អ្នកច្បាប់​​ថា​ ​សេចក្តីសម្រេច​​របស់​​សាលាក្ដីខ្មែរក្រហម​​​ធ្វើឲ្យ​​អតីត​កម្មាភិបាល​​ខ្មែរ​ក្រហ​ម​លោក មាស មុត ​រួចខ្លួន​​ពីការ​កាត់​ទោស​​

ដោយ ម៉ៅ សុធានី
2021-04-08
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកច្បាប់​​ថា​ ​សេចក្តីសម្រេច​​របស់​​សាលាក្ដីខ្មែរក្រហម​​​ធ្វើឲ្យ​​អតីត​កម្មាភិបាល​​ខ្មែរ​ក្រហ​ម​លោក មាស មុត ​រួចខ្លួន​​ពីការ​កាត់​ទោស​​

លោក មាស មុត អតីតកម្មាភិបាល​ជាន់ខ្ពស់​ក្នុង​របប​ខ្មែរក្រហម ដែល​មាន​តួនាទី​ជា​សមាជិក​គណៈ​មជ្ឈិម​បក្ស ជា​លេខាធិការ​រង ជា​លេខា​កងពល​១៦៤ (ទ័ពជើងទឹក​) ។ រូប៖ ECCC


មេធាវីការពារក្តីឲ្យអតីតមេដឹកនាំខ្មែរក្រហមមួយរួប ឲ្យដឹង​ថា សេចក្តីសម្រេច​ខ្វែងយោបល់​គ្នា​នៅ​សាលាក្ដីខ្មែរ​ក្រហម​​រវាង​សហចៅក្រម​ស៊ើបអង្កេត​ជាតិ ​និងអន្តរជាតិ ​បាន​ប្រយោជន៍ដ​ល់​អតីតកម្មាភិបាល​ខ្មែរក្រហម​លោក មាស មុត​​ ក្នុងសំណុំរឿង​ ០០៣។​ ការលើកឡើង​នេះ​ ក្រោយដែល​អង្គបុរេជំនុំ​ជម្រះ​នៃ​​សាលាក្ដីខ្មែរក្រហម​ប្រកាស​ថា​ អង្គបុរេ​បាន​សម្រេចបិទ​ផ្លូវតវ៉ា​​ដោយមិន​បញ្ជូន​សំណុំរឿង​លោក មាស មុត​ ទៅជំនុំជម្រះ​ទេ​ ដោយ​អនុលោមតាម​វិធាន​ផ្ទៃក្នុង​របស់​តុលាការ​ខ្មែ​រ​ក្រហម។

អង្គបុរេជំនុំជម្រះ​​នៃ​​សាលាក្ដីខ្មែ​រ​ក្រហម​បញ្ជាក់ថា​ ការចេញ​ដីកា​ដំណោះស្រាយ​នៅថ្ងៃតែមួយ​ ដោយ​មាន​អំណះអំណាង​ខុសៗគ្នា​ រវាង​សហចៅក្រម​ស៊ើប​អង្កេត​ជាតិ​ និង​អន្តរជាតិ​លើករណីថា​ តើត្រូវ​បញ្ជូនសំណុំរឿង​លោក​ មាស​ មុត​ ទៅជំនុំ​ជម្រះក្តី ឬអត់ ​គឺជា​ទង្វើខុសច្បាប់​ រំលោភបំ​ពាន​ទៅលើក្រប​ខណ្ឌគតិយុត្តិ​របស់​តុលាការ​ខ្មែរក្រហម។

អាស្រ័យហេតុនេះ ​អង្គបុរេជំនុំជម្រះ​បាន​សម្រេច​ថា​ មិនបើក​សវនាការ​ជំនុំជម្រះក្តីសំណុំរឿង​លោក​ មាស មុត ទេ​ និង​សម្រេចបិទ​ផ្លូវតវ៉ា ​ពីខាង​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ​ដែល​ជំរុញ​ឲ្យមាន​ការ​ជំនុំជម្រះក្តី។​

អាស៊ីសេរី ​មិន​អាច​សុំការ​ឆ្លើយបំភ្លឺ​ពីមេធាវី​ការពារក្តីឲ្យ​អតីតកម្មាភិបាល​ខ្មែរក្រហម​លោក​ មាស មុត​ ​គឺ​​លោក អាង ឧត្ដម​ និង​ពី​អ្នកនាំពាក្យ​សាលាក្តីខ្មែ​រ​ក្រហម​លោក​ នេត្រ ភក្ត្រា​ បានទេ ​កាលពីថ្ងៃទី៧ ​ខែមេសា។

ក៏ប៉ុន្តែ​សហមេធាវីការពារក្ដី​ឲ្យ​លោក​ ខៀវ សំផន​ គឺលោក​ គង់ សំអុន ព​ន្យល់ថា​ សេចក្តីសម្រេ​ច​របស់​អង្គបុរេជំនុំជម្រះ​ដែល​មិន​អាច​រកសំឡេង​ភាគ​ច្រើន​លើស​​លុប​ ៤ សំឡេង​ ក្នុង​ចំណោម​ ៧ សំឡេង​ ដើម្បី​បញ្ជូនសំណុំរឿង​លោក មាស មុត​ ទៅជំនុំជម្រះនោះ គឺ​មានន័យ​ថា​ អ្វីៗនៅ​ដូចដើម​ ដូច​មិន​ទាន់​មាន​ការ​ស៊ើបអង្កេ​តក​រណី​លោក​ មាស មុត ដែរ​។​ លោកមេធាវី គង់ សំអុន​ បន្ថែមថា​ រឿងលោក​ មាស មុតនេះ​ គឺចប់ត្រឹមហ្នឹង​ហើយ​ ព្រោះ​អង្គបុរេ ​បាន​សម្រេច​បិទ​ផ្លូវ​តវ៉ាហើយ​ ហើយ​អតីត​កម្មាភិបាលខ្មែរ​ក្រហមរូបនេះនឹង​រួចខ្លួន​ពីការ​កាត់ទោស​៖​ «​នៅពេលដែល​មានទំនាស់ក្នុង​ការធ្វើ​សេចក្តីសម្រេច​ គឺត្រូវ​តែទៅ​អង្គបុរេ ​ហើយ​អង្គបុរេហ្នឹង​​រកសំឡេង​​អត់បាន មា​​ន​ន័យថា​​ វាត្រឡប់ទៅខាង​​ដើមវិញ​ ត្រឡប់ទៅដូច​ពីមុនមកយ៉ាងម៉េច ​វានៅបែបនោះ​ដដែល។ ​នៅពេលដែល​នីតិវិធី​មួយ​ត្រូវចាប់​ផ្តើម​ធ្វើអ្វី​ ត្រូវតែ​មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​​ឲ្យ​សាលាដំបូង​ចាត់​នីតិវិធី​ដំណើរ​ការ​។ ដល់ពេល​វាអត់មាន ​សំឡេងហ្នឹង​​បានន័យថា ​វាត្រឡប់ទៅដើម​វិញ​​ដដែល​។​ ដូច្នេះអ្វីដែល​​ជាប្រយោជន៍​គឺ​បានត្រឹម​តែជាឯកសារ​។ ​តម្កល់ក្នុងបណ្ណាសារ​​ បានន័យថា ​​គ្រាន់តែ​ជាឯ​កសារ​ជា​ប្រវត្តិសាស្រ្តប៉ុណ្ណោះ»។​

ទោះជាយ៉ាងនេះក្តី អង្គបុរេជំនុំជម្រះនៃសាលាក្ដីខ្មែរក្រហម ឲ្យដឹងផងដែរ​ថា ​សហចៅក្រម​ជាតិ​ទាំង​បួនរូបសម្រេច​ថា ​ដីកាលើកលែង​ចោទ​ប្រកាន់ ​និង​ដីកាបញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​របស់​សហចៅក្រមស៊ើប​អង្កេតអន្តរជាតិ​​ គឺមាន​តម្លៃស្មើគ្នា ដូច្នេះ​ត្រូវ​តម្កល់ដីកាដំ​ណោះស្រាយ​ទាំង​ពីរ​ ក្នុង​បណ្ណាសារ​ របស់​សាលាក្តីខ្មែរ​ក្រហម។

កាលពី​ថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ២០១៨ ​សហចៅក្រមស៊ើប​អង្កេតអន្តរជាតិ ​បានសម្រេច​បញ្ជូន​សំណុំរឿង ​អតីតកម្មាភិបាលខ្មែរក្រហមលោក មាស មុត ​ទៅ​​ជំនុំ​ជម្រះ​ ដោយលើក​ជា​សម្អាង​​ថា​ ​មាន​​ភ័ស្តុតាង​​គ្រប់គ្រាន់​​បញ្ជាក់​​ថា​ លោក មាស មុត ​ស្ថិត​​ក្នុង​​ចំណោម​ជន​​ដែល​ទទួលខុសត្រូវ​ខ្ពស់​បំផុត ក្នុង​របប​ខ្មែរក្រហម​។ ប៉ុន្តែនៅថ្ងៃដដែលនេះ សហចៅក្រមស៊ើបអង្កេតជាតិវិញ ក៏បានចេញដីកាសម្រេច លើកលែងការចោទប្រកាន់ ដោយសំអាងហេតុផលថា មាស មុត មិនមែន​ស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​ជាន់ខ្ពស់ ចំពោះ​បទឧក្រិដ្ឋ​ ​នៅ​ក្នុង​សម័យ​ខ្មែរក្រហម​នោះ​ឡើយ។

សហចៅក្រមអន្តរជាតិអះអាងថា ដីការបស់សហចៅក្រមជាតិ​ ដែល​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​លោក មាស មុត គឺចេញ​មិន​ត្រឹមត្រូ​វ​ និង​មិនពេ​ញ​លេញ។​ ហេតុដូច្នេះ​ អង្គជំនុំ​ជម្រះសាលា​ដំបូង ​ត្រូ​វទ​ទួលយក​សំណុំរឿងនេះ ទៅចាត់​ការ​បន្ត។

​នាយករង​ទទួលបន្ទុ​ក​ផ្នែកសិទ្ធិ​មនុស្សនៃអង្គការ​លីកាដូលោក​ អំ សំអាត ​មាន​ប្រសាសន៍ថា ​លោកនិងពលរដ្ឋ​មួយចំនួន​សោកស្តាយ ​និង​ជំរុញ​ឲ្យតុលាការកូនកាត់​មួយនេះ​ ស្វះស្វែងរក​យុត្តិធម៌ជូន​​ដល់ជនរង​គ្រោះ ​ក្នុងរបប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​៖​ «​បើសិន​ជាករណីលោ​កមាស​​មុត​មិន​ត្រូវ​បានកាត់ទោស​ តើអ្នក​ណា​ខ្លះ​ទៀត ​ដែលជាអ្ន​កទទួលខុស​ត្រូវ​ជាន់ខ្ព​​ស់ ក្នុ​ងរបបខ្មែរក្រហម ដែល​ត្រូវកាត់​ទោស​បន្ត​ទៅទៀត​។ ទោះ​បីជារឿងរបបខ្មែរក្រហម កន្លងផុតទៅហើយ ប៉ុន្តែសាលាក្តីខ្មែរក្រហមនេះគឺជាសាលាក្តីគំរូហើយដែលត្រូវបង្ហាញមុខ អ្នកដឹកនាំផ្តាច់ការ ប្រល័យពូជសាសន៍សម្លាប់ប្រជាពលរដ្ឋខ្លួនឯង»។

លោក មាស មុត ​អាយុ ៨៣ ឆ្នាំ ដែលមាន​ស្រុកកំណើត​ក្នុង​ខេត្ត​កំពត បច្ចុប្បន្នរស់នៅ​ក្នុងខេត្ត​បាត់ដំបង។ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ធ្លាប់​ជា​កម្មាភិបាល​ជាន់ខ្ពស់​ក្នុង​របប​ខ្មែរក្រហម ដោយ​មាន​តួនាទី​ជា​សមាជិក​គណៈ​មជ្ឈិម​បក្ស ជា​លេខាធិការ​រង ជា​លេខា​កងពល​១៦៤ (​រាប់បញ្ចូល​ទាំង​កងទ័ពជើងទឹក​) និង​ជា​លេខា​ស្វយ័ត​នៅ​កំពង់សោម​ផង។

រហូតមកដល់ពេលនេះ សាលាក្ដីខ្មែរក្រហម បានកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ចំនួន ៣ រូបហើយ គឺកាំងហ្គេចអ៊ាវ ហៅឌុច នួនជា និងខៀវសំផន ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗអស់មួយជីវិត។ ប៉ុន្តែ ឌុច និងនួន ជា បានទទួលមរណភាពហើយ នៅសល់តែខៀវ សំផន ម្នាក់ប៉ុណ្ណោះ កំពុងជាប់ឃុំ នៅសាលាក្តីខ្មែរក្រហម៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អ្នកច្បាប់​​ថា​ ​សេចក្តីសម្រេច​​របស់​​សាលាក្ដីខ្មែរក្រហម​​​ធ្វើឲ្យ​​អតីត​កម្មាភិបាល​​ខ្មែរ​ក្រហ​ម​លោក មាស មុត ​រួចខ្លួន​​ពីការ​កាត់​ទោស​​"

  1. Anonymous says:

    we knew there are more of those who murder Cambodian during killing field . this guy should not get away from responsible and justice also there are so many of them in CPP right now. look at his face take your imagination this guy at that time he can only bling his eye one human life will be gone without any confess . there are many murderer in CPP leadership that right the killing continuous never ending .

Leave a Reply

Submit Comment