សកម្មជន​បក្ស​ប្រឆាំង​ភៀស​ខ្លួន​នៅ​ថៃ​​ ប្រកាន់​ជំហរ​​បន្ត​បង្ហោះ​សារ​រិះគន់​​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​កម្ពុជា ​​ទោះ​មាន​​​គេ​លប​វាយ​របួស

ដោយ ជី វិតា
2021-09-06
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​បក្ស​ប្រឆាំង​ភៀស​ខ្លួន​នៅ​ថៃ​​ ប្រកាន់​ជំហរ​​បន្ត​បង្ហោះ​សារ​រិះគន់​​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​កម្ពុជា ​​ទោះ​មាន​​​គេ​លប​វាយ​របួស

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ស្ពឺលោក ជឹម សុផាត ​ដេកនៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​ក្រោយ​ពេល​ជន​មិន​ស្គាល់មុខ​វាយ​របួស​ធ្ងន់​កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១។ រូប៖ ថតដោយសកម្មជន​បក្ស​ប្រឆាំង​នៅ​ថៃថ្ងៃទី​៦ ខែ​កញ្ញា​ ឆ្នាំ​២០២១។


សកម្មជន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ​នៅ​តែ​ប្រកាន់​ជំហរ​​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដដែល​ បើ​ទោះ​បី​ជា​មាន​ជន​មិន​ស្គាល់​មុខ ​​​បាន​លួច​វាយ​បង្ក​របួស​ស្នាម​​​កាល​ពី​ថ្ងៃ​ទី​៥​ ខែកញ្ញា​ក៏​ដោយ​។ ​មន្ត្រី​សង្គម​ស៊ីវិលយល់​ថា ​​ការ​បង្ហោះ​សារ​រិះគន់​​រដ្ឋាភិបាល​ជា​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ស្រប​តាម​ច្បាប់។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​ថ្លែង​ថា សកម្មភាព​ដែល​ពួកគេ​ធ្វើ​នេះ​​ ក្នុង​គោល​បំណង​​ដើម្បី​ចង់​ឱ្យ​រដ្ឋាភិបាល​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្ស​ស្របតាម​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​អន្តរជាតិ​ឡើង​វិញ​​​។

​​​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ស្ពឺ​លោក ជឹម សុផាត​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​​នៅ​ពេល​នេះ​ស្ថានភាព​​របួស​លោក​មិន​ទាន់​បាន​ធូរ​ស្រាល​នៅ​ឡើយ​ទេ ​ជា​ពិសេស​ក្បាល​និង​​កដៃ​ខាង​ឆ្វេង នៅ​​ហើម​ជាំ​នៅ​ឡើយ​។ លោក ជឹម សុផាត ត្រូវ​បាន​ជន​ស្គាល់​មុខ​មាន​គ្នា​ ៣ នាក់ ​​ចាប់​​លោក​​​រុញ​បញ្ចូល​ឡាន​ហើយ​បាន​វាយ​​ក្បាល​ និង​ចាប់​ដៃ​គាប​នឹង​ទ្វារ​ឡាន​បណ្ដាល​ឱ្យ​របួស​ជា​ច្រើន​កន្លែង​ កាល​ពី​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កញ្ញា​។ ​សកម្មជន​វ័យ​ ៣៣​ ឆ្នាំ​រូប​នេះបញ្ជាក់​ថា ​ក្រោយ​ពី​លោក​ជា​សះស្បើយ​ពី​របួស​ លោក​នឹង​​​បន្ត​បង្ហោះ​សារ​​តាម​បណ្ដាល​សង្គម​ហ្វេសប៊ុក​(Face book) រិះគន់​របប​ក្រុង​ភ្នំពេញ​បន្ត​ទៀត ​ដោយ​មិន​រាថយ​ឡើយ​​៖ «យើង​ត្រូវ​តែ​និយាយ​ ឆន្ទៈ​ដែល​ខ្ញុំ​មាន​ពី​មុន​បែប​ណា​ខ្ញុំ​​នៅ​តែមាន​បែប​ហ្នឹង​។​ ខ្ញុំ​មើល​​ឃើញ​ថា ​បើសិន​គេ​ធ្វើ​ប៉ុណ្ណឹង​ភ័យ​ខ្លាច​ ហើយ​ឥឡូវ​ព័ត៌មាន​ហ្នឹង​ត្រូវ​បាន​​លេច​លឺ​ទៅ​របប​លោក ហ៊ុន សែន​ លាបព័ណ៌​ខ្ញុំ​ថា​យើង​លួច​ទូរស័ព្ទ​ឬ​​ក៏​ប្លន់​គ្រឿងសំណង់​គេ​​​នៅ​ថៃ​ អាហ្នឹង​ជា​ព័ត៌មាន​​ដែល​គេ​ប្រឌិត​ឡើង​។ អីចឹង ​អ្វី​ដែល​ខ្ញុំ​ចេញ​មក​ខ្ញុំ​គិត​ថា ​យើង​ភ័យ​ខ្លាច​​អា​ភាព​អយុត្តិធម៌​ហ្នឹង​​វា​នៅ​តែមាន​សម្រាប់​ពលរដ្ឋ​​បន្ត​ទៅ​ទៀត លុះត្រា​តែ​គ្មាន​របប​ហ៊ុន សែន​ បាន​យើង​គ្រប់​គ្នា​ ទាំង​ខ្ញុំ​ទទួល​បាន​សេចក្ដី​សុខ​»

ដូច​គ្នា​នេះ​ដែរ ​យុវជន​គណបក្ស​ប្រឆាំង​សង្កាត់​អូរចារ​ ក្រុង​បាត់ដំបង ដែល​កំពុង​ភៀស​ខ្លួន​នៅ​ទីក្រុង​បាងកកលោក រុន ចន្ធី ថ្លែង​ថា ​បើ​ទោះ​បី​ជា​មាន​​ជន​មិន​ស្គាល់​មុខ​លួច​វាយ​​បង្ក​របួស​ស្នាម​មក​លើ​សកម្មជន​យ៉ាង​នេះ​ក្ដី​ ក៏​លោក​​នៅ​តែ​បន្ត​សកម្មភាព​​រិះគន់​​រដ្ឋាភិបាល​របប​ឯក​បក្ស​តាម​បណ្ដាល​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុសផុល​ដដែល​។ សកម្មជន​វ័យ ​៣៧​ ឆ្នាំ​រូប​នេះ​បន្ត​ថា ​មូល​ហេតុ​ដែល​​លោក​​មិន​អាច​បញ្ឈប់​បញ្ចេញ​មតិ​​ដោយសារ​មិន​ពេញ​ចិត្ត​របប​​លោក​ហ៊ុន សែន ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ចាប់​ចង​ប្រជាពលរដ្ឋ​ដាក់​ពន្ធនាគារ​តាម​អំពើ​ចិត្ត៖ «ហ៊ុន សែន​ រាល់​ថ្ងៃ​បើ​យើង​មើល​ឱ្យ​ជ្រៅ​ទៅ​យើង​ឃើញ​ថា​ ភាព​អសកម្ម​ស្ទើរ​គ្រប់​វិស័យ។ ​ទី១​.អន្តោប្រវេសន្ត​គឺ​ពេញ​ស្រុក ​ ខាង​សេដ្ឋកិច្ច​យើង​ធ្លាក់​ដុនដាប​ ប្រជា​ពលរដ្ឋ​គ្មាន​ការងារ​ធ្វើ​រត់​ចោល​​ចំណាក​ស្រុក​ពេល​ហ្នឹង​មក​ដល់​​ស្រុក​គេ​រាប់​លាន​នាក់​។ បើ​និយាយ​អំពី​ផលិតផល​ក្នុង​ស្រុក​ដូច​ជា​បងប្អូន​​កសិករ​ដែលកំពុង​ប្រមូល​ផល​ទាំង​ប៉ុន្មាន​ឃើញ​ថា​ គ្មាន​ទីផ្សារ​គ្មាន​អី បើ​និយាយ​អំពី​ច្បាប់​ទម្លាប់​​វិញ​ គឺ​វា​លេង​មាន​ជា​ច្បាប់​ហើយ​សង្គម​​កម្ពុជា​យើង​រាល់​ថ្ងៃ​ហ្នឹង ​គឺ​ថា​ច្បាប់​គេ​លេង​ប្រើ​ទៅ​ហើយ​»

​អាស៊ី​សេរី​មិន​អាច​ទាក់​​ទងប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​​រដ្ឋាភិបាលលោក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន ដើម្បី​សុំ​អត្ថាធិប្បាយ​​ជុំ​វិញ​​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៦​ ខែកញ្ញានេះ។

ប៉ុន្តែ​លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា​ថា រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​​​បញ្ជូន​មនុស្ស​ឱ្យទៅ​វាយ​ធ្វើ​បាប​សកម្មជន​គណបក្ស​ប្រឆាំង​នោះ​ទេ​។ បន្ថែម​ពី​នេះ​លោក​ថា ការ​ដែល​មន្ត្រី​រដ្ឋាភិបាល​​ស្នើ​សុំ​​ឲ្យ​ភាគី​ថៃ ជួយ​ទប់ស្កាត់​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជ្រកកោន​​នៅ​​ប្រទេស​ថៃ​ ​កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​ជា​ការ​អនុវត្ត​ទៅ​តាម​ច្បាប់ ដើម្បី​ជួយ​គ្នា​ទៅវិញ​ទៅ​មក​​​ក្នុង​នាម​ប្រទេស​ជិត​ខាង​ប៉ុណ្ណោះ៖ «អាហ្នឹង​ជា​រឿង​ធម្មតា​​ដែល​​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ត្រូវ​តែ​ផ្ដាំ​ផ្ញើ​​ថា ​ឱ្យ​ជួយ​ទប់​​ស្កាត់​ ឬ​ មួយ​មាន​វិធាន​ការ​ដោះស្រាយ​​តាម​គោលការណ៍​ច្បាប់​ ​អាហ្នឹង​វា​មាន​តែ​ធ្វើ​បាប​អី​អាហ្នឹង​។​ គេ​និយាយ​ពី​គោលការណ៍​តើ​ គោលការណ៍​​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​​ប្រទេស​ទាំង​ពីរ​ដែល​​តែង​តែ​​មាន​ទៅ​វិញ​ទៅ​មក​ វា​មិន​មែន​មក​ពី​យើង​ទៅ​ថៃ​ហើយ​សម្រាប់​​តែ​​ថៃ​​មក​​យើង​​ដោយឡែក​​ទេ​ វា​មនោសញ្ចេតនា​ទំនាក់ទំនង​​»

​ទោះ​ជា​យ៉ាង​ណា ​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) លោក នី សុខា ​យល់​ថា ​​​ការ​ដែល​ប្រជាពលរដ្ឋ​បង្ហោះ​សារ​​តាម​បណ្ដាញ​សង្គម​រិះគន់​ភាព​អសកម្ម​​របស់​រដ្ឋាភិបាល ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ដោយ​ស្រប​តាម​រដ្ឋធម្មនុញ្ញ។​ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ចាត់​ទុក​ការ​​​​បង្ក្រាប​និង​រារាំង​​សកម្មភាព​របស់​​ជន​ភៀស​ខ្លួន​បក្ស​ប្រឆាំង​នេះ​​ថា ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ៖ «មតិ​រិះគន់​ហ្នឹង​ហើយ​ដែល​ជា​មតិ​មួយ​ដែល​មាន​តម្លៃ​សម្រាប់​ជាតិ​ដែល​​គេ​អនុវត្ត​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​នោះ​។ ដោយឡែក​មតិ​លើក​ជើង​​ មតិ​សរសើរ​ វា​គ្រាន់​តែ​​ជា​មតិ​បញ្ចើចបញ្ចើ​ទេ​​ ហើយ​ថ្ងៃ​ក្រោយ​ទៅ​ បើ​សិន​ជា​យើង​នៅ​តែ​ស្ដាប់​មតិ​លើក​ជើង​​បាន​យើង​ស្ដាប់​​ហ្នឹង​ ថ្ងៃ​ក្រោយ​ទៅ​គឺ​ថា​ សង្គម​​ក្លាយ​ទៅ​ជា​រឿង​មួយ​​ប្រវត្តិសាស្ត្រ​ខ្មែរ​អា​ជ័យ​ធ្លាក់​ទឹក​ហៃអើៗ​​ អាហ្នឹង​វា​មាន​ន័យ​អីចឹង​។​ អីចឹង​ហើយ​បាន​គេ​លើក​កម្ពស់​ណាស់​ ​ចំពោះ​អ្នក​ដែល​ហ៊ាន​បញ្ចេញ​មតិ​​អី​ទាំង​អស់​ហ្នឹង​»។

​​​​សកម្មជន​គណបក្ស​​ប្រឆាំង​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​​​ជា​បន្ត​បន្ទាប់ ដោយសារ​មាន​ការ​ធ្វើទុក្ខបុកម្នេញ​នៅ​ក្នុង​ស្រុកចាប់​តាំង​ពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​វិច្ឆិកា ​ឆ្នាំ​២០១៧ ​ដែល​អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម ​​មើល​ឃើញ​ថា​ រឿង​នេះ​ដោយសារ​​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​ខ្លាច​ចាញ់​ការ​បោះ​ឆ្នោត​ និង​ចង់​បន្ត​ក្រាញ​អំណាច​តាម​បែប​ផ្តាច់​ការ​​​។ រហូត​មក​ដល់​ពេល​នេះ​ មាន​សកម្មជន​បក្ស​ប្រឆាំង​ប្រហែល​​ ៨០ ​នាក់​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​។ អំឡុង​ពេល​ភៀស​ខ្លួន​នេះ​ ពួកគេ​​បាន​បង្កើត​កម្មវិធី​​ទូរទស្សន៍​ផ្សព្វផ្សាយ​សារ​នយោបាយ និង​បង្ហោះ​សារតាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​រិះគន់​ភាព​សកម្មភាព​របស់​រដ្ឋាភិបាល​ជា​រៀងរាល់​ថ្ងៃ​​៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សកម្មជន​បក្ស​ប្រឆាំង​ភៀស​ខ្លួន​នៅ​ថៃ​​ ប្រកាន់​ជំហរ​​បន្ត​បង្ហោះ​សារ​រិះគន់​​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​កម្ពុជា ​​ទោះ​មាន​​​គេ​លប​វាយ​របួស"

  1. Anonymous says:

    I knew Cambodian will never give up to this evil regime to bad so sad that this people was not the same as what HUN SEN said extremist call ISIS but I do not think Cambodian can be patient for that long. suicide bomb was not a choice for BHUDHA like Cambodian but when it come to the end this people will not hesitate to do it al so . please remembers the word some thing going up it has to come down it is every true that it will come down .

Leave a Reply

Submit Comment