៀត​ណែន​។ លោក​បន្ត​ថា កន្លង​មក​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរការ​នេះ​នៅតែ​កើតមាន ដូច្នេះ​លោក​ស្នើ​ឱ្យ​ការពិនិត្យ និង​វាយតម្លៃ​ធ្វើឡើង​ដោយ​គ្មាន​ការ​រើសអើង៖ «បើសិន​គាត់​មាន​លក្ខណៈ​គ្រប់គ្រាន់​នៃ​ការ​លើកលែងទោស​មិន​ត្រូវ​មានការ​រើសអើង​ទេ ហើយ​ការ​បន្ធូរបន្ថយ​ទោស​អ៊ីចឹង​ដែរ​មិន​ត្រូវ​មានការ​រើសអើង​ទេ ទោះជា​អ្នកទោស​នោះ​ប្រភេទ​ណាក៏ដោយ​ជា​ទណ្ឌិត​ការងារ​សង្គម អ្នក​ការពារ​សិទ្ធិមនុស្ស សកម្មជន​នយោបាយ ឬក៏​ទោស​ផ្សេងៗ​ទៀត​បើ​មាន​លក្ខខណ្ឌ​ដូចគ្នា​យើង​ត្រូវ​អនុវត្ត​ដូចគ្នា»។

ជុំវិញ​ការ​លើកឡើង​ពី​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​បែបនេះ អាស៊ីសេរី​មិនអាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព និង​លោក ជិន ម៉ាលីន បានទេ​នៅ​ថ្ងៃទី​០៥ ខែមេសា ដោយ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល​។ ទោះយ៉ាង​ណា លោក គឹម សន្តិភាព បានឱ្យ​សារព័ត៌មាន​ក្នុងស្រុក (នគរវត្ត) ដឹង​កាលពី​ចុងខែ​មីនា​ថា ក្រសួងយុត្តិធម៌​បាន​ទទួល​បញ្ជី​ឈ្មោះ​ពី​ពន្ធនាគារ​ចំនួន​២៣​ទូទាំង​ប្រទេស ដែល​បាន​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​។ លោក​ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ដែល​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ​ពិនិត្យ​ការ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស កំពុង​ជាតិ​ពិនិត្យ និង​វាយតម្លៃ​លើ​សំណើ​នេះ​។ មន្ត្រី​ដដែល​ឱ្យដឹង​ទៀត​ថា គណៈកម្មការ​រាជធានី​ខេត្ត​បាន​ស្នើ​ស្នើសុំ​លើកលែងទោស​ទណ្ឌិត​ចំនួន​៧០​នាក់ ក្នុង​នោះ​ស្ត្រី​០៩​នាក់ និង​ស្នើសុំ​បន្ធូរ​បន្ថយទោស​ទណ្ឌិត​ចំនួន​៤៧២​នាក់ ក្នុង​នោះ​ស្ត្រី ៥៩​នាក់។

មុន​ឆ្នាំ​២០២០​ព្រះមហាក្សត្រ​ព្រះរាជ​ប្រទាន​លើកលែងទោស​ទណ្ឌិត​ចំនួន ៣​លើក ក្នុង​មួយឆ្នាំ ប៉ុន្តែ​កាលពី​ខែមករា ឆ្នាំ​២០២១ ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​មួយទៀត​អនុញ្ញាត​ឱ្យ មានការ​បន្ធូរបន្ថយ​ទោស​និង​លើកលែងទោស​ដល់​ទណ្ឌិត​នៅក្នុង​ពិធីបុណ្យ​ធំៗ​ចំនួន ៥​ក្នុង​មួយឆ្នាំ​ក្នុង​ពី​ធី​សំខាន់ៗ​ដូចជា​៖ ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ ពិធីបុណ្យ​វិសាខបូជា ពិធីបុណ្យ​ឯករាជ្យ​ជាតិ ពិធីបុណ្យ​អុំទូក និង​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍ ៧​មករា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​បញ្ចូល​សកម្មជន​នយោបាយ និង​បរិស្ថាន ​ក្នុង​បញ្ជី​​លើកលែង​និង​បន្ធូរ​បន្ថយទោស"

  1. Anonymous says:

    should not bagging this guy to forgive any thing . KEITH RITH should knew himself that he was involve white all those evil KBOTH CHEATH . I knew most murder cases was starting from dollar KA this guy did not care if he will be punish by GOD when he going hell. please remembers when the water going down then the ant can eat all that big fish . sorry every one should not use this word but ?? you are the one who start first >>no pain no gain << if nothing done there will be more of those kind of guy will do what they want . I knew KAMPOUCHEA is a dirty place for all those animal

Leave a Reply

Submit Comment