ក្រុម​អ្នក​ជំនាញ​អ.ស.ប​អំពាវ​នាវ​ឲ្យ​ដោះ​លែង​ក្មេង​ប្រុស​ជា​កូន​សកម្មជន​បក្ស​ប្រឆាំង ខណៈ​មន្រ្តី​កម្ពុជា​ការពារ​ចំណាត់​ការ​ផ្លូវ​ច្បាប់

សិទ្ធិ​មនុស្ស
03 កញ្ញា 2021
ស៊ុន ណារិន
វីអូអេខ្មែរ

យុវជន កាក់ សុវណ្ណឆ័យ អាយុ១៦ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ (រូបភាពផ្តល់ដោយអ្នកស្រី ព្រំ ចាន់ថា ម្តាយរបស់យុវជន)
យុវជន កាក់ សុវណ្ណឆ័យ អាយុ១៦ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ (រូបភាពផ្តល់ដោយអ្នកស្រី ព្រំ ចាន់ថា ម្តាយរបស់យុវជន)

ភ្នំពេញ —  ក្រុម​អ្នក​ជំនាញ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​(អ.ស.ប) បាន​បង្ហាញ​ក្តី​«ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង»​ចំពោះ​ការ​ឃុំ​ខ្លួន​ក្មេង​ប្រុស​ម្នាក់​ដែល​មាន​ជំងឺ​អូទីស្សឹម (autism) និង​ជា​កូន​ប្រុស​របស់​សកម្មជន​គណបក្ស​ប្រឆាំង ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​ដូច​គ្នា។ ការ​អំពាវនាវ​នេះ ក៏​ត្រូវ​បាន​បដិសេធ​ដោយ​រដ្ឋាភិបាល​កម្ពុជា។

ក្រុម​អ្នក​ជំនាញ​ទាំង​នោះ​មាន​លោក​លោក វិទិត ម៉ុន​តារបន (Vitit Muntarbhorn) អ្នក​រាយ​ការ​ណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី អីរ៉េន ខាន់ (Irene Khan) អ្នក​រាយការណ៍​ពិសេស​ស្តី​ពី​ការ​លើក​កម្ពស់ និង​ការការ​ពារ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​និង​ទស្សនៈ អ្នក​ស្រី ត្លាលេង ម៉ូហ្វូខេង (Tlaleng Mofokeng) អ្នក​រាយ​ការណ៍​ពិសេស​ស្តីពី​សិទ្ធិ​ជន​គ្រប់​រូប​ក្នុង​ការ​ទទួល​បាន​ស្តង់ដា​ខ្ពស់​បំផុត​ផ្នែក​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិ​ត្ត និង​អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) អ្នករាយ​ការណ៍ពិសេស​ស្តី​ពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃ​សុក្រ​នេះ ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស អ.ស.ប បាន​អំពាវនាវឲ្យ​កម្ពុជាដោះ​លែង​ក្មេង​ប្រុស​ម្នាក់ អាយុ​១៧​ឆ្នាំ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​អស់​រយៈពេល​ជាង​២ខែ ហើយ​រូប​គេមិនបាន​ជួប​គ្រួសារ​នោះ​ទេ។ សេចក្តី​ថ្លែង​ការណ៍​ឲ្យ​ដឹង​ថាអនីតិ​ជន​រូប​នេះ​មាន​ឪពុក​ជា​អតីត​មន្រ្តី​គណ​បក្សប្រឆាំង និង​ម្តាយជា​អ្នកការពារ​សិទ្ធិ​មនុស្ស​ដែល​តែង​តែ​ចេញ​មុខ​តវ៉ា​ទាមទារ​យុត្តិធម៌​ឲ្យ​ស្វាមី ចាប់​តាំង​ពី​ឆ្នាំ​មុន។ ក្មេង​ប្រុស​នោះ​ត្រូវ​បានចាប់​ខ្លួន​កាល​ពី​ថ្ងៃទី២៤ ខែ​មិថុនា និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់ និង​ប្រមាថ​មន្រ្តី​សាធារណៈ​ពាក់​ព័ន្ធ​នឹង​សកម្មភាព​តាម​អ៊ីនធឺណិត​របស់​គាត់។ គាត់​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ពីរ​ឆ្នាំ ប្រសិន​ជា​គាត់​ត្រូវ​បាន​ផ្តន្ទា​ទោស។

ក្រុម​អ្នក​ជំនាញ​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ «កុមារ​មាន​ពិការភាព​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ច្បាប់​គួរ​តែ​បាន​ប្រព្រឹត្ត​ស្រប​តាម​គោល​ការណ៍​ឧត្តម​ប្រយោជន៍​របស់​កុមារ​ហើយ​រាល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ដាក់​ពួក​គាត់​ឲ្យនៅ​ក្រៅ​ពន្ធនាគារ។ នេះ​ជា​ការ​ពិត​ ជា​ពិសេស​ក្នុង​ករណី​មួយ​ដូចជា​ករណី​នេះ​នៃ​ការ​បញ្ចេញ​មតិ​ដោយ​សេរី​និង​ដោយ​សន្តិវិធី»

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ ឃាត់​ខ្លួន​លោក​ កាក់ សុវណ្ណឆ័យ ​ជា​សិស្ស​ថ្នាក់​ទី​៩ និង​ជា​កូន​ប្រុស​របស់​លោក ​កាក់ កុម្ភារ​ អតីត​សមាជិក​ជាប់​ឆ្នោត​នៃ​ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។ ប៉ូលិស​បាន​បញ្ជាក់​ថា​យុវជន​នោះ ត្រូវ​បាន​សង្ស័យ​ថា​ «ញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ក្នុង​សង្គម​និង​ការ​ប្រមាថ​មន្ត្រី​រាជការ​សាធារណៈ»

រូប​ឯកសារ៖ អ្នកស្រី ព្រុំ ចាន់ថា ភរិយាលោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និង​ជា​ម្តាយ​បង្កើត​របស់​យុវជន កាក់ សុវណ្ណ​ឆ័យ និយាយជាមួយអ្នកសារព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូប​ឯកសារ៖ អ្នកស្រី ព្រុំ ចាន់ថា ភរិយាលោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និង​ជា​ម្តាយ​បង្កើត​របស់​យុវជន កាក់ សុវណ្ណ​ឆ័យ និយាយជាមួយអ្នកសារព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​បាន​រំឭក​អំពី​អនុសញ្ញា អ.ស.ប ស្តី​ពី​សិទ្ធិ​កុមារ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​នៅ​ឆ្នាំ​១៩៩២ ដែល​ចែង​ថា​ការ​ចាប់​ខ្លួន និង​ការ​ឃុំ​ខ្លួន​កុមារ​គួរ​តែ​ត្រូវ​បាន​ប្រើ​ជា​ជម្រើស​ចុង​ក្រោយ​និង​សម្រាប់​រយៈ​ពេល​ខ្លី​បំផុត​ប៉ុណ្ណោះ។

សេចក្តី​ថ្លែង​ការណ៍​ឲ្យ​ដឹង​ទៀត​ថា៖ «យើង​សូម​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ការ​ចោទ​ប្រកាន់​និង​ដោះ​លែង​អនីតិជន​រូប​នេះ​ជា​បន្ទាន់»

បើ​តាម​សេចក្តី​ថ្លែងការណ៍ ក្មេង​ប្រុស​នេះ​ត្រូវ​បាន​ចាប់​ខ្លួន ដោយ​គ្មាន​ដីកា​ហើយ​ក្រុម​គ្រួសារ​គាត់​មិន​អាច​ជួប​គាត់​បាន​ខណៈ​ពេល​ដែល​គាត់​ត្រូវ​បាន​នគរ​បាល​ឃុំ​ខ្លួន​ឬ​ចាប់​តាំង​ពី​ពេល​ដែល​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​។

ពួកគេ​បញ្ជាក់​បន្ថែម​ថា៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ផង​ដែរ​ដែល​កុមារ​រូប​នេះ​ត្រូវ​បាន​គេ​សួរ​ចម្លើយ​ដោយ​គ្មាន​វត្តមាន​មេធាវី ឬ​អាណាព្យាបាល​របស់​គាត់​ដែល​រំលោភ​លើ​ច្បាប់​ស្តី​ពី​យុត្តិធម៌​អនីតិ​ជន​កម្ពុជា​និង​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ»

ក្មេង​ប្រុសរូ​ប​នេះ​ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​លើក​មុន ប៉ុន្តែ​មិន​ត្រូវ​បាន​ចោទ​ប្រកាន់​ទេ​កាល​នោះ ហើយ​ក៏​ធ្លាប់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុ​ខវាយ​ដំ​ផង​ដែរ។ បន្ទាប់​ពី​ការ​ចាប់​ខ្លួន​គាត់​កាល​ពី​ខែ​តុលា ឆ្នាំ​មុន នៅ​ខាង​មុខ​ទីស្នាក់​ការ​កណ្តាល​ចាស់​នៃ​គណ​បក្ស​សង្គ្រោះជាតិ គាត់​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ត្រូវ​បាន​នគរ​បាល​ដាល់ និង​ទះ​កំផ្លៀង​គាត់​ក្នុង​អំឡុង​ពេល​សួរ​ចម្លើយ។ ពីរ​ថ្ងៃ​ក្រោយ​មក គាត់​ត្រូវ​បាន​ដោះ​លែង​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់។ នៅ​ខែ​មេសា​ឆ្នាំ​នេះ គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ដោយ​សារ​មាន​ស្រាំ​ឆ្អឹង​លលាដ៍​ក្បាល បន្ទាប់​ពី​បុរស​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​តាម​វាយគា​ត់​ដោយ​ដុំ​ឥដ្ឋ។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស។

លោក ​កាក់ កុម្ភារ ​ឪពុក​របស់​យុវជន​ កាក់ សុវណ្ណឆ័យ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ព្រៃស​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០​២០ ក្រោម​ការ​ចោទ​ពី​បទ ​«ប្រមាថ​និង​ញុះ​ញង់​ឲ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​ជាតិ»។ លោក​និង​សកម្មជន​ផ្សេង​ទៀត​កំពុង​រង់​ចាំ​ការ​កាត់​ទោស ដែល​ត្រូវ​បាន​ពន្យារ​ពេល​ដោយ​សារ​ជំងឺ​កូវីដ​១៩។

ជា​ការ​ឆ្លើយ​តប​នឹង​ការ​ព្រួយ​បារម្ភ​នេះ ស្ថាន​បេសក​កម្ម​អចិន្រ្តៃយ៍​កម្ពុជា​នៅ​ទីក្រុង​ហ្សឺណែវ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ប្រតិកម្ម​ទៅ​នឹង​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ ដោយការពារ​ថា៖ «រាល់​ការ​ចោទ​ប្រកាន់​និង​ការ​អនុវត្ត​ន៍នីតិវិធី គឺ​អនុលោម​ស្រប​ទៅ​តាម​ច្បាប់»

ស្ថាន​បេសកកម្ម​អចិន្រ្តៃយ៍​កម្ពុជា​បង្ហាញ ​«ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង» ចំពោះ​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​អ្នក​រាយ​ការណ៍​ពិសេស​មួយ​ក្រុម​តូច ចំពោះ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា។

សេចក្តី​ថ្លែង​ការណ៍​ឲ្យ​ដឹង​ថា៖ «ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា សូម​ច្រាន​ចោល​យ៉ាង​ដាច់​អហង្ការ​នូវ​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​របស់​អ្នក​រាយ​ការណ៍​ពិសេស​ខាង​លើ មក​លើ​អាជ្ញាធរ​កម្ពុជា​តាម​រយៈ​ការ​អត្ថាធិប្បាយ​បែប​នយោបាយូបនីយកម្មជ្រើស​រើស​តែ​មួយ​ជ្រុង និង​បង្ក​ការ​ភ័ន្ត​ច្រឡំ​ដល់​សាធារណជន»

តំណាង​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ការ​ទាមទារ​របស់​អ្នករាយ​ការណ៍​ពិសេស​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​បុគ្គល​ណាម្នាក់ «គឺ​ស្មើ​នឹង​ការ​ប្រមាថ​ទៅ​លើ​ប្រព័ន្ធ​បែង​ចែក​អំណាច និង​ឯករាជ្យភាព​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា»

អ្នក​ស្រី​ព្រុំ ចាន់ថា ​អាយុ​៤៤​ឆ្នាំ ជា​ម្តាយ​បង្កើត​របស់​យុវជន កាក់ សុវណ្ណ​ឆ័យ បាន​ថ្លែង​ថាអ្នក​ស្រី​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​កូន​ប្រុស ចាប់​តាំង​ពី​ថ្ងៃ​ចាប់​ខ្លួន បើ​ទោះ​បី​មាន​ការ​ស្នើ​សុំ​ជា​ច្រើន​ដង។ អ្នកស្រី​ចាត់​ទុក​ថា​នេះ ​«អយុត្តិធម៌» ​សម្រាប់​រូប​អ្នក​ស្រី​ជា​ម្តាយ ខណៈ​កូន​នៅ​ក្មេង ហើយ​ «មាន​សតិ​មិន​ល្អ»។ អ្នកស្រី​បន្ថែម​ថា​កូន​ប្រុសមិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

អ្នកស្រី​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖ «ប្រទេស​មួយៗ​ធម្មតា គេ​មាន​ការ​រិះគន់​ស្ថាបនា ហើយ​និង​ទិតៀន។ រដ្ឋាភិបាល​យើង សូម្បី​តែ​ក្មេង​ប៉ុន​មេដៃ​រិះគន់ មិន​បាច់​ថា​កូន​ខ្ញុំ​ទេ សូម្បី​តែ​មតិ​រិះ​គន់​មិន​បាន​ផង​ហ្នឹង គ្រាន់​តែ​និយាយ​ពាក្យ​ពិត​អត់​បាន​ផង​ហ្នឹង ហើយ​កូន​ខ្ញុំ​ខុស​អី? និយាយ​គ្នា​ក្មេង ហើយ​ចាប់​ឪពុក​គ្នា​ដាក់​គុក ហើយ​ជេរ​ប្រមាថ​គ្នា​សព្វ​បែប​យ៉ាង»។

អ្នកស្រី​បន្ថែម​ថា​មេធាវី​របស់​កូន​ប្រុស​បាន​ដាក់​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ​ទៅ​តុលាការ​កំពូល ជា​ការ​ប្តឹង​ទាស់​នឹង​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ដែល​មិន​អនុញ្ញាត​ឲ្យ​កូន​ប្រុស​នៅ​ខាង​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន៕

What Next?

Recent Articles

One Response to "ក្រុម​អ្នក​ជំនាញ​អ.ស.ប​អំពាវ​នាវ​ឲ្យ​ដោះ​លែង​ក្មេង​ប្រុស​ជា​កូន​សកម្មជន​បក្ស​ប្រឆាំង ខណៈ​មន្រ្តី​កម្ពុជា​ការពារ​ចំណាត់​ការ​ផ្លូវ​ច្បាប់"

  1. Anonymous says:

    WOW the whole page is so hot I do not know how long can HUN SEN survive

Leave a Reply

Submit Comment