រដ្ឋាភិបាល​ចិន​ប្ដេជ្ញា​រឹតចំណង​មិត្តភាព​ជាមួយ​កម្ពុជា​អមតៈ

ដោយ សន ចាន់រដ្ឋា
2021-04-08
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋាភិបាល​ចិន​ប្ដេជ្ញា​រឹតចំណង​មិត្តភាព​ជាមួយ​កម្ពុជា​អមតៈ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ក្នុង​ជំនួប​ជាមួយ​លោក ស៊ី ជីនពីន ប្រធានាធិបតីចិន នា​​ទីក្រុង​ប៉េកាំង ប្រទេសចិន កាល​ពី​ថ្ងៃ​ទី១៥​ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo AFP


សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ចេញមុខ​ជួយ​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី ដែល​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ ១៩ លើ​វិស័យ​សេដ្ឋកិច្ច ការទូត និង​យោធា ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ដែរ​។ ប្រការ​នេះ អាច​ជា​ការ​ចូល​ជ្រៀតជ្រែក​នយោបាយ​ផ្ទៃក្នុង​របស់​កម្ពុជា ដើម្បី​ពង្រីក​ឥទ្ធិពល និង​ផល​ប្រយោជន៍​របស់​ខ្លួន។ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បាន​បង្ហោះ​សារ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ដាស​តឿន​ឱ្យ​របប​ក្រុងភ្នំពេញ កុំ​ភ្លេច​ដឹងគុណ​ដល់​អ្នករក្សា​សន្តិភាព ជាពិសេស​គឺ​យោធា​ចិន​បាន​បំពេញ​បេសកកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​តាំង​ពី​ទសវត្សរ៍​ទី ៩០។

តើ​ឥទ្ធិពល​របស់​ចិន មាន​ទំនាក់​ទង​ដូចម្តេច​ខ្លះ​? ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន?

អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កម្ពុជា​មាន​ទំនាក់ទំនង​មិត្តភាព​ជាមួយ​ចិន​ចាក់ទឹកមិនលិច​។ ទំនាក់ទំនង​នោះ​មាន​ដូចជា​ការ​ផ្ដល់​ទីកន្លែង​ដល់​អតីត​ព្រះមហាក្សត្រ​ខ្មែរ នរោត្តម សីហនុ ក្រោយ​រដ្ឋប្រហារ​ទម្លាក់​ពី​ដំណែង​របស់​សេនាប្រមុខ លន់ ណុល ការ​គាំទ្រ​របប​ដឹកនាំ​ខ្មែរក្រហម​ឱ្យ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រល័យ​ពូជ​សាសន៍ ហើយ​បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ងាក​មក​គាំទ្រ​របប ក្រុង​ភ្នំពេញ​របស់​លោក ហ៊ុន សែន ម្តង​ទៀត។

ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ចិន ហាក់​មិន​ខ្វល់​ពី​ការ​គោរព​សិទ្ធិមនុស្ស និង​ច្បាប់​របស់​កម្ពុជា​នោះ​ទេ ពោល​គឺ​គេ​គិតតែ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​និង​ប្រទេស ដើម្បី​ផលប្រយោជន៍​របស់​ខ្លួន​។ ក្រោម​រូបភាព​ការ​អភិវឌ្ឍ លើ​ដី​ក៏​ហិន ក្រោម​ដី​ក៏​ហោច ឈូស​ឆាយ​ព្រៃឈើ លុប​បឹង ទន្លេ សមុទ្រ លើស​ពី​នេះ ប្រទេស​ចិន​ជួយ​កម្ពុជា ក្នុង​ទម្រង់​ជា​ការ​វិនិយោគ ឥណទាន​ប្រាក់កម្ចី​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ជា​ថ្នូរ​មកវិញ​រដ្ឋាភិបាល​ធ្វើការ​សម្បទាន​ឱ្យ​ក្រុមហ៊ុន​ចិន​ដែល​អាច​មាន​រយៈពេល ៩៩ ឆ្នាំ ហើយ​ការ​បើកដៃ​ឱ្យ​វិនិយោគ​ចិន​ចូល​មកនេះ បង្ក​ឱ្យ​មាន​ការរំលោភ​យក​ដី​ធ្លី​របស់​ប្រជាពលរដ្ឋ ការ​បណ្ដេញ​ចេញពី​លំនៅឋាន វិនាសកម្ម​ព្រៃឈើ និង​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ។

លោក ហ៊ុន សែន លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ខ្ចី​លុយ​ចិន ដើម្បី​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ចាត់​ទុក​ការរិះគន់​ទាំងឡាយ ជា​ការ​បន្ទច់បង្អាក់​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន​។ តែ​លោក​ថា កម្ពុជា​បច្ចុប្បន្ន​មិនមែន​ខ្ចី​តែ​ប្រទេស​ចិន​នោះ​ទេ គឺ​បាន​ខ្ចី​ពី​ប្រទេស​ជា​មិត្ត និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​ថែមទៀត ការខ្ចី​នេះ​ទៀតសោត កម្ពុជា​បាន​គិត​គូរ​ល្អិតល្អន់ និង​ច្បាស់លាស់​ណាស់ ហើយ​ប្រាក់កម្ចី​ដែល​កម្ពុជា​ខ្ចី​មាន​អត្រា​ការប្រាក់​ទាប​៖ «ធនាគារពិភពលោក​ត្រឹម​ឱ្យ​យើង ១​ពាន់​លាន​ដុល្លា (១០០០ធនាគារ​អាស៊ី ៦ រយ​លាន (៦០០ជប៉ុន​ក៏​មាន​មួយ​ផ្នែក ចិន​ក៏​មាន​មួយ​ផ្នែក ធនាគារ​អឺរ៉ុប​ក៏​មាន​មួយ​ផ្នែក បារាំង និង​អង់គ្លេស​ក៏​មាន​មួយ​ផ្នែក​អាហ្នឹង​វា​គឺជា​តម្រូវការ»។

ការ​លើកឡើង​របស់​លោក ហ៊ុន សែន បែបនេះ ត្រូវ​បាន​អ្នកវិភាគ​មើល​ឃើញ​ថា ទង្វើ​របស់​ចិន​ហាក់​ងប់ងុល​នូវ​អន្ទាក់​ដើម្បី​ធ្វើ​អាណានិគម​លើ​កម្ពុជា ជា​ប្រយោល​តាមរយៈ​ការ​ផ្តល់​កម្ចី​ដ៏​ច្រើន​លើសលុប​។ ផ្អែក​តាម​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញផ្សាយ​កាល​ពី​ឆ្នាំ​២០២០ កម្ពុជា​ជំពាក់​ចិន​ដល់​ទៅ​ជាង ៣.៧០០​លាន​ដុល្លារ ឬ​ស្មើនឹង​ជិត ៤៧ ភាគរយ​នៃ​ទំហំ​បំណុល​សរុប​ដែល​កម្ពុជា​ជំពាក់​បរទេស​។ លុយ​ដែល​ខ្ចី​ពី​ចិន​ភាគច្រើន​ផ្ដោត​លើ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និង​ស្ពាន ជាដើម។

របប​ក្រុងភ្នំពេញ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បង្ហាញ​គោល​ជំហរ​ចេញមុខ​ការពារ​របប​ក្រុង​ប៉េកាំង ដែល​ប្រកាន់​លទ្ធិកុម្មុយនិស្ត។

ការ​លើកឡើង​នេះ​បន្ទាប់​ពី មន្ត្រី​គ្រាក់ៗ​របប​ក្រុងភ្នំពេញ​បាន​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​ទណ្ឌកម្ម​អាមេរិក​លើ​ក្រុមហ៊ុន​ចិន យូឌីជី (UDG) Union Development Group) ដែល​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍ​ខ្នាត​ធំ​នៅ​ខេត្តកោះកុង ដោយសារតែ​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស និង​ដីធ្លី កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២០។

លោក ហ៊ុន សែន ចាត់ទុក​ថា របាយការណ៍​របស់​អាមេរិក​ជា​ទណ្ឌកម្ម​ប្រជែង​ឥទ្ធិពល​នយោបាយ​មក​លើ​កម្ពុជា និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​។ ទោះបីជា​យ៉ាងណា​អ្នកឃ្លាំមើល​បរិស្ថាន និង​មន្ត្រី​សង្គម​ស៊ីវិល​វិភាគ​ថា នេះ​ជា​ការ​ជួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ​របស់​ក្រុមហ៊ុន​បរទេស ជះឥទ្ធិពល​មក​លើ​រដ្ឋាភិបាល​កម្ពុជា។ ជំនួយ​របស់​ចិន​មក​កម្ពុជា ក៏ដូចជា​ជំនួយ​របស់​ចិន​ដល់​លើ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ដទៃ​ដែរ ផ្ដោត​សំខាន់​ទៅលើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ បំណង​អាច​ដឹកជញ្ជូន​ធនធាន​ធម្មជាតិ រួមមាន លោហធាតុ រ៉ែ​មាស ថ្ម​ម៉ាប និង រ៉ែ​ដែក ជាដើម ទៅកាន់​ប្រទេស​ចិន។

ក្រោម​ហេតុផល​ដើម្បី​រក្សា​សន្តិសុខ​ប្រទេស​ជា​មិត្ត​ក្នុង​តំបន់ ចិន​បាន​ពង្រីក​វត្តមាន​យោធា​របស់​ខ្លួន​នៅ​កម្ពុជា​ដោយ​តម្កើងខ្លួន​ថា អ្នក​បង្កើត​សន្តិភាព ក្នុង​នាម​ជា​បងធំ​ចាំ​កាង​ការពារ​កម្ពុជា​មិន​ឱ្យ​ប្រទេស​ទី​បី​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ដាច់ខាត។

ជា​ការ​ដឹងគុណ​ចំពោះ​មហាមិត្ត​ដែកថែប​ចិន ហាក់ជា​ការ​សង​មក​សហរដ្ឋអាមេរិក​វិញ នូវ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រីជាន់ខ្ពស់​នៃ​របប​សន្តិភាព​ក្រុងភ្នំពេញ អគារ​មួយ​ក្នុង​ចំណោម​អគារ​ជាច្រើន​នៅក្នុង​មូលដ្ឋានទ័ព​រាម ដែល​សង់​ដោយ​ថវិកា​ជំនួយ​របស់​សហរដ្ឋអាមេរិក​កាលពី​ខែ សីហា​ឆ្នាំ ២០១២​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​កម្ទេច​ចោល កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២០​។ ការ​បំផ្លាញ​អគារ ដែល​ជា​ជំនួយ​ថវិកា​របស់​សហរដ្ឋអាមេរិក ទំនងជា​រដ្ឋាភិបាល របស់​លោក ហ៊ុន សែន ចង់​បង្ហាញ​ប្រាប់​ភក្ដីភាព​របស់​ខ្លួន ដល់​ចិន​ពី​ចំណង​មិត្តភាព​អមតៈ ស្ថានទូត​ចិន តែងតែ​បង្ហោះ​សារ​ជារឿយៗ។

ចំណែក​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ថា ការ​វាយកម្ទេច​អគារ​ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក​គឺជា​សញ្ញា​បង្ហាញ​កាន់តែ​ច្បាស់​បន្ថែម​ទៀត​ពី​ទំហំ​នៃ​ទំនាក់ទំនង​របស់​ចិន​ទៅ​ក្នុង​វិស័យ​យោធា​មក​លើ​កម្ពុជា។

ហេតុផល​ដែល​ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន ខំប្រឹង​រណប​អែបអប​ចិន ដើម្បី​ឲ្យ​ជួយ​គាំទ្រ និង​ការពារ​អំណាច មិន​ស្របច្បាប់​របស់​ខ្លួន បាន​មក​ពី​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នោះ គឺជា​ការ​នាំ​ទុក្ខ​មកដល់​ពលរដ្ឋ​ខ្មែរ​ទាំងមូល​។ អ្វី​ដែល​របប​នេះ កំពុង​ធ្វើ​សព្វថ្ងៃ គឺជា​ជំងឺ​តួឯក​ដើរ​បញ្ច្រាសទិស​នៃ​គោលការណ៍​អន្តរជាតិ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ​មិន​ទទួលស្គាល់ និង​មិនអាច​ទទួល​យក​បាន ធ្វើ​ឱ្យ​របប​លោក ហ៊ុន សែន កាន់តែ​ឯកោ បាក់មុខ​លើ​ឆាក​អន្តរជាតិ​។ លើស​ពី​នេះ​ទៀត អ្វី​ដែល​គ្រោះថ្នាក់​បំផុត របប​លោក ហ៊ុន សែន គឺ​បម្រើ​តែ​បក្សពួក និង​ក្រុម​របស់​ខ្លួន ប្រែក្លាយ​ប្រទេស​កម្ពុជា ជា​អាណាចក្រ​គ្រួសារ និង​បក្សពួកនិយម​ផ្ដាច់មុខ ពិបាក​ឲ្យ​អ្នកដទៃ​ចូល​ចុះ ប្រយោជន៍​សេដ្ឋកិច្ច ប្រយោជន៍​សង្គម បរិស្ថាន​ជាដើម ត្រូវ​គេ​យក​ទៅ​ជាន់ឈ្លី ហើយ​បម្រើ​តែ​ប្រយោជន៍​ក្រុម​បុគ្គល​។ អ្វីៗ ក្លាយជា​ទំនាស់​រវាង​ក្រុម​លោក ហ៊ុន សែន និង​គោលការណ៍​ជា​អន្តរជាតិ ដែល​គេ​មិនអាច​លូកដៃ​ធ្វើ​ទំនាក់ទំនង​បានជា​មួយ​ក្រុម​លោក ហ៊ុន សែន។

សរុប​សេចក្ដី​មក​ឃើញ​ថា គុណ​ស្រ័យ​របស់​រដ្ឋអំណាច​ចិន​ស្ទើរតែ​គ្មាន​ផលប្រយោជន៍​អ្វី​ដល់​ប្រជាជន​កម្ពុជា​នោះ​ទេ ផ្ទុយទៅវិញ​ចិន​បាន​ខិតខំ​ការពារ​អំណាច​ផ្ដាច់ការ​នៃ​របប​ក្រុងភ្នំពេញ​ដើម្បី​បាន​មូលដ្ឋាន​សម្រាប់​តាំង​កងទ័ព សម្រាប់​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ប្រទេស​លោកខាងលិច​តែ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment