ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​អាជ្ញាធរ​ខេត្ត​កោះកុង​ថា អសមត្ថភាព​ការពារ​ព្រៃ​កោងកាង

ដោយ ម៉ៅ សុធានី
2021-04-08
RFA

ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​អាជ្ញាធរ​ខេត្ត​កោះកុង​ថា អសមត្ថភាព​ការពារ​ព្រៃ​កោងកាង

ព្រៃកោងកាងជាច្រើនហិកតារនៅជាប់ព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវគេឈូសឆាយកម្ទេចចោល និង​ចាក់ដីលុប។ រូប​ថត​​កាល​ពី​ថ្ងៃទី៦ ខែ​មេសា ឆ្នាំ​២០២១។ រូប​ថត​ផ្ដល់​ឱ្យ


ព្រៃកោងកាង​ដែល​ជា​ជម្រក​ជីវចម្រុះ​សមុទ្រ​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ជា​ប្រភព​ចំណូល​នេសាទ​របស់​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ក្នុង​ខេត្តកោះកុង កំពុង​ទទួលរង​ការ​ឈូស​កម្ទេច​ចោល​អស់​ជាច្រើន​ហិកតារ​ជា​ថ្មី​ទៀត ដើម្បី​គ្រប់គ្រង​ជា​សម្បត្តិ​ឯកជន ពី​សំណាក់​បុគ្គល​មាន​លុយ​មានអំណាច​។ ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​អាជ្ញាធរ​ខេត្ត​នេះ​ថា អសមត្ថភាព​ការពារ​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ។

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ខេត្តកោះកុង​សោកស្តាយ​ដែល​ព្រៃកោងកាង​ទំហំ​ជិត ៣០ ហិកតារ​ជាប់​ព្រែក​ខ្សាច់ ក្នុង​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ ត្រូវ​ក្រុម​ឈ្មួញ​ឈូស​បំផ្លាញ​ទាំងស្រុង​នៅ​រយៈពេល ៣​សប្តាហ៍​ចុងក្រោយ​នេះ​។ អ្នកភូមិ​បារម្ភ​ថា ទង្វើ​នេះ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ជម្រក​ត្រី​ពង​កូន បក្សាបក្សី ជីវចម្រុះ​សមុទ្រ និង​ជីវភាព​សហគមន៍​ធ្លាក់ចុះ។

ប្រជា​សហគមន៍​នេសាទ​រស់នៅ​ភូមិ​ព្រែក​ខ្សាច់ ឃុំ​ព្រែក​ខ្សាច់ លោក សែម ធី រិះគន់​ថា អាជ្ញាធរ​គ្មាន​សមត្ថភាព​ការពារ​ព្រៃកោងកាង ដែល​ជា​ប្រភព​ចំណូល​យ៉ាង​សំខាន់​របស់​ពលរដ្ឋ​ជាច្រើន​គ្រួសារ​។ លោក​ថា អ្នកភូមិ​តែង​ទទួល​ប្រយោជន៍​ពី​ព្រៃកោងកាង​តាមរយៈ ការ​នេសាទ​ត្រី ការ​រក​ក្តាម​ខ្យង និង​ការ​បម្រើ​សេវាកម្ម​ទេសចរណ៍​ជាដើម។ លោក​បារម្ភ​ថា ប្រសិន​បើ​បាត់បង់ ពួកគាត់​នឹង​គ្មាន​ទីកន្លែង​អាស្រ័យ​ផល​ចិញ្ចឹមជីវិត​ទៀត​ទេ៖ «មាន​អ្នក​បំផ្លាញ​ខ្លាំង​ណាស់​នៅ​ភូមិ​ព្រែក​ខ្សាច់​ទាំងមូល​ហ្មង​ព្រៃ​កោងកាង ប្រព្រឹត្តទៅ​សព្វថ្ងៃ​ហ្នឹង​បន្ថែម​បន្តៗ ប្រហែលជា​ចូល ១០០​ហិកតារ មិន​ស្រួល​ស្ទើរ​ទៀត ខ្ញុំ​និយាយ​ហ្នឹង​។ អស់ហើយ​វាល​ក្តៅ រកតែ​ដាក់​លប និង​រើស​ខ្យង​អត់​បាន​ហូប​ទេ។ សព្វបែបយ៉ាង​បើ​និយាយ​ពី​ព្រៃកោងកាង​ហ្នឹង តែ​ដល់​ឥលូវ​ហ្នឹង​វា​អស់ហើយ»។

រីឯ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ខេត្ត​កោះកុង លោក ថោង ច័ន្ទតារា សង្កេត​ឃើញ​ថា ក្រោយ​ពី​មានការ​រិះគន់​ខ្លាំងៗ អាជ្ញាធរ​បាន​ដកហូត​ដី​ព្រៃកោងកាង​នៅ​តំបន់​នោះ ជា​សម្បត្តិ​រដ្ឋ​វិញ ក៏ប៉ុន្តែ​មិន​បាន​ចាប់ខ្លួន​ជនល្មើស និង​អ្នក​ពាក់ព័ន្ធ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​នៅ​ឡើយ​ទេ​។ ប្រការ​នេះ​លោក​ថា ធ្វើ​ឱ្យ​ជនល្មើស​មិន​រាងចាល ហើយ​ព្រៃកោងកាង​នៅតែ​បន្ត​បាត់បង់​។ លោក​សោកស្តាយ ដែល​អាជ្ញាធរ​ធ្វេសប្រហែស និង​ខ្វះ​ការ​យកចិត្តទុកដាក់​ការពារ​សម្បត្តិ​ជាតិ៖ «ការទន្ទ្រាន​ដី​រដ្ឋ​ហ្នឹង​វា​ចេះតែ​បន្ត​គ្នា​ជា​ប្រព័ន្ធ មើលបំណាំ​គ្នា​នេះ​អាងខ្នង​នេះ ហើយ​នេះ​អាងខ្នង​នោះ​ទៅ​។ ដល់​ការបាត់បង់​ទៅ អស់​ច្រើន​ទៅៗ ហើយ​ការអនុវត្ត និង​ការពារ​ព្រៃកោងកាង​អត់​មាន​ប្រសិទ្ធភាព​ទេ​។ បើសិនជា​យើង​មិន​ធ្វើ​ឱ្យ​ស្មើគ្នា​ចំពោះមុខ​ច្បាប់ ដូច​ពលរដ្ឋ​ធម្មតា»។

អាស៊ីសេរី​មិនអាច​ទាក់ទង​អាជ្ញាធរ​ខេត្ត​កោះកុង ពី​ថ្នាក់​មូលដ្ឋាន ដល់​ថ្នាក់​ខេត្ត ដើម្បី​សាកសួរ​រឿង​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី៧ មេសា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល គ្មាន​អ្នក​លើក និង​ខ្លះទៀត​បាន​ចុច​ផ្តាច់​ទូរស័ព្ទ។ ចំណែក​អ្នកនាំពាក្យ​អយ្យការ​អម​តុលាការ​ខេត្តកោះកុង លោក អ៊ុន សុវណ្ណ​ធានី ក៏​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​បាន​ដែរ។

ក៏ប៉ុន្តែ​អ្នកនាំពាក្យ​នៃ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ចាត់ទុក​ការរិះគន់​ទាំងឡាយ​របស់​មន្ត្រី​សង្គម​ស៊ីវិល ដើម្បី​ប្រយោជន៍​ផ្សេង ពុំ​មែន​ជា​កិច្ច​គាំពារ​បរិស្ថាន​នោះ​ទេ​។ លោក​ថ្លែង​ការពារ​ថា រដ្ឋបាល​ខេត្ត​កោះកុង​បាន​យកចិត្ត​ទុក​ខ្ពស់ ការពារ​ព្រៃកោងកាង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍៖ «ខ្ញុំ​មិន​ច្បាស់​ទេ​កន្លែង​ដែល​ឈូស​ឆាយ តែ​សម្តេច ហ៊ុន សែន ក៏ដូចជា​ឯកឧត្តម សាយ សំអាល់ គឺ​គេ​យកចិត្តទុកដាក់​ណាស់ ក្នុង​សាច់រឿង​ហ្នឹង»។

តែ​ទោះ​យ៉ាងណា មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ ខេត្ត​កោះកុង លោក ហ៊ូរ អ៊ីន ពន្យល់​ថា ព្រៃកោងកាង​ជា​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ ប្រសិនបើ​បុគ្គល​ណា​បំពាន ជា​ទង្វើ​ល្មើសច្បាប់​។ លោក​ថា លោក​មិន​ដែល​ឃើញ អាជ្ញាធរ​មាន​ចំណាត់ការ​ច្បាប់ ចំពោះ​បុគ្គល​មាន​លុយ មានអំណាច​ដែល​រំលោភ​យក​ដី​ព្រៃកោងកាង​នោះ​ទេ គ្រាន់តែ​តម្រូវ​ឱ្យ​កាយ​ដី​ចេញ ទទួល​ស្គាល់​កំហុស និង​តម្រូវ​ឱ្យ​ដាំ​កូន​កោង​កាង​ឡើងវិញ​តែប៉ុណ្ណោះ​។ លោក​ថា អាជ្ញាធរ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ ដែល​មាន​ន័យថា ច្បាប់​អាច​អនុវត្ត​បានតែ​ចំពោះ​ពលរដ្ឋ​សាមញ្ញ៖ «តែ​អ្នក​ដែល​មាន​លុយ អ្នក​មាន​អំណាច ឬ​បក្សពួក​អ្នក​មាន​អំណាច​ត្រូវ​បាន​លើកលែង អ៊ីចឹង​វា​បង្ហាញ​ពី​ភាព​អយុត្តិធម៌​ក្នុង​សង្គម ហើយ​នៅពេល​បង្ហាញ​ពី​ភាព​អយុត្តិធម៌​អ៊ីចឹង វា​អាច​ជា​ការ​លើកទឹកចិត្ត និង​បង្ហាញ​ឱ្យ​អ្នកមាន​លុយ មាន​អំណាច​ផ្សេងទៀត អត់​ខ្លាច​ក្នុង​ការ​ប្រព្រឹត្ត​ទង្វើ​បែប​ហ្នឹង​ទេ​។ អ៊ីចឹង​វា​ធ្វើ​ឱ្យ​ព្រៃ​កោងកាង នៅតែ​បន្ត​ការ​រំលោភ​យក»។

កាល​ពី​ខែ​មីនា​កន្លង​ទៅ រដ្ឋបាល​ខេត្តកោះកុង​សម្រេច​ដក​ហូត​ព្រៃកោងកាង​ពី​ឈ្មួញ​ឈ្មោះ លាង ហ៊ីម ទំហំ ១២​ហិកតារ ឋិត​នៅ​ជាប់ដៃ​ព្រែក​ពាម​ក្រសោប នៃ​ឃុំ​ទួល​គគីរ ស្រុក​មណ្ឌលសីមា​។ ចំណាត់ការ​របស់​អាជ្ញាធរ​ធ្វើ​ឡើង បន្ទាប់ពី​ឈ្មួញ​រូប​នេះ ចាក់​ដី​លុប​ព្រៃកោងកាង​អស់​មួយ​ផ្នែក​ធំ។

មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា បើ​ទោះ​បី​ជា​ទង្វើ​នេះ ជា​បទល្មើស​ឧក្រិដ្ឋ​ក្តី តែ​ក្រុម​ឈ្មួញ និង​អាជ្ញាធរ​ខិលខូច នៅតែ​គ្មាន​ទោសទណ្ឌ​ដែរ​។ លើស​ពី​នេះ នៅ​ខេត្តកោះកុង មាន​ព្រៃកោងកាង ជាច្រើន​តំបន់​ទៀត ក៏​ទទួលរង​ការ​ចាក់ដី​លុប​បែប​អនាធិបតេយ្យ ដោយសារ​ទីផ្សារ​ដី​ឡើងថ្លៃ​ខ្ពស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment