សំណុំ​រឿង​លោក មាស​ មុត​ មិន​ដំណើរ​ការ​ទៅមុខ​ ក្រោយ​ការ​ខ្វែង​គំនិត​របស់​អង្គបុរេ​

ខ្មែរក្រហម | តុលាការ និងច្បាប់ | ព័ត៌មានជាតិ
លោក សេង ថៃ | ០៧ មេសា ២០២១ |ម៉ោង ២១:៥១
VOD

អតីតកម្មាភិបាលខ្មែរក្រហម លោក មាស មុត។ (សាលាក្ដីខ្មែរក្រហម - ECCC)

អតីតកម្មាភិបាលខ្មែរក្រហម លោក មាស មុត។ (សាលាក្ដីខ្មែរក្រហម – ECCC)


ចៅក្រមអង្គបុរេជំនុំជម្រះ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅថ្ងៃពុ​ធនេះ មិនអាច​ស្វែងរកសំឡេង​ជាឯកច្ឆន្ទ ដើម្បីសម្រេចបញ្ជូនសំណុំរឿងរបស់អតីតកម្មាភិបាលខ្មែរក្រហម លោក មាស មុត ទៅជំនុំជម្រះបាននោះឡើយ។

លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យនៃ សាលាក្តីខ្មែរក្រហម បានពន្យល់ថា ផ្អែកតាមសេចក្តីសម្រេចនេះ សំណុំរឿងរបស់លោក មាស មុត គឺមិនដំណើរការទៅមុខទេ។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ប្រកាសថា អង្គបុរេជំរុំជម្រះមិនអាចរកសំឡេងគាំទ្រពីចៅក្រម៤រូបយ៉ាងតិច ដើម្បីចេញសេចក្ដីសម្រេចរូបទៅលើអង្គសេចក្ដី ដោយផ្អែកលើអំណាងហេតុរួមមួយបានទេ មានន័យថា មានការខ្វែងយោបល់គ្នារវាងចៅក្រមនៃអង្គបុរេជំរុំជម្រេះ មួយថាបញ្ជូនទៅជំរុំជម្រះ មួយថាមិនបញ្ជូនទៅជំនុំជម្រះ អញ្ចឹងមិនអាចមានសំឡេងគ្រប់គ្រាន់។ អ៊ីចឹងសំណុំរឿងនេះមិនអាចដំណើរការទៅមុខទេ ហើយអនុលោមទៅតាមប្រធាន ៧៧,១៣ នៃវិវាទផ្ទៃក្នុងនៃសាលាក្ដីខ្មែរក្រហម គឺសេចក្ដីសម្រេចរបស់អង្គបុរេជំនុំជម្រេះនៅពេលនេះ គឺបិទផ្លូវតវ៉ា»។

បើដូច្នេះ តើលោក មាស មុត នឹងត្រូវរួចផុតពីការចោទប្រកាន់ឬយ៉ាងណា? លោក នេត្រ ភក្ត្រា នៅមិនទាន់បកស្រាយយ៉ាងណានៅឡើយទេចំពោះសំណួរនេះ។

លោកមានប្រសាសន៍បន្ថែមថា៖ «ខ្ញុំមិនទាន់បញ្ជាក់​បន្ថែមទៀតយ៉ាងម៉េចទេ នៅចាំការសម្រេចបន្ថែមទៀត ហើយការបកស្រាយបន្ថែមទៀត ប៉ុន្តែសម្រាប់ពេលនេះ គឺអង្គបុរេជំនុំជម្រះដែលមានតួនាទីក្នុងការសម្រេចសេចក្ដីថា តើសំណុំរឿងហ្នឹងបញ្ជូនទៅជំនុំជម្រះ ឬមួយក៏លើកលែងការចោទប្រកាន់ហ្នឹង គឺមិនអាចរកសំឡេងបានទេ អ៊ីចឹងសំណុំរឿងនេះមិនដំណើរការទៅទេ បាទ»។

គួររំឭកជូនថា កាលពីចុងឆ្នាំ​២០១៨ សហចៅក្រមស៊ើប​អង្កេត​អន្តរជាតិ​ បាន​សម្រេច​បញ្ជូន​សំណុំរឿង​អតីត​កម្មាភិបាល​ខ្មែរក្រហម​ លោក ​មាស មុត​ ទៅ​​ជំនុំជម្រះ​ ដោយ​អះអាងថា​ ​មាន​​ភស្តុតាង​​គ្រប់គ្រាន់​​បញ្ជាក់​​ថា​ លោក មាស មុត​ ស្ថិត​ក្នុង​​ចំណោម​​ជន​​ដែល​​ទទួល​ខុស​ត្រូ​វ​​ខ្ពស់​​បំផុត​ក្នុង​របប​​ខ្មែរ​ក្រហម​។​ ប៉ុន្តែសហចៅក្រមស៊ើប​អង្កេត​ជាតិ បានជំទាស់ ដោយយល់ថា លោក មាស មុត មិនស្ថិតនៅក្នុងជនត្រូវចោទនិងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបខ្មែរក្រហមនោះទេ។

លោក​ មាស មុត បច្ចុប្បន្នមាន​អាយុ៨៣ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​ឈូក ខេត្ត​កំពត។ បច្ចុប្បន្ន​ លោកមាន​ទីលំនៅនៅ​ខេត្ត​បាត់ដំបង។ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ធ្លាប់​ជា​កម្មាភិបាល​ជាន់ខ្ពស់​ក្នុង​របប​ខ្មែរក្រហម ដោយ​មាន​តួនាទី​ជា​សមាជិក​គណៈ​មជ្ឈិម​បក្ស ជា​លេខាធិការ​រង ជា​លេខា​កងពល​១៦៤ (​រាប់បញ្ចូល​ទាំង​កងទ័ពជើងទឹក​) និង​ជា​លេខា​ស្វយ័ត​នៅ​កំពង់សោម​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment