ជន​ជាប់​ឃុំ​ដោយសារ​បញ្ហា​ដីធ្លី​ម្នាក់​បាន​ស្លាប់ នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល

ដោយ មាន ឫទ្ធិ
2021-09-05
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ជន​ជាប់​ឃុំ​ដោយសារ​បញ្ហា​ដីធ្លី​ម្នាក់​បាន​ស្លាប់ នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល

ពលរដ្ឋ​ម្នាក់​ដែល​ជាប់​ពន្ធនាគារ​ដោយសារ​តវ៉ា​រឿងដីធ្លី​នៅ​ខេត្តកណ្តាល លោក ប៊ុន ចាន់សិដ្ឋ ​ស្លាប់​នៅ​មន្ទីរពេទ្យ​ជ័យជំនះ ក្រុង​តាខ្មៅ កាល​ថ្ងៃទី​៤ កញ្ញា ២០២១។ Photo Provided


ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ម្នាក់​ដែល​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល បាន​ស្លាប់ ក្រោយ​មន្ត្រី​ពន្ធនាគារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យជំនះ ក្រុង​តាខ្មៅ។ គ្រួសារ​សព ខកចិត្ត​ជា​ខ្លាំង​ចំពោះ​អាជ្ញាធរ​ដែល​យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​ទៅ​ព្យាបាល និង​មិន​ផ្តល់​ដំណឹង​ជុំវិញ​ស្ថានភាព​អ្នក​ជាប់ឃុំ​អំឡុង​ពេល​ឈឺ​នៅក្នុង​ពន្ធនាគារ ។ មន្ត្រី​សង្គម​ស៊ីវិល យល់ថា ប្រសិនបើ​មន្ត្រី​ពន្ធនាគារ​បណ្តែតបណ្តោយ​ធ្វើ​ឱ្យ​អ្នក​ជាប់ឃុំ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ហើយ​ទើប​បញ្ជូន​គាត់​ទៅ​ព្យាបាល​យឺតយ៉ាវ​នោះ គឺ​ជា​ការរំលោភ​សិទ្ធិ​ជន​ជាប់ឃុំ។

ពលរដ្ឋ​ម្នាក់​ដែល​ជាប់​ពន្ធនាគារ​ដោយសារ​តវ៉ា​រឿង ដីធ្លី​នៅ​ខេត្តកណ្តាល គឺ​លោក ប៊ុន ចាន់សិដ្ឋ អាយុ​៣៤​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ជ័យជំនះ ក្រុង​តាខ្មៅ នៅ​ថ្ងៃទី​៤ កញ្ញា បន្ទាប់​ដឹក​ចេញ​ពី​ពន្ធនាគារ​ខេត្ត ហើយ​អាជ្ញាធរ​អះអាង​ថា លោក​ស្លាប់​ដោយសារ​ជំងឺ​បេះដូង។

ប្រពន្ធ​របស់​សព​លោក ប៊ុន ចាន់សិដ្ឋ គឺ​លោកស្រី សុខ សូផា រៀបរាប់​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​០៥ កញ្ញា ថា រយៈពេល​២​ខែ​ហើយ​ដែល​ប្តី​លោកស្រី​ជាប់ពន្ធនាគារ​ដោយ​អយុត្តិធម៌​ពាក់ព័ន្ធ​រឿង​ទាមទារ​រក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​ជាមួយ​បុគ្គល​ឯកជន​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​។ ស្ត្រី​វ័យ​៣៥​ឆ្នាំ​រូប​នេះ បន្ត​ថា កន្លងមក​លោក​ស្រី​តែងតែ​ព្រួយបារម្ភ​ពី​សុខភាព​ប្តី និង​បាន​ស្នើ​មន្ត្រី​ពន្ធនាគារ​អនុញ្ញាត​ឱ្យ​ប្តី​ចេញ​ព្យាបាល​ជំងឺ​ខាងក្រៅ​ពន្ធនាគារ ពីព្រោះ​ប្តី​លោកស្រី​មាន​ជំងឺ​ប្រចាំ​កាយ ប៉ុន្តែ​មន្ត្រី​ទាំងនោះ​បដិសេធ​ដោយ​លើក​ហេតុផល​ថា ខាង​ពន្ធនាគារ​មាន​គ្រូពេទ្យ​ពិនិត្យ​ជំងឺ​ហើយ​។ លោកស្រី​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​អាជ្ញាធរ​ធ្វេសប្រហែស ដែល​ធ្វើ​ឱ្យ​អាការៈ​ជំងឺ​ប្តី​លោកស្រី​ឈាន​ដល់​កម្រិត​ធ្ងន់ធ្ងរ​មិន​អាច​សង្គ្រោះ​ទាន់​ពេល​វេលា ជាពិសេស​អាជ្ញាធរ​មិនបាន​ផ្តល់​ដំណឹង ឬ​ទំនាក់ទំនង​មក​ក្រុម​គ្រួសារ​ឱ្យ​ដឹង​អំពី​ស្ថានភាព​ទាំង​នោះ​ទេ​។ លោកស្រី​ឱ្យ​ដឹង​ថា រហូត​ប្តី​ស្លាប់​ទើប​អាជ្ញាធរ​ទំនាក់ទំនង​មក​គ្រួសារ​ឱ្យទៅ​យក​សព​មក​ធ្វើ​បុណ្យ៖ «ព្រោះ​ដី​មួយ​កន្លែង​ដែល​ប្តី​ខ្ញុំ​តវ៉ា​ហ្នឹង​គេ​យក​បាត់​ហើយ ឥឡូវ​នៅសល់​ដី​មួយ​កន្លែង​ទៀត​ខ្ញុំ​ខ្លាច​គ្មាន​លទ្ធភាព​គេ​យក​មួយ​កន្លែង​ហ្នឹង​បាត់​ទៀត មិនដឹង​បាន​អី​ចិញ្ចឹម​កូន​ទេ រាល់ថ្ងៃ​ជំហរ​គ្រួសារ​ពឹង​លើ​ប្តី គាត់​ជាប់​ពន្ធនាគារ​ពីរ​ខែ​ខ្ញុំ​ថា​ពេល​គាត់​ចេញ​មក​យើង​បាន​ធូរ​វិញ​ហើយ​រកលុយ​បង់​សង​តែ​គាត់​ទៅ​រហូត​បាន​អ្នកណា​ចិញ្ចឹម​កូន​បាន​អ្នក​ណា​បង់​ធនាគារ ជីវិត​ទុក្ខ​ជាន់​លើ​ទុក្ខ ហើយ​កូន​យំ​នឹក​ឪ សម័យ​កូវីដ​រកស៊ី​ចិញ្ចឹម​កូន​មិន​រស់​ផង»។

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង អនុ​ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល លោក ហេង ចលនា ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី៥ កញ្ញា ដោយ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ អភិបាលខេត្ត​កណ្តាល លោក គង់ សោភ័ណ្ឌ ថ្លែង​ថា លោក ប៊ុន ចាន់សិដ្ឋ បាន​ស្លាប់​ដោយសារ​ជំងឺ​បេះដូង ដោយ​មិន​ពាក់ព័ន្ធ​ជំងឺ​កូវីដ​១៩​ទេ ព្រោះ​មន្ត្រី​សុខាភិបាល​បាន​តេស្ដ​សំណាក​២​ដង ហើយ​លទ្ធផល​បង្ហាញ​ថា គាត់​អវិជ្ជមាន​។ លោ​ក​ថា​អាជ្ញាធរ​ពុំ​ធ្លាប់​ដឹង​ប្រវត្តិ​ជំងឺ​អ្នក​ជាប់ឃុំ​ពីមុន​ទេ ទោះជា​យ៉ាងណា​គ្រូពេទ្យ និង​មន្ត្រី​ពន្ធនាគារ​ខេត្ត​បាន​ព្យាយាម​យកចិត្តទុកដាក់​និង​ជួយ​សង្គ្រោះ​គាត់​ដោយ​ត្រឹមត្រូវ ហើយ​លោក​ស្តោក​ស្តាយ​ចំពោះ​រឿង​នេះ តែ​អាជ្ញាធរ​ខេត្ត​និង​ស្រុក​បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ដល់​គ្រួសារ​សព​ផង​ដែរ ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត នឹង​ពិនិត្យមើល​ករណី​ជន​ជាប់ឃុំ​ដោយសារ​ជម្លោះដីធ្លី​ពីរ​នាក់​ទៀត​ជាមួយ​តុលាការ ដើម្បី​ដោះលែង​ពួកគេ ប្រសិនបើ​ពួកគេ​បញ្ឈប់​ការ​តវ៉ា៖ «ពន្ធនាការ​ខេត្តកណ្តាល ប្រធាន​ពន្ធនាគារ​ក្តី ក៏​មាន​គ្រូពេទ្យ​បឋម​នៅ​ហ្នឹង​ដែរ គេ​យកចិត្ត​ទុក្ខ​ដាក់​ដែរ មិន​ដែល​មាន​បញ្ហា​អី​ដែរ​ទេ ទន្ទឹម​នឹង​គាត់​មិន​ស្រួលខ្លួន​ភ្លាមៗ​យើង​ក៏​បញ្ជូន​មក​ពេទ្យ​ខេត្ត​ពិនិត្យមើល​យើង​ក៏បាន​យើង​ខិតខំ​ជួយ​គាត់​ដែរ ប៉ុន្តែ​មិនអាច​ជួយ​បាន​ដោយសារ​អាការៈ​គាត់​ធ្ងន់ធ្ងរ​ដែល​មាន​ការ​សោកស្តាយ​ជា​ខ្លាំង»។

ចំណែក​ប្រពន្ធ​របស់​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ដែល​កំពុង​ជាប់ឃុំ​ម្នាក់ទៀត លោក ផៃ ថី គឺ លោកស្រី ហុក គន្ធា ប្រាប់​ថា លោកស្រី​ព្រួយបារម្ភ​សុខទុក្ខ​ប្តី​ដែរ បន្ទាប់ពី​ទទួល​ដំណឹង​ថា អ្នក​ជាប់ឃុំ ជាមួយ​ប្តី​បាន​ស្លាប់។ ស្ត្រី​រូប​នេះ ឱ្យ​ដឹង​ថា សុខភាព​ប្តី​លោកស្រី​មាន​ជើង​ស្ពឹក មាន​ជំងឺ​លើស​ឈាម ជំងឺ​ក្រពះ ជំងឺថ្លើម ដែល​ធ្វើ​ឱ្យ​រាងកាយ​គាត់​ស្គមស្គាំង និង​ទ្រុឌទ្រោម​និង​ដេក​ឈឺ​ចុកចាប់​ស្ទើរ​រាល់ថ្ងៃ​។ លោកស្រី​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត និង​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​និង​ដោះលែង​ប្តី​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​ទទួល​បាន​ការថែទាំ​ពី​គ្រួសារ៖ «គាត់​ខ្សោយ​អស់ហើយ​ដល់​ពេល​គាត់​ទៅ​ជាប់​អ៊ីចឹង​ទៀត​គាត់​រឹតតែ​ធ្ងន់ ហើយ​ដៃ​គាត់​ញ័រ ស្គម​អស់​សាច់​រលីង ស្នើសុំ​ទៅ​ស្ថាប័ន​តុលាការ​បើ​ប្អូន​គាត់​ស្លាប់​មួយ​សុំ​ឱ្យ​ដោះលែង​បង​គាត់​មក ហើយ​គាត់​មិនដឹង​តក់ស្លុត​យ៉ាង​ម៉េច​ទេ​ព្រោះ​ប្អូនជីដូនមួយ​គាត់​ផ្ទះ​ជិត​គ្នា​ស្លាប់​ឌុប​ហើយ​សោកស្តាយ​ខ្លាំង»។

សមត្ថកិច្ច​ខេត្តកណ្តាល បាន​ចាប់ខ្លួន​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​គឺ​លោក ផៃ ថី វ័យ ៥៥​ឆ្នាំ លោក គឹម បូរិន វ័យ ៣៤​ឆ្នាំ និង​លោក ប៊ុន ចាន់សិដ្ឋ វ័យ​៣៤​ឆ្នាំ កាលពី​ថ្ងៃទី​២ ខែ​កក្កដា ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​មួយ​កន្លែង នៅ​ស្រុក​ស្អាង បន្ទាប់ពី​ពួកគាត់​ចេញមុខ​ការពារ​ដីស្រែ​ពលរដ្ឋ​សរុប​ទំហំ ១៧៥​ហិកតារ កាលពី​ចុងខែ​មិថុនា​កន្លង​ទៅ ដែល​មាន​ឈ្មួញ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រំលោភ​យក​ដី​នោះ​។ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​កណ្ដាល​លោក ជា សុខហៀង សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ ពលរដ្ឋ ៣​នាក់ ក្រោម​បទ​ចោទ​តាម​ក្រមព្រហ្មទណ្ឌ​តែមួយ គឺ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ប្រព្រឹត្ត​នៅ​ចំណុច​អូរសន្ធៃ ភូមិ​លេខ៤ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្ត​កណ្ដាល កាល​ពី​ដើម​ខែ​កក្កដា។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត សោកស្តាយ​ចំពោះ​ជុំវិញ​ករណី​ស្លាប់​អ្នក​ជាប់ឃុំ​ដែល​ជា​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នេះ​។ លោក​បន្ដ​ថា អ្នក​ជាប់ឃុំ​មាន​សិទ្ធិ​ទទួល​បាន​សេវា​សុខភាព​ដូច​ពលរដ្ឋ​ធម្មតា​ដែរ ដោយ​គ្មាន​នរណា​ដកហូត​សិទ្ធិ​នេះ​បានទេ​។ លោក​ថា ប្រសិនបើ​អាជ្ញាធរ​បណ្តោយ​ឱ្យ​អ្នក​ជាប់ឃុំ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​នៅក្នុង​ពន្ធនាគារ ហើយ​ទើប​បញ្ជូន​ទៅ​ព្យាបាល គឺជា​ការបំពាន​សិទ្ធិ​ទទួល​បាន​សេវា​សុខភាព​របស់​អ្នក​ជាប់ឃុំ​។ លោក​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​ប៉ុស្តិ៍​សុខភាព​នៅ​តាម​ពន្ធនាគារ​នៅ​មាន​កម្រិត​នៅឡើយ ដែល​មិនអាច​បំពេញតម្រូវការ​ជាក់ស្តែង បានទេ ដោយសារ​ខ្វះ​មន្ត្រី​ជំនាញ បច្ចេកទេស សម្ភារៈ​បរិក្ខារ​ពេទ្យ​៖ «ការដែល​ព្យាបាល​ហ្នឹង​គឺ​មិនមែន​ទុក្ខ​ដល់​មនុស្ស​ធ្ងន់ធ្ងរ​ហើយ​ទៅ​បញ្ជូន ព្រោះ​កន្លងមក​យើង​ឃើញ​ភាគច្រើន​អ្នក​ដែល​ជាប់ឃុំ​ហើយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បានតែ​ពីរ​បី​ថ្ងៃ​ហើយ​ត្រូវ​បាន​បាត់​បង់ជីវិត​បាន​ន័យ​ថា ធ្ងន់ធ្ងរ​ទៅ​ហើយ នេះ​ជា​រឿង​មួយ​មិន​គួរ​កើតមាន​ទេ ហើយ​បើសិនជា​ធ្ងន់ធ្ងរ​ហើយ​បញ្ជូន​អាហ្នឹង​គឺជា​ការបំពាន​ទៅ​លើ​សិទ្ធិ»។

សង្គម​ស៊ីវិល​រូប​នេះ ចាត់ទុក​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​កន្លងមក គឺជា​ការ​បំភិតបំភ័យ​ដល់​ពលរដ្ឋ ហើយ​ការ​ឃុំ​ខ្លួន​នេះ​មិនមែន​ជា​ដំណោះស្រាយ​ដើម្បី​បញ្ចប់​វិវាទ​នោះ​ឡើយ។

ប្រពន្ធ​របស់​សព​លោក ប៊ុន ចាន់សិដ្ឋ រៀបរាប់​ទាំង​ក្តុកក្តួល​ថា គ្រួសា​របស់​លោក​ស្រី ឈឺចាប់​ខ្លោចផ្សា​ជា​ខ្លាំង ដោយសារ​អាជ្ញាធរ មិន​បាន​ជួយ​ដោះស្រាយ​ដីធ្លី ប៉ុន្តែ​បែរជា​ចាប់​ប្តី​លោកស្រី​យក​ទៅ​ដាក់​ឃុំឃាំង​ទាំង​អយុត្តិធម៌​រហូត​ធ្លាក់​ខ្លួន​ឈឺ​ស្លាប់​ក្នុង​ពន្ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment