មន្ត្រី​សហជីព​បារម្ភ​ពី​ការ​ឆ្លង​កូវីដ​ក្នុង​ចំណោម​កម្មករ​រោងចក្រ បន្ទាប់​មាន​ឆ្លង​កម្មករ​ប្រមាណ​ ៥០​នាក់

ដោយ ខែ សុណង
2021-04-08
RFA

មន្ត្រី​សហជីព​បារម្ភ​ពី​ការ​ឆ្លង​កូវីដ​ក្នុង​ចំណោម​កម្មករ​រោងចក្រ បន្ទាប់​មាន​ឆ្លង​កម្មករ​ប្រមាណ​ ៥០​នាក់

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះជួប​កម្មករ​រោងចក្រ នា​ពេល​កន្លង​ទៅ។ រូប​ពី​ហ្វេសប៊ុក


មន្ត្រី​សហជីព​ព្រួយ​បារម្ភ​ពី​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ បន្ថែម​ទៀត មក​លើ​ក្រុម​កម្មករ​ធ្វើការ​ក្នុង​វិស័យ​កាត់ដេរ​។ ក្ដី​បារម្ភ​នេះ កើតឡើង​បន្ទាប់ពី អាជ្ញាធរ​បញ្ជាក់​ថា កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រមាណ​ ៥០​នាក់ កើត​ជំងឺ​កូវីដ-១៩។ រីឯ​កម្មករ​រាប់​ពាន់​នាក់​ទៀត​បន្ត​ធ្វើ​តេស្ដ និង​កំពុង​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក នៅ​យប់​ថ្ងៃទី​៧ មេសា។

មន្ត្រី​សហជីព​អំពាវនាវ​ឲ្យ​ថៅកែ​រោងចក្រ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពង្រឹង​វិធានការ​ការពារ​កុំ​ឲ្យ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ លើ​ក្រុម​កម្មករ ដែល​បន្ត​ធ្វើ​ការ​ប្រមូល​ផ្ដុំ​គ្នា​ច្រើន​មាន​ហានិភ័យ​ខ្ពស់។

ប្រធាន​សម្ព័ន្ធ​សហជីព​ស៊ីខៅឌូ (CCAWDU) លោក គង់ អាទិត្យ មាន​ប្រសាសន៍​នៅ​យប់​ថ្ងៃទី​៧ មេសា​ថា ការ​ផ្ទុះ​ជំងឺ​កូវីដ-១៩ មក​លើ​ក្រុម​កម្មករ​ជា​ថ្មី​ទៀត​នេះ នាំ​ឲ្យ​មាន​ក្ដី​បារម្ភ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​។ លោក​ថា ស្ថានភាព​កម្មករ​បច្ចុប្បន្ន​នៅ​តែ​បន្ត​សកម្មភាព​ការងារ​ដូច​ធម្មតា​ដដែល ពោល​គឺ​ពួកគាត់​ត្រូវ​ជិះ​រថយន្ត​ទៅ​ធ្វើ​ការ​ប្រជ្រៀត​គ្នា និង​មិន​អាច​រក្សា​គម្លាត​បាន​ក្នុង​ពេល​បំពេញការងារ​ជាដើម​។ លោក គង់ អាទិត្យ បន្ត​ថា ករណី​រក​ឃើញ​អ្នក​ឆ្លង​ប្រមាណ​ ៥០​នាក់ ក្នុងចំណោម​កម្មករ​ជាង​ ២​ពាន់​ ៥​រយ​នាក់​ពេលនេះ គឺជា​កត្តា​ព្រួយបារម្ភ​មួយ ព្រោះ​អាច​នឹង​រក​ឃើញ​អ្នក​ឆ្លង​ច្រើន​នាក់​បន្ថែម​ទៀត៖ «គេ​អោយ​សម្រាក​បណ្ដើរៗ អ្នកខ្លះ​ទៅ​ចត្តាឡីស័ក​នៅ​ផ្ទះ​ទៅ អ្នកខ្លះ​នៅ​សាលារៀន​អី​ទៅ អ្នក​ដែល​ឆ្លង​គេ​យក​ទៅ​ព្យាបាល​ទៅ​ហើយ​បន្ត​ធ្វើ​តេស្ដ​កំហាក​អី​ទៀត​អ៊ីចឹង មក​ដល់​ម៉ោង​នេះ​គេ​ឲ្យ​សម្រាក​មួយ​រយៈ​សិន មិនទាន់​សម្រេច​គ្នា​ឲ្យ​ច្បាស់​ទេ​ថា ដូច​ជាមួយ​ជំហានៗ​ អ៊ីចឹង​​ទៅ»។

ការ​លើក​ឡើង​នេះ ធ្វើឡើង​ក្រោយពី​មន្ត្រី​សុខាភិបាល​រក​ឃើញ​ថា កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​នៅ​រោងចក្រ ឌីន ហាន (DIN HAN) ស្ថិតនៅ​ផ្លូវ​ឌួងងៀប​២ ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ប្រមាណ​ ៥០​នាក់ មាន​ជំងឺ​ក​វីដ​-១៩ និង​ជាង​ ២​ពាន់ ​៥​រយ​នាក់​ទៀត កំពុង​បន្ត​ធ្វើ​តេស្ត និង​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក កាល​ពី​យប់​ថ្ងៃ​ទី​៧ ខែ​មេសា។

ទាក់ទង​ការ​ឆ្លង​ជំងឺ​កូវីដ​ចូលក្នុង​រោងចក្រ​នេះ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​តាមរយៈ​សារ​សំឡេង​ចែកចាយ​លើ​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) មន្ត្រី​ព័ត៌មាន​សាធារណៈ ជំរុញ​ឲ្យ​កម្មករ​ក្នុង​រោងចក្រ​នេះ​ទាំងអស់​ចូលខ្លួន​ធ្វើតេស្ត​រក​មេរោគ​នេះ​ជាបន្ទាន់ ពុំ​ដូច្នេះ​ទេ ពួកគេ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ធ្វើ​ការ​វិញ​ឡើយ​៖ «​បុគ្គល​ដែល​មិន​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល​ដើម្បី​យក​សំណាក​ទៅ​វិភាគ​នោះ​គឺ​អាច​ប្រឈម​ជាមួយ​ការ​ផាកពិន័យ​អន្តរ​កាលពី​ ១​លាន​រៀល ទៅ ​៥​លាន​រៀល ទោះបីជា​មានការ​ពិន័យ​ក៏ដោយ ក៏​បុគ្គល​នោះ​ក៏​មិន​អាច​រួចផុត​ពី​កាតព្វកិច្ច​ដែល​ត្រូវធ្វើ​សំណាក​ដដែល​ទេ»។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ ក្នុងចំណោម កម្មករ​រោងចក្រ​​បាន​នៅ​ឡើយ​ទេ កាលពី​យប់​ថ្ងៃទី៧ ខែមេសា​។ ក៏ប៉ុន្តែ​ភ្នាក់ងារ​សារព័ត៌មាន រ៉យទ័រ (Reuters) របស់​អង់គ្លេស បាន​ស្រង់​ប្រសាសន៍​លោក​ថា រដ្ឋាភិបាល​មាន​ផែនការ​បង្កើន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ក្នុង​ចំណោម​កម្មករ​រោងចក្រ​ឲ្យ​បាន​ពី ១​ពាន់​នាក់ ទៅ​ ១​ពាន់ ២​រយ​នាក់​ក្នុង​មួយថ្ងៃ នៅ​តាម​មណ្ឌល​ចាក់​វ៉ាក់សាំង​នីមួយៗ​។ លោក​បន្ថែម​ថា រដ្ឋាភិបាល​គ្រោង​បង្កើត​មណ្ឌល​ចាក់​វ៉ាក់សាំង​នៅ ​១០​កន្លែង​ផ្សេងទៀត ដើម្បី​ដាក់​គោលដៅ​ចាក់​វ៉ាក់សាំង​ដល់​កម្មករ​ឲ្យ​បាន ១​ម៉ឺន​នាក់ ទៅ ១​ម៉ឺន​ ២​ពាន់​នាក់​ក្នុង​មួយថ្ងៃ។

កម្ពុជា​មាន​កម្មករ​បម្រើ​ការងារ​ក្នុង​វិស័យ​រោងចក្រ សរុប​ចំនួន​ជាង ៨​សែន ៥​ម៉ឺន​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី។

នៅ​ថ្ងៃទី​៧ មេសា ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​១៩ ចំនួន​ ៩១​នាក់​។ ក្នុង​នោះ​មាន ​៩០​នាក់ ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ និង​ម្នាក់​ជា​ជនជាតិ​ឥណ្ឌូនេស៊ី​ ដែល​ជា​អ្នកដំណើរ​មកពី​ក្រៅប្រទេស​។ ចំណែក​អ្នកជា​សះស្បើយ មាន ចំនួន​ ៣០​នាក់​។ ចំនួន​នេះ​មិន​រាប់​បញ្ចូល​កម្មករ​ប្រមាណ​ ៥០​នាក់ ដែល​ទើប​រក​ឃើញ​ឆ្លង​ថ្មី​នៅ​យប់​ថ្ងៃទី​៧ ខែមេសា​នោះ​ទេ​។ ចំនួន​នេះ ធ្វើ​ឲ្យ​តួលេខ​អ្នក​ឆ្លង​ជំងឺ​នេះ​នៅ​ទូទាំង​ប្រទេស សរុប​កើន​ឡើង​ដល់​ជិត ៣​ពាន់​នាក់ ក្នុង​នោះ អ្នក​កំពុង​ព្យាបាល​មាន​ចំនួន​ជាង ១​ពាន់​នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ២២​នាក់។

នៅ​ថ្ងៃ​ដដែល​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​ស្ថានទូត​ថា ទិវា​សុខភាព​ពិភពលោក​ឆ្នាំ​២០២១ នេះ អាមេរិក​រួមចំណែក​ថវិកា​ចំនួន ៤​ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូវីដ-១៩ សម្រាប់​ផ្តល់​ជូន​ពិភពលោក​ទាំងមូល តាមរយៈ​កម្មវិធី​កូវ៉ាក់ (COVAX) របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​ក្នុង​នោះ​កម្ពុជា​ក៏​ទទួល​បាន​ប្រយោជន៍​ពី​កម្មវិធី​នេះ​ដែរ។

ទាក់ទង​នឹង​រឿង​វ៉ាក់សាំង​នេះ ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាំង​មន្ត្រី​ក្រោម​ឱវាទ​លោក បាន​ព្រមាន និង​បង្ខំ​ឲ្យ​មន្ត្រីរាជការ​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់គ្នា ពុំ​នោះ​ទេ នឹង​ប្រឈម​បាត់បង់​ការងារ ឬ​ដក​ចេញពី​ក្របខណ្ឌ​រដ្ឋ។

ទាក់ទង​នឹង​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នេះ​ដែរ នៅ​អធ្រាត្រ​ថ្ងៃ​៧ មេសា​ដដែល អាជីវករ​និង​សន្តិសុខ​នៅ​ផ្សារ​អូរឫស្សី ជាង​៥០​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូវីដ ជា​បន្តបន្ទាប់​។​

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា គិត​ចាប់ពី​ការ​ផ្ទុះ​ឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ផ្សារ​អូរឫស្សី មក មាន​អាជីវករ សន្តិសុខ បុគ្គលិក​បម្រើ​ការងារ និង​គ្រួសារ​របស់​ពួកគេ​សរុប​ជាង ១០០​នាក់​ហើយ ដែល​បាន​រក​ឃើញ​ផ្ទុក​ជំងឺ​នេះ ហើយ​អាជ្ញាធរ​បន្ត​បិទ​ផ្សារ​នេះ​មួយរយៈ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment