សាលា​ក្រុង​ភ្នំពេញ​ហាម​មិន​​ឲ្យ​រៀបចំ​​​សង្ក្រាន្ត​វត្តភ្នំ​ នៅ​តាម​ខណ្ឌទាំង១៤ ក្នុង​ឱកាស​ឈប់​សម្រាក​ចូល​ឆ្នាំ​ខ្មែរ

ដោយ អាស៊ីសេរី
2021-04-07
RFA

សាលា​ក្រុង​ភ្នំពេញ​ហាម​មិន​​ឲ្យ​រៀបចំ​​​សង្ក្រាន្ត​វត្តភ្នំ​ នៅ​តាម​ខណ្ឌទាំង១៤ ក្នុង​ឱកាស​ឈប់​សម្រាក​ចូល​ឆ្នាំ​ខ្មែរ

​សាលា​រាជធានី​ភ្នំពេញ​រៀបចំ​សង្ក្រាន្ត​វត្តភ្នំ​អបអរ​ឆ្នាំ​ថ្មី កាលពី​ថ្ងៃ​ទី១៣ ខែ​មេសា ឆ្នាំ​២០១៧កន្លងទៅ។ (រូប៖អាស៊ីសេរី) រូប៖ RFA


សាលា​ក្រុង​ភ្នំពេញហាម​មិន​ឲ្យ​រៀបចំ​សង្ក្រាន្តវត្តភ្នំ នៅ​តាម​នៅ​តាម​ខណ្ឌទាំង១៤ និង​មិនអនុញ្ញាត​​ឲ្យ​​ជួបជុំ​​កម្មវិធី​កម្សាន្ត​ប្រជាប្រិយក្នុង​ឱកាស​ឈប់​សម្រាក​ចូល​ឆ្នាំ​ខ្មែរ ថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា នោះឡើយ ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរាលដាល​ជំងឺ​កូវីដ-១៩។

សេចក្ដី​ណែនាំ​របស់​សាលា​ក្រុង​ភ្នំពេញ ស្ដីពី ការ​រឹតបណ្ដឹង​ការ​អនុវត្ត​វិធានការ​សន្តិសុខ សុវត្ថិភាព​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ វិធានការ​បង្ការ ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ឱកាស​ឈប់​សម្រាក​ចូល​ឆ្នាំ​ខ្មែរ ផ្សព្វផ្សាយ ហាម​មិន​ឲ្យ​ចេញ​ដំណើរ​ក្រៅ​គេហដ្ឋាន ឬ​ពី​កន្លែង​សំណាក់​បើ​គ្មាន​ការ​ចាំបាច់ និង​ជៀសវាង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ផ្សេងៗ។ ហាម​ជួបជុំ​ប្រារព្ធ​ពិធី​កម្សាន្ត​បែប​ប្រពៃណី លើកលែង​តែ​ការ​ជួបជុំ​ក្នុង​ចំណោម​សមាជិក​គ្រួសារ​និង​សាច់ញាតិ នៅ​ក្នុង​លំនៅដ្ឋាន ឬ​ទីសំណាក់​ជាមួយ​គ្នា​ប៉ុណ្ណោះ។

ចំពោះ​នៅ​តាម​ទីវត្តអារាម ទីកន្លែង​សក្ការៈបូជា រមណីយដ្ឋាន ភោជនីដ្ឋាន​អាហារដ្ឋាន កន្លែង​អាជីវកម្ម ឬ​ទីតាំង​កម្សាន្ត​សប្បាយ​នានា​វិញ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ដោយ​ម្ចាស់​ទីតាំង​ត្រូវ​អនុវត្តដោយ​មាន​អ្នក​បាញ់​អាល់កុល វាស់​កម្ដៅ ចែក​ម៉ាស់​រួម​ទាំង​អនុវត្ត​វិធានការ​ផ្សេងៗ​ទៀត ដូចជា រក្សា​គម្លាត កំណត់​ចំនួន​អ្នក​ចេញ​ចូល ទីតាំង​មាន​ខ្យល់​អាកាស​ចេញ​ចូល​គ្រប់គ្រាន់ ជៀសវាង​ទីតាំង​បិទជិត ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ ។

សាលា​ក្រុង​បញ្ជាក់​ថា ចំណែក​ឯ​វិធានការ​ផ្អាក​ជា​បណ្ដោះ​អាសន្ន នូវ​សកម្មភាព​អាជីវកម្ម​តាម​តូប​អាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាង​ភេសជ្ជៈ គ្រឿង​ស្រវឹង និង​ភោជនីយដ្ឋាន​តាម​សណ្ឋាគារ​នៅ​តែ​បន្ត​អនុវត្ត។ រីឯ​ការ​ផ្អាក​បណ្ដោះ​អាសន្ន​នូវ​ការធ្វើចរាចរណ៍​ក្នុង​ភូមិសាស្ត្រ​រាជធានីភ្នំពេញ នៅ​ចន្លោះ​ម៉ោង​៨​យប់​ដល់​ម៉ោង​៥​ភ្លឺ ត្រូវ​បន្ត​អនុវត្ត​ជាប់​ជា​ប្រចាំ​រហូត​ដល់​អស់​សុពលភាព​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment