“សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​កម្ពុជា​និង​ថៃ​ខុសគ្នា​ស្រឡះ​ក្នុង​ពេល​រាតត្បាត​ជំងឺ​កូវីដ​១៩”

ដោយ មាន ឫទ្ធិ
2021-09-03
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

"សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​កម្ពុជា​និង​ថៃ​ខុសគ្នា​ស្រឡះ​ក្នុង​ពេល​រាតត្បាត​ជំងឺ​កូវីដ​១៩"

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​លោក​នាយក​រដ្ឋមន្ត្រី​ថៃ បា្រយុទ្ធ ចាន់អូចា (Prayut Chan-O-cha) ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៧។ Photo courtesy of Hun Sen’s Facebook Page Photo courtesy of Hun Sen’s Facebook Page


កម្ពុជា និង​ថៃ​ជា​ប្រទេស​មាន​ព្រំប្រទល់​ជាប់ ប៉ុន្តែ​អំឡុង​ពេល​ផ្ទះ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​ខ្លាំង​នេះ សេរីភាព​ខាង​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ​ប្រទេស​ទាំងពីរ​ហាក់​ខុសគ្នា​ដាច់​ស្រឡះ​។ ពលរដ្ឋ​ខ្មែរ​មិនអាច​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​បង្ហាញ​ពី​ទុក្ខ​កង្វល់​របស់​ខ្លួន​បានទេ ជាពិសេស​អ្នក​ពាក់ព័ន្ធ​រឿង​នយោបាយ ខុសពី​ប្រទេស​ថៃ ដែល​ប្រជាពលរដ្ឋ​របស់​គេ​រាប់ពាន់​នាក់ ចេញ​តវ៉ា​បណ្ដេញ​នាយករដ្ឋមន្ត្រី​ចេញពី​តំណែង​បាន​ដោយ​សេរី​។ អ្នកវិភាគ​នយោបាយ មើលឃើញ​ថា បញ្ហា​នេះ​ដោយសារ​កម្ពុជា​ងាក​ទៅ​រក​ការគ្រប់គ្រង​បែប​កុម្មុយនិស្ត ច្រើន​ជាង​ប្រទេស​ថៃ។

ប្រទេស​កម្ពុជា​និង​ថៃ​មាន​វិបត្តិ​នយោបាយ​ដូចគ្នា ប៉ុន្តែ​ការអនុវត្ត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ប្រទេស​ទាំងពីរ​មាន​លក្ខណៈ​ខុសគ្នា​ដាច់​ស្រឡះ អំឡុង​ពេល​កំពុង​មាន​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​ខ្លាំង​នេះ។

អាជ្ញាធរ​កម្ពុជា​បង្កើន​ការ​រឹតត្បិត​ខ្លាំង​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​រហូតដល់​ប្រជា​ពលរដ្ឋ​មិន​អាច​ចូលរួម​សម្ដែង​មតិ​បាន​ឡើយ​។ ជារឿយៗ​អាជ្ញាធរ​តែងតែ​បង្ក្រាប​លើ​ក្រុម​យុវជន និង​ប្រជា​ពលរដ្ឋ ជាពិសេស​ក្រុម​ស្ត្រី​ដែល​ជា​ប្រពន្ធ និង​កូន​របស់​ជន​ជាប់ឃុំ​នយោបាយ សូម្បីតែ​ពួកគេ​សម្ដែង​មតិ​ដោយ​សន្តិវិធី​មាន​គ្នា​មិន​ដល់ ១០​នាក់ ក៏​អាជ្ញាធរ​មិន​លើកលែង​ដែរ ។ អាជ្ញាធរ​តែងតែ​ចាត់ទុក​ការ​បង្ក្រាប​នេះ ថា ជា​ការ​អនុវត្ត​ច្បាប់ ដើម្បី​រក្សា​សណ្ដាប់​សង្គម ទោះជា​ក្នុង​រូបភាព​ហិង្សា​ក៏ដោយ។

ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​នៅ​ពន្ធនាគារ​ព្រៃស លោកស្រី ព្រុំ ចាន់ថា ថ្លែង​ថា បច្ចុប្បន្ន​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​នៅ​កម្ពុជា​រួញ​តូច​ខ្លាំង ធ្វើ​ឱ្យ​លោកស្រី​ពិបាក​ក្នុង​ការ​អនុវត្ត​សិទ្ធិ​មួយ​នេះ​។ ស្ត្រី​វ័យ​៤៩​ឆ្នាំ​រូប​នេះ ប្រាប់​ថា ការ​តវ៉ា​កន្លងមក​កង​សន្តិសុខ និង​ប៉ូលិស​ក្រុងភ្នំពេញ​តែង​បង្ក្រាប​ដោយ​ហិង្សា​និង​ជេរប្រមាថ​មក​លើ​ពួក​លោកស្រី​ជាប្រចាំ​។ លោកស្រី​បញ្ជាក់​ថា ការ​តវ៉ា​កន្លង​មក គឺ​ដោយសារ​មិន​ពេញ​ចិត្តនឹង​តុលាការ ដែល​បាន​ចាប់​ប្ដី​និង​កូន​របស់​ពួក​លោក​ស្រី​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌៖ «ធ្វើ​គ្រប់​រូបភាព​ទាំងអស់ ប៉ុន្តែ​ពួក​ខ្ញុំ​នៅតែ​មិន​ខ្លាច​ដដែល ដោយសារ​អ្វី​ដែល​ជំរុញ​ឱ្យ​គឺ ការឈឺចាប់​និង​ទឹកចិត្ត​យើង​ដែល​រង​អំពើ​អយុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​ពួក​ខ្ញុំ។អីចឹង​ពួក​ខ្ញុំ​ត្រូវតែ​តវ៉ា​មិន​រាថយ​មិន​ញញើត ហើយក៏​មិន​ខ្លាច​នឹង​ការ​គំរាមកំហែង ទោះបី​គាត់​ចាប់​ក៏​ខ្ញុំ​អត់​ខ្លាច​ដែរ»។

ទន្ទឹម​នឹង​នេះ អាជ្ញាធរ​ខ្មែរ​ហាក់​ឆ្លៀតឱកាស​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​នេះ បង្ក្រាប​លើ​ប្រជាពលរដ្ឋ​ទាំងឡាយ​ដែល​មាន​មតិផ្ទុយ​ពី​រដ្ឋាភិបាល​ដោយ​សូម្បីតែ​កសិករ​រិះគន់​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ការទិញ​ផ្លែ​មៀន ឬ​ផ្លែ​តាង៉ែន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក៏​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​បាន​ដែរ ។ កាលពី​ថ្ងៃទី​២៤ សីហា​កសិករ​ម្នាក់​ឈ្មោះ ងួន លី អាយុ​៣១ នៅ​ស្រុក​កំរៀង ខេត្តបាត់ដំបង ត្រូវ​បាន​តុលាការ​ខេត្ត​មួយ​នេះ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​១០​ខែ ដោយសារតែ​លោក​បាន​បង្ហោះ​វីដេអូ​ឃ្លិប​នៅក្នុង​ហ្វេសប៊ុក​របស់​លោក​ថា អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ប្រជាពលរដ្ឋ​បេះ​ផ្លែ​តាង៉ែន​ហើយ ប៉ុន្តែ​មិន​មក​ទិញ​កសិផល​របស់​ពួកគាត់​នោះ​ទេ។

ចាប់តាំងពី​ឆ្នាំ​២០១៩ រហូត​មក​ទល់​ពេលនេះ អាជ្ញាធរ​បាន​ចាប់ខ្លួន​សកម្មជន យុវជន និង​សកម្មជន​នយោបាយ​ជិត ៩០​នាក់​ដាក់​ពន្ធនាគារ ដោយ​ភាគ​ច្រើន​អាជ្ញាធរ​ចោទប្រកាន់​ពួកគេ​ពី​បទ​ញុះញង់។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​លោក កត្តា អ៊ន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ចាប់ចង​ទាំងអស់​នេះ គឺជា​ការអនុវត្ត​ច្បាប់ ដែល​លោក​អះអាង​ថា ពួកគេ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ធ្ងន់ធ្ងរ៖ «ប្រទេស​មួយ​យើង​មាន​ច្បាស់​ប្រទេស​រៀងៗ​ខ្លួន យើង​មិន​អាច​វាយតម្លៃ ដោយ​ការ​យល់ឃើញ​ការវិភាគ​របស់​យើង​ពឹង​ផ្អែកលើ​បរិបទ​នៃ​ប្រទេស​នេះ​ប្រទេស​នោះ ដោយ​គ្មាន​ពឹង​ផ្អែក​ទៅ​លើ​ក្របខ័ណ្ឌ​ច្បាប់​ទេ។ ដូច្នេះ​កម្ពុជា​យើង​មាន​រដ្ឋធម្មនុញ្ញ​មាន​ក្រមព្រហ្មទណ្ឌ និង​មានច្បាប់​ផ្សេងៗ​ទៀត។ ដូច្នេះ​សកម្មភាព​ដែល យើង​ម្នាក់ៗ​ធ្វើ​នេះ​យើង​ត្រូវ​ពិនិត្យ​មើល​ថា នៅក្នុង​បទ​បញ្ញត្ត​ច្បាប់​នោះ គេ​បាន​ហាម​ឬទេ​។ បើសិនជា​យើង​ធ្វើ​សកម្មភាព វា​រំលោភ​បទ​បញ្ញត្ត​ច្បាប់ អាហ្នឹង​គែ​អំពើ​ខុស​ច្បាប់​ហើយ»។

ទោះជា​យ៉ាងណា​ថ្មីៗ​នេះ​ស្ថានទូត​ប្រទេស​សេរី​ប្រចាំ​នៅ​កម្ពុជា និង​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​លើកឡើង​ថា ការ​បកស្រាយ​របស់​តំណាង​រដ្ឋាភិបាល មិន​សម​ហេតុផល និង​មិន​ស្របតាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដែល​ធានា​ការពារ​សិទ្ធិ​ជនជាប់ចោទ​ឡើយ​។ លើស​ពី​នេះ ពួកគាត់​ចាត់ទុកថា ទង្វើ​របស់​រដ្ឋាភិបាល កំពុងតែ​ប្រើ​វិបត្តិ​កូវីដ​១៩ ដើម្បី​អូស​បន្លាយ​ពេល​ឃុំខ្លួន​ជន​ជាប់​ឃុំ ដោយ​គ្មាន​ការ​កាត់​ក្ដី ដែល​ជា​ការបំពាន​សិទ្ធិ និង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ភាព​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​ពួកគេ​ធ្ងន់ធ្ងរ។

ងាក​មក​មើល​ប្រទេស​ថៃ​វិញ​ម្ដង ក្នុង​រយៈពេល​២​ខែ​ចុង​ក្រោយនេះ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចន្លោះ​ពី​ជាង ១​ម៉ឺន ៤​ពាន់​នាក់​ទៅ​ជាង​២​ម៉ឺន​នាក់​(២៣.៥០០)​ក្នុង​មួយថ្ងៃ គឺ​ច្រើនជាង​កម្ពុជា​ដែល​មាន​អ្នក​ឆ្លង​ប្រមាណ​ពី​៤០០ នាក់ ទៅ​ជាង ១​ពាន់​នាក់​ក្នុង​មួយថ្ងៃ​។ ថ្វីត្បិតតែ​ប្រទេស​ថៃ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ច្រើន​ជាង​ខ្មែរ​ដល់​ទៅ ១០​ដង​យ៉ាងនេះ​ក្ដី ក៏​រដ្ឋាភិបាល​ថៃ​បើក​ឱ្យ​ប្រជាពលរដ្ឋ​របស់​គេ​អាច​សម្ដែង​មតិ​តាម​ដងផ្លូវ​ដោយ​សេរី​បាន​ដែរ។

បច្ចុប្បន្ន​មាន​យុវជន​ថៃ​ប្រមាណ​ពី ២​ពាន់ ទៅ ៥​ពាន់​នាក់​(៥.០០០)​ក្នុង​មួយថ្ងៃ​ចេញ​ធ្វើ​បាតុកម្ម​តវ៉ា​តាម​ដងផ្លូវ​នៅ​កណ្ដាល​ទីក្រុង​បាងកក។ ពួកគេ​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan O Cha) ចុះ​ចេញពី​តំណែង ដោយសារ​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​ក​វីដ ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​ថៃ​ធ្លាក់ចុះ​។ កន្លង​មក​ក្រុម​បាតុករ​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ជា​ញឹកញាប់​ដែរ ប៉ុន្តែ​ពួកគេ​នៅតែ​អាច​ធ្វើ​សកម្មភាព​សម្ដែង​មតិ​បាន​ដដែល និង​មាន​សកម្មភាព​ផុសផុល​ទៀត​ផង​។ ការ​តវ៉ា​នេះ​ពលរដ្ឋ​ថៃ​បាន​ដាក់​ឧបករណ៍​បំពង​សំឡេង ហើយ​ផ្លាស់ប្ដូរ​គ្នា​ឡើង​បញ្ចេញ​មតិ អម​ដោយ​ការ​ប្រគំ​តន្ត្រី​នៅ​តាម​ដង​សំខាន់ៗ​នៅក្នុង​ទីក្រុង​បាងកក។ ពលករ​ខ្មែរ​ម្នាក់​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​តែង​ចុះ​ឃ្លាំមើល​ពលរដ្ឋ​ថៃ​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​បាងកក លោក ជិម សុផាត ថ្លែង​ថា លោក​ពេញ​ចិត្តនឹង​យុវជន​ថៃ​ដែល​បាន​នាំ​គ្នា​សម្ដែង​មតិ​ទាមទារ​ឱ្យ​មេដឹកនាំ​របស់​គេ​ចុះចេញ​ពី​តំណែង។ លោក​បញ្ជាក់​ទៀត​ថា ការ​តវ៉ា​នេះ​មិនមែន​ពលរដ្ឋ​ថៃ​ក្លាហាន​ជាង​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ប៉ុន្តែ​ដោយសារ​អាជ្ញាធរ​ថៃ​ផ្ដល់​សេរីភាព​ដល់​ប្រជាពលរដ្ឋ​របស់​ពួកគេ​ច្រើន​ជាង​កម្ពុជា៖ «នៅ​ពេល​ដែល​ឃើញ​យុវជន​គេ​សាមគ្គី​គ្នា​រួម​ជា​ទ្រង់ទ្រាយ​ធំ គេ​ចេះ​ស្រលាញ់​ជាតិ ក្រុម​បាតុករ​នេះ​មិនមែន​ត្រឹមតែ​ប្រជាពលរដ្ឋ​ធម្មតា​ទេ សូម្បីតែ​ពួក​តារា​ចំរៀង​ល្បីៗ អ្នកកាសែត​ក៏​ចូលរួម​ដែរ។ នៅ​ស្រុក​ខ្មែរ​យើង​អត់​មាន​តារា​ណា​មក​ចូលរួម​ទេ និយាយ​ឱ្យ​ចំ​ទៅ​ខ្ញុំ​រំភើប​ណាស់​ចង់ឱ្យ​ស្រុក​ខ្មែរ​ធ្វើ​បែប​ហ្នឹង​បើសិនជា​យើង​គិតថា​លោក​ហ៊ុន សែន សព្វថ្ងៃ​គឺជា​របប​ផ្ដាច់ការ រំលោភ​ទៅលើ​សិទ្ធិមនុស្ស​ខ្លាំង​ទៅ​ហើយ​ហ្នឹង យើង​អត់​អាច​ការបោះឆ្នោត​អី​ឈ្នះ​ជាមួយ​លោក ហ៊ុន សែន»។

ក្រៅពី​បើក​សិទ្ធិ​ដល់​ពលរដ្ឋ​ខ្លួន​ហើយ អាជ្ញាធរ​ថៃ​ក៏បាន​បើក​សិទ្ធិ​ឱ្យ​ជនជាតិ​ដទៃ​ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ អាច​ប្រមូល​ផ្តុំ​សម្ដែង​មតិ​បាន​ដែរ ប្រសិនបើ​ពួកគេ​ជួបប្រទះ​បញ្ហា​អ្វីមួយ​។ ជា​ឧទាហរណ៍ ពលករ​ខ្មែរ​បានជា​ច្រើន​នាក់​ធ្លាប់​បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ​របស់​ថៃ​ជាច្រើន​ដង ដើម្បី​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ថៃ​ជួយ​ដោះស្រាយ​បញ្ហា​រំលោភសិទ្ធិ​ការងារ​លើ​ពួកគាត់។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញ​ថា មូលហេតុ​ដែល​ការ​បញ្ចេញមតិ​របស់​ពល​រដ្ឋ​កម្ពុជា​ខុសពី​ថៃ ដោយសារ​ស្ថាប័ន​តុលាការ​នៅ​ប្រទេស​ថៃ​ឯករាជ្យ និង​មិន​ស្ថិត​ក្រោយ​សម្ពាធ​របស់​អ្នកនយោបាយ​ដូច​នៅ​កម្ពុជា​។ បន្ថែម​ពី​នេះ​លោក​ថា ថ្នាក់​ដឹកនាំ និង​ពលរដ្ឋ​ថៃ បាន​ដើរ​តាម​គន្លង​ធម៌​ព្រះពុទ្ធ​ច្រើន មានចិត្ត​ធម៌​ច្រើន អត់ឱន​និង​បើកទូលាយ​ច្រើន ព្រមទាំង​មាន​សមត្ថភាព​និង​ការ​ទុក​ចិត្ត​លើ​ខ្លួនឯង ជាពិសេស​អាជ្ញាធរ​ថៃ​ស្រឡាញ់​ប្រជាពលរដ្ឋ​របស់​គេ៖ «ព្រះពុទ្ធសាសនា​នៅ​ថៃ​នេះ​ជា​កត្តា​លំនឹង​ស្ថិរភាព​សង្គម​ព្រោះ​គេ​ជឿ​ដូចៗ​គ្នា ហើយ​គេ​បដិបត្តិ​។ យើង​ណេះ​បាន​តែ​ជឿ បានតែ​មាត់​បានតែ​សូត្រធម៌​សូត្រ​អី​តែ​មាត់ ប៉ុន្តែ​កាយវិការ​ជាក់ស្ដែង​សឹងតែ​អត់ ម្ល៉ោះហើយ​គឺ​ខុសគ្នា​អីចឹង។ ម្ល៉ោះហើយ​សង្គម​ហ្នឹង​វា​អត់​មានអី​រឹងមាំ​មាន​លំនឹង រួច​ស្ថាប័ន​ស្ដេច​គេ​ក៏​ជា​លំនឹង​មួយ​ដែរ»។

ដោយឡែក​នៅ​កម្ពុជា​វិញ​អ្នក​វិភាព​នយោបាយ​ជើងចាស់​រូប​នេះ​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​របប​ឯក​បក្ស​កំពុង​ដើរ​តាម​គន្លង​របប​កុម្មុយនិស្ត​ផ្ដាច់ការ​។ លោក​ថា ការ​ដឹកនាំ​បែប​នេះ គឺ​រដ្ឋាភិបាល​រក​វិធី​គ្រប់យ៉ាង​មិន​ឱ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរី​ខាង​បញ្ចេញមតិ​នោះ​ឡើយ៖ «អីចឹង​ហើយ​បានជា​គេ​ឱ្យ​សារ​សំខាន់​ទៅ​លើ​កង​ប្រដាប់​អាវុធ ដូច​សព្វថ្ងៃ តើ​គេ​ឱ្យ​សារសំខាន់​ទៅដល់​កងទ័ព​យ៉ាងម៉េច ហើយ​នគរបាល​យ៉ាងម៉េច។ ព្រោះ​អាហ្នឹង​ជា​ឧបករណ៍​ដើម្បី​យក​អំណាច​ផង​ដើម្បី​ទ្រទ្រង់​រក្សា​ការពារ​អំណាច ពង្រឹង​អំណាច​បន្ថែម​ទៅទៀត​ទៅ​។ ចំណែក​អ្នកណា​ដែល​ជំទាស់​ឬមួយ​ធ្វើ​ឱ្យ​រង្គោះរង្គើ​អំណាច​របស់​គេ​ហ្នឹង​គេ​សម្លាប់ ឬ​ចាប់​ចង​ទៅ ហើយ​ច្បាប់​នេះ គឺ​ច្បាប់​កុម្មុយនីស្ត ដើម្បី​ប្រឆាំង​ហ្នឹង​កម្ទេច​អ្នក​ទិតៀន អ្នក​ដែល​ប្រឆាំង​នឹង​អំណាច​វណ្ណៈ​អធន»។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ជឿ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អាជ្ញាធរ​ខ្មែរ​ទាំងអស់ គួរតែ​ដឹកនាំ​ប្រទេស​ដោយ​ដើរ​តាម​គន្លង​ព្រះពុទ្ធ​នាសនា​ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​ត្រូវ​បណ្ដុះ​កូន​របស់​ពួកគេ​ឱ្យ​យល់​ដឹង​ពី​ពុទ្ធសាសនា តាំងពី​តូច​មុន​ពេល​ដែល​ពួកគេ​ចូលកាន់​តំណែង​ការងារ​រដ្ឋ។ ជាពិសេស​លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ គួរតែ​ប្រកាន់ខ្ជាប់​នូវ​ព្រហ្ម​វិហារធម៌​៤​យ៉ាង​របស់​ព្រះពុទ្ធ គឺ មេត្តា ករុណា មុទិតា និង​ឧបេក្ខា ដែល​មានន័យថា សេចក្ដីស្រឡាញ់ សេចក្ដី​អាណិត មានការ​ត្រេកអរ​នៅ​ពេល​ដែល​អ្នកដទៃ​បាន​សេចក្ដីសុខ និង​ការ​តម្កល់ចិត្ត​ឱ្យ​នៅ​កណ្ដាល​ដោយ​មិន​លំអៀង​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "“សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​កម្ពុជា​និង​ថៃ​ខុសគ្នា​ស្រឡះ​ក្នុង​ពេល​រាតត្បាត​ជំងឺ​កូវីដ​១៩”"

  1. TAUCH CHOEUN says:

    ប្រទេសថៃគ្មានសង្គ្រាមរាប់រយឆ្នាំជាប្រទេសធំថែមទាំងធ្វើការរំលោភវាយប្រទេសខ្មែរទៀតថៃកសាងប្រព័ន្ឋសង្គម សេដ្ឋកិច្ច ការពារជាតិនិងយុទ្ឋសាស្រ្តផ្សេងៗទៀតយ៉ាងរឹងមាំ ដូច្នោះរដ្ឋបាលសាធារណៈតាមបែបប្រពៃណីនិងទំនើបរបស់ថៃគ្រប់គ្រងប្រទេសបានយ៉ាងល្អ។កម្ពុជាតូចទើបងើបពីសង្គ្រាមបំផ្លិចបំផ្លាញរាប់សិបឆ្នាំហើយទើបទទួលបានការអភិវឌ្ឍប៉ុន្មានឆនាំចុងក្រោយនេះ៕ប្រជាថីបតេយ្យជាមនោគមវិជ្ជាពិសពុលធ្វើឳ្យខ្មែរ១៦លាននាក់វង្វែងវង្វាន់នាំគ្នាបង្កើតគណបក្សនយោបាយរាប់សិបដែលជារូបភាពបែកបាក់រួចហើយវាយគ្នាឯងគ្មាទីបញ្ចប់។ក្រទ្បេកមើលប្រទេសចិន និងវៀតណាមគេជ្រើសរើសមនោគមវិជ្ជាគ្រប់គ្រងមនុស្សបានយ៉ាងល្អគ្មានទេពហុបក្ស និងសិទ្ឋមនុស្សដាច់បង្ហឿរដែលជាឩបករណ៌បំផ្លាញខ្លួនឯង និងពិសពុលធ្វើឳ្យសង្គមបែកបាក់រហូតបាត់ឈ្មោះពីផែនទីពិភពលោក។ពួកបរទេសសត្រូវខ្មែរសប្បាយចិត្តណាស់ដោយសារឃើញបណ្ឌោគតាពិត(សុខស្វា សារីពាល អាចនី ។ល។)នៅក្នុងស្រុកនិងនៅក្រៅស្រុកខិតខំផ្សព្វផ្សាយទ្រឹស្តីពិសពុលបំផ្លាញស្រុកខ្មែរ។ប្រទេសចិន និងវឿតណាមគេមានបណ្ឌិតរាប់សិបលានបជាខួរក្បាលបំរើប្រទេសជាតិ។អត្ថបទពិសពុលជាច្រើនដូចជាអត្ថបទនេះជាដើមគឺកកូរកកាយញុះញុង់មិនឳ្យខ្មែរបានសុខដើម្បីអភិវឌ្ឍន៌សង្គមសេដ្ឋកិច្ចទេ។
    សូមបញ្ឈប់ការផ្សព្វផ្សាយពិសពុលទៅកន្លែងដែលត្រូវការរឹះគន់់ដើម្បីស្ថាបនាមានច្រើនរាប់មិនអស់។កុំក្លាយជាប្ឬព័ន្ឋផ្សំផ្សាយរបស់ពួកជនពាលព្រោះបាបកម្មពិតជាមានមែន។

  2. Anonymous says:

    please do not upset to Thai people they some time look down our people . every thing up to our leader if our leader smart enough they will not looking down to our people but look PRAYUTH and HUNSEN even they are sitting together PRAYUTH seem to be smarter and HUN SEN seem to be so dump by the way it look

  3. TAUCH CHOEUN says:

    Your opinion is fucking bad bias and serve the foreigner country because you are the one of them.

Leave a Reply

Submit Comment