សាលាក្ដីខ្មែរក្រហម​នឹង​​សម្រេច​លើបណ្តឹងរបស់​​អតីតកម្មាភិបាល​ខ្មែរក្រហម​លោក​ មាស មុត ​នៅថ្ងៃទី៧ខែមេសា

ដោយ អាស៊ីសេរី
2021-04-06
RFA

សាលាក្ដីខ្មែរក្រហម​នឹង​​សម្រេច​លើបណ្តឹងរបស់​​អតីតកម្មាភិបាល​ខ្មែរក្រហម​លោក​ មាស មុត ​នៅថ្ងៃទី៧ខែមេសា

(រូបថតពាក់អាវស) លោក មាស មុត អតីត​ជា​សមាជិក​គណៈ​មជ្ឈិម​បក្ស ជា​លេខាធិការ​រង ជា​លេខា​កងពល​១៦៤ (​រាប់បញ្ចូល​ទាំង​កងទ័ពជើងទឹក​) និង​ជា​លេខា​ស្វយ័ត​នៅ​កំពង់សោម​ផង។ រូប៖ ECCC


រឿងក្ដីដ៏ចម្រូងចម្រាស​ពាក់ព័ន្ធនឹង​ការខ្វែងយោបល់គ្នារវាងភាគីជាតិ និង​ភាគីអន្តរជាតិ​នៅសាលាក្ដីខ្មែរក្រហមរឿងបញ្ជូន ឬមិនបញ្ជូន​​សំណុំរឿង​លោក​ មាស មុត​ ទៅជំនុំជម្រះ​នោះ ​នឹង​ឃើញ​ស​ខ្មៅនៅ​ថ្ងៃទី៧ ខែមេសានេះ។

តាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហមនៅថ្ងៃទី៥ ខែមេសា អង្គបុរេជំនុំជម្រះ​នៃ​សាលាក្ដីខ្មែរក្រហម នឹង​សម្រេចលើបណ្តឹងនេះ។

កាលពីចុងឆ្នាំ ២០១៨ សហចៅក្រមស៊ើប​អង្កេត​អន្តរជាតិ​ បាន​សម្រេច​បញ្ជូន​សំណុំរឿង​អតីត​កម្មាភិបាល​ខ្មែរក្រហម​លោក ​មាស មុត​ ទៅ​​ជំនុំជម្រះ​ដោយ​លើក​ជា​សម្អាង​​ថា​ ​មាន​​ភ័ស្តុតាង​​គ្រប់គ្រាន់​​បញ្ជាក់​​ថា​ លោក មាស មុត​ ស្ថិត​ក្នុង​​ចំណោម​​ជន​​ដែល​​ទទួល​ខុស​ត្រូ​វ​​ខ្ពស់​​បំផុត ​ក្នុង​របប​​ខ្មែរ​ក្រហម​។​ ប៉ុន្តែ ​សហសហចៅក្រមស៊ើប​អង្កេត​ជាតិយ​ល់​ផ្សេង​ពី​នេះ។ ​ខាងភាគី​ជាតិថា ​លោក មាស មុត ​មិនមែន​​ស្ថិ​ត​​ក្នុ​ង​​ចំណោម​​មេដឹកនាំ​ជាន់ខ្ពស់​ ឬ ​ជា​ជន​​ម្នាក់​​ដែល​​ទទួលខុសត្រូវ​បំផុត ចំពោះ​បទឧក្រិដ្ឋ​ដែល​កើតឡើង​នៅ​ក្នុង​សម័យ​ខ្មែរក្រហម​នោះ​ឡើយ។

ការខ្វែងយោបល់គ្នានេះ ធ្វើឲ្យសហចៅក្រមស៊ើប​អង្កេត​អន្តរជាតិនិង​​ជាតិ ​មិនអា​ច​ចេញដីកា​ដំណោះស្រាយ​រួមគ្នា​បាន​ ទើប​ចេញ​ដីកាម្នាក់​មួយ​តែ​រៀងៗ​ខ្លួន។​

លោក​ មាស មុត ឆ្នាំនេះ​អាយុ ៨៣ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​ឈូក ខេត្ត​កំពត។ បច្ចុប្បន្ន​មាន​ទីលំនៅ នៅ​ខេត្ត​បាត់ដំបង។ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ធ្លាប់​ជា​កម្មាភិបាល​ជាន់ខ្ពស់​ក្នុង​របប​ខ្មែរក្រហម ដោយ​មាន​តួនាទី​ជា​សមាជិក​គណៈ​មជ្ឈិម​បក្ស ជា​លេខាធិការ​រង ជា​លេខា​កងពល​១៦៤ (​រាប់បញ្ចូល​ទាំង​កងទ័ពជើងទឹក​) និង​ជា​លេខា​ស្វយ័ត​នៅ​កំពង់សោម​ផង។

ក្រោយសហចៅក្រមស៊ើបអង្កេតអន្តរជាតិចេញដីកាឲ្យបញ្ជូនរឿងលោក មាស មុត ទៅកាត់សេចក្ដីនេះ ខាង​សហព្រះរាជអាជ្ញាជាតិជំទាស់ភ្លាម ហើយសហមេធាវីការពារក្តីលោក មាស មុត ក៏ជំទាស់។ ពួកគាត់​ដាក់ពាក្យប្តឹងទៅអង្គបុរេជំនុំជម្រះ ប្រឆាំងនឹង​ដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិនេះ។ បណ្តឹងឧទ្ធរណ៍នេះ ពួកគាត់​ដាក់កាលពីដើមខែមេសា ឆ្នាំ២០១៩។

នៅចុងខែវិច្ឆិកា ឆ្នាំ២០១៩ អង្គបុរេជំនុំជម្រះ បើកសវនាការបីថ្ងៃជាប់គ្នា​ ដើម្បីស្ដាប់អំណះអំណាងរបស់ភាគីពាក់ព័ន្ធ។ សេចក្តីសម្រេចជុំវិញរឿងនេះ តុលាការនេះនឹង​ប្រកាសនៅថ្ងៃទី៧ ខែមេសា​ នោះ។

អង្គបុរេជំនុំជម្រះ មានចៅក្រមសម្រេចក្ដីចំនួន ៧ រូប ក្នុងនោះ ៤ រូបជាចៅក្រមខ្មែរ និង​ ៣ រូប​ជាចៅក្រមអន្តរជាតិ។ មាត្រា ៧២ នៃវិធានផ្ទៃក្នុង​របស់សាលាក្ដីខ្មែរក្រហម ចែងថា សេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះ តម្រូវ​ឲ្យមានសំឡេង​គាំទ្រ​ពីចៅក្រម ៤(បួន)រូប​យ៉ាង​តិច។ សេចក្តីសម្រេចនេះ បិទផ្លូវតវ៉ា។ ប្រសិនបើអង្គបុរេ​ជំនុំជម្រះ​ មិន​អាច​រកសំឡេង​គាំទ្រ​ភាគច្រើន​តាម​តម្រូវ​ការ​មាន​ន័យថា​ដីកា ​ឬកិច្ចស៊ើបសួរ​​ ដែល​បម្រុង​​នឹង​​ធ្វើដោយ​​សហចៅក្រមស៊ើបអង្កេ​ត​ណាម្នាក់ ត្រូវ​​តែយកមកអនុវត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles