ដោយ សុជីវី
2021-04-08
RFA

(ឆ្វេង) អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវលោក ហ៊ុន សែន បង្ក្រាបចាប់តាំងពីឆ្នាំ២០១៧ មក។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន និងប័ណ្ណប្រកាសរបស់អាជ្ញាធរភ្នំពេញ
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ផ្ញើជូនពរប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះ ដោយបង្ហាញមោទនភាពជុំវិញការបង្ក្រាបក្រុមអ្នកនយោបាយបក្សប្រឆាំង។ លោកនៅតែចាត់ទុកក្រុមបក្សប្រឆាំងនិងប្រជាពលរដ្ឋ ដែលមាននិន្នាការផ្ទុយពីគណបក្សកាន់អំណាចរបស់លោកថា ជាក្រុមចង់បំផ្លាញសន្តិភាពដែលលោកត្រូវតែបង្ក្រាប។ មន្ត្រីបក្សប្រឆាំងចាត់ទុកសារនេះថា ជាការធ្វើឱ្យបែកបាក់សាមគ្គីជាតិកាន់តែខ្លាំង។
ស្របពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិកាន់តែខិតជិតមកដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារលិខិតជូនពរព្រះមហាក្សត្រ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅ។ ប៉ុន្តែសារលិខិតនោះពោរពេញទៅដោយការលើកសរសើរនូវអ្វីដែលលោកហៅថា ជាជោគជ័យផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍ ដែលរដ្ឋាភិបាលលោកសម្រេចបាន ហើយក៏មានដែរនូវការកម្ចាត់ក្រុមអ្នកនយោបាយបក្សប្រឆាំង។
លោក ហ៊ុន សែន បានរៀបរាប់នៅក្នុងសារនោះថា នៅឆ្នាំឆ្លូវខាងមុខនេះ របបរបស់លោកនឹងប្រឹងប្រែងកសាងជាតិឱ្យរីកចំរើនគ្រប់វិស័យបន្ថែមទៀត ហើយបន្តការពារសន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិ និងទប់ស្កាត់ការជ្រៀតជ្រែកកិច្ចផ្ទៃក្នុងរបស់កម្ពុជា។ ប៉ុន្តែមេដឹកនាំរបបឯកបក្សរូបនេះ នៅតែចាត់ទុកប្រជាពលរដ្ឋដែលមាននិន្នាការផ្ទុយពីគណបក្សកាន់អំណាច និងក្រុមបក្សសកម្មជនប្រឆាំងថា ជាក្រុមបដិវត្តន៍ពណ៌ ក្រុមញុះញង់ ធ្វើឱ្យមានចលាចលនៅក្នុងសង្គម។ លោក ហ៊ុន សែន បានព្រមាននៅក្នុងលិខិតទៀតថា របបរបស់លោកនឹងទប់ស្កាត់គ្រប់បែបយ៉ាងមិនឱ្យក្រុមទាំងនេះធ្វើសកម្មភាពបានឡើយ ក្រោមពាក្យថា រក្សាសន្តិភាព និងឯករាជ្យជាតិ កុំឱ្យប្រជាពលរដ្ឋជួបគ្រោះមហន្តរាយ។
ទោះជាយ៉ាងណា សារនយោបាយបែបនេះរបស់លោក ហ៊ុន សែន មិនទទួលបានការស្វាគមន៍ពីអង្គការសង្គមស៊ីវិល និងពលរដ្ឋដែលមានទស្សនៈផ្ទុយនោះឡើយ។
ប្រធានគណបក្សសង្គ្រោះជាតិប្រចាំទីក្រុងបាងកក លោក ឃ្លាំង ប៊ុនឡាយ ប្រាប់អាស៊ីសេរីថា សារនេះសបញ្ជាក់ថា លោកហ៊ុន សែន មានចេតនាបំបែកបំបាក់សាមគ្គីជាតិ ដោយសារខ្លាចស្រមោលគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ហើយធ្វើឱ្យរង្គោះរង្គើដល់ការគ្រប់គ្រងអំណាចរបស់គាត់។ មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា សកម្មភាពរបស់ក្រុមប្រជាពលរដ្ឋដែលមាននិន្នាការផ្ទុយពីគណបក្សកាន់អំណាចនោះ ជាការចូលរួម ដើម្បីយុត្តិធម៌សង្គមប៉ុណ្ណោះ៖ «លោក ហ៊ុន សែន ដែលចង់ឱ្យប្រជាពលរដ្ឋមានសេចក្ដីប្រទេសជាតិរួចផុតពីការជ្រៀតជ្រែកពីប្រទេសដទៃអីហ្នឹង គឺមិនមែនជាសារចេញពីបេះដូងពិតរបស់លោកហ៊ុន សែនទេ ។ យើងឃើញជាក់ស្ដែង អ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ អ្វីដែលប្រជាពលរដ្ឋចង់បាន គឺរបបលោក ហ៊ុន សែន តែងតែធ្វើមិនដឹងធ្វើមិនលឺ ហើយខិតខំបង្ក្រាប សម្លុតកម្ចាត់គ្រប់សព្វបែបយ៉ាង។ ទង្វើទាំងអស់នេះហ្នឹងធ្វើឱ្យប្រជាពលរដ្ឋ មានការការឈឺចាប់កាន់តែខ្លាំង»។
ចំណែកអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា វិញ លោកយល់ថា ក្នុងឱកាសឆ្នាំចូលឆ្នាំថ្មីនេះ មេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំងគួរតែផ្ញើសារជូនដល់គ្នាទៅវិញទៅមក ដើម្បីឱ្យមានបរិយាកាសសង្គម និងនយោបាយ បានល្អប្រសើរជាងឆ្នាំចាស់។ មន្ត្រីសង្គមស៊ីវិលរូបនេះ ព្រួយបារម្ភថា សាររបស់លោក ហ៊ុន សែន នេះ នឹងធ្វើឱ្យសំពាធផ្សេងៗ កើតមានក្នុងឆ្នាំថ្មីនេះបន្តទៀតមកលើកម្ពុជា ដែលអាចធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ សេដ្ឋកិច្ច និងការរីកចម្រើនរបស់ជាតិ៖ «មិនថាចូលឆ្នាំនេះ ឬឆ្នាំខាងមុខក៏ដោយ គឺយើងមិនចង់ឃើញរូបភាពកើតឡើងដដែល ចំពោះសង្គមកម្ពុជាទេ។ យើងចង់ឃើញកម្ពុជាមានប្រព័ន្ធប្រជាធិបតេយ្យមួយត្រឹមត្រូវ ប្រកួតប្រជែងគ្នាដោយមានការយោគយល់គ្នា គឺអ្នកឈ្នះៗ ដោយភាពថ្លៃថ្នូរ អ្នកចាញ់ៗ ដោយអស់ចិត្តអីចឹងទៅ ហើយពលរដ្ឋរស់នៅក្នុងសង្គម គាត់អាចប្រើប្រាស់សិទ្ធិរបស់គាត់ដោយសេរីទៅតាមរដ្ឋធម្មនុញ្ញ ហើយនិងកតិកាសញ្ញាអន្តរជាតិទាំងអស់ហ្នឹង ហើយរដ្ឋបានធានាទៅលើសិទ្ធិទាំងអស់ហ្នឹង»។
រីឯអ្នកវិភាគនយោបាយដែលកំពុងភៀសខ្លួននៅប្រទេសហ្វាំងឡង់ (Finland) លោក កឹម សុខ វិញ លោកមានប្រសាសន៍ថា សារជូនពររបស់លោក ហ៊ុន សែន នេះ គឺជាការលួងចិត្តប្រជាពលរដ្ឋ ដែលកំពុងរស់ក្នុងស្ថានភាពតោកយ៉ាក ដោយសារបាត់បង់ប្រាក់ចំណូលបណ្ដាលមកពីការរាលដាលជំងឺកូវីដ១៩ ហើយរដ្ឋាភិបាលគ្មានដំណោះស្រាយអ្វីជូនដល់ពលរដ្ឋនោះទេ។ លោកបញ្ជាក់ថា បុណ្យចូលឆ្នាំខ្មែរជាឱកាសល្អ ដែលលោក ហ៊ុន សែន គួរតែផ្ញើសារបែបផ្សះផ្សាជាតិ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងស្ដារសេដ្ឋកិច្ចជាតិឡើងវិញ នៅពេលបញ្ចប់វិបត្តិជំងឺកូវីដ១៩។
កម្ពុជាបានស្ថិតក្នុងស្ថានភាពប្រេះឆាខាងនយោបាយ ចាប់តាំងពីចុងឆ្នាំ២០១៧ បន្ទាប់ពីលោក ហ៊ុន សែន បានបញ្ជាឱ្យចាប់ខ្លួនមេបក្សប្រឆាំងដាក់ពន្ធនាគារ និងរំលាយគណបក្សសង្គ្រោះជាតិ ដើម្បីឈានទៅក្រសោបយកអំណាចរដ្ឋទាំងអស់មកកាន់កាប់ផ្ដាច់មុខតែម្នាក់ឯង។ ក្រុមអ្នកសង្កេតការណ៍វាយតម្លៃថា នយោបាយបែបនេះចំណេញដល់ការក្រាញអំណាចរបស់លោក ហ៊ុន សែន ក៏ប៉ុន្តែកំពុងនាំជាតិខ្មែរឱ្យធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ច សង្គម និងវិបត្តិនយោបាយធ្ងន់ធ្ងរនៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
this guy is not just evil of Cambodian but he also the evil of the world. my warning to all Cambodian the world situation is getting un certainty as the old Cambodian word said (( PLEING CHHESSKAL )) for example >> the pandemic COVID19 , the shout CHINA sea, soon it will be ASIAN revolution , CHINA rising star, RASSIA rising star , and climate changing become a destroy human health every day.
SAMDACH EY . HUN SEN talking none cent