តុលាការ​ផ្ដន្ទាទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៧​នាក់​ដាក់​ពន្ធនាគារ ១៨​ខែ

ដោយ ខែ សុណង
2021-09-09
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តុលាការ​ផ្ដន្ទាទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៧​នាក់​ដាក់​ពន្ធនាគារ ១៨​ខែ

ទិដ្ឋភាព​រថយន្ត​ពន្ធនាការ​​ដឹក​អ្នក​ជាប់​ឃុំ មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ​២០២១។ Photo Provided


តុលាការក្រុង​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​កំបាំងមុខ​សកម្មជន​បក្ស​ប្រឆាំង​៧​រូប ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់​១​ឆ្នាំ​កន្លះ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​រិះគន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញ​ការ​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ​-១៩​។ តុលាការក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ដដែល​នេះ ក៏បាន​នាំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ពីរ​នាក់​ដែល​កំពុង​ជាប់ឃុំ​មក​សាកសួរ​បន្ថែម​ទៀត​ជុំវិញ​សំណុំរឿង​”​រួមគំនិត​ក្បត់​”​។​សកម្មជន​បក្ស​ប្រឆាំង និង​មន្ត្រី​សិទ្ធិមនុស្ស រិះគន់​ថា ចំណាត់ការ​របស់​តុលាការ​នេះ គឺជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី អ៊ុក រ៉េតគន្ធា នៅ​ថ្ងៃទី​៩ ខែ​កញ្ញា ប្រកាស​សាលក្រម​ផ្ដន្ទាទោស​កំបាំងមុខ​សកម្មជន​បក្ស​ប្រឆាំង​៧​រូប​ក្នុង​នោះ​មាន​ព្រះសង្ឃ​មួយ​អង្គ​ផង ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់​១៨​ខែ និង​ពិន័យ​ប្រាក់​២​លាន​រៀល​ដូចៗ​គ្នា ក្រោម​បទ​ចោទ​”​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​”​។ ចៅក្រម​រូប​នេះ ក៏បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​អ្នក​ទាំង ៧​រូប​ដាក់​ពន្ធនាគារ​ផង​ដែរ។

ការ​ដាក់​ទោស​ទណ្ឌ​នេះ ដោយសារ​តុលាការ បាន​ចោទ​សកម្មជន​ទាំង​៧​រូប​ថា បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) រិះគន់​ក្នុង​ន័យ​ញុះញង់​ជុំវិញ​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​-១៩​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

សកម្មជន​បក​ប្រឆាំង​ម្នាក់​ដែល​ជាប់ចោទ​ក្នុង​សំណុំ​រឿង​នេះ គឺ​លោក រុន ចន្ធី ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ ប្រតិកម្ម​ថា សេចក្តី​សម្រេច​របស់​តុលាការ​នេះ គឺជា​រឿង​អយុត្តិធម៌​បំផុត ដោយ​ចាត់ទុកថា​គណបក្ស​កាន់អំណាច និង​តុលាការ ប្រឌិត​រឿង​ធ្វើបាប​ពួក​លោក ដើម្បី​កុំ​ឲ្យ​មាន​សិទ្ធិ​ធ្វើ​នយោបាយ ឬ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ។ លោក​អះអាង​ថា ការ​បង្ហោះ​សារ​រិះគន់​រឿង​ទប់ស្កាត់​ជំងឺ​កូវីដ​កន្លងមក គឺជា​ការអនុវត្ត​សិទ្ធិ​សេរីភាព បញ្ចេញមតិ និង​ផ្អែកលើ​ភស្តុតាង​ពិត​ជាក់ស្តែង មិនមែន​ជា​ការ​ញុះញង់​នោះ​ទេ៖ «ខ្ញុំ​នៅតែ​បន្ត​រិះគន់​រដ្ឋាភិបាល​ដដែល ប៉ុន្តែ​ការ​តតាំង​ក្តី​ទៀត ខ្ញុំ​គិត​ថា គ្មាន​ប្រសិទ្ធភាព​ទេ ទោះបី​ខ្ញុំ​ប្តឹង​ឧទ្ធរណ៍ ឬ​ទៅ​ដល់​ណា​ទៀត វា​មិន​អាច​មាន​យុត្តិធម៌​សម្រាប់​ខ្ញុំ​ទេ ព្រោះ​តុលាការ​សព្វថ្ងៃ​នេះ​ជា​តុលាការ​តេឡេ​របស់​លោក ហ៊ុន សែន»។

ការ​ប្រកាស​សាលក្រម​នេះ គឺ​បន្ទាប់​ពី​តុលាការ បាន​បើក​សវនាការ​ជំនុំជម្រះ​ក្តី​លើ​សកម្មជន​បក្ស​ប្រឆាំង​៧​រូប កាល​ពី​ថ្ងៃទី​២៦ ខែ​សីហា ដោយ​ពុំ​មាន​វត្តមាន​របស់​ជនជាប់ចោទ និង​មេធាវី​ការពារ​ក្តី​នោះ​ទេ។ ក្នុង​សវនាការ​នោះ តុលាការ បាន​ចំណាយពេល​ប្រមាណ​៣០​នាទី ដោយ​ស្តាប់​តែ​ការ​ឆ្លើយ​បំភ្លឺ​របស់​ភាគី​ដើម​បណ្តឹង​ជា​មន្ត្រី​នគរបាល​ម្នាក់​មាន​តួនាទី​ជា​ប្រធាន​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ចាន់ ដារិទ្ធ។

ជនជាប់ចោទ​ទាំង​៧​នាក់​ក្នុង​សំណុំ​រឿង​នេះ រួមមាន​ព្រះសង្ឃ​មួយ​អង្គ គង់នៅ​ប្រទេស​កាណាដា (Canada) ព្រះតេជព្រះគុណ នូ សុធា និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​៦​នាក់​ក្នុង​នោះ​៥​នាក់ កំពុង​រស់នៅ​ភៀសខ្លួន​នៅ​ប្រទេស​ថៃ និង​ម្នាក់ទៀត រស់នៅ​ប្រទេស​បារាំង។ សកម្មជន​ទាំងនេះ សុទ្ធសឹង​ជា​អ្នក​ដែល​លេចធ្លោ​ក្នុង​ការ​រិះគន់​ភាព​អសកម្ម និង​អំពើ​រំលោភសិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន តាមរយៈ​គេហទំព័រ​ហ្វេសប៊ុក (Facbebook) ឈ្មោះ​ក្រុម​អ្នក​ប្រយុទ្ធ​CNRP មាន​ដូចជា​៖ លោក នាង សុឃុន លោក រិន រដ្ឋ លោក រុន ចន្ទី លោក ម៉ៅ វិល និង​លោក ស៊ឹម សុភា ជាដើម។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ លោក​ម៉ៅ វិបុល ថ្លែង​ថា លោក​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​ការ​ផ្ដន្ទាទោស ដែល​លោក​មិន​បាន​ចូលរួម​តតាំង​ក្តី និង​មិនបាន​ប្រព្រឹត្ត​កំហុស​នេះ​។ លោក​រិះគន់​ថា តុលាការ កំពុង​អនុវត្ត​ច្បាប់​ឡប់ឡែ ដើម្បី​ធ្វើទុក្ខបុកម្នេញ​ពួក​លោក ក្នុង​បំណង​ជួយ​ពង្រឹង​និង​ការពារ​អំណាច​របស់​លោក ហ៊ុន សែន៖ «យើង​ធ្វើ​អ្វី​ជា​ការ​ពិត​ត្រឹមត្រូវ ទើប​មហាជន​គេ​តាមដាន បើ​យើង​ធ្វើ​មិន​ត្រឹម​ត្រូវ​គេ​មិន​តាមដាន​ទេ។ ការ​ធ្វើ​ត្រឹមត្រូវ​ច្បាស់លាស់​នេះ​ហើយ​ធ្វើ ឲ្យ​ក្រុម​លោក ហ៊ុន សែន ដែល​លាក់បាំង​ការពិត​នោះ មាន​ការ​ព្រួយបារម្ភ​។ ការ​ចោទ​យើង​ថា ញុះញង់​នេះ​គឺជា​ល្បិច​របស់​លោក ហ៊ុន សែន និង​បំបិទ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​ច្បាប់»។

វិទ្យុ​អាស៊ីសេរី មិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល ដើម្បី​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃទី​៩ ខែកញ្ញា ដោយ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នក​ទទួល​។

ដោយឡែក នៅ​ថ្ងៃ​ដដែល​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន ក៏បាន​នាំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ពីរ​នាក់​ទៀត​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស(ម​១) គឺ​លោក គង់ ម៉ាស់ និង​លោក ខាន់ ប៊ុនផេង មក​សាកសួរ​បន្ថែម​ទៀត​ជា​លើក​ទី​២ ពាក់ព័ន្ធ​នឹង​សំណុំរឿង​”​រួម​គំនិត​ក្បត់” ។

ប្រពន្ធ​របស់​លោក គង់ ម៉ាស់ គឺ​លោកស្រី កុល សាត រៀបរាប់​ថា លោកស្រី បាន​ជួប​សួរសុខទុក្ខ​ជាមួយ​ប្តី​សន្ទុះ ក្រោយ​តុលាការ​បញ្ចប់​ការសាកសួរ​។ លោកស្រី​ឲ្យ​ដឹង​ថា តុលាការ បាន​ចោទសួរ​លោក គង់ ម៉ាស់ ថា តើ​ធ្លាប់​ស្គាល់​លោក សម រង្ស៊ី ដែរ​ឬ​ទេ ? ប្តី​លោកស្រី​ឆ្លើយតប​ថា នរណា​ក៏​ស្គាល់​លោក សម រង្ស៊ី ដែរ សូម្បីតែ​កូនក្មេង ហើយ​បើ​មិន​ស្គាល់​លោក សម រង្ស៊ី ដូច​មិន​ស្គាល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែរ។ ទោះជា​យ៉ាងណា លោកស្រី កុល សាត បញ្ជាក់​ថា លោក គង់ ម៉ាស់ នៅ​តែ​មាន​ជំហរ​មោះមុត​ដដែល ។ លោកស្រី បន្ត​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ប្តី​ឲ្យ​មាន​សេរីភាព​វិញ ព្រោះ​គាត់ ពុំបាន​ប្រព្រឹត្ត​កំហុស​ឡើយ៖ «ខ្ញុំ​ជា​ក្រុមគ្រួសារ​របស់​គាត់​ជួប​ការ​លំបាក​ណាស់ ព្រោះ​តាំង​ពី​គាត់​ចេញពី​ពន្ធនាគារ​លើក​ទី​១ ដែល​កាលនោះ​ជាប់​១​ឆ្នាំ​កន្លះ​មក ចេញមក​វិញ​បាន​ជាង​៤​ខែ គេ​ចាប់​គាត់​យក​ទៅ​វិញទៀត​។ ឥឡូវ​គាត់​ជាប់ ៨​ខែ​ជាង​ហើយ​។ សម្រាប់​ខ្ញុំ ជា​ក្រុម​គ្រួសារ​គាត់ គឺ​បារម្ភ​ពី​គាត់​ជា​ខ្លាំង និង​សូម​ឲ្យ​តុលាការ ពន្លឿន​កាត់ទោស​ឲ្យ​ដឹង​ថា គាត់​ខុស​អី ហើយ​ជាប់​រយៈពេល​ប៉ុន្មាន​ខែ​ប៉ុន្មាន​ឆ្នាំ»។

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ បាន​ចាប់ខ្លួន​លោក គង់ ម៉ាស់ នៅ​ភ្នំពេញ និង​ចាប់ខ្លួន​លោក ខាន់ ប៊ុនផេង នៅ​ខេត្ត​បាត់ដំបង ក្នុង​ថ្ងៃ​តែមួយ​កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០​ហើយ បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ក្រោម​បទ​ចោទ ”​រួមគំនិត​ក្បត់​”​។ លោក គង់ ម៉ាស់ ដែល​កំពុង​ជាប់ពន្ធនាគារ​ពីរ​ដង​ទាំង​លើក​នេះ គឺជា​សមាជិក​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឆាំង​ខេត្តស្វាយរៀង ចំណែក​លោក ខាន់ ប៊ុនផេង គឺជា​ចៅសង្កាត់​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ព្រែក​ព្រះស្តេច ខេត្ត​បាត់ដំបង​។ ការ​ចាប់ខ្លួន​សកម្មជន​ទាំងពីរ​នេះ ធ្វើឡើង​នៅមុន​ប៉ុន្មាន​ថ្ងៃ​នៃ​ការប៉ុនប៉ង​វិល​ចូល​ប្រទេស​កម្ពុជា​មិនបាន​ជោគជ័យ​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះ​អ្នកស្រី មូរ សុខហូរ។ គិត​ត្រឹម​ថ្ងៃទី​៩ ខែ​កញ្ញា លោក គង់ ម៉ាស់ និង​លោក ខាន់ ប៊ុនផេង កំពុង​ជាប់​ក្នុង​ពន្ធនាគារ​រយៈពេល​ជាង​៨​ខែ​ហើយ។

ជុំវិញ​រឿង​នេះ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ដំណើរការ​កាត់ក្តី​លើ​លើ​សកម្មជន​ទាំងនេះ មិនបាន​ធ្វើឡើង​ដោយ​ត្រឹមត្រូវ​និង​ពេញលេញ​តាម​នីតិវិធី​ច្បាប់​ឡើយ​។ លោក នៅតែ​ចាត់ទុកថា សំណុំរឿង​សកម្មជន​បក្ស​ប្រឆាំង​ទាំងនេះ សុទ្ធតែ​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ដូចគ្នា​ដែល​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ​ជម្លោះ​នយោបាយ​រវាង​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង ទើប​ពួកគាត់ អាច​រួច​ផុត​ពី​ការ​ចោទប្រកាន់៖ «បើ​គ្មាន​ការចរចា​ដោះស្រាយ​នយោបាយ​ទេ សកម្មជន​ទាំងនេះ ត្រូវតែ​បន្ត​ជាប់​ពន្ធនាគារ​ដូច​កន្លងមក​អ៊ីចឹង​។ ជា​បទពិសោធន៍​មួយទៀត ក្រោយ​ថ្ងៃ៩ វិច្ឆិកា ឆ្នាំ​២០១៩ ក្រោយ​ពី​មាន​ដំណោះស្រាយ ឬ​ស្ថានភាព​នយោបាយ​ធូរស្រាល គឺ​មាន​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​។​ដូច្នេះហើយ​បាន​គេ​ថា ការ​ចាប់ ការ​ចោទប្រកាន់ និង​ការ​ឃុំខ្លួន​អតីត​សកម្មជន​បក្ស​ប្រឆាំង​កន្លង​មក គឺជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់»។

មក​ទល់​ពេល​នេះ អាជ្ញាធរ​របប​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​សកម្មជន​នយោបាយ សកម្មជន​សង្គម និង​សកម្មជន​បរិស្ថាន​ជិត​៩០​នាក់​ហើយ​ដាក់​ក្នុង​ពន្ធនាគារ ដោយ​ភាគច្រើន​ចោទប្រកាន់​ពីបទ​ញុះញង់ និង​រួមគំនិត​ក្បត់​។ ក្រៅពីនេះ មាន​សកម្មជន​រាប់​សិប​នាក់​ទៀត កំពុង​ភៀសខ្លួន​នៅក្រៅ​ប្រទេស​ដើម្បី​គេច​ចេញពី​ការ​ចាប់ខ្លួន​ក្នុង​សំណុំរឿង​ដូចគ្នា​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment