អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បញ្ជូន​បុរស​៣​នាក់​ជួប​ជុំ​ផឹក​ស៊ី​ទៅ​តុលាការ​ដោយ​ចោទ​ថា​ល្មើស​វិធាន​សុខា​ភិបាល​

កូវីដ-១៩ | តុលាការ និងច្បាប់ | ព័ត៌មានជាតិ
លោក ញឹម សុខន | ០៦ មេសា ២០២១ |ម៉ោង ១៦:៥២
VOD

បុរសទាំងបីនាក់ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងវិធានការច្បាប់ទប់ស្កាត់កូវីដ-១៩ ក្រោយពេលពួកគេបានជួបជុំគ្នាផឹកស៊ីនៅមុខបន្ទ​​ប់ជួលមួយកន្លែង ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

បុរសទាំងបីនាក់ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងវិធានការច្បាប់ទប់ស្កាត់កូវីដ-១៩ ក្រោយពេលពួកគេបានជួបជុំគ្នាផឹកស៊ីនៅមុខបន្ទ​​ប់ជួលមួយកន្លែង ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)


មន្ត្រីនគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននិយាយថា បុរស៣នាក់ដែលជាប់ចោទពីបទប្រឆាំងនឹងវិធានសុខាភិបាល ត្រូវបានបញ្ជូនទៅតុលាការហើយនៅព្រឹកថ្ងៃអង្គារនេះ ដើម្បីបន្តនីតិវិធីច្បាប់។

កាលពីល្ងាចថ្ងៃទី៤ ខែមេសា កម្លាំងបុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកឃ្លាង បានចាប់ឃាត់ខ្លួនបុរស៣នាក់ រួមមានលោក អូន រតនា អាយុ៣៧ឆ្នាំ លោក ហូ រុនមុនី អាយុ៣០ឆ្នាំ និងលោក ហេង សូវីត អាយុ៧២ឆ្នាំ ខណៈពួកគេបានជួបជុំគ្នាផឹកស៊ីនៅមុខបន្ទ​​ប់ជួលមួយកន្លែង ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

នាយនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ លោក យឹម ដាវុធ និយាយថា បុរសទាំងទាំង៣នាក់ដែលបានឃាត់ខ្លួនកន្លងមកនោះ ត្រូវបានបញ្ជូនទៅតុលាការហើយ ដើម្បីបន្តនីតិវិធី ប៉ុន្តែលោកមិនប្រាប់ពីបទចោទទេ។

លោកថា៖ «បញ្ជូនទៅព្រឹកមិញបាត់ហើយ [ចោទគាត់ពីបទអីដែរ?] ហ៊ឺ! ខ្ញុំអត់ហ៊ានប្រាប់ទេ ថ្វីត្បិតតែខ្ញុំអ្នកធ្វើ [កសាងសំណុំរឿង]»។

យ៉ាងណា អធិការនគរបាលខណ្ឌសែនសុខ លោក ហួរ ម៉េងវ៉ាង បញ្ជាក់ថា អ្នកចាប់ខ្លួនទាំងនោះជាប់ចោទពីករណីល្មើសវិធានការសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គីមឡុង មិនទាន់អាចសុំការបញ្ជាក់បានទេ ថាតើតុលាការសម្រេចយ៉ាងណាហើយជុំវិញបទចោទប្រកាន់បុរសទាំងបីនាក់នេះ។

ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា តុលាការអាចនឹងតម្កល់រឿងមិនចាត់ការ បើពិនិត្យឃើញថា ជននោះមិនបំពានច្បាប់ទេ។

លោកថា៖ «មន្ត្រីយុត្តិធម៌ បើគាត់យល់ឃើញថា សកម្មភាពណាមួយបំពានច្បាប់ គាត់កសាងសំណុំរឿងទៅតុលាការទៅ។ ហើយនៅពេលបញ្ជូនទៅតុលាការ បើតុលាការពិនិត្យឃើញថា សកម្មភាពហ្នឹងវាមិនល្មើសច្បាប់អីទេ តុលាការគេអាចតម្កល់ទុក ឥតចាត់ការ។ អាហ្នឹងតុលាការគេនឹងពិនិត្យទៅលើអង្គហេតុហ្នឹង»។

ប្រធានផ្នែកសិទ្ធិមនុស្សនៅសមាគមអាដហុក លោក នី សុខា និយាយថា កំហុសនេះវាគួរអប់រំឱ្យធ្វើកិច្ចសន្យាបញ្ចប់សកម្មភាព។ លោកគូសបញ្ជាក់ថា ថ្វីត្បិតតែរដ្ឋាភិបាលមានច្បាប់សម្រាប់ដាក់ទោសទណ្ឌ តែថា ការផ្សព្វផ្សាយច្បាប់ មានរយៈខ្លី ដែលនាំឱ្យព​ល​រដ្ឋខ្លះមិនទាន់យល់ដឹងអំពីច្បាប់នោះនៅឡើយ។

លោកថា៖ «កំហុសឆ្គងប៉ុណ្ណឹង ខ្ញុំគិតថា អាជ្ញាធរគួរតែណែនាំគាត់ទៅ ហើយធ្វើការសម្របសម្រួលដាក់លក្ខខណ្ឌគាត់កុំឱ្យគាត់ប្រព្រឹត្តអីទៅទៀតទៅ។ ខ្ញុំគិតថា អានេះជារឿងល្អក្នុងសង្គមខ្មែរទៅវិញទេ»។

អនុក្រឹត្យស្តីពី «វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ដែលរដ្ឋាភិបាលទើបនឹងដាក់ឱ្យប្រើប្រាស់ថ្មីៗនេះ ត្រង់ទោសប្បញ្ញត្តិ ចែងថា «ត្រូវធ្វើការព្រមាន​ ឬណែនាំដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ចំពោះអ្នកទទួលខុសត្រូវក្នុងការរៀបចំការជួបជុំមនុស្ស ឬសង្គមដទៃទៀតដែលមិនគោរពវិធានការគម្លាតសុវត្ថិភាពសង្គម។ ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើសដដែល ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល»៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment