សាច់ញាតិ​ទាមទារ​ដោះលែង​សកម្មជន​បរិស្ថាន​៣​នាក់​វិញ ក្រោយ​ការ​ចាប់​ឃុំខ្លួន រយៈពេល​១​ឆ្នាំ

ដោយ សន ចាន់រដ្ឋា
2021-09-04
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សាច់ញាតិ​ទាមទារ​ដោះលែង​សកម្មជន​បរិស្ថាន​៣​នាក់​វិញ ក្រោយ​ការ​ចាប់​ឃុំខ្លួន រយៈពេល​១​ឆ្នាំ

(ពី​ឆ្វេង) កញ្ញា ភួន កែវ​រស្មី កញ្ញា ឡុង គន្ធា និង​លោក ថុន រដ្ឋា យុវជន​មាតា​ធម្មជាតិ ដែល​អាជ្ញាធរ​ឃាត់​ខ្លួន កាលពី​ថ្ងៃ​ទី៣ ខែកញ្ញា ឆ្នាំ២០២០។ Photo Courtesy


សាច់ញាតិ ទាមទារ​តុលាការ​ឲ្យ​ដោះលែង​សកម្មជន​បរិស្ថាន​ចំនួន​៣​នាក់​គឺ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី វិញ ក្រោយ​ការ​ចាប់​ឃុំខ្លួន​ពួកគេ រយៈពេល​១​ឆ្នាំ​មកនេះ​។ សង្គម​ស៊ីវិល​ព្រួយបារម្ភ​ថា រដ្ឋាភិបាល​នឹង​រង​ការរិះគន់​បន្ថែម​ទៀត ប្រសិនបើ​នៅតែ​ជម្នះ​ឃុំខ្លួន​សកម្មជន​បរិស្ថាន​ទាំង​៣​នាក់​នេះ ដោយ​អយុត្តិធម៌​បន្ត​ទៀត។

មួយឆ្នាំ​មក​នេះ រដ្ឋាភិបាល​មិន​ទទួល​បាន​ការ​កោតសរសើរ​អ្វី​ទេ ពី​ការ​ចាប់​ឃុំខ្លួន​យុវជន​ទាំង​៣​នាក់​។ ផ្ទុយទៅវិញ មានតែ​ការរិះគន់ និង​ថ្កោលទោស​ជា​បន្ត​បន្ទាប់ពី​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ ចំពោះ​ករណី​រំលោភសិទ្ធិ​មនុស្ស​មួយ​នេះ។

បងប្រុស​របស់ កញ្ញា ភួន កែវ​រស្មី គឺ លោក ភួន ពុទ្ធារិទ្ធិ ឲ្យ​ដឹង​ថា រយៈពេល​១​ឆ្នាំនេះ ក្រុម​គ្រួសារ​លោក​ឈឺចាប់​ខ្លាំង​ណាស់ ដោយសារតែ​ការ​ឃុំខ្លួន​ប្អូនស្រី ដោយ​អយុត្តិធម៌​។ លោក​បន្ត​ថា​បើ​ទោះ​បី​ជា​ចៅក្រម បាន​កាត់ក្ដី​ឲ្យ​ប្អូនស្រី​របស់​លោក​មានទោស ប៉ុន្តែ​ខាង​គ្រួសារ ពលរដ្ឋ និង​ស្ថានទូត​នានា មិន​គាំទ្រ​សាលក្រម​នេះ​ទេ​។ លោក​នៅតែ​គាំទ្រ​សកម្មភាព​ប្អូនស្រី និង​សកម្មជន​បរិស្ថាន​ផ្សេងទៀត ដែល​កំពុង​ជាប់ឃុំ និង​ទទូច​ឲ្យ​តុលាការ​ដោះលែង​ពួកគេ ឲ្យ​មាន​សេរីភាព​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ៖ «​វា​អយុត្តិធម៌​ណាស់​។ ក្រុម​គ្រួសារ​មិន​ដែល​ទទួល​យក​ទេ ហើយ​ទាំង​យុវជន ទាំង​អ្វី តែងតែ​គោរព​កោតសរសើរ​នូវ​សកម្មភាព​របស់​ពួកគាត់ ដែល​គាត់​ចេញមុខ​ក្លាហាន​ក្នុងនាម​ជា​យុវជន​ធ្វើ​ការងារ​ទាំងអស់​ហ្នឹង​។ អ៊ីចឹង គេ​មានតែ​លើកទឹកចិត្ត គេ​មានតែ​គាំទ្រ គេ​មានតែ​អំពាវនាវ​ទៅ​រដ្ឋាភិបាល តុលាការ​ហ្នឹង ឲ្យ​ដោះលែង​ពួកគាត់​មកវិញ​មក ហើយ​លើកទឹកចិត្ត​ឲ្យ​យុវជន​ទាំងអស់​ហ្នឹង ធ្វើការ​ហ្នឹង​បន្ថែម​ទៀត»។

នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់​សកម្មជន​បរិស្ថាន​ទាំង​៣​នាក់ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួ​ន កែវរស្មី កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​២០២០ បន្ទាប់ពី​កញ្ញា ឡុង គន្ធា ប្រកាស​ពី​គម្រោង​ស្លៀកពាក់​ស ដើរ​ពី​វត្តភ្នំ​ទៅ​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើសុំ​កុំ​ឲ្យ​លុប​បឹងតាមោក ឬ​បឹង​ទំនប់​កប់ស្រូវ ដែល​នៅ​ជាយក្រុង​ភ្នំពេញ។

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លិ សុខា បាន​សម្រេច​ផ្ដន្ទាទោស លោក ថុន រដ្ឋា ឲ្យ​ជាប់​ពន្ធនាគារ​២០​ខែ ពិន័យ​ប្រាក់​បួន​លាន (៤​លាន​)​រៀល​។ ឯ​កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវ​រស្មី ត្រូវ​ផ្ដន្ទាទោស​ពន្ធនាគារ​១៨​ខែ និង​ពិន័យ​ប្រាក់​ម្នាក់ ពីរ​លាន​(២​លាន​)​រៀល ក្នុង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។

ក្នុង​សំណុំរឿង​ដដែល​នេះ ចៅក្រម លោក លិ សុខា ក៏បាន​កាត់ក្ដី​កំបាំងមុខ​លើ​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​២​នាក់​ទៀត​ដែរ គឺ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ជនជាតិ​អេស្បាញ ឲ្យ​ជាប់ពន្ធនាគារ​២០​ខែ និង​កញ្ញា ជា គន្ធីន ជា​យុវជន​នៃ​ក្រុម​ខ្មែរ​ថាវរៈ ឲ្យ​ជាប់ពន្ធនាគារ​១៨​ខែ និង​ពិន័យ​ប្រាក់​បួន​លាន (៤​លាន​)​រៀល​ដូចគ្នា។

ក្រោយមក​នៅ​ខែ​កក្កដា ឆ្នាំ​២០២១ តុលាការ​បាន​បន្ថែម​បទចោទប្រកាន់​លើ​សកម្មជន​ទាំង​បី​នាក់​មួយ​បទល្មើស​ទៀត គឺ​បទ​«​រួមគំនិត​ក្បត់»។ បទ​ចោទ​នេះ គឺ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ជាមួយ​សកម្មជន​មាតា​ធម្មជាតិ​បួន​នាក់​ផ្សេងទៀត កាលពី​ខែ​មិថុនា ឆ្នាំ​២០២១ រួមមាន លោក យីម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា យុវជន លី ចាន់ដារ៉ាវុធ និង​លោក អាឡិច។ អ្នក​ទាំង​បួន​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​«​រួមគំនិត​ក្បត់​» ក្នុង​នោះ​ពួកគេ​ភាគច្រើន​ជាប់ចោទ​មួយ​ករណី​ទៀត គឺ​បទ​«​ប្រមាថ​ព្រះមហាក្សត្រ​»​។ លោក យីម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា និង​យុវជន លី ចាន់ដារ៉ាវុធ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ រីឯ​លោក អាឡិច កំពុង​រស់នៅ​ក្រៅប្រទេស។

ទោះជា​យ៉ាងណា ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស បាន​ហៅ​ការ​កាត់ក្ដី និង​ការ​ឃុំខ្លួន​សកម្មជន​បរិស្ថាន​ទាំងអស់ ថា ជា​ការ​បង្ក្រាប​លើ​សំឡេង​ដែល​ហ៊ាន​តវ៉ា។

ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង សង្កេត​ឃើញ​ថា សកម្មភាព​របស់​យុវជន​បរិស្ថាន​ទាំង​៣​នាក់ គឺជា​សកម្មភាព​ត្រឹមត្រូវ ដែល​ធានា​ដោយ​ច្បាប់​។ មិនតែប៉ុណ្ណោះ ការ​ទាមទារ​ទាំងឡាយ​របស់​យុវជន​ទាំង​៣​នាក់ គឺជា​ផល​ប្រយោជន៍​ផ្នែក​បរិស្ថាន។

លោក​មើល​ឃើញ​ថា រដ្ឋាភិបាល​មិន​បាន​ទទួល​ការ​ចំណេញ​ពី​ការ​ចាប់​ឃុំខ្លួន​សកម្មជន​ទាំង​៣​នាក់​នេះ​ទេ។ អ្នកឃ្លាំមើល​សិទ្ធិ​យុវជន​រូប​នេះ លើកទឹកចិត្ត​ឲ្យ​សមត្ថកិច្ច​ដោះលែង​យុវជន​ទាំង​៣​នាក់​វិញ ដើម្បី​ឲ្យ​ពួកគាត់​អាច​ធ្វើ​សកម្មភាព​ស្របតាម​ច្បាប់​បន្ត​ទៀត ដោយ​គ្មាន​ការ​ធ្វើទុក្ខបុកម្នេញ៖ «យើង​ឃើញ​ថា មានការ​ចាប់អារម្មណ៍​ពី​សំណាក់​សហគមន៍​អន្តរជាតិ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង ទៅ​ដល់​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​កម្ពុជា ហើយ​និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា​បាន​ធ្វើ​សកម្មភាព​រំលោភសិទ្ធិ​ដល់​សកម្មជន និង​រំលោភ​ដល់​សិទ្ធិមនុស្ស»។

វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​បញ្ជាក់​ពី​ភាគី​តុលាការ និង​រដ្ឋាភិបាល បានទេ នៅ​ថ្ងៃទី៤ កញ្ញា​។ តែ​យ៉ាងណា ក្រុម​មន្ត្រី​រដ្ឋាភិបាល​តែងតែ​ប្រើ​ហេតុផល​ថា​រឿងក្ដី​ទាំងឡាយ ជា​ការ​សម្រេច​របស់​តុលាការ ទាំង​ដែល​គេ​មើល​ឃើញ​ថា ប្រព័ន្ធ​តុលាការ​ស្ថិត​ក្រោម​បង្គាប់​របស់​របប​ក្រុងភ្នំពេញ​។​

ជុំវិញ​ករណី​សកម្មជន​បរិស្ថាន​ទាំង​៣​នាក់​នេះ​ដែរ ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏​កំពុង​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន និង​អ្នកការពារ​សិទ្ធិ​ដទៃទៀត​ដែរ ព្រោះ​ចាប់​តាំង​ពី​ឆ្នាំ​២០២០​មក របប​ក្រុងភ្នំពេញ​បាន​ចាប់​ឃុំខ្លួន​សកម្មជន​នយោបាយ សង្គម ព្រំដែន បរិស្ថាន ដីធ្លី គ្រូបង្រៀន ព្រះសង្ឃ យុវជន និង​អនីតិជន​ក្រោម​១៨​ឆ្នាំ សរុប​ជិត​កៅសិប​(៩០)​នាក់​ហើយ។

ពួកគាត់​ភាគច្រើន រង​ការចោទប្រកាន់​បទ​ញុះញង់ និង​ចូលរួម​គំនិត​ក្បត់​។ ប៉ុន្តែ​ក្រុម​អ្នក​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ ហៅ​ការចោទប្រកាន់​ទាំងនោះ​ថា ជា​ចេតនា​បង្ក្រាប​លើ​សំឡេង​រិះគន់​។ ពួកគេ​ទាមទារ​ឲ្យ​របប​ក្រុងភ្នំពេញ​ដោះលែង​សកម្មជន​ទាំងនោះ​វិញ និង​គោរព​សិទ្ធិ​ពលរដ្ឋ​ដូចដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment