សាច់​ញាតិ និង​សង្គម​ស៊ីវិល សោកស្ដាយ​ដែល​តុលាការ​សម្រេច​បន្ត​ឃុំ​លោក រ៉ុង ឈុន និង​កញ្ញា ស កណិកា

ដោយ ខែ សុណង
2021-06-08
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សាច់​ញាតិ និង​សង្គម​ស៊ីវិល សោកស្ដាយ​ដែល​តុលាការ​សម្រេច​បន្ត​ឃុំ​លោក រ៉ុង ឈុន និង​កញ្ញា ស កណិកា

អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង (ស្ដាំ) លោក រ៉ុង វិជ្ជា ក្មួយ​ប្រុស​របស់​លោក រ៉ុង ឈុន ដែល​ទៅ​តាមដាន​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក រ៉ុង ឈុន និង​កញ្ញា ស កណិកា នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៧ ខែ​មិថុនា ឆ្នាំ២០២១។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


សាច់​ញាតិ និង​សង្គម​ស៊ីវិល ​សោកស្ដាយ ចំពោះ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​សម្រេច​មិន​ព្រម​ដោះលែងសកម្មជន​ព្រំដែន​ និង​ជា​មេ​ដឹក​នាំ​សហជីព លោក រ៉ុង ឈុន និង​កញ្ញា ស កណិកា។ ​ក្រុម​មេធាវី​ថា ​ពួកគាត់​កំពុង​រក​វិធី​ជួប​កូន​ក្ដី​ ដើម្បី​ដាក់​ពាក្យ​ប្ដឹង​ឧទ្ធរណ៍។

ទោះ​បីជា​មាន​រិះគន់​ពី​ការ​ឃុំ​ខ្លួន លោក រ៉ុង ឈុន និង​កញ្ញា ស កណិកា យ៉ាង​ណា ក៏​មន្ត្រី​តុលាការ​នៅ​តែ​សម្រេច​បន្ត​ឃុំ​ខ្លួន​សកម្មជន​ទាំង ២នាក់​ដដែល។

ក្មួយ​ប្រុស​របស់ លោក រ៉ុង ឈុន ​គឺលោក រ៉ុង វិជ្ជា បាន​រិះគន់​ថា សម្រេច​ក្ដី​បែប​នេះ​ ជា​រឿង​អយុត្តិធម៌។ លោក​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ទាំង​២ ​ឲ្យ​មាន​សេរីភាព​វិញ៖ «ខាង​តុលាការ​គួរ​តែ​ពិនិត្យ​ឡើងវិញ​ចំពោះ​នីតិវិធី​ក៏​ដូច​ជា​អង្គ​ហេតុ​អង្គ​ច្បាប់​ហ្នឹង។ ខ្ញុំ​សង្ឃឹម​ថា​តុលាការ​​នឹង​ពិចារណា​ឲ្យ​មាន​ការ​ដោះលែង​ពូ​របស់​ខ្ញុំ​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ ពីព្រោះ​ថា​ក្នុង​នាម​ខ្ញុំ​ជា​សាច់​ញាតិ​គឺ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុខទុក្ខ​របស់​គាត់​ខ្លាំង​មែនទែន»

ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក លិ សុខា នៅ​​ថ្ងៃ​ទី៨ មិថុនា បាន​បើក​សវនាការ​លើ​ពាក្យ​ស្នើសុំ​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​​អាសន្ន​លើ​សំណុំ​រឿង លោក រ៉ុង ឈុន និង​កញ្ញា​ ស​ កណិកា ដោយ​គ្មាន​ជន​កំពុង​ជាប់​ឃុំ​ចូលរួម​ក្នុង​សវនាការ​នេះ​ទេ។ ក្រោយ​បញ្ចប់​សវនាការ ចៅក្រម​ជំនុំជម្រះ លោក លិ សុខា ប្រកាស​សម្រេច​មិន​អនុញ្ញាត​ឲ្យ​ជន​ត្រូវ​ចោទ​ទាំង​ពីរ​នាក់​នៅ​ក្រៅ​ឃុំ​តាម​ការ​ស្នើសុំ​នោះ​ទេ ក្រោម​ហេតុផល​ថា តុលាការ​ចាំបាច់​នៅ​បន្ត​នីតិវិធី​ចំពោះ​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្សេងៗ ជា​ច្រើន​ទៀត និង​ត្រៀម​សវនាការ​លើ​អង្គ​សេចក្ដី​នៅ​ពេល​ខាង​មុខ​ឆាប់ៗ។

មេធាវី​ការពារ​ក្តី​របស់​ លោក រ៉ុង ឈុន និង​កញ្ញា ស កណិកា គឺ​លោក សំ សុគង់ ប្រាប់​អាស៊ី​សេរី​ថា​​ខាង​តំណាង​អយ្យការ​​បញ្ជាក់​​​ថា ​​ខាង​ពន្ធនាគារ​មិន​អាច​បញ្ជូន​​កូន​ក្ដី​ទាំង​២​នាក់​មក​ចូលរួម​សវនាការ​ទេ ព្រោះ​​បារម្ភ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ១៩ (Covid-19)។ ទោះ​យ៉ាង​ណា លោក​មេធាវី សំ សុគង់ កត់សម្គាល់​ថា​ក្នុង​ពេល​តតាំង​ក្ដី​នោះ ចៅក្រម​ហាក់​លម្អៀង​ទៅ​ខាង​តំណាង​អយ្យការ។ ក្រុម​មេធាវី​ចាត់​ទុក​ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​កូន​ក្ដី​ទាំង ២នាក់ ជា​រឿង​អយុត្តិធម៌ ហើយ​នៅ​តែ​ទាមទារ​​ជួប​កូន​ក្ដី​តាម​ណា​ក៏​បាន​ដើម្បី​ពិភាក្សា​បណ្ដឹង​ឧទ្ធរណ៍៖ «ក្រុម​មេធាវី​មាន​បំណង​ថា នឹង​ជួប​កូន​ក្ដី​ដើម្បី​ពិគ្រោះ​យោបល់​ក៏​ដូច​ជា​ជូន​ព័ត៌មាន​អំពី​​សេចក្ដី​សម្រេច និង​សាល​ក្រម​សម្រេច​នៅ​ព្រឹកមិញ​ហ្នឹង។​ប៉ុន្តែ​យើង​អត់​ដឹង​ថា ដោយសារ​តែ​បញ្ហា​កូវីដ តើ​មេធាវី​អាច​ជួប​កូន​ក្ដី​បាន​ឬ​ក៏​អត់​ទេ​!​បើ​អត់​ទេ ក្រុម​មេធាវី​នឹង​សម្រេច​ចិត្ត​ដាក់​ឧទ្ធរណ៍ ចំពោះ​សាលក្រម ដែល​សម្រេច​បដិសេធ​ចំពោះ​ការ​សម្រេច​ស្នើសុំ​របស់​មេធាវី»

អាស៊ី​សេរី ​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​ទេ​នៅ​ថ្ងៃ​ដដែល​នេះ។​ តែ​យ៉ាង​ណា​តំណាង​អយ្យការ​ លោក សេង ហៀង អះអាង​ក្នុង​សវនាការ​ថា ​លោក រ៉ុង ឈុន បាន​ចាក់​វ៉ាក់សាំង​កូវីដ​១៩ ចំនួន ២ដូស​រួច​រាល់​ហើយ។

នៅ​ក្នុង​សវនាការ​នេះ ក៏​មាន​ការ​ចូលរួម​តាមដាន​ពី​តំណាង​ស្ថានទូត​មួយ​ចំនួន​ផង​ដែរ។ សង្គម​ស៊ីវិល​ដែល​ចូលរួម​ឃ្លាំមើល​សវនាការ​នេះ សោក​ស្ដាយ​ចំពោះ​ការ​បន្ត​ឃុំ​ខ្លួន​សកម្មជន​ទាំង ២នាក់។

ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (CYN) លោក ហេង គឹមហុង ជំរុញ​ឲ្យ​ចៅក្រម​ដោះលែង​សកម្មជន​ទាំង​២​ មាន​សេរីភាព​វិញ​។ លោក​ យល់​ថា​ការ​បន្ត​ឃុំ​ខ្លួន​បែប​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​លោក រ៉ុង ឈុន និង​កញ្ញា ស​ កណិកា៖ «ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​សេរីភាព​អ្នក​ទាំង​២​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ជា​ពិសេស​ទៅ​ទៀត​នោះ​គឺ​ប៉ះពាល់​ទៅ​ដល់​គោលការណ៍​ស្ដី​អំពី​យុត្តិធម៌​ និង​ភាព​ឆាប់​រហ័ស​នៃ​ការ​ផ្ដល់​យុត្តិធម៌​​សម្រាប់​គូ​​ភាគី​នៅ​ក្នុង​ការ​ឃុំ​ខ្លួន។ អ៊ីចឹង​យើង​គិត​មើល​បើ​សិន​ជា​ការ​បន្ត​ឃុំ​ខ្លួន​នៅ​តែ​ធ្វើ​ឡើង​ដោយ​គ្មាន​សវនាការ​ប្រាកដ​ណាស់​នឹង​ធ្វើ​ឲ្យ​អ្នក​ទាំង២ បន្ត​បាត់បង់​សេរីភាព​ដោយ​ភាព​ស្រពិចស្រពិល​ទាំង​ខ្លួន​មិន​ប្រាកដ​ ថា​មាន​បទ​ល្មើស»

ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន និង​​ប្រធាន​សមាគម​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ​(CILA)​ កញ្ញា ស កណិកា រង​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​​ជិត​មួយ​ឆ្នាំ​ហើយ​​​ ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​​​។ ​ការ​ចោទ​នេះ​ធ្វើ​ឡើង​​ក្រោយ​ពេល​​លោក រ៉ុង ឈុន បាន​​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍​​ករណី​ទាហាន​វៀតណាម​​ប្រដាប់​ដោយ​អាវុធ​បាន​​​ចូល​មក​បណ្ដេញ​អ្នក​ភូមិ​​ឈប់​ឲ្យ​ធ្វើ​ស្រែ​ក្បែរ​ព្រំដែន​​​ក្នុង​ខេត្ត​ត្បូងឃ្មុំ​​កាល​ពី​ឆ្នាំ​២០២០។ ​តែ​​រដ្ឋាភិបាល​​បដិសេធ និង​ចោទ​​​សកម្មជន​ព្រំដែន​ថា ញុះញង់។ រីឯ​កញ្ញា ស កណិកា វិញ អាជ្ញាធរ​បាន​ចាប់​ឃុំ​ខ្លួន​គាត់​ជាមួយ​នឹង​ក្រុម​យុវជន និង​សកម្មជន​ជា​ច្រើន​នាក់​ផ្សេង​ទៀត ដោយសារ​ចូលរួម​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង លោក រ៉ុង ឈុន។

Rong_Chhun1.jpg
លោក រ៉ុង ឈុន ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា មុន និង​ពេល​កំពុងជាប់ឃ។

ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជា​ពិសេស ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ ​បាន​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​អ្នក​ទាំងនោះ​វិញ ដោយ​ចាត់ទុកថា ការ​ចាប់​ឃុំ​ខ្លួន​លោក រ៉ុង ឈុន រួម​ទាំង​សកម្មជន​ផ្សេង​ទៀត ធ្វើ​ឡើយ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់ និង​កំពុង​ឃុំ​ខ្លួន​ពួក​គាត់​តាម​ទំនើង​ចិត្ត។ នៅ​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី១ មិថុនា អនុរដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី វិនឌី ហ្សឺម៉ាន (Wendy Sherman) ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ដែល​មាន​ចរិត​នយោបាយ​លើ​អ្នក​នយោបាយ​ប្រឆាំង អ្នក​សារ​ព័ត៌មាន និង​សកម្មជន​ជាបន្ទាន់​ផង​ដែរ ព្រមទាំង​បើក​លំហ​នយោបាយ និង​ពលរដ្ឋ​ឡើងវិញ នៅមុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០២២ និង​ការ​បោះ​ឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ២០២៣ ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles