អ្នក​ជំងឺ​ចំនួន​២​នាក់​បន្ថែម​ទៀត​បាន​ស្លាប់​ដោយ​សារ​កូវីដ-១៩​

កូវីដ-១៩ | ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ០៨ មេសា ២០២១ |ម៉ោង ១២:៥៥
VOD

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ទៅព្យាបាលនិងធ្វើចត្តាឡីស័កនៅសណ្ឋាគារ The Great Duke ក្រោយផ្លាស់មកពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ  ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ទៅព្យាបាលនិងធ្វើចត្តាឡីស័កនៅសណ្ឋាគារ The Great Duke ក្រោយផ្លាស់មកពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)


ក្រសួងសុខាភិបាល ឱ្យដឹងថា អ្នកជំងឺចំនួន២នាក់បន្ថែមទៀតបានស្លាប់បាត់បង់ជីវិត ដោយសារ​មានបញ្ហាផ្លូវដង្ហើម និងសួតធ្ងន់ធ្ងរបណ្ដាលមកពីវីរុសកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារវីរុស​មួយនេះកើនឡើងដល់២៤នាក់។

សេចក្ដីប្រកាសព័ត៌មានក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ទាំងពីរនាក់នោះបានស្លាប់នៅមន្ទីរពេទ្យហ្លួងម៉ែ កាលពីថ្ងៃទី៧ ខែមេសា។

ក្រសួងបន្តថា អ្នកស្លាប់ជាបុរសជនជាតិខ្មែរទាំងពីរនាក់ ដោយម្នាក់មានអាយុ៦៨ឆ្នាំ រស់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានរកឃើញមានជំងឺកូវីដ-១៩​ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។ បុរសរូបនេះបានបញ្ជូនទៅដល់មន្ទីរពេទ្យហ្លួងម៉ែ នៅម៉ោង១កន្លះរំលងអធ្រាត្រថ្ងៃទី៧ ខែមេសា ក្នុង​ស្ថានភាពគ្មានសញ្ញាជីវិត សន្លប់បាត់បង់ស្មារតី ដោយក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះ​តាមលក្ខណៈបច្ចេកទេស ប៉ុន្តែ​មិនអាចជួយ​​បាន។   

ចំណែកអ្នកស្លាប់ម្នាក់ទៀតមានអាយុ៤៩ឆ្នាំ រស់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ និងបានស្លាប់កាលពីថ្ងៃទី៧ ខែមេសាដែរនោះ ​បានបញ្ជូនទៅដល់មន្ទីរពេទ្យ​ក្នុងស្ថានភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ដោយក្រុមគ្រូពេទ្យបាន​ខិតខំ​ព្យាបាល​តាមលក្ខណៈបច្ចេកទេស ​ប៉ុន្តែអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ​ រហូតបណ្តាលឱ្យស្លាប់​​។  ​

ចាប់ពីតាំងថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី៨ ខែមេសា អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើ​នឡើងដល់២ ៤៩៦នាក់ និងស្លាប់​​ចំនួន២៤នាក់។

ដោយឡែក អ្នកឆ្លងជំងឺនេះ​សរុបនៅទូទាំងប្រទេសមានចំនួន៣ ០២៨នាក់ ក្នុងនោះព្យាបាលជាសះស្បើយ១ ៩១៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន១ ០៨៥នាក់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment