សហព័ន្ធ​សហជីព​កម្ពុជា​ថ្កោលទោស​ក្រុមហ៊ុន ត្រីប៉ុស អិនធើណេសិនណល (ខេមបូឌា) ដែល​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​រើសអើង​សហជីព

ដោយ សុជីវី
2021-04-06
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សហព័ន្ធ​សហជីព​កម្ពុជា​ថ្កោលទោស​ក្រុមហ៊ុន ត្រីប៉ុស អិនធើណេសិនណល (ខេមបូឌា) ដែល​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​រើសអើង​សហជីព

​រោងចក្រ​ផលិត​ស្បែក​ជើង របស់​​ក្រុមហ៊ុន ត្រីប៉ុស អិនធើណេសិនណល (ខេមបូឌា) (Tripos International Cambodia) នៅ​​ខេត្ត​កំពង់ឆ្នាំង។​ រូប៖ ហ្វេសប៊ុកសហព័ន្ធ​សហជីព​កម្ពុជា ហៅ​កាត់​ថា កាទូ (CATU)


សហព័ន្ធ​សហជីព​កម្ពុជា ហៅ​កាត់​ថា កាទូ (CATU) ថ្កោលទោស​ក្រុមហ៊ុន ត្រីប៉ុស អិនធើណេសិនណល (ខេមបូឌា) (Tripos International Cambodia) ដែល​ពួក​គេ​ថា ​បាន​ធ្វើទុក្ខបុកម្នេញ និង​រើសអើង​សហជីព​ប្រចាំ​ក្រុមហ៊ុន។ ពួក​គេ​ស្នើ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដោះ​ស្រាយ​បញ្ហា​នេះ ដើម្បី​ធានា​ថា​កម្មករ​ក្នុង​រោងចក្រ​ផលិត​ស្បែក​ជើង​ក្នុង​ខេត្ត​កំពង់ឆ្នាំង​មួយ​នេះ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ចូល​រួម​ចលនា​សហជីព។

អ្នក​ធ្វើ​ការ​ផ្នែក​រដ្ឋបាល​នៅ​ក្រុមហ៊ុន ត្រីប៉ុស ម្នាក់​អះអាង​ថា ពុំ​មាន​ការ​រើសអើង​ដូច​ការ​ចោទ​ប្រកាន់​ឡើយ និង​ថា ខាង​ក្រុមហ៊ុន​តែងតែ​អនុវត្ត​ត្រឹម​ត្រូវ​តាម​ច្បាប់។

សហព័ន្ធ​សហជីព​កម្ពុជា​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ ពិសេស​គឺ មន្ទីរ​ការងារ​ខេត្ត​កំពង់ឆ្នាំង និង​ក្រសួង​ការងារ ចាត់​វិធានការ​ធ្វើ​យ៉ាង​ណា​ឱ្យ​ភាគី​ក្រុមហ៊ុន ត្រីប៉ុស បញ្ឈប់​ការ​ជ្រៀត​ជ្រែក ធ្វើ​ទុក្ខបុកម្នេញ និង​រើសអើង​សហជីព ពោល​គឺ ត្រូវ​ផ្ដល់​សិទ្ធិ​សេរីភាព​ទៅ​ដល់​កម្មករ​ឱ្យ​ពួក​គេ​បាន​បោះ​ឆ្នោត​ជ្រើសរើស​សហជីព​ទៅតាម​ការ​ចង់​បាន​របស់​ពួកគេ។

សេចក្ដីថ្លែងការណ៍​របស់​សហព័ន្ធ​សហជីព​កម្ពុជា ចេញ​នៅ​ថ្ងៃ​ទី៥ ខែមេសា ឱ្យ​ដឹង​ថា​ កម្មករ​ប្រចាំ​នៅ​ក្នុង​ក្រុមហ៊ុន​ត្រីប៉ុស បាន​បោះឆ្នោត​បង្កើត​សហជីព​ចំនួន​៣​លើក​មក​ហើយ​ចាប់តាំង​ពី​ខែ វិច្ឆិកា ឆ្នាំ​២០២០​មក ប៉ុន្តែ​មិន​អាច​ដំណើរ​ការ​បាន ដោយសារតែ​ភាគី​ក្រុមហ៊ុន​តែងតែ​គំរាម​កំហែង​ថ្នាក់​ដឹក​នាំ​សហជីព សកម្មជន និង​សមាជិក​ឱ្យ​លា​ឈប់ និង​ផ្ដិត​មេ​ដៃដល់​លិខិត​លា​ឈប់​ថែម​ទៀត។ ជាមួយ​គ្នា​នោះ​ក្រុមហ៊ុន​បាន​បញ្ជូន​ឈ្មោះ​ទាំង​នោះ​ទៅ​ក្រសួង​ការងារ រួម​ជាមួយ​លិខិត​ជំទាស់​ការ​ចុះ​បញ្ជិកា​សហជីព។ ក្នុង​រឿង​នេះ​ដែរ សហព័ន្ធ​សហជីព​កម្ពុជា​បាន​ដាក់​បណ្ដឹង​ទៅ​ក្រសួង​ការងារ កាលពីថ្ងៃទី៣ ខែ​មេសា អោយ​ជួយ​ដោះស្រាយ​រឿង​នេះ​ឆ្លើយ​តប​នឹង​ការរារាំង​របស់​ខាង​ក្រុមហ៊ុន​នេះ។

អនុប្រធាន​សហព័ន្ធ​សហជីព​ជាតិ អ្នកស្រី ម៉ន ចាន់ណា ប្រាប់​អាស៊ី​សេរី​កាល​ពី​យប់​ថ្ងៃ​ទី៥ ខែមេសា​ថា អ្នកស្រី​បាន​ទៅ​ជជែក​ជាមួយ​តំណាង​ខាង​ក្រសួង​ការងារ​កាល​ព្រឹក​ថ្ងៃ​ដដែល​នោះ ​ប៉ុន្តែ​នៅ​មិន​ទាន់​មាន​លទ្ធផល​សម្រេច​យ៉ាង​ណា​នៅ​ឡើយ គឺ​ក្រសួង​នៅ​រង់ចាំ​ការស៊ើបអង្កេត​សិន។ អ្នកស្រី​រម្លឹក​ថា នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​ជ្រើសរើស​សហជីព​ប្រចាំ​ក្នុង​ក្រុមហ៊ុន​នោះ​ម្ដងៗ ក្រុមហ៊ុន​តែង​គំរាមកំហែង ទៅ​ដល់​អ្នក​ជាប់​ឆ្នោត​រួម​មាន​ប្រធាន​ អនុប្រធាន អគ្គលេខា សមាជិក និង​សកម្មជន​សហជីព ព្រមទាំង​គ្រួសារ​ថែម​ទៀត។   អ្នកស្រី​ថា​នេះ​ជា​ការ​រើសអើង​សហជីព ដែល​ផ្ទុយ​ពី​ច្បាប់​សហជីព ហើយ​ចាំ​បាច់​ត្រូវ​ភាគី​ពាក់​ព័ន្ធ​ចាត់​វិធានការ ដើម្បី​ធានា​សិទ្ធិ​សេរីភាព​ចូលរួម​សហជីព​របស់​កម្មករ និយោជិត៖ «ខ្ញុំ​ថា បើ​សិន​ជា​មក​ដល់​ក្រសួង ពួក​យើង​ដាក់​លិខិត​ប្ដឹង​ហើយ​មាន​ភស្តុតាង ហើយ​ក្រសួង​នៅ​តែ​រក​មិន​ឃើញ​ខាង​ក្រុមហ៊ុន​មាន​ការ​ជ្រៀត​ជ្រែក​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​សហជីព​ខ្ញុំ​ទៀត​ទេ តើ​ពួក​ខ្ញុំ​គួរ​តែ​ធ្វើ​យ៉ាង​ណាបើ​សិន​មន្ទីរ​ការងារ ក្រសួង​នៅ​តែ​ស៊ើប ស៊ើប​ហើយ​អត់​ឃើញ ហើយ​រឹតតែ​ខ្លាំង​ទៅៗ អ៊ីចឹង​បងសូម​ឱ្យ​ក្រសួង និង​មន្ទីរ​ការងារ​ជួយ​រឿង​ហ្នឹង​អ៊ីចឹង​ទៅ»

អាស៊ីសេរី​នៅ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​មន្ទីរ​ការងារ​ខេត្ត​កំពង់ឆ្នាំង និង​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ទេ​កាល​ពី​យប់​ថ្ងៃ​ទី៥ ខែ​មេសា។

សេចក្ដីថ្លែងការណ៍​របស់​សហព័ន្ធ​សហជីព​កម្ពុជា​ថែម​ទាំង​​អំពាវនាវ​ដល់ អ្នកទិញ​ផលិតផល​ស្បែក​ជើង​របស់​ក្រុមហ៊ុន​នេះ ដូចជា​ក្រុមហ៊ុន​ម្ចាស់​ស្លាក​យីហោ Clark ជា​ដើម​ឱ្យ​ជួយ​អន្តរាគមន៍ រក​ដំណោះស្រាយ​ក្នុង​រឿង​នេះ​ដែរ។

អ្នក​ធ្វើ​ការ​ផ្នែក​រដ្ឋបាល​នៅ​ក្រុមហ៊ុន ត្រីប៉ុស ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​អះអាង​ប្រាប់​ថា ក្រុមហ៊ុន​មិន​បាន​បង្ខិតបង្ខំ​ គំរាម​កំហែង ឬ​រើសអើង​សហជីព​ម្ដង​ណា​ឡើយ ផ្ទុយទៅវិញ​គឺ​តែង​តែ​អនុវត្ត​តាមច្បាប់ ដើម្បី​ធានា​ផ្ដល់​អត្ថប្រយោជន៍​អោយ​បាន​ពេញលេញ​ទៅ​កម្មករ។ លោក​ថា ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ខុស​ពី​ការ​ពិត​របស់​សហព័ន្ធ​សហជីព​កម្ពុជា អាច​ជា​ការ​ធ្វើ​បាប​ដល់​កម្មករ​ទៅវិញ​ទេ ព្រោះ​វា​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការទិញ​ផលិតផល​ពី​ក្រុមហ៊ុន ហើយ​អ្នករងគ្រោះ​បាត់​ឆ្នាំង​បាយ គឺ​ក្រុម​កម្មករ៖ «ព្រោះ​ស្ថានភាព​ឥឡូវ​ដូច​ខាង​បង​ដឹង​ហើយ​ថា កូវីដ ភ្ញៀវ​ក៏​អត់​សូវ​កុម្ម៉ង់​ទិញ ហើយ​ក្នុង​ស្ថានភាព​នេះ​អ្វី​ដែល​គាត់​ធ្វើ​ហ្នឹង​ជា​ការ​ជួយ​ធ្វើ​ឱ្យ​កម្មករ​ហ្នឹង​មាន​ការងារ​ធ្វើ ឬ​ក៏​បំបែក​ឆ្នាំង​បាយ​កម្មករ។ គាត់​ធ្វើ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​ដើម្បី​ប្រយោជន៍​កម្មករដែល​គាត់​ធ្វើ​ការ​ចោទ​ប្រកាន់​រោងចក្រ​ដែល​បង្កើត​ឡើង​រាប់​ឆ្នាំ អនុវត្ត​តាម​ច្បាប់​រាប់​ឆ្នាំសូម្បី​តែ​ប្រធាន​សហជីព ដែល​គាត់​បើក​ថ្មី​ហ្នឹង សួរ​ថា តើ​រោងចក្រ​ខុស​អី​គេ​បាន​ជា​គាត់​ចង់​បង្កើតឬ​ក៏​គាត់​យល់​ថា មាន​បំណង​អី​បាន​ជាដាច់ខាត​ត្រូវ​បង្កើត​មក​ឱ្យ​បាន​នៅ​ក្នុង​រោងចក្រ​ហ្នឹងគាត់​ថា រោងចក្រ​អត់​មាន​ខុស​អី​ទេ គ្រាន់​តែ​គាត់​ចង់​បង្កើត។ ខ្ញុំ​ថា​ចង់​បង្កើត ក៏​បង្កើត​ទៅ ធ្វើ​យ៉ាង​ម៉េច​ឱ្យ​អនុវត្ត​តាម​ច្បាប់»

ករណី​រើសអើង​សហជីព​ត្រូវ​រាប់​បញ្ចូល​ថា ជា​ចំណុច​សំខាន់​មួយ​សម្រាប់​ការ​វាយ​តម្លៃ​ពី​ការ​អនុវត្ត​សិទ្ធិ​ការងារ​របស់​បណ្ដា​ក្រុមហ៊ុន រោងចក្រ​ផលិត​សំលៀកបំពាក់ និង​ស្បែក​ជើង​នៅ​កម្ពុជា​ពី​សំណាក់​អ្នក​បញ្ជា​ទិញ​ទំនិញ​នៅ​ទីផ្សារ​ធំៗ មាន​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ជាដើម។ សហភាព​អឺរ៉ុប ដែល​បាន​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន ២០ភាគ​រយ​ពី​កម្ពុជា កាល​ពី​ខែ សីហា ឆ្នាំ២០២០ នោះ ក៏​បាន​ទាមទារ​អោយ​រដ្ឋាភិបាល​កម្ពុជា​ធានា​សិទ្ធិ​សេរីភាព​ខាង​សហជីព បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​​ទៅ​លើ​សហជីព និង​កែតម្រូវ​បទដ្ឋាន​ច្បាប់​ទាំង​ឡាយ ដែល​មាន​ន័យ​សេចក្ដី​រំលោភបំពាន​សិទ្ធិ​សេរីភាព​ក្នុង​ផ្នែក​នេះ។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​អ្នកស្រី យ៉ាង សុភណ្ឌ មើល​ឃើញ​ថា ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​ចង​ក្រង​សហជីព​របស់​កម្មករ​នេះ​នៅ​មិន​ទាន់​ត្រូវ​កែ​លម្អ​ទៅ​តាម​ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប​នោះ​ឡើយ​ទេ ជាក់ស្ដែង​នៅ​តាម​រោងចក្រ​ដែល​សហព័ន្ធ​អ្នកស្រី​ធ្វើ​ការ​ជាមួយ​ជាពិសេស​គឺ​នៅ​រោងចក្រ​ត្រីប៉ុស​ក្នុង​ខេត្ត​កំពង់ឆ្នាំង​នេះ​ជាដើម។

មាត្រា៥ នៃ​ច្បាប់​ស្ដីពី​សហជីព បាន​លម្អិត​ពី​សិទ្ធិ​របស់​កម្មករ​និយោជិត ក្នុង​ការ​បង្កើត​សហជីព​ទៅតាម​ការ​ជ្រើសរើស​របស់​ខ្លួន ក្នុង​គោលបំណង​សិក្សាស្រាវជ្រាវ បណ្ដុះបណ្ដាល ការលើកតម្កើង​ផលប្រយោជន៍  និង​ការពារ​សិទ្ធិ​ក៏ដូចជា​ផល​ប្រយោជន៍​ផ្នែក​ស្មារតី និង​សម្ភារៈ​ជា​សមូហភាព។ ចំណែក​មាត្រា៦ ចែង​ថា​គ្មាន​បុគ្គល​ណា​ម្នាក់​មាន​សិទ្ធិ​រារាំង​ដល់​សិទ្ធិ​នេះ​បាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment