ក្រុម​​សង្គម​ស៊ីវិល​​ជាង​​១០០​​ស្ថាប័ន​​​ស្នើ​រដ្ឋាភិបាល​​ជួយ​អន្តរាគមន៍​​​​​ពលរដ្ឋ​​រឿង​​ផ្អាក​​បង់​ប្រាក់​​ធនាគារ​​​រយៈ​ពេល​​៣​ខែ​​​អំឡុង​​វិបត្តិ​កូវីដ​​

ដោយ ទីន ហ្សាការីយ៉ា
2021-04-06
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​​សង្គម​ស៊ីវិល​​ជាង​​១០០​​ស្ថាប័ន​​​ស្នើ​រដ្ឋាភិបាល​​ជួយ​អន្តរាគមន៍​​​​​ពលរដ្ឋ​​រឿង​​ផ្អាក​​បង់​ប្រាក់​​ធនាគារ​​​រយៈ​ពេល​​៣​ខែ​​​អំឡុង​​វិបត្តិ​កូវីដ​​

ប្រជាពលរដ្ឋអាជីវករអ្នកលក់ផ្លែឈើ និងអ្នកប្រកបរបរដឹកភ្ញៀវតាមរម៉កកង់បី នៅក្នុងរាជធានីភ្នំពេញកំពុងរងឥទ្ធិពលពីវិបត្តិនៃជំងឺកូវីដ១៩។ រូប៖ ហ្វេសប៊ុក pao vorn


​​ក្រុម​​អង្គការ​-​សមាគម សហជីព ​និង​​សហគមន៍​មូលដ្ឋាន​ លើក​ឡើង​​នៅ​ក្នុង​​សេចក្ដី​ថ្លែង​ការណ៍​រួម​​ថា​​ ការ​ទាមទារ​​ឲ្យ​ផ្អាក​​បង់​សង​ប្រាក់​​កម្ចី​ និង​​ប្រាក់​​បង្គរ​​ទៅ​​គ្រឹះ​ស្ថាន​​មីក្រូហិរញ្ញវត្ថុ ​និង​​ធនាគារ​​រយៈ​ពេល ​៣​ខែ ​នេះ​​​ គឺ​​ដើម្បី​​ឱ្យ​ប្រជាពលរដ្ឋ​​បាន​​ស្នាក់​​នៅ​ផ្ទះ​​ ការពារ​​កុំ​ឱ្យ​ឆ្លង​​ជំងឺ​កូវីដ​ ហើយ​ទុក​​លទ្ធភាព​​ឱ្យ​ពួកគេ​​រក​​ប្រាក់​​សង​​​បំណុល​​ធនាគារ​​នៅ​​ពេល​​ក្រោយ​​វិញ។

​ក្រុម​​អង្គការ​​សង្គម​ស៊ីវិល​ ឱ្យ​ដឹង​ថា​ វិស័យ​កាត់ដេរ​​ ទេសចរណ៍​ ​សេវា​កំសាន្ត​​ និង​សំណង់​​ បាន​​រងគ្រោះ​​ខ្លាំង​​ជាង​គេ​​ ខណៈ​ដែល​​វិស័យ​ទាំង​នេះ​​បាន​​ផ្ដល់​​ការងារ​​ដល់​​ស្ត្រី​រាប់​​សែន​​នាក់​​ ហើយ​​ស្ត្រី​​ប្រមាណ​​ ៧៥​ភាគ​រយ ​​បាន​ខ្ចី​​ប្រាក់​​ពី​​ធនាគារ​។​ ក្រៅ​ពី​នេះ​​ កសិករ​​ ពលករ​​ចំណាកស្រុក​​ សហគមន៍​ក្រីក្រ​ ​អ្នក​ប្រកប​របរ​​សេដ្ឋកិច្ច​​ក្រៅ​​ប្រព័ន្ធ​​ អ្នក​ធ្វើ​​ជំនួញ​​ អាជីវករ​​ និង​​អ្នកលក់​ដូរ​​តាម​​ចិញ្ចើម​ផ្លូវ​​ ​ក៏​បាត់បង់​​ប្រាក់ចំណូល​​ផង​ដែរ។ ពួកគេ​​​​​បន្ថែម​​ទៀត​ថា​ ​សម្ពាធ​​បណ្ដាល​​មក​ពី​កម្ចី​​ឥណទាន​​ខ្នាត​​តូច​​របស់​​គ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ​​ និង​​ធនាគារ​​ បាន​ប៉ះពាល់​​ដល់​​សុខភាព​​សាធារណៈ​ ​និង​​សុវត្ថិភាព​​កម្មសិទ្ធិ​ដីធ្លី​​របស់​​ប្រជាពលរដ្ឋ​​ហើយ​​អ្នក​​ខ្ចីប្រាក់​​អាច​​នឹង​​បាត់​បង់​​ដីធ្លី​ ​ដោយ​សារ​​បញ្ហា​​បំណុល។

​​សេចក្ដី​ថ្លែង​​ការណ៍​​ដដែល​​បញ្ជាក់​ទៀត​​​ថា​ ​ការ​ធ្វើ​អត្តឃាត​​ដោយសារ​​បញ្ហា​បំណុល​​​ និង​​ការ​ប្រើ​​អំពើ​​ហិង្សា​ក្នុង​គ្រួសារ​​បាន​កើត​ឡើង​​ជា​បន្ត​បន្ទាប់​​ ដោយ​សារ​​ការ​តាន​តឹង​​ផ្លូវចិត្ត​​ បណ្ដាល​មក​ពី​​ប្រាក់​បំណុល​ ​និង​​វិបត្តិ​ហិរញ្ញវត្ថុ។ ​​កន្លង​​​មក​​​ប្រជាពលរដ្ឋ​​ ​មក​ពី​​មជ្ឈដ្ឋាន​​ផ្សេងៗ​គ្នា​​ បាន​អំពាវនាវ​​ឱ្យ​រដ្ឋាភិបាល​​ជួយ​សម្រាល​​បន្ទុក​​​ដល់​​ពួក​គាត់​ដែរ​ ​ប៉ុន្តែ​​ត្រូវ​បាន​​បដិសេធ​ ហើយ​​អាជ្ញាធរ​​ថែម​ទាំង​​ឃាត់​​​​មនុស្ស​​ជា​ច្រើន​នាក់​ទៀត​​ផង​។ កាលពី​ពេល​​ថ្មីៗ​នេះ​​មាន​យុវជន​​ចំនួន​ ៦នាក់​ ហើយ​ ត្រូវ​​បាន​​ប៉ូលិស​​នៅ​ក្រុង​​ភ្នំពេញ​​ឃាត់​ខ្លួន​​ បន្ទាប់ពី​​ពួកគេ​​ចែក​ញត្តិ​​អំពាវនាវ​​ឱ្យ​​ផ្អាក​​សង​ប្រាក់​​ធនាគារ​។​ បន្ថែម​ពី​នេះ​ ​មាន​ពលរដ្ឋ​​​ខ្លះ​​​ភ័យខ្លាច​​បាត់បង់​ដីធ្លី ​​ ផ្ទះសម្បែង​​របស់​ពួកគេ ​​ដោយសារ​​ការ​បង់​ប្រាក់​​យឺត​យ៉ាវ​។​

ក្រុម​សង្គម​​ស៊ីវិល​​ស្នើសុំ​យ៉ាង​ទទូច​​ឱ្យ​រាជរដ្ឋាភិបាល​​​ណែនាំ​​ទៅ​​ស្ថាប័ន​​មីក្រូហិរញ្ញវត្ថុ​​ និង​​ធនាគារ​​ ដើម្បី​​ជួយ​ទទួលបន្ទុក​​សេដ្ឋកិច្ច​ខ្លះ​​​ដល់​​ប្រជាពលរដ្ឋ​​ ​ផ្អាក​សង​​ប្រាក់​​រយៈ​ពេល​ ៣​ខែ​​ នឹង​ជួយ​​​ដល់​ពលរដ្ឋ​បាន​​ស្នាក់​​នៅផ្ទះ​ ​រក្សា​សុវត្ថិភាព​​ និង​​ពង្រឹង​​ស្ថានភាព​ទូទៅ​​​តាម​ការ​ណែនាំ​​របស់​រដ្ឋាភិបាល​​បាន​​​​ត្រឹមត្រូវ​។

Vorn_Pao_society_economic.jpg
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ធ្លាប់អំពាវនាវឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងពេលវិបត្តិជំងឺកូវីដ១៩។

ប្រធាន​ផ្នែក​​សិទ្ធិមនុស្ស​​នៃ​​សមាគម​ការពារ​​សិទ្ធិមនុស្ស​​អាដហុក ​(Adhoc)​ លោក​ នី សុខា​​ ​​យល់​ថា​ ​រដ្ឋាភិបាល​​គួរតែ​​ដោះស្រាយ​រឿង​នេះ​​ជា​បន្ទាន់​ ​ដើម្បី​​សម្រួល​​ដល់​ជីវភាព​​រស់​នៅ​​របស់​​ប្រជាពលរដ្ឋ។​ លោក​​បញ្ជាក់​ថា​ ​ដើម្បី​ដោះស្រាយ​​រឿង​នេះ​​​រដ្ឋាភិបាល​​គួរតែ​​កំណត់​​វិធានការ​​ជាក់លាក់​​ ដាក់​ជូន​​ម្ចាស់​បំណុល​ ដើម្បី​​​អនុគ្រោះ​​ដល់​​អ្នក​ខ្ចី​ប្រាក់​​​​ដែ​ល​​​រង​គ្រោះ​​ដោយសារ​ការ​​រាតត្បាត​ជំងឺ​​កូវីដ​៖ «ការ​លើក​ឡើង​នេះ​ គឺ​ថា​​ស្ថានភាព​ចំពោះ​មុខ​ ​គឺ​​ប្រឈម​ខ្លាំង​​ហើយ ពីព្រោះ​​ការ​បិទ​​ចរាចរ​ ​ការ​រឹត ​បន្តឹង​​ចរាចរ​​​នៅ​ទីតាំង​​ខ្លះបាន​ផ្អាក​ ហើយ​ឱ្យ​ធ្វើ​​ចត្តាឡឺស័ក​ផ្សេង​នេះ​​ ​ប៉ះពាល់​មុខ​​របស់​ប្រជាពលរដ្ឋ​​​ខ្លាំង​។ ​ដូច្នេះ​​ហើយ​​រដ្ឋាភិបាល​គួរតែ​​ពិចារណា​ពី​​ពេល​ហ្នឹង​​ទៅ ​ពីព្រោះ​ថា ​ពេល​នេះ​​ជា​ពេលវេលា​មួយ​​ដែល​សមស្រប​​បំផុត​ហើយ​​ដែល​រដ្ឋាភិបាល​​គួរតែ​​ដោះស្រាយ​​ជូន​​ពលរដ្ឋ​»។

​​ទាក់​ទង​នឹង​​បញ្ហា​នេះ ​​ប្រធាន​​អង្គភាព​​អ្នក​នាំ​ពាក្យ​​រដ្ឋាភិបាល​​លោក​ ផៃ ស៊ីផាន​​ ប្រាប់​អាស៊ី​សេរី​​ថា​​ រដ្ឋាភិបាល​​​មិន​អាច​​ធ្វើ​តាម​​ការណែនាំ​​របស់​អង្គការ​​សង្គម​​ស៊ីវិល​​នេះ​​បាន​​ទេ​ ពី​ព្រោះ​​លោក​ថា​ កម្ពុជា​ជា​​ប្រទេស​​សេដ្ឋកិច្ច​​​ទីផ្សារ​សេរី ​​ដែល​មាន​​ការ​​ប្រកួត​ប្រជែង។ ​លោក​បញ្ជាក់​ថា​ ​រឿង​នេះ​​មាន​តែ​​កូន​​បំណុល​​នឹង​​ម្ចាស់​​បំណុល​​​ពិភាក្សា​​គ្នា​ដោះស្រាយ​​ដោយ​ខ្លួន​ឯង​​​ប៉ុណ្ណោះ៖ «ហើយ​ការ​ពឹង​ទាំង​ស្រុក​​មក​លើ​​រដ្ឋាភិបាល​​មិន​មែន​​ស្ថិត​នៅ​ក្នុង​​អ្វី​ទៅ​ដែល​​ប្រជាពលរដ្ឋ​ម្ចាស់​​ស្រុក​​នោះ​​ទេ។ ត្បិត​ការ​ខ្ចី​​បុល​​គាត់​​មិន​​ដែល​​ពិភាក្សា​ជា​មួយ​​រដ្ឋាភិបាល​​ទេ​ អាហ្នឹង​​ជា​ការ​​សម្រេច​​ខ្លួន​​តួ​។ ដូច្នេះ​​ក្នុង​​រាជរដ្ឋាភិបាល​​របស់​​យើង​​ គឺ​យើង​​​បង្កើត​​ឱ្យ​មាន​​លទ្ធភាព​​មួយ​​​ដើរ​​ចេញ​​​អំពី​​អ្វី​ទៅ​ក្នុង​​ន័យ​សមូហភាព​​បាន​​សេចក្ដី​ថា​ ទាំង​អស់​គ្នា​​មាន​សិទ្ធិ​សេរី​ ​ជា​ភាព​​ជា​ឯកជន​​ដែល​អាច​​ដោះស្រាយ​​ខ្លួន​ឯង​​បាន​​ទទួល​​ខុស​ត្រូវ​​ចំពោះ​​ជោគ​វាសនា​​របស់​ខ្លួន​»

Youth_campaign _to_reduce_the_pric_02.jpg
ក្រុមយុវជនមកពីអង្គការស្ត្រីដើម្បីសង្គមធ្លាប់ធ្វើញត្តិស្នើទៅរដ្ឋាភិបាលឱ្យជួយដោះស្រាយវិបត្តិរបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញក្នុងគ្រាមានវិបត្តិដោយសារជំងឺកូវីដ១៩។

​មន្ត្រី​សិទ្ធិមនុស្ស​​លោក នី សុខា​ ​សោកស្ដាយ​​​យ៉ាង​ខ្លាំង​​ចំពោះ​ការ​​លើក​ឡើង​​របស់​​មន្ត្រី​ជាន់​ខ្ពស់​​របស់​​​រដ្ឋាភិបាល​នេះ​ ​ហើយ​លោក​​​ចាត់​ទុក​​ថា​ ​ជា​ការ​​មិន​​ទទួល​​ខុស​ត្រូវ​​​​ក្នុង​នាម​​អាជ្ញាធរ​​រដ្ឋ​​ជួយ​ដល់​ប្រជាពលរដ្ឋ​​​ក្នុង​​គ្រា​​មាន​​ភ័យអាសន្ន​។​ មន្ត្រី​សង្គម​​ស៊ីវិល​​រូប​នេះ​ជឿ​ថា​ បញ្ហា​នេះ​​អាច​​បណ្ដាល​​ឱ្យ​ប្រជាពលរដ្ឋ​​រាប់​សែន​​នាក់​​មាន​​បំណុល​​វ័ណ្ឌក​ ​និងមាន​​វិបត្តិ​​ក្នុង​​គ្រួសារ​​​កាន់​តែ​​ធ្ងន់ធ្ងរ។

ក្នុង​ស្ថានភាព​​ជួប​វិបត្តិ​​ដោយសារ​​ជំងឺ​កូវីដ​-​១៩​​ នេះ ​​រដ្ឋាភិបាល​​ជាច្រើន​​លើ​ពិភពលោក​​ ជាពិសេស​​ប្រទេស​​លោក​សេរី ​​ផ្ដោត​ការ​យក​​ចិត្ត​ទុក​​ដាក់​​ដោះស្រាយ​​បញ្ហា​​ជីវភាព​​បន្ទាន់​​របស់​​ប្រជាពលរដ្ឋ​ ​ដូចជា​​ចេញ​ច្បាប់​ថវិកា​​ ដើម្បី​ចែក​​សាច់​ប្រាក់​​ជូន​ពលរដ្ឋ​​គ្រប់គ្នា​​​ដើម្បី​ដោះ​ទាល់​ ​និង​បញ្ជា​​​ឱ្យ​​ធនាគារ​​ផ្អាក​យក​ការ​​ប្រាក់​​ពី​​ពលរដ្ឋ​​រយៈ​ពេល ​២​ឆ្នាំ​ ​ឬ​រហូត​​ងើប​​ផុត​​ពី​​វិបត្តិ​ជំងឺ​កូវីដ​​។

រដ្ឋធម្មនុញ្ញ​មាត្រា ​៣៥ ​ចែង​ថា​ ប្រជាពលរដ្ឋ​ខ្មែ​រ​​ទាំង​ពីរ​ភេទ​​មាន​សិទ្ធិ​ចូលរួម​​យ៉ាង​សកម្ម​ក្នុង​​ជីវភាព​​នយោបាយ សេដ្ឋកិច្ច​​ សង្គម​កិច្ច​និង​​វប្បធម៌​​របស់​​ប្រទេស​​ជាតិ។​ សេចក្ដី​ស្នើ​​ទាំង​ឡាយ​​របស់​ប្រជាពលរដ្ឋ​​ត្រូវ​បាន​ទទួល​​ការ​ពិនិត្យ​និង​​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​​ពី​​អង្គការ​រដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles