ពលរដ្ឋ​ខេត្ត​ព្រៃវែង​បារម្ភ​សត្វស្លាប​បន្ត​ងាប់​រាប់ពាន់​ក្បាល​ប៉ះពាល់​តំបន់​ទេសចរណ៍​បឹង​ស្នេហ៍

ដោយ ជី វិតា
2021-04-06
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ខេត្ត​ព្រៃវែង​បារម្ភ​សត្វស្លាប​បន្ត​ងាប់​រាប់ពាន់​ក្បាល​ប៉ះពាល់​តំបន់​ទេសចរណ៍​បឹង​ស្នេហ៍

សត្វ​ចង្កៀល​ខ្យង ដែល​ជា​សត្វ​ស្លាប​កម្រ និង​ជិត​ផុត​ពូជ បាន​ងាប់​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ថ្ងៃ​ទី១៧ ខែមីនា រហូត​ដល់​ថ្ងៃ​ទី៤ ខែមេសា នៅ​តំបន់​បឹង​ស្នេហ៍ ស្រុក​បាភ្នំ ខេត្ត​ព្រៃ​វែង។ រូប៖ ពលរដ្ឋ


ពលរដ្ឋ​ខេត្ត​ព្រៃវែង​ព្រួយបារម្ភ​ពី​ការ​បន្ត​ងាប់​រាប់​រយ​ក្បាល​ជា​រៀងរាល់ថ្ងៃ​នៃ​បក្សី​ចង្កៀល​ខ្យង និង​សត្វស្លាប​កម្រ​ផ្សេង​ទៀត​រស់​នៅ​តំបន់​អភិរក្ស​បឹង​ស្នេហ៍។ បញ្ហា​នេះ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ ដែល​មាន​ប្រភព​ចំណូល​បាន​មកពី​វិស័យ​ទេសចរណ៍។ ពលរដ្ឋ​ស្នើ​ឱ្យ​អាជ្ញាធរ​រក​មូលហេតុ​ពិត​ប្រាកដ ដើម្បី​ស្រាយ​បញ្ហា​នេះ ក៏ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​អះអាង​ថា ជំងឺ​ផ្ដាសាយ​បក្សី​អេច.ប្រាំ.អិន.មួយ (H5N1) គឺ​ជាដើម​ចម​ធ្វើ​ឱ្យ​បក្សី​ទាំង​នោះ​ងាប់។

ពលរដ្ឋ​រស់​នៅ​ក្នុង​ស្រុក​ចំនួន ៣ និង​ក្រុង​មួយ​របស់​ខេត្ត​ព្រៃ​វែង​អំពាវនាវ​ឱ្យ​អាជ្ញាធរ​រក​មធ្យោបាយ​សង្គ្រោះ​សត្វ​ចង្កៀលខ្យង និង​បក្សី​កម្រ​ផ្សេង​ទៀត​ដែល​កំពុង​ងាប់​ជា​បន្ត​បន្ទាប់​អស់​ប្រមាណ ១.៤៨២​ក្បាល ហើយ គិត​ត្រឹម​ថ្ងៃ​ទី៥ មេសា។ អ្នក​ភូមិ​បារម្ភ​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​រក​មូលហេតុ​ពិត​ប្រាកដ ដើម្បី​សង្គ្រោះ​បក្សី​ទាំងនេះ​ទេ ផល​ប៉ះពាល់​នឹង​រីក​ធំ​ឡើង។

ពលរដ្ឋ​រស់នៅ​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង លោក ឡឹក សឿន ថ្លែង​ថា លោក​នៅ​តែ​មិន​ជឿ​ថា បក្សី​ទាំង​នេះ​ងាប់​ដោយសារ​ជំងឺ​នោះ​ទេ ព្រោះ​វា​ងាប់​ព្រមគ្នា​ចម្លែក​ជាង​សព្វ​មួយ​ដង​អស់​រយៈ​ពេល​ជាង ២សប្តាហ៍​មក​ហើយ។ លោក​ថា បក្សី​កម្រ​ទាំង​នេះ​ផ្តល់​ប្រយោជន៍​ច្រើន​សម្រាប់​ប្រជា​សហគមន៍​ក្នុង​រយៈ​វិស័យ​ទេសចរណ៍​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ លោក​សង្ស័យ​ថា ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​នៅ​តំបន់​នោះ ដែល​តែង​ធ្វើ​ស្រូវប្រាំង​ដោយ​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ប្រហែល​ជា​ប្រភព​ធ្វើ​ឱ្យ​បក្សី​ទាំង​នេះ​ពុល​ដោយសារ​វា​ស៊ី​ស្រូវ និង​សត្វ​ល្អិត ក្នុង​ស្រែ​ប្រាំង៖ «ការ​ធ្វើ​ស្រែ​ប្រាំង​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្រឡឹង​ស្រុក​បាភ្នំ​ស្រុក​ព្រះ​ស្ដេច ហើយ​និង​ស្រុក​កំពង់​ត្របែក​ហ្នឹង​ ​វា​ហើរ​ទៅ​ស៊ី​ស្រូវ​ព្រោះ​របស់​គេ​មាន​ការ​ដាក់​ថ្នាំ ហើរ​មក​ងាប់​នៅ​កន្លែង​ទួល​ព័ទ្ធ​តា​ឡី​ហ្នឹង។ ឥលូវ​បទល្មើស​នេសាទ​នៅតែ​បន្ត​មាន​ ​ហើយ​ការ​ទន្ទ្រាន​យក​ដី​បឹង​ស្នេហ៍​ហ្នឹង ក៏​នៅ​តែ​បន្ត​មាន​ដែរ»។

បុរស​ដដែល​បន្ថែម​ថា អាជ្ញាធរ​ខេត្ត​នេះ នៅ​មិន​ទាន់​រៀបចំ​តំបន់​អភិ​រក្ស​នេះ​ឱ្យ​ច្បាស់លាស់​នៅ​ឡើយ​ទេ ហើយ​បទល្មើស​នេសាទ​នៅតែ​កើត​មាន​ច្រើន​ធ្វើ​ឱ្យ​បរិមាណ​ត្រី​ក្នុង​បឹង​ថយ​ចុះ។ ចំណែក​ប្រជា​សហគមន៍​មាន​គ្នា​តិច មិន​អាច​ថែទាំ​បក្សី​ទាំង​នេះ​គ្រប់​ជ្រុង​ជ្រោយ​បាន​នោះ​ទេ។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​រក​មធ្យោបាយ​អភិ​រក្ស​តំបន់​ធម្មជាតិ​នេះ​ឱ្យ​ច្បាស់លាស់ ដើម្បី​ប្រយោជន៍​យូរ​អង្វែង​របស់​សហគមន៍។

សត្វ​ចង្កៀល​ខ្យង និង​សត្វ​ស្លាប​កម្រ​ផ្សេង​ទៀត ក្នុង​តំបន់​អភិ​រក្ស​ធនធាន​ធម្មជាតិ​ទួល​ព័ន្ធ​តា​ឡី​ស្ថិត​ក្នុង​បឹង​ស្នេហ៍​បាន​ងាប់​ជា​បន្ត​បន្ទាប់ ចាប់តាំង​ពី​ថ្ងៃ​ទី១៧ មីនា។ ពលរដ្ឋ​ព្រួយ​បារម្ភ និង​មិនអស់ចិត្ត​ចំពោះ​បញ្ហា​នេះ ហើយ​ចង់​ឱ្យ​អាជ្ញាធរ​រក​មូលហេតុ​ពិត​ប្រាកដ និង​រក​មធ្យោបាយ​ទប់​ស្កាត់​កា​រងាប់​រង្គាល​នៃ​សត្វ​ស្លាប​កម្រ​ទាំងនេះ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ជា​បន្ទាន់។

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ស្រុក​បាភ្នំ​លោក ប្រាក់ កុយ និយាយ​ថា អ្នកភូមិ​ជា​ច្រើន​គ្រួសារ​ទទួល​បាន​ប្រាក់​ចំណូល​ពី​ភ្ញៀវ​ទេសចរ​រួម​មាន​ជួល​ទូក​កម្សាន្ត លក់​ម្ហូបអាហារ លក់​ត្រី និង​សេវាកម្ម​ស្នាក់​នៅ​ជា​ដើម។ លោក​បារម្ភ​ថា ប្រសិន​បើ​បក្សី​កម្រ​ទាំង​នោះ​នៅ​តែ​បន្ត​ងាប់​ចៀស​មិន​ផុត​ប៉ះពាល់​ប្រភព​ចំណូល​របស់​ពលរដ្ឋ​នោះ​ទេ៖ «ងាប់​សង្ស័យ​ពុល​អា​ថ្នាំ​បាញ់​ស្រូវ​វា​ស៊ី​ថ្នាំ វា​ស៊ី​ខ្យង​ស៊ី​អី ខ្ញុំ​ដូច​មិន​ជឿ​បើ​តាមខ្ញុំ​ថា ពុល​ច្រើន​ជាង។ គួរ​ណាស់​មាន​វិធានការ​ការ​តំបន់​អភិ​រក្ស​សត្វ​កម្រ​រលាយ​ដាច់​ពី​គ្នា​ហើយ​ឥឡូវ​រលាយ​ទៀត។ រដ្ឋាភិបាល​គួរ​មាន​វិធានការ​តឹងរ៉ឹង​ធ្វើ​ស្រូវ​គួរ​ណាស់​កុំ​ប្រើ​ថ្នាំ ក្នុង​តំបន់​ហ្នឹង​ហាម​ទៅ»។

ជុំវិញ​រឿង​នេះ​អាជ្ញាធរ​ខេត្ត​ព្រៃ​វែង​អះអាង​ថា មន្ត្រី​ជំនាញ​កំពុង​រក​មធ្យោបាយ​ទប់ទល់ និង​សង្គ្រោះ​បក្សាបក្សី​ទាំងនេះ​ដោយ​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ទីតាំង​សំខាន់ៗ ដើម្បី​បង្ការ​កុំ​ឱ្យ​ជំងឺ​ផ្ដាសាយ​បក្សី (H5N1) ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត។ រីឯ​ខ្មោច​សត្វស្លាប​ត្រូវ​បំផ្លាញ​ចោល​ក្នុង​តំបន់​នោះ​ផ្អែក​តាម​វិធានការ​បច្ចេកទេស​ពេទ្យ។

អភិបាល​រង និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​ព្រៃវែង​លោក ចាន់ ថា បក​ស្រាយ​ថា អាកាសធាតុ​ក្ដៅ​ខ្លាំង​ធ្វើ​ឱ្យ​បក្សី​ទាំង​អស់​ហើរ​រក​ចំណី​ឆ្ងាយៗ ប្រឈម​ឆ្លង​ជំងឺ​ផ្តាយសាយ​បក្សី H5N1 ពុំ​មែន​ដោយសារ​ពុល​ថ្នាំ​កសិកម្ម​នោះ​ទេ។ លោក​បន្ត​អះអាង​ថា មន្ត្រី​ជំនាញ​កំពុង​ប្រឹង​ប្រឹង​ទប់​ស្កាត់​ជំងឺ​នេះ​មិន​ឱ្យ​រាល​ដាល​ប៉ះពាល់​សុខភាព​ប្រជាជន។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​បាន​ដាក់​ចេញ​ផែនការ​រួច​ហើយ​អភិ​រក្ស​តំបន់​នោះ​រួម​មាន​អភិ​រក្ស​ត្រី​រក្សា​ផ្ទៃ​ទឹក​ថែទាំ​បក្សី​ព្រៃ​ប្រឹក្សា និង​បរិស្ថាន​ជុំវិញ​បឹង​នោះ ដើម្បី​ទាញ​ប្រយោជន៍​ពី​ទេសភាព​បម្រើ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់៖ «នៅ​ទីនេះ​សត្វ​ច្រើន​ជិត ២លាន​ក្បាល គឺ​វា​ដើរ​ច្រើន​កន្លែង​ណាស់ វា​ហើរ​ឆ្ងាយ​សត្វ​ខ្លះ​ហើយ​ឆ្លង​ខេត្ត​ទៀត ហើយ​យប់​ឡើង​វា​មក​វិញ។ ជំងឺ​ហ្នឹង​ឆ្លង​លឿន ហើយ​អាកាសធាតុ​ក្ដៅ​ផង»។

ប្រជាពលរដ្ឋ​មូលដ្ឋាន​បាន​រួមគ្នា​បង្កើត​តំបន់​អភិ​រក្ស​ធម្មជាតិ​នេះ​លើកដំបូង​កាល​ពី​ឆ្នាំ២០០៥ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​អាជ្ញាធរ​ឃុំ ហើយ​ក្រោយ​មក​អង្គការ​វូមេន (WOMEN) បាន​ជួយ​រៀបចំ​បង្កើត​សហគមន៍​បឹង​ស្នេហ៍​នេះ​ឡើង​វិញ នៅ​ឆ្នាំ២០១២។

តំបន់​អភិ​រក្ស​បឹង​ស្នេហ៍ ត្រូវ​បាន​ក្រសួង​បរិស្ថាន​ដាក់បញ្ចូល​ក្នុង​តំបន់​ដី​សើម​បឹង​ស្នេហ៍ ជា​តំបន់​ការពារ​ធម្មជាតិ នៅ​ឆ្នាំ២០២១។ តំបន់​នេះ​មាន​ផ្ទៃ​ទឹក និង​ដី​ជាង ៣.៥៥៧​ហិកតារ នៅ​រដូវ​វស្សា​ហើយ​នៅ​រដូវប្រាំង​មាន​ផ្ទៃ​ទឹក​ទំហំ​ជាង ២ពាន់​ហិកតារ។ ទំហំដី​ព្រៃ​លិច​ទឹក​អ្នក​ភូមិ​តំបន់​នោះ​ហៅ​ថា ទួល​ព័ន្ធ​តា​ឡី​ជា​កន្លែង​អភិ​រក្ស​សត្វ​ស្លាប ដែល​មាន​ទំហំ​ជិត ១រយ​ហិកតារ។ តំបន់​អភិរក្ស​នេះ​ ​មាន​ភូមិសាស្ត្រ​ជាប់​ស្រុក​ចំនួន៣ និង​ក្រុង​មួយ គឺ​ស្រុក​បាភ្នំ ស្រុក​ពាមរ ស្រុក​ស្វាយ​អន្ទរ និង​ក្រុង​ព្រៃ​វែង ដែល​មាន​ពលរដ្ឋ​ចំនួន ២៣ភូមិ ឬ​ស្មើ​ពលរដ្ឋ ៤ពាន់​គ្រួសារ​រស់នៅ​ព័ទ្ធ​ជុំវិញ ហើយ​ទទួល​ប្រយោជន៍​ពី​តំបន់​អភិ​រក្ស​មួយ​នេះ តាម​រយៈ​វិស័យ​ទេសចរណ៍​ធ្វើ​កសិកម្ម និង​នេសាទ​ត្រី។

នាយក​ប្រតិបត្តិ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ ផ្តល់​ទស្សនៈ​ថា អាជ្ញាធរ​ត្រូវ​រក​មូលហេតុ​ពិតប្រាកដ ដើម្បី​ចាត់​វិធានការ​ដោះ​ស្រាយ​បញ្ហា​នេះ ចៀសវាង​កុំ​ឱ្យ​បាតុភាព​អាក្រក់​កើត​ឡើង​ទៀត។ លោក​ថា អាជ្ញាធរ​គួរតែ​ពង្រឹង​យន្ត​ការ​ថែទាំ​បក្សី​ទាំង​នោះ​ឱ្យ​បាន​ល្អ រួម​មាន អភិរក្ស​ត្រី ដែល​ជា​ចំណី​យ៉ាង​សំខាន់​របស់​សត្វ​ស្លាប​ទប់​ស្កាត់​បទ​ល្មើស​នេសាទ និង​បញ្ជូន​ឆ្មាំ​អភិ​រក្ស​ដាក់​វេន​គ្នា​ចុះ​ល្បាត​ឱ្យ​មាន​ប្រសិទ្ធ​ភាព៖ «ការ​នេសាទ​ខុស​ច្បាប់ ការ​ចាប់​ត្រី​យប់ និង​ថ្ងៃ ឬ​ក៏​ឆក់​បំពុល ដែល​សុទ្ធ​ជា​រឿង​មួយ​ធ្វើ​ឱ្យ​បាត់បង់​សត្វ​អស់​ហ្នឹង​ហើយ តែ​ជា​ពិសេស​រឿង​បំពុល​ទៅ​ត្រី​ហ្នឹង​ក៏​ស្លាប់​ពូជ​ត្រី​កាន់តែ​ហិនហោច ហើយ​សត្វ​ផឹកទឹក​ទទួល​ចំណី​ត្រី​អស់​ហ្នឹង​នឹង​ស្លាប់​ទៅ​ជាមួយ​គ្នា»។

ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រៃវែង​ចាត់​ទុក​តំបន់​អភិរក្ស​បឹង​ស្នេហ៍​ជា​តំបន់​មាន​សក្ដានុពល​ទេសចរណ៍​ធម្មជាតិ​យ៉ាង​សំខាន់ ព្រោះ​តំបន់​នោះ មាន​វត្តមាន​សត្វ​បក្សី​កម្រ​ជាច្រើន​ប្រភេទ​រស់​នៅ រួម​មាន ចង្កៀលខ្យង កុក ខ្វែក ទាព្រៃ សត្វ​ក្អែក​ទឹក ក្អែក​គោក ស្មោញ​ទុង​ប្រផេះ ត្រយង​ខ្លួន​ស ត្រដក់​តូច និង​សត្វ​ស្លាប​ជិត​នឹង​ផុត​ពូជ​ជា​ច្រើន​ប្រភេទ​ផ្សេង​ទៀត​សរុប​ប្រមាណ ២លាន​ក្បាល។ ពលរដ្ឋ​ស្នើ​ឱ្យ​មានការ​យកចិត្តទុកដាក់​ថែរក្សា​សត្វស្លាប​ទាំង​នៅ​តំបន់​នេះ និង​នៅ​តំបន់​ផ្សេង​ទៀត ដោយ​បញ្ឈប់​ការ​បរបាញ់ ដាក់​ថ្នាំ​ពុល ហាម​ប្រើ​ថ្នាំ​កសិកម្ម​ណា​ប៉ះពាល់​បក្សី លក់ដូរ និង​បរិភោគ​សត្វស្លាប​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles