សហជីព​​ស្នើ​​ក្រសួង​និង​អ្នក​បញ្ជា​ទិញ​ជួយ​រឿង​រោងចក្រ​មួយ​​​រើស​អើង​សហជីព

ការងារ | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ០៦ មេសា ២០២១ |ម៉ោង ១៥:៤២
VOD

ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ផ្ដល់បទសម្ភាន៍ពេលដាក់ញត្តិនៅក្រសួងការងារពាក់ព័ន្ធបញ្ហាកម្មកររោងចក្រមួយ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ផ្ដល់បទសម្ភាន៍ពេលដាក់ញត្តិនៅក្រសួងការងារពាក់ព័ន្ធបញ្ហាកម្មកររោងចក្រមួយ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)


សហព័ន្ធសហជីពមួយស្នើ​ក្រសួងការងារ និងអ្នកបញ្ជាទិញ ជួយអន្តរាគមន៍លើករណីរោងចក្រមួយ​នៅខេត្តកំពង់​ឆ្នាំង ដែលសហជីពនេះបានអះអាងថា មានការ​រើសអើងនិងធ្វើទុក្ខបុកម្នេញលើសកម្មជននិងថ្នាក់ដឹកនាំសហជីព។

ក្នុង សេចក្តីថ្លៃងការណ៍ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ សហព័ន្ធសហជីពកម្ពុជា (CATU) បានថ្កោលទោស​ចំពោះ​ក្រុមហ៊ុន ត្រីប៉ូស អ៊ិនធើណេសិនណល (ខេមបូឌា) ខូអិលធីឌី​ ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ថា​បានធ្វើទុក្ខបុកម្នេញ និងការរើសអើងទៅលើថ្នាក់ដឹកនាំ សកម្មជន និងសហជីពសមាជិករបស់ខ្លួនប្រចាំរោងចក្រមួយនេះ។

សហព័ន្ធសហជីពមួយនេះបានអំពាវនាវទៅក្រសួងការងារ និងអ្នកបញ្ជាទិញ ដូចជា ក្រុមហ៊ុន Clarks ឱ្យជួយ​​អន្តរាគមន៍ ដើម្បីធានាថា ថ្នាក់ដឹកនាំ សកម្មជន និងសមាជិកសហជីព​របស់ខ្លួន​ប្រចាំ​ក្រុមហ៊ុននេះ ​មាន​សិទ្ធិសេរីភាពពេញលេញ​ ក្នុងការបង្កើតនិងចូលជាសមាជិកសហជីព។

សេចក្តីថ្លែងការណ៍ដដែលនេះបានលើកឡើងទៀត​ថា បើគិតមកដល់ថ្ងៃម្សិលមិញ មាន​រយៈ​ពេល​៣ដង​ហើយដែល​សហព័ន្ធ​សហជីព​កម្ពុជា បានជូនដំណឹង និងបោះឆ្នោតបង្កើតសហជីពមូលដ្ឋានប្រចាំរោងចក្រ ត្រីប៉ូស ប៉ុន្តែ​មិនបានសម្រេចនោះទេ ដោយសារ​តែខាងភាគី​ក្រុមហ៊ុន​បានគំរាម​កំហែង​ថ្នាក់ដឹកនាំ សកម្មជន និងសមាជិករបស់ខ្លួន ឱ្យលាឈប់ពីសហជីព។

កាលពីថ្ងៃទី៣ ខែ​ធ្នូ ឆ្នាំ២០២០ សហព័ន្ធសហជីពកម្ពុជា​ បានដាក់បណ្តឹងទៅមន្ទីរការងារខេត្តកំពង់ឆ្នាំងឱ្យដោះស្រាយដែរ ប៉ុន្តែភាគីក្រុម​ហ៊ុន​នៅតែបន្តជ្រៀតជ្រែក ធ្វើទុក្ខបុកម្នេញ និង​គំរាមកំហែង​ទៅលើថ្នាក់ដឹកនាំ សកម្ម​ជន និងសមាជិករបស់ខ្លួនដដែល។ នេះបើតាមការបញ្ជាក់នៅក្នុង​សេចក្តីថ្លែងការណ៍ដដែលនោះ។​

ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មាន​ប្រសាសន៍នៅថ្ងៃអង្គារនេះ​ថា ក្រុម​ហ៊ុន​នោះបាន​គំរាម​បញ្ឈប់កម្មករ​​​ពីការងារ ប្រសិនបើពួកគេនៅតែចង់​បង្កើតនិង​ចូល​ជាសមាជិក​សហជីព​មួយនេះ​។ អ្នកស្រីបន្តថា ដោយសារតែការគំរាមកំហែងនិងការធ្វើទុក្ខបុកម្នេញខ្លាំងពេក បានធ្វើឱ្យកម្មករមួយចំនួនដែលជាសមាជិករបស់សហជីព បានលាឈប់ពីការងារ។

ប្រធានសហព័ន្ធសហជីពរូបនេះចាត់ទុកករណីនេះ​ថា ជាការរើសអើង និងជា​ទង្វើខុសច្បាប់​ ទាំង​ច្បាប់​ការ​ងារ រដ្ឋធម្មនុញ្ញ និងអនុសញ្ញាអន្តរជាតិនានាជាដើម។

អ្នកស្រីបន្ថែមថា៖ «ទង្វើដែលក្រុមហ៊ុនធ្វើនេះជាទង្វើផ្ទុយនឹងខុសច្បាប់ទាំងស្រុង ហើយត្រូវបានច្បាប់ហាមឃាត់ទៀត។ ហើយក្រុមហ៊ុននៅតែបន្តធ្វើទង្វើបែបនេះ​ ហើយមិនមានស្ថាប័នពាក់ព័ន្ធ ជាពិសេស មន្ទីរការងារ ឬក្រសួងការងារ សេនាធិការរបស់រដ្ឋាភិបាលហ្នឹង ហៅក្រុមហ៊ុនទៅណែនាំ ឬទៅប្រាប់ ឬដាក់ទោសទៅក្រុមហ៊ុន គឺមិនទាន់បានធ្វើនៅឡើយទេ។ យើងគិតថា នេះជាចំណុចមួយដែលកម្មករយើងរងភាពអយុត្តិធម៌ណាស់ ដែលពួកគាត់គ្រាន់តែបង្កើតសហជីពមួយដើម្បីការពារសិទ្ធិសេរីភាពនិងផលប្រយោជន៍ពួកគាត់ទាំងអស់គ្នាហ្នឹង ប៉ុន្តែត្រូវបានគេរារាំងនិងធ្វើទុក្ខបុកម្នេញទៅវិញ»

ប្រធានសហព័ន្ធសហជីពកម្ពុជាប្រចាំរោងចក្រ ត្រីប៉ូស កញ្ញា ស្លេះ ហ្វារីតា និយាយថា កញ្ញាត្រូវបានភាគីរោងចក្រហៅទៅបញ្ចុះបញ្ចូលមិនឱ្យបង្កើតនិងចូលជាសមាជិកសហជីពជាច្រើនលើក​ច្រើនសារ និងគំរាមដល់គ្រួសារនាងមិន​ឱ្យលក់ដូរនៅមុខរោងចក្រថែមទៀត។

កញ្ញាបន្ថែមថា៖ «គេថា ប្រសិនជាយើងនៅតែរឹងទទឹងមិនព្រមចេញពីសហជីពហ្នឹងទេ គេឱ្យខាងគណនេយ្យ​​មក​ដក​កាត​យើង​ គិតលុយឱ្យយើងភ្លាមៗ ហើយគេបញ្ឈប់យើងមិនឱ្យធ្វើការទៀតទេ។ ថ្មីៗ គេបានគំរាមកំហែង​ខ្ញុំម្តងទៀត និងធ្វើទុក្ខបុកម្នេញម៉ាក់ខ្ញុំ អត់ឱ្យម៉ាក់ខ្ញុំទៅលក់នៅក្នុងរោងចក្រហ្នឹងទេ។ ខឹង​កូន​ទៅ​រករឿង​ម៉ែ ហើយគំរាមម៉ាក់ខ្ញុំ ឱ្យប្រាប់ខ្ញុំឈប់ចូលសហជីពហ្នឹងទៀត។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមិនលែងទេ ខ្ញុំនៅតែធ្វើតំណាងសហជីព ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍កម្មករ ព្រោះរោងចក្រនេះគាប​សង្កត់​កម្មករ​ខ្លាំងណាស់»

បើតាមកញ្ញា ស្លេះ ហ្វារីតា រោងចក្រ ត្រីប៉ូស ជារោងចក្រផលិតស្បែកជើងដែលមានថៅកែជាជនជាតិ​ចិន ហើយ​បច្ចុប្បន្នមានកម្មករជាង២ ០០០​នាក់កំពុងធ្វើការ​។

វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ និងតំណាង​ក្រុ​មហ៊ុន ត្រីប៉ូស អ៊ិនធើណេសិនណល (ខេមបូឌា) ខូអិលធីឌី ដែលរងការចោទប្រកាន់នេះបានទេ នៅថ្ងៃនេះ។

ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង លោក ពៅ ស៊ីថា មានប្រសាសន៍ថា កន្លងមក មន្ទីរការងារខេត្តធ្លាប់ទទួល​បាន​ពាក្យបណ្តឹងពីកម្មករ​ពាក់ព័ន្ធ​ករណីនេះដែរ ហើយ​មន្ត្រីមន្ទីរការងារក៏​​បានចុះ​សម្របសម្រួលដោះស្រាយសះជាគ្នាវិញហើយ។

តែយ៉ាងណា លោកថា ប្រសិនបើករណីនេះកើតឡើងម្តងទៀត លោកស្នើឱ្យកម្មករដាក់ពាក្យបណ្តឹងមកមន្ទីរ​ជាថ្មីទៀត ដើម្បីឱ្យ​​មន្ត្រីចុះដោះស្រាយ។

លោកបន្ថែមថា៖ «ក្នុងកំណត់ហេតុហ្នឹង យើងបានឯកភាពគ្នាហើយ គឺមិនត្រូវរើសអើងទេ សេរីភាពនៃកា​របង្កើត​សហជីព​ អាហ្នឹងសិទ្ធិដែលនៅក្នុងច្បាប់។ សហជីព​ក៏ដោយ ក្រុមហ៊ុនក៏ដោយ គ្មានអ្នកណាទៅ​រំលោភ​ច្បាប់បានទេ។ កាលណារំលោភច្បាប់ វាត្រូវមានទោសទណ្ឌយ៉ាងម៉េចៗ​ទៅតាមច្បាប់ដែលចែង។ រឿងហ្នឹង​យើងបានដោះស្រាយហើយតើ»។

អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម័្ពន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ មានប្រសាសន៍​ថា ជារឿយៗនៅពេលដែល​សហជីព​ឯករាជ្យ​ ឬក្រុមសហជីព​ដែលមាន​ជំហរ​ការ​ពារ​ផលប្រយោជន៍​កម្មករ​ពិត​ប្រាកដ​ ទៅបង្កើតសហជីព​នៅក្នុ​ងក្រុមហ៊ុនឬរោងចក្រណាមួយនោះ គឺតែងតែរងការគំរាមកំហែង រើសអើង និងធ្វើទុក្ខបុកម្នេញ​ ពីសំណាងភាគីថៅកែ។

លោកបន្តថា ហេតុផលដែលក្រុមថៅកែមិនចង់ឱ្យក្រុមសហជីពឯករាជ្យ​បង្កើតសហជីពក្នុងក្រុមហ៊ុនរបស់ខ្លួននោះ ​ដោយសា​រក្រុមសហជីពទាំងនោះបានការពារផលប្រយោជន៍កម្មករ​ពិត​ប្រាកដ ហើយ​ក្រុម​ថៅកែពិបាកក្នុងរំលោភបំពានសិទ្ធិនិងកេងចំណេញលើផលប្រយោជន៍របស់កម្មករ។

លោកបន្ថែមថា៖ «ចំណុចមួយហ្នឹងសំខាន់ណាស់ ដែលក្រសួងការងារ និងអ្នកបញ្ជាទិញហ្នឹង ត្រូវតែមានវិធានការជាក់លាក់ ដើម្បីធានានូវការគោរពសិទ្ធិនិងលើកកម្ពស់សហជីពឯករាជ្យ​ដែលតំណាងឱ្យកម្មករកន្លែង​ការ​ងារ​ហ្នឹង។ ហើយក្នុងករណីថៅកែ​មិនព្រមអនុវត្តនៅក្នុងលក្ខខណ្ឌណាមួយ ដើម្បីកុំឱ្យមានការរើសអើងទៅ​ដល់សហជីព ហើយទទួលយកថ្នាក់ដឹកនាំចូលធ្វើការងារវិញហ្នឹង គឺមានតែក្រុមហ៊ុនអ្នកបញ្ជាទិញទេដែលអាចជួយអន្តរាគមន៍បាន»

បើតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីសហជីព និងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស​ កម្មករនិយោជិតទាំងអស់មានសិទ្ធិសេរីភាពក្នុងការបង្កើតសហជីព ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់ខ្លួន។

ជាមួយគ្នានេះដែរ មាត្រា៦៣ នៃច្បាប់ស្តីពីសហជីព បានចែងថា ការជ្រៀតជ្រែកតាមវិធីណាមួយជាមួយនឹងកម្មករនិយោជិតនៅក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនដើម្បីរៀបចំសហជីពដោយខ្លួនឯង ត្រូវចាត់ទុកថា ខុសច្បាប់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment