រដ្ឋា​ភិបាល​ថា​ កង​កម្លាំង​និង​មន្ត្រី​រាជការ​ដែល​មិន​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ អាច​បាត់​បង់​ការងារ

ការងារ | កូវីដ-១៩ | ព័ត៌មានជាតិ
លោក ញឹម សុខន |០៧ មេសា ២០២១ |ម៉ោង ១៦:០១
VOD

កម្លាំងប្រដាប់អាវុធខេត្តព្រះសីហនុ ទទួលការចាក់វ៉ាក់សាំងប្រភេទស៊ីណូហ្វាម (Sinopharm) លើកទី២ នៅគិលានដ្ឋានមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ លេខាធិការដ្ឋាន មូលដ្ឋានសមុទ្រ)

កម្លាំងប្រដាប់អាវុធខេត្តព្រះសីហនុ ទទួលការចាក់វ៉ាក់សាំងប្រភេទស៊ីណូហ្វាម (Sinopharm) លើកទី២ នៅគិលានដ្ឋានមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ លេខាធិការដ្ឋាន មូលដ្ឋានសមុទ្រ)


លោកនា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន ព្រមានដល់​ក​ងក​ម្លាំង​ប្រដាប់អា​វុ​ធនិ​ងម​ន្ត្រីរា​ជការដែលគេចវេះមិនទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ថា​អាចនឹងត្រូវបាត់បង់ការងារពីក្របខណ្ឌរដ្ឋ ដោយលើកហេតុផលថា ការគេចវេះនេះនឹងអាច​បង្កភាពងាយរងគ្រោះដល់ស្ថាប័នជាតិទាំងមូល។

ការព្រមានរបស់នាយករដ្ឋមន្ត្រីនេះ ចំពេលដែលក្រសួងសុខាភិបាលកំពុងបន្តធ្វើយុទ្ធនាការចាក់វ៉ាក់សាំង​ក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងជុំទី២ ដោយ​ផ្តោតលើមនុស្សជាង៧០០ ០០០នាក់ ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង​តាម​សារសំឡេងកាលពីយប់​ថ្ងៃ​ម្សិលមិញ​ថា ដំណើរការចាក់វ៉ាក់សាំងកំពុងធ្វើទៅលើកងកម្លាំងប្រ​ដា​ប់​​​​អាវុធនិង​​មន្ត្រីរាជការស៊ីវិលនៅក្នុងក្របខណ្ឌទូទាំងប្រទេស។

ប៉ុន្តែលោកថា ដំណើរការចាក់វ៉ាក់សាំង​នេះ មានមន្ត្រីខ្លះបានព្យាយាមគេចវេះមិនទៅទទួលយកវ៉ាក់សាំងនេះទេ ដែលលោកថា ការគេចវេះនេះមិនត្រឹមតែបំផ្លាញជីវិតខ្លួនឯងប៉ុណ្ណោះទេ តែបង្កគ្រោះថ្នាក់ដល់ស្ថាប័នជាតិទាំងមូល។

លោកថា៖ «បើមិនដូច្នោះទេ វ៉ាក់សាំងដែលយើងតម្រូវចាក់រាប់លាននាក់ ​ក្នុងរង្វង់ពី១០ទៅ១៣លាននាក់ នឹងអាចក្លាយជាអត់ន័យ ដោយសារតែមនុស្សមួយចំនួនមិនទទួលយក»។

បញ្ហានេះ លោកណែនាំទៅថ្នាក់ដឹកនាំ​ក្រសួង អភិបាលរាជធានី-ខេត្ត រួមទាំងកងកម្លាំងប្រដាប់អាវុធឱ្យស្រង់ឈ្មោះ​មន្ត្រីដែលមាន​ចេតនា​គេច​វេះមិន​ទៅ​ចាក់​វ៉ាក់សាំងទាំងនោះ ប៉ុន្តែ​លើកលែងតែអ្នកដែល​មានបញ្ហាសុខភាពដែលបញ្ជាក់ដោយគ្រូពេទ្យ។

លោកថា៖ «ខ្ញុំសូមអំពាវនាវ និងសូមបញ្ជាក់ឱ្យបានច្បាស់ថា អ្នកដែលមានចេតនាគេចវេះមិនទទួលវ៉ាក់សាំង គឺអ្នកអាចនឹងបា​​​ត់​​បង់ការងារធ្វើ ទាំងក្នុងកម្លាំងប្រដាប់អាវុធ ទាំងក្នុងមន្ត្រីរាជការស៊ីវិល ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ទាំងមន្ត្រីជាប់កិច្ចស​​​​ន្យា»។

តែយ៉ាងណា លោកថា ចំពោះកងយោធពលខេមរភូមិន្ទ ចាក់បានស្ទើរមួយរយភាគរយ​សម្រាប់ដូសទី១ និងប្រ​មាណ៨០ភាគរយស​ម្រាប់ដូសទី២។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេនៅថ្ងៃនេះ។

ប៉ុន្តែអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់ថា សម្រាប់កងកម្លាំងនគរបាលនៅតាមរាជធានី-ខេត្ត ចាក់បានប្រមាណ៧០ភា​គ​រយ ខណៈនៅ​អគ្គស្នងការចាក់បាន​ប្រមាណ៨០​ភាគរយ។

តែយ៉ាងណា លោកថា មិនទាន់ទទួលបានទិន្នន័យថា មានកងកម្លាំងនគរបាលណាម្នាក់ព្យាយា​​ម​គេ​​ចវេះមិនទៅទទួលវ៉ាក់សាំងនេះនៅឡើយទេ។ ប៉ុន្តែលោក​ធ្លាប់ទទួលបានព័ត៌មានថា នៅមានមន្ត្រី​​ខ្លះនៅរារែកដែរ​។

លោកថា៖ «យើងអត់ហ៊ានថាមានឬអត់ [អ្នកគេចវេះ] ទេ ដោយសារយើងមិនទាន់ស្រង់ឈ្មោះអស់។ ទី២ បងប្អូនខ្លះមានបញ្ហាសុខភាពមែន ប៉ុន្តែសម្តេច [ហ៊ុន សែន] បាន​បញ្ជាក់​ហើយ ទី១ ត្រូវមានការបញ្ជាក់​ពីមន្ទីរសុខាភិបាល ចៀសវាង​ការ[សមគំនិត]ជាមួយគ្រូពេទ្យ។ មួយទៀត ដោយសារការចាក់នេះជាការចាក់ដោយស្ម័គ្រចិត្ត ដូច្នេះបងប្អូនប្រហែលជារារែកខ្លះ»។

អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ និយាយថា មិនមានករណីមន្ត្រីគេចវេះទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ទេ។

លោកថា៖ «អ្នកខ្លះគាត់នៅរារែកអ៊ីចឹងដែរ តែដល់យើងពន្យល់គាត់ ដូចជាមន្ត្រីនៅមន្ទីរសាធារណការ ខ្ញុំជួបសួរគាត់ថាចាក់បានប៉ុ​ន្មា​នហើយ គាត់ថាចាក់បាន៩៥ភាគរយហើយ នៅ៣០នាក់ទៀតនៅទេ [ស្ទាក់ស្ទើរ] គាត់នៅចាំមើល។ ឥលូវព្រឹកហ្នឹងទៅចាក់អស់ហើ​យ។ យើងនិយាយតែពីរបីម៉ាត់ថា បងឯងមើលមេៗចាក់អស់ហើយ មេខេត្តចាក់មុនគេ ឥលូវបងប្អូននៅអីទៀត»។

ប្រធានផ្នែកសិទ្ធិមនុស្សនៅសមាគមអាដហុក លោក នី សុខា បានលើកឡើងថា ការចាក់វ៉ាក់សាំងជាការចូលរួមទប់ស្កាត់ជំងឺឆ្លង ប៉ុន្តែថា បើរដ្ឋាភិបាលមិនទាន់មាន​ច្បាប់ចងជាកាតព្វកិច្ច វាគួរប្រើពេល​ផ្សព្វផ្សាយលើកទឹកចិត្តឱ្យ​ពលរដ្ឋចូលរួម ដើម្បីបញ្ចៀសការចោទប្រកាន់ថា រដ្ឋាភិបាលរំលោភសិទ្ធិសម្រេចចិត្តរបស់ប្រជាពលរដ្ឋដែលធានាដោយច្បាប់។

លោកថា៖ «បើយើងមិនទាន់មានច្បាប់ដាក់ជាកាតព្វកិច្ច ហើយយើង[បែរជា]ដាក់លក្ខខណ្ឌឬដាក់សម្ពាធ បើមិនទៅចាក់វ៉ាក់សាំងហ្នឹង មានបញ្ហាអញ្ចេះ បញ្ហាអញ្ចុះ! ខ្ញុំគិតថា អាហ្នឹងមិនទាន់ជាលក្ខណៈមួយតម្រូវទេ ហើយវារំលោភទៅលើគោលការណ៍ស្ម័គ្រចិត្តហើយ»។

តែយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈនៃសារសំឡងដដែល បានបន្តក្រើនរំឭកថា អ្នកដែលមិនទាន់ទៅចាក់វ៉ាក់សាំង​ គឺនៅមិនទាន់ហួសពេលទេ ពួកគេអាចទៅរកសេវានេះនៅតាមទីតាំងដែលអាជ្ញាធរពាក់ព័ន្ធកំពុងបន្តបើកយុទ្ធនាការនៅតាមបណ្តារាជធានី-ខេត្ត។

យុទ្ធនាការចាក់វ៉ាក់សាំងជុំទី២ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១ ខែ​មីនា ឆ្នាំ២០២១ ដែលការ​ចាក់វ៉ាក់សាំងប្រភេទ ស៊ីណូវ៉ាក់ ជុំទី២នេះ ធ្វើឡើងក្នុងក្របខណ្ឌទូទាំងប្រទេស ផ្តោតលើមនុស្សអាទិភាព៧៤៥ ០០០នាក់ ក្នុង​នោះមានក្រុមគ្រូពេទ្យ បុគ្គលិក មន្ត្រីសុខាភិបាលជួរមុខ​ កងកម្លាំងប្រដាប់អាវុធ រដ្ឋសភា ព្រឹទ្ធសភា និងក្រុមគ្រួ​សាររបស់ពួកគេ រួមនឹងអ្នកសារព័ត៌មាន និង​អ្នកដែ​ល​បានផ្ញើបញ្ជី​​ឈ្មោះទៅកាន់គណៈកម្មការចំពោះកិច្ចរួចហើយ​។

ទោះយ៉ាងណា ក្រសួងមុខងារសាធារណៈ នៅថ្ងៃនេះ បានចេញលិខិតមួយដោយ​ស្នើទៅក្រសួងពាក់ព័ន្ធជូនដំណឹងបន្ទាន់ទៅមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងស្ថាប័ន អង្គភាព រដ្ឋបាលរាជធានី-ខេត្ត ដែលនៅមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយគិតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ដើម្បីបូកសរុបផ្ញើទៅកាន់នាយករដ្ឋមន្ត្រី៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment