ឪពុក​របស់​ Jordan Pisey Windle៖ អនាគត​របស់​​កីឡាករ​លោតទឹក​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​វែង​ឆ្ងាយ​ហួស​ពី​​ការ​ប្រកួត​ក្នុង​កីឡា​អូឡាំពិក

សង្គម
07 សីហា 2021
ទែន សុខស្រីនិត
វីអូអេខ្មែរ

រូបផ្តុំ៖ លោក Jerry Windle ឪពុកចិញ្ចឹម ថតរូបជាមួយលោក Jordan Pisey Windle ដែលជាកូនប្រុសចិញ្ចឹមរបស់លោក ពេលលោក Jordan នៅតូច និងរូបឪពុកកូនទាំងពីរនាក់ថតជាមួយគ្នាពេលលោក Jordan កីឡាករលោតទឹកលំដាប់ថ្នាក់អន្តរជាតិ ធំដឹងក្តី។
រូបផ្តុំ៖ លោក Jerry Windle ឪពុកចិញ្ចឹម ថតរូបជាមួយលោក Jordan Pisey Windle ដែលជាកូនប្រុសចិញ្ចឹមរបស់លោក ពេលលោក Jordan នៅតូច និងរូបឪពុកកូនទាំងពីរនាក់ថតជាមួយគ្នាពេលលោក Jordan កីឡាករលោតទឹកលំដាប់ថ្នាក់អន្តរជាតិ ធំដឹងក្តី។

ទីក្រុង CHICAGO រដ្ឋ ILLINOIS — កាលពី​ម៉ោង​១១ យប់​ជិត​រំលង​អាធ្រាត​ថ្ងៃ​សុក្រកន្លងទៅ លោក Jerry Windle អាយុ ៥៥​ឆ្នាំ បាន​ទន្ទឹង​មើលកូន​ប្រុស​របស់​លោក​គឺ​លោក Jordan Pisey Windle នៅ​លើ​កញ្ចក់​ទូរទស្សន៍​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក នៅ​រដ្ឋកាលីហ្វ័រញ៉ា។

«ខ្ញុំ​ពិត​ជា​រំភើប​ដែល​បាន​ឃើញ​ក្តី​ស្រមៃ​របស់​ Jordan ក្លាយ​ជា​ការ​ពិត ហើយ​ដែលគាត់​បាន​ប្រកួត​ក្នុង​កីឡា​អូឡាំពិក។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​មែន​ទែន​ដែល​បាន​មើល​កូនខ្ញុំ​ប្រកួត»

លោក Jerry Windle បាន​ថ្លែង​ប្រាប់​ VOA ដូច្នេះ បន្ទាប់​ពី​កូន​របស់​លោក​គឺ Jordan បាន​ប្រកួត​កីឡា​អូឡាំពិក​នៅ​តូក្យូ ក្នុង​វិញ្ញាសា​លោតទឹក​ផ្នែក​បុរស​កម្ពស់​ ១០ ម៉ែត្រ​វគ្គដំបូង ដោយ​បាន​ពិន្ទុសរុប ៣៩០.០៥ ដោយ​ធ្វើ​ឲ្យ​លោក​ជាប់​លំដាប់​ថ្នាក់​លេខ ១៥ ក្នុង​ចំណោម​កីឡាករ​ ១៨​នាក់ ដែល​អាច​ប្រកួត​ក្នុង​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ។


លោក Jerry ដែល​ជា​ឪពុក​ចិញ្ចឹម​បាន​បន្ថែម​ទៀត​ថា ការ​បាន​ឃើញ​កូន​ប្រុស​របស់​លោក​បាន​ជាប់​ទៅ​បន្ត​ប្រកួត​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ ហើយ​អាចនឹង​ចូល​ប្រកួត​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​យក​មេដាយ​ បើសិន​ជា​ទទួល​បាន​ពិន្ទុ​កាន់ល្អ​ប្រសើរ​ គឺជា​ការ​តស៊ូ​ប្តេជ្ញាចិត្ត​និង​ការ​ខិតខំ​ប្រឹងប្រែង​រយៈពេល​ជាង ១៥ឆ្នាំកន្លង​មក​របស់​លោក​ Jordan។

លោកថា​ ការ​ប្រឹងប្រែង​រហូត​បាន​ប្រកួត​ក្នុង​កីឡា​អូឡាំពិក ក្នុង​នាម​ជា​កីឡាករ​លំដាប់​ថ្នាក់​អន្តរជាតិ​មួយ​រូប​របស់​ Jordan គឺ​មិនត្រឹមតែដើម្បីក្តីស្រមៃរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងដើម្បី​កុមារ​ដទៃ​ទៀត។​

លោក Jerry Windla បានថ្លែងប្រាប់ VOA ថា៖ «ក្នុង​នាមជា​អត្តពលិក​អូឡាំពិក គោល​ដៅ​សំខាន់​របស់​ Jordan គឺ​តំណាង​ឲ្យ​សំឡេង​របស់​កុមារ មិន​ត្រឹម​តែ​កុមារ​នៅ​សហរដ្ឋអាមេរិក​ទេ ថែម​ទាំង​កុមារ​នៅ​ប្រទេស​កម្ពុជា។ ហើយ​គាត់​ចង់​ធ្វើកិច្ចការ​នានា​ដើម្បី​ជំរុញ​ឲ្យ​មាន​ភាព​ផ្លាស់​ប្តូរ​ក្នុង​ជីវិត​របស់​អ្នក​ដទៃ។ គាត់​ចង់​ធ្វើ​សកម្មភាព​ដែល​គាត់​អាច​ជួយ​ដល់​អ្នក​ដទៃបាន»

​លោក Jordan Pisey Windle អាយុ​ ២២ ​ឆ្នាំ គឺជា​អត្តពលិក​អូឡាំពិក​លោតទឹកអាមេរិកាំងដើម​កំណើត​ខ្មែរ ដែល​បាន​តំណាង​ឲ្យក្រុម​កីឡាករ​អាមេរិក ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលបានធ្វើឡើង​ថ្ងៃ​សៅរ៍​ ទី ៧ ខែសីហា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ហើយ​សម្រាប់​លោក Jerry Windle ដែល​ជា​ឪពុក​ចិញ្ចឹម ការ​ឈ្នះ​បាន​មេដាយ ឬ​មិន​បាន​មេដាយ មិន​មែន​ជា​គោលដៅ​ចុង​ក្រោយ​របស់​កូន​ប្រុស​របស់​លោក​នោះ​ទេ។ លោកបានលើកឡើងថា អនាគត​របស់​លោក Jordan Pisey Windle គឺ​វែងឆ្ងាយ ហើយនឹង​អាចឈានដល់ការបង្កើតឱកាសថ្មីដើម្បី​ជះ​ «ឥទ្ធិពល​វិជ្ជមាន» ដល់​អ្នក​ដទៃ​ទៀត ជាពិសេស​កុមារ​និង​ពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា។

លោក Jerry បាន​ប្រាប់ VOA ថា៖ «ដូច្នេះ គាត់​ចង់​ជួយ​អ្នក​ដទៃ​ហើយ​សម្រាប់​ខ្ញុំ នេះ​គឺជា​តម្លៃស្មារតីកីឡា​អូឡាំពិក។ វា​ជា​ឱកាស​ដែល​ពិភពលោក​រួបរួម​គ្នា​ ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅមក​ក្នុង​ស្មារតី​កីឡា។ ហើយ​ Jordan គាត់​ចង់​ប្រើ​ឱកាស​នេះ​ដើម្បី​ក្លាយ​ជា​អ្នក​ដែល​នាំ​មក​នូវ​ឥទ្ធិពលវិជ្ជមាន​ដល់​ជីវិត​របស់​អ្នក​ដទៃ។ ហើយ​ការ​គិត​បែប​នេះ​របស់​គាត់ ​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ជា​ទី​បំផុត»

​បច្ចុប្បន្ន​នេះ ឪពុក​និង​កូន​ទាំង​ពីរ​នាក់នេះ​ ​កំពុង​ខិតខំ​ធ្វើ​កិច្ចការ​ថ្មី​មួយ ដើម្បី​ធ្វើ​ឲ្យ​ក្តី​ស្រមៃ​មួយ​ទៀត​របស់​លោក Jordan ក្លាយ​ជា​ការពិត។ ​ក្តី​ស្រមៃ​នោះ ​គឺ​ការ​បង្កើត​ជា​មូលនិធិ​មួយ ដែល​អាច​ឲ្យ​កីឡាករ​លំដាប់​ថ្នាក់​អន្តរជាតិ​និង​អត្តពលិក​អូឡាំពិក​អាមេរកាំង​ដើម​កំណើត​ខ្មែរ​រូប​នេះ ផ្តល់​ឱកាស​ល្អៗ​ដល់​កុមារ​និង​ក្មេងៗ​ ដែល​ខ្វះខាត​ទាំង​នៅ​សហរដ្ឋ​អាមេរិក និង​ជាពិសេស​នៅ​ប្រទេស​កម្ពុជា។

លោក Jerry Windle បាន​ថ្លែង​ថា៖ «ហើយ​គាត់​ចង់​បង្កើត​មូលនិធិ​មួយ ដើម្បី​ប្រើ​សំឡេង​របស់​គាត់​ក្នុង​នាម​ជា​អត្តិពលិក​លំដាប់​ថ្នាក់​ពិភពលោក​និង​ជាអត្តពលិក​អូឡាំពិក ដើម្បី​ជួយ​ក្មេងៗ​នៅ​ប្រទេស​កម្ពុជា និង​នៅ​សហរដ្ឋ​អាមេរិក ជា​ពិសេស​ក្មេងៗ​ដែល​មិន​មាន​លទ្ធភាព ឬ​មិន​មាន​ឱកាស​ឈោង​ចាប់​យក​ក្តី​ស្រមៃ​របស់​ខ្លួន»

លោក Jordan Pisey Windle អាយុ​ ២២​ឆ្នាំ គឺជា​អត្តពលិក​អូឡាំពិក​លោតទឹកអាមេរិក​ដើម​កំណើត​ខ្មែរ ​តំណាង​ឲ្យ​សហរដ្ឋ​ក្រុម​កីឡាករ​អាមេរិកនៅក្នុងការប្រកួតកីឡាអូឡាំពិក តូក្យូ ២០២០។
លោក Jordan Pisey Windle អាយុ​ ២២​ឆ្នាំ គឺជា​អត្តពលិក​អូឡាំពិក​លោតទឹកអាមេរិក​ដើម​កំណើត​ខ្មែរ ​តំណាង​ឲ្យ​សហរដ្ឋ​ក្រុម​កីឡាករ​អាមេរិកនៅក្នុងការប្រកួតកីឡាអូឡាំពិក តូក្យូ ២០២០។

កាលពី​ខែ​មិថុនា ឆ្នាំ ២០០០ ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​អំពី​ការ​ដាក់​ពាក្យ​សុំ​កុមារ​ពី​ប្រទេស​កម្ពុជា​មក​ចិញ្ចឹម តាមរយៈ​ទស្សនាវដ្តី​មួយ​នៅ​ការិយាល័យ​របស់​លោក លោក Jerry Windle បាន​សម្រេច​ចិត្ត​ទទួល​យក Jordan Pisey Windle មក​ចិញ្ចឹម​នៅ​ទីក្រុង Fort Lauderdale រដ្ឋ Florida សហរដ្ឋ​អាមេរិក។ នៅ​ពេល​នោះ លោក Jordan ដែលត្រូវបានដាក់ឈ្មោះថា ពិសី គឺជា​កុមារ​កំព្រា​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ ដែលត្រូវបានទទួលយកទៅថែទាំដោយមណ្ឌលក្មេងកំព្រាមួយកន្លែង នៅខណ្ឌចោមចៅ រាជធានីភ្នំពេញ។ កាលនោះ ​លោក Jordan ​មាន​អាយុ​ត្រឹម​តែ​ជិត ២ ឆ្នាំ​ប៉ុណ្ណោះ។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ VOA កាលពី​ឆ្នាំ ២០១៦ លោក Jerry Windle បាន​ឲ្យ​ដឹង​ថា លោក Jordan មាន​ទេពកោសល្យ​លោត​ទឹក​តាំង​ពី​នៅ​តូច។ ក្រោយ​ពី​បាន​រកឃើញ​ទេពកោសល្យ​របស់​ខ្លួន​មក លោក Jordan បាន​ទទួល​ការ​បង្ហាត់បង្រៀន​ជា​បន្តបន្ទាប់​ពី​គ្រូបង្វឹក​លំដាប់​ថ្នាក់​ជាតិ និង​ដ៏​មាន​ជំនាញ​ជា​ច្រើន​នាក់​របស់​សហរដ្ឋ​អាមេរិក ដូចជា​គ្រូបង្វឹកលោក Tim O’Brien លោក Evan Linette លោក Sean McCarthy និងលោក Greg Louganis។

បច្ចុប្បន្ន​នេះ លោក Jordan Windle ជា​កីឡាករ​លោកទឹកថ្នាក់ជាតិរបស់សហរដ្ឋអាមេរិក និងជាកីឡាករម្នាក់​ក្នុង​ក្រុម​កីឡាករ​លោតទឹក Texas Longhorns ប្រចាំ​សាកលវិទ្យាល័យ​ Texas ក្នុង​ក្រុង Austin ជា​វិទ្យាស្ថាន​អប់រំ​ដែល​លោក​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ។

ចាប់​តាំង​ពី​បាន​ចូលរួម​ប្រកួត​កីឡា​លោតទឹក​ក្នុង​រយៈពេល​ជាង ១២​ ឆ្នាំ​មក​នេះ លោក Jordan Pisey Windle បាន​ឈ្នះ​ពាន​រង្វាន់​ថ្នាក់​ជាតិ​ ៧​លើក សម្រាប់​វិញ្ញាសា​កីឡា​លោត​ទឹក​វ័យ​ជំទង់​ និង​ ៦លើក​សម្រាប់​វិញ្ញាសា​កីឡា​លោត​ទឹក​វ័យ​ក្មេង​ នៅ​សហរដ្ឋ​អាមេរិក។ តែ​តាំង​ពី​ចាប់​យក​អាជីព​ជា​កីឡាករ​លោតទឹក​មក​ ក្តី​ស្រមៃ​ដ៏​ធំ​បំផុត​មួយរបស់​លោក Jordan គឺ​ក្លាយ​ជា​អត្តពលិក​អូឡាំពិក ហើយក្តីស្រមៃមួយនេះ បានក្លាយជាការពិតរួចហើយនៅដើមខែសីហា ឆ្នាំ ២០២១នេះ។

ក្នុងការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ លោក Jerry Windle ដែល​ជា​ឪពុក​ដ៏​គំរូ​មួយ​រូប បានទន្ទឹង​ចាំ​មើល​កូន​ប្រុស​អាមេរកាំង​ដើម​កំណើត​ខ្មែរ​របស់​លោក លោត​ទឹក​ប្រកួត​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន​ជា​ថ្មី​ម្តង​ទៀត។ ហើយ​រាល់​ការ​ប្រកួត​ មិន​ថា​លោក Jordan ឈ្នះ​បាន​ពាន​រង្វាន់ ឬ​មិន​បាន​ពាន​រង្វាន់ លោក Jerry Windle តែងតែ​មាន​មោទនភាព និង​ស្រឡាញ់​កូន​ប្រុស​សម្បុរ​ស្រអែម មាឌមាំ​ពោរពេញ​ដោយ​ស្នាម​ញញឹម​ស្រស់​ម្នាក់​នេះ​ជានិច្ច៕

What Next?

Recent Articles

One Response to "ឪពុក​របស់​ Jordan Pisey Windle៖ អនាគត​របស់​​កីឡាករ​លោតទឹក​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​វែង​ឆ្ងាយ​ហួស​ពី​​ការ​ប្រកួត​ក្នុង​កីឡា​អូឡាំពិក"

  1. Nath In says:

    I wish his dream will come true. Keep trying hard, you will be successful one day.