សង្គមស៊ីវិលស្នើរដ្ឋាភិបាលជម្រុញឲ្យមីក្រូហិរញ្ញវត្ថុ និងធនាគារអនុវត្តការផ្អាកសងប្រាក់៣ខែ តែអ្នកផ្តល់ប្រាក់កំចីបានច្រានចោល

កម្ពុជា-សេដ្ឋកិច្ច
06/04/2021 – 08:40
ដោយ៖ ញឹម សុផល
RFI

សេវាកម្មមីក្រូហិរញ្ញវត្ថុនៅកម្ពុជា (រូបតំណាង)
សេវាកម្មមីក្រូហិរញ្ញវត្ថុនៅកម្ពុជា (រូបតំណាង) © Internet

ក្រុមសង្គម​ស៊ីវិលជាង​១០០​អង្គការ​ នៅថ្ងៃអង្គារនេះ ​បានស្នើសុំ​ឲ្យរដ្ឋាភិបាល ​ដាក់ចេញ​វិធានការ​ ណែនាំឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និងធនាគារ​ទាំងអស់​ នៅក្នុងប្រទេស​កម្ពុជា​ ផ្អាកការ​បង់សង​ប្រាក់កម្ចី​ និងប្រាក់​បង្គរ​ទាំងអស់​រយៈពេល​៣ខែ។​ ការស្នើសុំ​របស់​សង្គម​ស៊ីវិល​ដូច្នេះ ​គឺដើម្បីផ្តល់ឱកាស​ដល់កូន​បំណុល​បានស្នាក់នៅ​ក្នុងផ្ទះ​ ជួយកាត់បន្ថយ​ការឆ្លងរាលដាល​នៃជំងឺ​កូវីដ-១៩ ​ក្នុងសហគមន៍​។ ​ក៏ប៉ុន្តែ ​ស្ថាប័នមីក្រូហិរញ្ញវត្ថុ​ និងធនាគារ​ មើលឃើញថា ​វាជាសំណើ​អត្តឃាត​ប្រសិន​បើពួកគេទទួលយក​។

ជាថ្មីម្តងទៀត ក្រុមអង្គការ សមាគម មិនមែនរដ្ឋាភិបាលចំនួន១០៣ស្ថាប័ន បានទទូចឲ្យរដ្ឋាភិបាល ជួបប្រជាជនរាប់លាននាក់ ដោយសុំឲ្យដាក់ចេញនូវវិធានការណែនាំឲ្យវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ ដែលរកប្រាក់ចំណេញ ជួយទទួលបន្ទុកសេដ្ឋកិច្ចខ្លះដល់អ្នកខ្ចីប្រាក់។ ការស្នើសុំដូច្នេះ ក៏ព្រោះតែកូនបំណុល ដែលក្នុងនោះមាននៅក្នុងវិស័យកាត់ដេរ ទេសចរណ៍ សេវាកំសាន្ត សំណង់ ពលករនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអាជីវករជាដើម កំពុងប្រឈមនូវបញ្ហារកប្រាក់ចំណូល ដោយសារតែឥទ្ធិពលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩។

តាមរយៈសេចក្តីថ្លែងការណ៍រួមកំរាស់៦ទំព័រ ក្រុមអង្គការសង្គមស៊ីវិល ក៏បានទទួលស្គាល់នូវចំណុចវិជ្ជមានរបស់រដ្ឋាភិបាលកន្លងមកដែរ ដែលបានធ្វើកិច្ចអន្តរាគមន៍ផ្តល់សាច់ប្រាក់ដល់ជនក្រីក្រ កម្មករ កម្មការិនីមួយចំនួន ដោយគោលនយោបាយនេះ អាចជួយទប់ស្កាត់ការធ្លាក់ចុះនៃសេដ្ឋកិច្ចដ៏អាក្រក់អំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩នេះ។

ជាការពិត ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារ ក៏បានចាត់វិធានការកន្លងមកដែរ ស្របតាមការអំពាវនាវរបស់ធនាគារជាតិកម្ពុជា ដោយមានការសម្របសម្រួលជាមួយនឹងកូនបំណុល តាមរយៈយន្តការនៃការរៀបចំឥណទានឡើងវិញ។ ឥណទានរាប់សិបម៉ឺន ត្រូវបានរៀបចំឡើងវិញតាមការស្នើសុំពីអតិថិជន។ ក្រៅពីនេះប្រតិប្តតិករវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ ក៏បានត្អូញត្អែរដែរ ពីផលប៉ះពាល់ដូចៗគ្នាពីវិបត្តិកូវីដ-១៩ ខណៈវិស័យនេះ គឺជាសសៃឈាមដ៏សំខាន់មួយនៃសេដ្ឋកិច្ច។

ក៏ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិល មើលឃើញថា ការរៀបចំឥណទានឡើងវិញនេះ មិនគ្រប់គ្រាន់ទេ ដើម្បីដោះស្រាយជាមួយនឹងទំហំនៃវិបត្តិនៅពេលនេះ។ សេចក្តីថ្លែងការណ៍កត់សម្គាល់ថាសម្រាប់កម្ចីឥណទានខ្នាតតូចមួយចំនួន គឺមានការកំណត់ត្រាប្រាក់ចំណេញខ្ពស់ ខណៈចំណូលក្នុងគ្រួសារបន្តធ្លាក់ចុះ ហើយបន្ទុកបំណុលកាន់តែធំសម្រាប់អ្នកខ្ចីប្រាក់ បន្ទាប់ពីបញ្ចប់ការរៀបចំឥណទានឡើងវិញ។

ទោះយ៉ាងណា លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងថាសំណើរដែលខាងសង្គមស៊ីវិលស្នើឲ្យមានការផ្អាកការបង់ប្រាក់៣ខែ មិនអាចទៅរួចទេ។ លោកថា បើខាងគ្រឹះស្ថានហិរញ្ញវត្ថុជ្រើសរើសយកវិធានការនេះ គឺស្មើនឹងវិធានការអត្តឃាត។

ទាក់ទងទៅនឹងសំណើររបស់អង្គការសង្គមស៊ីវិលដូច្នេះ រដ្ឋាភិបាលកម្ពុជា នៅមិនទាន់មានការឆ្លើយតប ឬធ្វើកិច្ចអន្តរាគមន៍យ៉ាងណានៅឡើយមកទល់ពេលនេះ៕

What Next?

Recent Articles

Leave a Reply

Submit Comment