តុលាការ​​ផ្តន្ទា​ទោស​​​អតីត​​សកម្ម​ជន​​បក្ស​​ប្រឆាំង​​​៧​រូប​​ដាក់​ពន្ធនា​គារ​ម្នាក់ៗ​​១៨​ខែ​និ​ង​​បង្គាប់​ឱ្យ​ចាប់​ខ្លួន​

តុលាការ និងច្បាប់នយោបាយព័ត៌មានជាតិសិទ្ធិមនុស្ស
កញ្ញា ខាន់ លក្ខិណា |០៩ កញ្ញា ២០២១ |ម៉ោង ១៨:០០
VOD

ទិដ្ឋភាពនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។ (ហួត វុទ្ធី)

ទិដ្ឋភាពនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។ (ហួត វុទ្ធី)


ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដោយ​កំបាំងមុខលើ​អតីតសកម្មជនបក្សប្រឆាំង៧​រូបដាក់ពន្ធនាគារម្នាក់ៗ​ចំនួន​១៨ខែ និងពិន័យប្រាក់២​លានរៀល​ដូចគ្នា ក្រោមបទចោទប្រកាន់ «ញុះ​ញង់​​​ឱ្យ​ប្រព្រឹត្ត​អំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

ការប្រកាសសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីចៅក្រមជំនុំជម្រះបានបើកសវនា​ការ​កំបាំង​មុខ​កាល​ពីថ្ងៃទី​​២៦ ខែ​សីហា ឆ្នាំ២០២១ ដោយ​មិន​មានវត្តមាន​​​អតីត​សកម្ម​ជន​បក្សប្រឆាំង និងមេធាវី​ចូលរួមទេ។ ប៉ុន្តែចៅក្រមបានសួរដេញដោល​ប្រធានការិយាល័យស៊ើបអង្កេតនិង​អនុវត្ត​នីតិ​វិធី​នៃអគ្គ​ស្នងការដ្ឋាននគរបាលជាតិម្នាក់ ក្នុងអំឡុងពេលសវនាការនោះ។

ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោកស្រី អ៊ុក រ៉េតគន្ធា នៅថ្ងៃនេះ​ បាន​ប្រកាស​សាល​ក្រមផ្ដន្ទា​ទោស​អតីតសកម្មជនបក្សប្រឆាំង៧​រូបដាក់ពន្ធនាគារម្នាក់ៗ១៨ខែ ហើយពិន័យប្រាក់២លានរៀលដូចគ្នា និងបានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនអ្នកទាំង៧រូបមកដាក់ពន្ធនាគារ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា បើសិនជាតុលាការបានចេញសាលក្រមនិងដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួននោះ សមត្ថកិច្ចនឹងអនុវត្ត បើទោះបីជាបុគ្គលនៅក្រៅប្រទេសក៏ដោយ។

លោកថា៖ «ចំពោះជនល្មើសដែលមានសាលក្រមផ្ដន្ទាទោស ហើយរត់គេចខ្លួនហ្នឹង ​រដ្ឋសាម៉ីត្រូវប្រើប្រាស់គ្រប់មធ្យោបាយ​ការទូតឬ​កិច្ចសហការ​ក្នុងវិស័យ​ព្រហ្មទណ្ឌ​ជាមួយ​បណ្ដា​ប្រទេស​ជាមិត្ត ដើម្បី​ធ្វើ​ម៉េច[ចាប់]​ជនល្មើស​​មកផ្ដន្ទាទោសតាម​អំណាច​សាលក្រមរដ្ឋសាម៉ីហ្នឹង។ នីតិវិធីនាំយកជនល្មើសមកផ្ដន្ទាទោសដែលរត់គេចខ្លួនទៅប្រទេសដទៃហ្នឹង តាមរយៈកិច្ចព្រមព្រៀង​តាមវិស័យ​ព្រហ្មទណ្ឌ តាមរយៈការទូតកិច្ចសហការប្រទេស​ជាមិត្ត ក៏ដូចជាក្នុងតំបន់»។

អតីតសកម្មជនបក្សប្រឆាំងទាំងនោះមាន​ដូច​ជា ឈ្មោះ រិន រដ្ឋ​, រុ​ន ចន្ធី, ម៉ៅ​ វិបុល, ស៊ឹម សុភា និង​ នាង សុឃុន ដែល​បច្ចុប្បន្នកំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ខណៈ​ឈ្មោះ ពេជ្រ សំបូរ កំពុង​​រស់​​នៅ​​ប្រទេស​បារាំ​ង និង​ព្រះសង្ឃ នូ សុធា នៅប្រទេសកាណាដា។

លោកមេធាវី សំ សុគង់ មាន​ប្រសាសន៍​ថា លោក​​​ទទួល​​បាន​​ការ​ពឹង​ពាក់​​ដោយ​​ផ្ទាល់​​មាត់ ប៉ុន្តែ​ចំពោះ​លិខិតផ្លូវ​​ការ​​​នោះ លោកថានៅមិនទាន់ទទួលបានឡើយ ដែល​ករណីនេះបានធ្វើឱ្យលោកខកខាន​​ចូល​រួម​សវនាការ​នាពេលកន្លងមក។

លោកថា៖ «គ្រាន់តែគាត់ពឹងពាក់ដោយផ្ទាល់មាត់ លិខិតហ្នឹង គាត់បានផ្ញើមកហើយ ប៉ុន្តែ​មិន​ទាន់​មក​ដល់ដៃ​ខ្ញុំ។ បើតា​មគាត់​ផ្ញើ​មក គឺ​គាត់​មក​ផ្ញើ​តាំង​ពីថ្ងៃ​ទី​២៣ ខែ​សីហា មុនសវនាការ​ប្រហែល​៣​ថ្ងៃ ប៉ុន្តែ​មិនទាន់​មក​ដល់​ដៃ​ខ្ញុំ។ ​ណាមួយព័ត៌មានហ្នឹង គាត់ទើបដឹងមុខសវនាការ​ប្រហែលជា៣ទៅ៤​ថ្ងៃ​ប៉ុណ្ណោះ»។

អតីតសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក រិន រដ្ឋ ចាត់​ទុក​សាលក្រមផ្ដន្ទាទោសពួកគាត់​នៅថ្ងៃនេះថាជារឿង​នយោបាយ ហើយ​រូប​លោក​ក៏​មិន​ប្ដឹង​ជំទាស់​ទៅ​នឹ​ងសេច​ក្ដីសម្រេច​របស់​សាលា​ដំបូងដែរ។

លោកថា៖ «ខ្ញុំយល់ថា រឿងនេះជារឿងនយោបាយ ទោះបីជាខ្ញុំប្ដឹងជំទាស់ទៅដល់ណាក៏មិនឈ្នះ មិន​អាចផ្ដល់​យុត្តិធម៌​ឱ្យខ្ញុំដែរ។ បើសិន​ជា​​ទទួលបានយុត្តិធម៌មកវិញ ទាល់តែមាន​ការចរចា​នយោបាយណាមួយ អា​ហ្នឹងខ្ញុំជឿជាក់ថា រូបខ្ញុំនឹងមានយុត្តិធម៌ឡើងវិញ ព្រោះប្រព័ន្ធតុលាការរបបលោក ហ៊ុន សែន [រដ្ឋាភិបាល] ​សព្វថ្ងៃ​ គឺសូម្បីប្រជាពលរដ្ឋ ក៏ពួកគាត់លែងរំពឹងនឹងប្រព័ន្ធតុលាការនេះដែរ»។

អតីតសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅប្រទេសថៃម្នាក់ទៀត​​ លោក ម៉ៅ​ វិបុល លើកឡើងថា រូបលោកនឹងមិនប្ដឹងជំទាស់សាលក្រមនេះទៅសាលា​ឧទ្ធរណ៍ទេ ដោយ​យល់ថា សំណុំរឿងរបស់ពួកគាត់​ជារឿងនយោបាយ។

អតីត​គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលចេញ​សាល​ដីកា​រំលាយ​កាលពីខែ​វិច្ឆិកា ឆ្នាំ​២០១៧ ក្នុង​នោះ មន្ត្រីជាន់ខ្ពស់១១៨​រូប​ក៏​ត្រូវ​បាន​ហាម​ឃាត់ មិន​ឱ្យធ្វើ​នយោបាយ​រយៈ​ពេល​៥ឆ្នាំ។  

អតីតមេដឹកគណបក្សប្រឆាំង លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួនចោទ​ប្រកាន់​ពី​បទ «ឃុបឃិត​ជាមួយ​បរទេស​ផ្ដួលរំលំ​រដ្ឋាភិបាល» ខណៈសវនាការ​លើ​សំណុំរឿង​របស់​លោក និង​សកម្មជន​ជាង​១០០នាក់​ផ្សេង​ទៀតដែល​រងការចោទប្រកាន់ពី «រួមគំនិតនិងញុះញង់» ត្រូវពន្យារ​ពេល​ចាប់​តាំង​ពី​មានការ​រីក​រាល​ដាលកូវីដ-១៩៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "តុលាការ​​ផ្តន្ទា​ទោស​​​អតីត​​សកម្ម​ជន​​បក្ស​​ប្រឆាំង​​​៧​រូប​​ដាក់​ពន្ធនា​គារ​ម្នាក់ៗ​​១៨​ខែ​និ​ង​​បង្គាប់​ឱ្យ​ចាប់​ខ្លួន​"

  1. Anonymous says:

    KEITH RITH is the man who will responsible for justice in KAMPOUCHEA. please make sour you caught the right person the top we can put as the first degree and the one who prosecute people is the second degree .

Leave a Reply

Submit Comment