លោក ហ៊ុន សែន គ្រោង​ឲ្យ​អ្នក​ជំងឺ​ស្រាលៗ សម្រាក​ព្យាបាល​តាម​ផ្ទះ ព្រោះ​ខ្លាច​អត់​មាន​ពេទ្យ​ដាក់​អ្នក​ជំងឺ

ដោយ មួង ណារ៉េត
2021-04-06
RFA

លោក ហ៊ុន សែន គ្រោង​ឲ្យ​អ្នក​ជំងឺ​ស្រាលៗ សម្រាក​ព្យាបាល​តាម​ផ្ទះ ព្រោះ​ខ្លាច​អត់​មាន​ពេទ្យ​ដាក់​អ្នក​ជំងឺ

គ្រូពេទ្យ​កំពុង​ជួយ​សង្គ្រោះ​អ្នកជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ (រូប៖ ហ្វេសប៊ុកនាយកដ្ឋានចត្តាឡីស័ក)


មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​វេជ្ជសាស្ត្រ​​ គាំទ្រ​​វិធានការ​​​ព្យាបាល​អ្នក​ជំងឺ​កូវីដ-​១៩ (Covid-19) ​ស្រាលៗ និង​អ្នក​​​ជំងឺ ដែល​គ្មាន​រោគ​សញ្ញា ​នៅ​តាម​ផ្ទះ។ ប៉ុន្តែ​ពួកគេ​ជំរុញ​ឲ្យ​​រដ្ឋាភិបាល និង​គ្រូ​ពេទ្យ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​​ខ្ពស់ ទើប​​​មាន​ប្រសិទ្ធ​ភាព​ ដូច​​ការ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ។

ការ​អនុញ្ញាត​ឲ្យ​អ្នក​ជំងឺ​សម្រាក​ព្យាបាល​នៅ​តាម​ផ្ទះ​នេះ មិន​មែន​ជា​រឿង​ថ្មី​ទេ សម្រាប់​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក ដែល​មាន​អ្នក​ជំងឺ​នេះ​កើន​ឡើង​ច្រើន​សន្ធឹក​ប្រចាំ​ថ្ងៃ ដែល​ចំនួន​អ្នក​ជំងឺ​ច្រើន​ពេក រហូត​លើស​ពី​ចំនួន​គ្រែ​ពេទ្យ​នៅ​តាម​មន្ទីរពេទ្យ មណ្ឌលសុខភាព ឬ​កន្លែង​សម្រាក​ព្យាបាល។​

ទោះ​បី​ជា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល មាន​ការ​គាំទ្រ​សារ​របស់​លោក ហ៊ុន សែន ដែល​គ្រោង​ឲ្យ​អ្នក​ជំងឺ​ស្រាល​អាច​សម្រាក​ព្យាបាល​តាម​ផ្ទះ​រៀង​ខ្លួន​យ៉ាង​ណា​ក្ដី ពួកគាត់​​នៅ​តែ​បារម្ភ​ពី​សមត្ថភាព និង​ឆន្ទៈ​របស់​គ្រូ​ពេទ្យ ក្នុង​ការ​​​ថែទាំ និង​ការ​ផ្ដល់​ដំបូន្មាន សម្រាប់​អ្នក​ជំងឺ​កូវីដ១៩ នៅ​តាម​ផ្ទះ​ដែរ។

ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក អ៊ុល វ៉ាន់ យល់​ថា ជា​ការ​ល្អ ដែល​រដ្ឋាភិបាល បាន​គិតគូរ​ពី​ការ​រៀបចំ ដើម្បី​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ ស្រាលៗ នៅ​តាម​ផ្ទះ។ លោក​ ថា​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​នៅ​មណ្ឌល​ចត្តាឡីស័ក​កន្លង​មក រង​ការ​រអ៊ូ​រទាំ​ពី​ពលរដ្ឋ​ពី​ភាព​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់។ ដូច្នេះ លោក​ចង់​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល រៀបចំ​យន្តការ​យ៉ាង​ណា ធានា​ឲ្យ​បាន​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ សម្រាប់​ការ​ព្យាបាល​អ្នក​ជំងឺ​នៅ​តាម​ផ្ទះ​នេះ៖ «ជាក់​ស្ដែង​មក​ដល់​ពេល​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ហ្នឹង នៅ​មិន​ទាន់​ច្រើន រហូត​ដល់​ថ្នាក់​ថា រដ្ឋាភិបាល មិន​មាន​មន្ទីរ​ពេទ្យ​ឬ​ក៏​មិន​មាន​លទ្ធភាព​នៅ​ក្នុង​ការ​ព្យាបាល​ពួកគាត់​នៅ​មន្ទីរ​ពេទ្យ​នៅ​ឡើយ​ទេ។​សម្រាប់​​ការ​យល់​ឃើញ​របស់​ខ្ញុំ ប្រជាពលរដ្ឋ​នៅ​តែ​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​គាំពារ ការ​ព្យាបាល​សម្រាប់​អ្នក​ជំងឺ។ ពិសេស​អ្នក​ដែល​មាន​ជំងឺ​កូវីដ១៩ ហ្នឹង ដើម្បី​ឲ្យ​គាត់​មាន​សុវត្ថិភាព​ផ្នែក​រាងកាយ ក៏​ដូច​ជា មាន​ភាព​ស្ងប់​សុខ​ផ្នែក​ផ្លូវ​ចិត្ត»

គម្រោង​រៀបចំ​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ ស្រាលៗ នៅ​តាម​ផ្ទះ​នេះ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ ក្រោយ​ពេល​ស្ថានភាព​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា​កាន់​តែ​រីក​ធំ​ជា​លំដាប់។ លោក ហ៊ុន សែន ​បាន​បញ្ជា​តាម​សារ​ជា​សំឡេង នៅ​​ថ្ងៃ​ទី៦ មេសា ឱ្យ​ក្រសួង​សុខាភិបាល និង​អ្នក​ពាក់ព័ន្ធ​គិតគូរ និង​រៀបចំ​ទុក​ជា​មុន អំ​ពី​លទ្ធភាព​ផ្ដល់​ការ​ព្យាបាល​នៅ​តាម​ផ្ទះ ព្រោះ​លោក​ព្យាករ​ទុក​មុន​ថា បើ​ស្ថានភាព​នេះ​នៅ​តែ​មិន​ថមថយ មន្ទីរពេទ្យ​នានា នឹង​ពេញ​ហៀរ ទៅ​ដោយ​អ្នក​ជំងឺ​ទាំង​ស្រាល​ទាំង​ធ្ងន់។ លោក​លើក​ឡើង​ថា ក្នុង​ករណី​បែប​នេះ កម្ពុជា​នឹង​យក​វិធី​សាស្ត្រ​តាម​បណ្ដា​ប្រទេស ដែល​មាន​អ្នក​ឆ្លង​ជំងឺ​ច្រើន​ដូច​ជា នៅ​សហរដ្ឋ​អាមេរិក ប្រទេស​បារាំង​អឺរ៉ុប និង​ប្រទេស​មួយ​ចំនួន​ទៀត ដែល​មាន​អ្នក​ជំងឺ​លើស​ពី​ចំនួន​មន្ទីរ​ពេទ្យ៖ «យើង​មិន​អាច​ទទួល​អស់​ទេ ក្នុង​ករណី​មាន​ការ​កើន​ឡើង​ថែម​ទៀត អ្នក​ជា​តិច អ្នក​ចូល​ច្រើន។ ទោះ​បី យើង​រៀបចំ​មន្ទីរ​ពេទ្យ​ប៉ុន្មាន​ទៀត ក៏​វា​មិន​គ្រប់​ដែរ។ អ៊ីចឹង វិធី​ដោះស្រាយ​គឺ​មាន​តែ​ទុក​អ្នក​មាន​វិជ្ជមាន​កូវីដ១៩ ប៉ុន្តែ​ស្រាល ទុក​ព្យាបាល​នៅ​តាម​ផ្ទះ»

ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រុម​ប្រតិបត្តិ​គ្រូ​ពេទ្យ ពិនិត្យ​មើល​ស្ថាន​ភាព​​របស់​អ្នក​ជំងឺ​ឲ្យ​បាន​ច្បាស់ មុន​នឹង​សម្រេច​ចិត្ត​ថា ទុក​ឲ្យ​ព្យាបាល​នៅ​ផ្ទះ ឬ​តម្រូវ​ឲ្យ​​​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ។​ក្នុង​ករណី ស្ថានភាព​ផ្ទះ របស់​អ្នក​ជំងឺ​តូច​ ចង្អៀត ហើយ​អាច​ឆ្លង​រាលដាល​ទៅ​ក្រុម​គ្រួសារ ទោះ​ជា​​អ្នក​ជំងឺ​​ស្រាល ក៏​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែរ។ ឯ​ការ​ព្យាបាល​នៅ​តាម​ផ្ទះ នឹង​ត្រូវ​ទទួល​បាន​ការ​ឧបត្ថម្ភ​ថវិកា និង​អាហារ ដូច​នឹង​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ដែរ។

កន្លង​មក​បើ​តាម​គោល​ការណ៍​របស់​រដ្ឋាភិបាល អ្នក​ធ្វើ​ចត្តាឡីស័ក និង​សម្រាក​ព្យាបាល​ជំងឺ​នេះ​ម្នាក់ៗ ទទួល​បាន​ប្រាក់ឧបត្ថម្ភ ២ម៉ឺន​រៀល​ប្រចាំថ្ងៃ។ ថ្លៃ​សម្រាក​ព្យាបាល ជា​បន្ទុក​របស់​រដ្ឋ។

ជុំវិញ​ការ​រៀបចំ​ឲ្យ​មាន​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ នៅ​តាម​ផ្ទះ​នេះ អ្នក​ជំនាញ​វេជ្ជ​សាស្ត្រ​គាំទ្រ និង​លើក​ទឹក​ចិត្ត​ឲ្យ​អាជ្ញាធរ ប្រញាប់​ធ្វើ​បែប​នេះ ដើម្បី​ជួយ​បន្ធូរ​បន្ថយ​ភាព​តានតឹង​របស់​អ្នក​ជំងឺ និង​កាត់​បន្ថយ​ការ​ដឹក​ជញ្ជូន​អ្នក​ជំងឺ ឆ្លង​កាត់​ច្រើន​ទីតាំង​។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា លោក​វេជ្ជ​បណ្ឌិត​អ៊ូច វុឌ្ឍី សង្កេត​ឃើញ​ថា ការ​ព្យាបាល​​​អ្នក​ជំងឺ​កូវីដ១៩ នៅ​ទីតាំង​មិន​សមស្រប​មួយ​ចំនួន ដូចជា ក្នុង​​មណ្ឌល​ចត្តាឡីស័ក ឬ​ សាលា​រៀន បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ធុញ​ថប់​​ព្រួយ​បារម្ភ​ពី​​ជីវភាព​របស់​គ្រួសារ ឬ​ កូន​តូចៗ ក្នុង​បន្ទុក និង​បង្ក​ជា​បញ្ហា​ផ្លូវ​ចិត្ត​ជាដើម។ ​វេជ្ជ​បណ្ឌិត​​រូប​នេះ ជំរុញ​ឲ្យ​​អាជ្ញាធរ​មាន​សមត្ថកិច្ច ផ្ដល់​លទ្ធភាព​ឲ្យ​មន្ទីរ​ពេទ្យ និង​គ្លីនិក​​ឯកជន​ទាំង​អស់ អាច​​ធ្វើតេស្ត​និង​ជួយ​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ ដើម្បី​ជួយ​សម្រួល​បន្ទុក​មន្ទីរ​ពេទ្យ​រដ្ឋ និង​ជួយ​សម្រួល​បន្ទុក​ពលរដ្ឋ៖ «ការ​ព្យាបាល​នៅ​ផ្ទះ​ហ្នឹង គឺ​​វា​ល្អ​បំផុត​ហើយ។ យើង​មិន​គួរ​ណា​ឲ្យ​គាត់​ទៅ​ដេក​តាម​សាលា​រៀន តាម​មណ្ឌល​អ្វី​ផ្សេង ដែល​គាត់​ស្រាលៗ ហ្នឹង ធ្វើ​ឲ្យ​មាន​ស្ត្រេះ​ទៅ​វិញ​ទេ។ ទី​២ ធ្វើ​ឲ្យ​គាត់​បាត់​នូវ​ចំណូល​សេដ្ឋកិច្ច ហិរញ្ញ​វត្ថុ​គាត់​ទៀត។ គាត់​មិន​​ដឹង​ទៅ​រក​អ្វីកូន​ចៅ​នៅ​ផ្ទះ​រង់ចាំ​គាត់​ដើម្បី​រក​នេះ រក​នោះ ឲ្យ​គាត់​ហូប។ ដល់ពេល​ចុង​ក្រោយ​​ឲ្យ​គាត់​ទៅ​ដេក​​ជុំ​គ្នា​ជួន​កាល អាច​ឆ្លង​បណ្ដាក់​គ្នា​ក៏​មាន​ដែរ ហ្នឹង​ហើយ»

អ្នក​ជំងឺ​កូវីដ-១៩ នៅ​ទូទាំង​ពិភពលោក ជាង ៩៥% ជា​អ្នក​ជំងឺ​ស្រាល ដែល​មិន​ចាំបាច់​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​នោះ​ទេ។ នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន ដែល​មាន​ករណី​ឆ្លង​ជំងឺ​នេះ​ច្រើន ដូចជា នៅ​សហរដ្ឋ​អាមេរិក រដ្ឋាភិបាល​ មិន​មាន​លទ្ធភាព​ឲ្យ​អ្នក​ជំងឺ​ទាំង​អស់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះ​ដែរ លើក​លែង​តែ​អ្នក​ឈឺ​ធ្ងន់​ប៉ុណ្ណោះ។ ជា​ទូទៅ​អ្នក​ជំងឺ​ស្រាល​ជា​ច្រើន ដែល​ភាគ​ច្រើន​គ្មាន​រោគ​សញ្ញា អាច​ជា​សះ​ស្បើយ​ពី​ជំងឺ​នេះ ដោយ​មិន​ចាំបាច់​ការ​ព្យាបាល​អ្វី​នោះ​ទេ។ ពួកគាត់​គ្រាន់​តែ​សម្រាក​ឲ្យ​បាន​ច្រើន និង​ធ្វើ​ចត្តាឡីស័ក​ខ្លួន​ឯង។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ ពួកគាត់​មិន​ចាំបាច់​មាន​គ្រូពេទ្យ​ទៅ​តាម​ផ្ទះ​នោះ​ទេ។ ប៉ុន្តែ មន្រ្តី​ជំនាញ​វេជ្ជសាស្ត្រ ផ្តល់​ជា​យោបល់​តាម​រយៈ​ទូរស័ព្ទ ដោយ​ឲ្យ​អ្នក​ជំងឺ​ប្រើ​ថ្នាំ​មួយ​ចំនួន ទៅ​តាម​អាការ​អ្នក​ជំងឺ ដូច​ជា បើ​អ្នក​ជំងឺ​ក្ដៅ​ខ្លួន ឲ្យ​លេប​ថ្នាំ​បំបាត់​ក្ដៅ បើ​ក្អក ឬ​ផ្ដាសាយ​ប្រើ​ថ្នាំ​បំបាត់​ក្អក ឬ​ផ្ដាសាយ បើ​រាករូស ប្រើ​ថ្នាំ​បំបាត់​រាគ​ជា​ដើម។

ងាក​មក​ស្ថានភាព​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា​វិញ ក្រសួង​សុខាភិបាល ប្រកាស​នៅ​ថ្ងៃ​ទី៦ មេសា​ ថា មាន​បុរស​ជនជាតិ​ខ្មែរ​​ម្នាក់​ទៀត អាយុ ៣៥ឆ្នាំ នៅ​ស្រុក​មេសាង ខេត្ត​ព្រៃវែង ​ស្លាប់​ ដោយ​សារ​មេរោគ​នៃ​​កូវីដ១៩ កាល​ពី​​​ព្រឹក​ថ្ងៃ​ទី៥ មេសា គឺ​ស្លាប់​តាំង​ពី​មុន​បញ្ជូន​មក​ដល់​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត។

ចាប់​តាំង​ពី​ផ្ទុះ​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍ ២០ កុម្ភៈ​មក បណ្ដាល​ឲ្យ​កម្ពុជា​មាន​អ្នក​ស្លាប់ ដោយសារ​ជំងឺ​កូវីដ១៩ កើន​ដល់ ២២នាក់​ហើយ។ អ្នក​ជំងឺ ៥នាក់​ផ្សេង​ទៀត ស្លាប់​ពេល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នេះ ប៉ុន្តែ​ក្រសួង​សុខាភិបាល ថា ស្លាប់​ដោយសារ​មូលហេតុ​ផ្សេង។ នៅ​ថ្ងៃ​ទី៦ មេសា​នេះ​ដែរ ក្រសួង​សុខាភិបាល​រក​ឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ៧១នាក់​បន្ថែម​ទៀត ដែល​ឆ្លង​ក្នុង​សហគមន៍ និង​ម្នាក់​ជា​ករណី​នាំ​ចូល​ពី​ក្រៅ និង​មាន​អ្នក​ជា​សះ​ស្បើយ ៤៧​នាក់។

គិត​ត្រឹម​​ថ្ងៃទី៦ ខែ​មេសា​កម្ពុជា​ រក​ឃើញ​អ្នកជំងឺ​កូវីដ១៩ ចំនួន ២.៨២៤​នាក់ ហើយ។ ក្នុង​នោះ​អ្នក​ជំងឺ ២.២៩៣​នាក់ ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។ ដោយ​ឡែក​អ្នក​ជំងឺ ១.៧៩៤នាក់ បាន​ជា​សះ​ស្បើយ។ ឯ​អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​តាម​មន្ទីរ​ពេទ្យ​និង ​ទីតាំង​ព្យាបាល (សណ្ឋាគារ) មាន ១.០០៣​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment