បទ​វិភាគ​៖​ ឥទ្ធិពល​នៃ​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​មក​លើ​ប្រព័ន្ធ​នយោ​បាយ​ប្រជា​ធិបតេយ្យ​និង​អត្តា​ធិបតេយ្យ​

បទវិភាគ
ដោយ វីអូឌី | ០៩ កញ្ញា ២០២១ |ម៉ោង ១០:០២
VOD

លោក ចូ បៃឌិន និងលោក ស៊ី ជីនពីង កាលពីពេលកន្លងទៅ។ (china-embassy.org)

លោក ចូ បៃឌិន និងលោក ស៊ី ជីនពីង កាលពីពេលកន្លងទៅ។ (china-embassy.org)


កូលីន ហ្លីន (Colin Flint) កំណត់និយមន័យភូមិសាស្ត្រនយោបាយជា “គំនិតនៃសង្គ្រាម ចក្រភពនិងការទូត” និង “ការអនុវត្តរបស់រដ្ឋដើម្បីត្រួតត្រា និងប្រកួតប្រជែងដើម្បីទឹកដី”។ រ៉ូប៊ែត កាបឡាន (Robert D. Kaplan) កំណត់និយមន័យភូមិសាស្ត្រនយោបាយជា “ការប្រយុទ្ធដើម្បីលំហនិងអំណាច” ក្នុងចំណោមរដ្ឋ។ មួយវិញទៀត ភូមិសាស្ត្រនយោបាយជាការអនុវត្តចំណេះដឹងភូមិសាស្ត្រទៅលើនយោបាយនិងយុទ្ធសាស្ត្រ។

សរុបមក ភូមិសាស្ត្រនយោបាយ ជាការកំណត់ភូមសាស្ត្ររបស់រដ្ឋទៅលើទិដ្ឋភាពសំខាន់នៃយុទ្ធសាស្ត្ររបស់ជាតិ រួមមានយោធា នយោបាយ សេដ្ឋកិច្ច ការទូត ដើម្បីប្រយុទ្ធក្នុងគោលដៅទទួលបានលំហ (Space) អំណាច និងទឹកដី ដោយសហការជាមួយសម្ព័ន្ធមិត្ត និងទប់ស្កាត់គូសត្រូវមិនឱ្យមានអំណាចដូចខ្លួន។ ប្រជាធិបតេយ្យជាទម្រង់គ្រប់គ្រងរដ្ឋដោយយកពលរដ្ឋជាធំ ពោលគឺអធិបតេយ្យភាពពលរដ្ឋដែលអំណាចទាំងអស់កើតចេញពីប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋនិងជារបស់ប្រជាពលរដ្ឋ។ ដូចដែលអ្នកប្រាជ្ញប្រជាធិបតេយ្យ ឡារី ដាយមិន (Larry Diamond) លើកឡើងថា រចនាសម្ព័ន្ធប្រជាធិបតេយ្យនៃការបង្កើតស្ថាប័នរដ្ឋ ត្រូវផ្តល់គុណតម្លៃដល់គោលការណ៍សំខាន់ៗនៃប្រជាធិបតេយ្យ រួមមាន អធិបតេយ្យភាពពលរដ្ឋ គណនេយ្យភាពប្រជាធិបតេយ្យ សេរីភាព និងនីតិរដ្ឋ។

រីឯទម្រង់គ្រប់គ្រងរដ្ឋបែបអត្តាធិបតេយ្យ ឬ ផ្តាច់ការ ជាសណ្ឋានរដ្ឋាភិបាលដែលគ្រប់គ្រងដោយមេដឹកនាំផ្តាច់ការម្នាក់។ ទម្រង់គ្រប់គ្រងរដ្ឋប្រភេទនេះ អ្នកប្រាជ្ញទស្សនវិជ្ជាក្រិច អារីស្តូត ចាត់ទុកថា ជាទម្រង់គ្រប់គ្រងរដ្ឋបែបប្រជាហិង្សាដែលរំលោភអំណាច និងដឹកនាំផ្តាច់ការក្នុងនាមប្រជាជនទូទៅ។ លោកចាត់ទុកទម្រង់រដ្ឋប្រភេទនេះ ជាទម្រង់រដ្ឋអាក្រក់ជាងគេបំផុត ព្រោះវាទាត់ចោលផលប្រយោជន៍របស់ប្រជា​ជន ប៉ុន្តែគិតតែពីផលប្រយោជន៍បុគ្គលមេដឹកនាំទៅវិញ។

នៅក្នុងអត្ថបទវិភាគនេះ យើងនឹងសិក្សាវិភាគថាតើការប្រកួតប្រជែងភូមិសាស្ត្រនយោបាយមានឥទ្ធិពលមកលើប្រព័ន្ធនយោបាយដែរឬទេ ហើយថាតើប្រព័ន្ធប្រជាធិបតេយ្យមានទម្ងន់ភូមិសាស្ត្រនយោបាយយ៉ាងដូចម្តេចទល់នឹងប្រព័ន្ធអត្តាធិបតេយ្យ?​

តើភូមិសាស្ត្រនយោបាយមានឥទ្ធិពលលើទម្រង់នយោបាយឬទេ?

រ៉ូប៊ែត កាហ្កាន (Robert Kagan) លើកឡើងថា ស្ទើរតែពាសពេញប្រវត្តិសាស្ត្រ នយោបាយដើរតាមភូមិសាស្ត្រនយោបាយ ពោលគឺថា នៅពេលបុរីអាថែនក្លាយជាចក្រភពប្រជាធិបតេយ្យ បុរីរដ្ឋដទៃទៀតគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ។ នៅពេលបុរីស្ពាតក្តោបអំណាចបែបអប្បជនាធិបតេយ្យ (oligarchy) បុរីរដ្ឋដទៃទៀតរបស់ក្រិចក៏ប្រែទម្រង់នយោបាយជាអប្បជនាធិបតេយ្យ។

បន្ថែមពីនេះ នៅពេលសហភាពសូវៀតកើនអំណាចខ្លាំង លទ្ធិកុម្មុយនីស្តក៏រីកសាយភាយខ្លាំងទូទាំងពិភពលោក ជាពិសេសតំបន់អាស៊ីអាគ្នេយ៍។ នៅពេលអាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិចឈ្នះសង្គ្រាមត្រជាក់ កំណើនប្រទេសប្រជាធិបតេយ្យក៏កើនឡើងខ្លាំងរហូតដល់ជាង១៤០ប្រទេស។ នៅពេលចិន និងរុស្ស៊ី មានឥទ្ធិពលលើឆាកអន្តរជាតិក្នុងដើមទសវត្សរ៍ឆ្នាំ២០១០ ប្រទេសមួយចំនួនងាកចេញពីប្រជាធិបតេយ្យទៅរករបបអត្តាធិបតេយ្យ។ ឆ្លងតាមប្រវត្តិសាស្ត្រ សណ្តាប់ធ្នាប់អន្តរជាតិ បានឆ្លុះបញ្ចាំងនូវជំនឿនិងផលប្រយោជន៍នៃមហាអំណាចដែលខ្លាំងជាងគេ ហើយសណ្តាប់ធ្នាប់អន្តរជាតិនឹងផ្លាស់ប្តូរទៅតាមមហាអំណាចថ្មីដែលមកជំនួស រួមទាំងជំនឿ និងផលប្រយោជន៍។

តើចិនអាចជំនួសអាមេរិកជាមហាអំណាចពិភពលោកដែរឬទេ? ហើយតើប្រព័ន្ធអត្តាធិបតេយ្យដែលចិនតំណាង នឹងជំនួសសណ្តាប់ធ្នាប់សេរីដែលមានសហរដ្ឋអាមេរិកកំពុងតែការពារដែរឬយ៉ាងណា?

អ្វីដែលគួរឱ្យកត់សម្គាល់​ ចិនធ្លាប់ជាប្រទេសអនុត្តរភាព ឬ ប្រទេសវាទីតំបន់​ មុនពេលការមកដល់និងការពង្រីកទឹកដីរបស់លោកខាងលិច​ ដែលគាំទ្រដោយបដិវត្តន៍ឧស្សាហកម្ម។​ ចិនបានរះឡើងយ៉ាងលឿនក្រោយកំណែទម្រង់បើកចំហរបស់ តេង ស៊ីវពីង។ ចិនបានរះឡើងនៅពេលព្រះអាទិត្យអស្តង្គតនៃសតវត្សទី២០ និងនៅពេលព្រលឹមនៃសតវត្សរ៍ទី២១។ កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសចិនចាប់តាំងពីឆ្នាំ១៩៧៨ គឺជាកម្លាំងជំរុញឱ្យផ្លាស់ប្តូរតុល្យភាពអំណាចក្នុងន័យសេដ្ឋកិច្ចនិងនយោបាយ។

ជាការពិត នៅដើមឆ្នាំ១៩៨០ ផលិតផលក្នុងស្រុកសរុប ឬ GDP របស់ចិនគឺតិចជាង៣០០ពាន់លានដុល្លារ។ នៅឆ្នាំ២០២១ ផលិតផលក្នុងស្រុកសរុបរបស់ចិនមានចំនួនជាង១៦លានលានឬទ្រីលានដុល្លារ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមានសេដ្ឋកិច្ចធំទី២របស់ពិភពលោក តាមពីក្រោយសហរដ្ឋអាមេរិកដែលមានចំនួន២២ទ្រីលានដុល្លារ។ អ្វីដែលគួរឱ្យកត់សម្គាល់ ចាប់តាំងពីកំណែទម្រង់របស់ តេង ស៊ីវពីង ផលិតផលក្នុងស្រុកសរុបបានកើនឡើង៣០ដង ហើយប្រជាជន៧៥០លាននាក់ត្រូវបានរំដោះខ្លួនចេញពីភាពក្រីក្រដែលជាចំនួនមិនធ្លាប់មានពីមុនមក ក្នុងប្រវត្តិសាស្ត្រដែលបានកត់ត្រាទុក។

ទោះយ៉ាងណាក៏ដោយ មុននឹងយើងវិភាគថា តើចិនអាចពង្រីកឥទ្ធិពលឬអំណាចអត្តាធិបតេយ្យរបស់ខ្លួនតាមរយៈទម្ងន់សាច់ដុំសេដ្ឋកិច្ច ដែលជាយុទ្ធសាស្ត្រភូមិសាស្ត្រសេដ្ឋកិច្ចបម្រើមហិច្ឆតាភូមិសាស្ត្រនយោបាយនោះ យើងត្រូវការការវាស់វែងអំណាចក្នុងប្រព័ន្ធអន្តរជាតិ។

យោងតាមលោក ម៉ាធូ ក្រូនីក (Mattew Kroenig) សសរស្តម្ភបីគឺ អំណាចសេដ្ឋកិច្ច ឥទ្ធិពលការទូត និងអំណាចយោធា ដែលត្រូវបានគេយកមកវាស់វែងពីអំណាចរបស់ប្រទេសណាមួយ។

ក្នុងន័យសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចរបស់ចិនតាមគំរូមូលធននិយមដឹកនាំដោយរដ្ឋ (state-led capitalism) មិនអាចបង្កើនអត្រាកំណើនរយៈពេលវែងបាននោះទេ ពីព្រោះនៅក្នុងការគ្រប់គ្រងផ្តាច់ការដែលស្ថាប័នសេដ្ឋកិច្ចរបស់ខ្លួនមិនអាចលើកទឹកចិត្តឬផ្តល់ប្រយោជន៍ដល់សកម្មភាពលើកកម្ពស់កំណើនសេដ្ឋកិច្ចនោះទេ។ ជាពិសេស ប្រព័ន្ធបែបនេះរាំងស្ទះដល់ការបង្កើតថ្មី ឬ នវានុវត្តន៍ (innovation), គំនិតឆ្នៃប្រឌិត ឬ ប្រឌិតញាណ (creativity), និងបច្ចេកវិទ្យាទាន់សម័យ ដូចដែលសាស្ត្រាចារ្យសាកលវិទ្យាល័យហាវើដ ចូ ណាយ អះអាងថា ប្រទេសចិនបានត្រឹមតែបង្កើតការងារ ប៉ុន្តែមិនអាចបង្កើត ស្ទីវ ចបស៍ ដូចសង្គមសេរី ឬ ​អាមេរិកនោះទេ។

មួយវិញទៀត ផលិតភាពសេដ្ឋកិច្ច ពឹងអាស្រ័យលើកម្លាំងពលកម្មផលិត ប៉ុន្តែចិននឹងប្រឈមខ្វះខាតកម្លាំងពលកម្មទាំងនេះ នៅពេល​មនុស្សដែលមានកម្លាំងធ្វើការថយចុះជាគំហុក ប្រហែលជាមួយផ្នែកដោយសារគោលនយោបាយកូនមួយរបស់ចិនដែលអនុវត្តកន្លងមក។ ប្រទេសចិននឹងបាត់បង់មួយភាគបីនៃកម្លាំងពលកម្ម ហើយជរាភាពរបស់ប្រជាជនចិនលឿនជាងសង្គមផ្សេងទៀតនៅក្នុងប្រវត្តិសាស្ត្រ ដោយមានសមាមាត្រកម្លាំងពលកម្មចូលនិវត្តន៍រួញតូចពី មនុស្ស៨នាក់ដែលធ្វើការពេញកម្លាំង ទល់នឹងមនុស្សម្នាក់ចូលនិវត្តន៍សព្វថ្ងៃនេះ ហើយនឹងប្រែប្រួលខ្លាំងដោយធ្លាក់ចុះមកត្រឹមមនុស្ស២នាក់ដែលធ្វើការពេញកម្លាំង ទល់នឹងមនុស្សម្នាក់ចូលនិវត្តន៍នៅឆ្នាំ២០៥០។

ជាលទ្ធផល ប្រជាជនចិននឹងចាស់ជរាមុនពួកគេក្លាយជាអ្នកមាន ​ផ្ទុយពីសង្គមអាមេរិកដែលមានប្រជាជន​មានផលិតភាពខ្ពស់ជាងគេ គួបផ្សំប្រជាជនដែលមានកម្លាំងពលកម្មពេញកម្លាំងកើនឡើង និងលំហូរមូលធនមនុស្សពីប្រទេសផ្សេងៗ។ មួយវិញទៀត សហរដ្ឋអាមេរិកមានស្ថាប័នដែលជាកម្លាំងរុញច្រានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយសារការរីកលូតលាស់នៃសហគ្រិនភាព នវានុវត្តន៍ ការស្រូបការវិនិយោគ បច្ចេកវិទ្យា និងលំហូរមូលធនពីប្រទេសផ្សេងៗ។

ផ្ទុយទៅវិញ ស្ថាប័នរបស់ចិនចាក់សាំងបន្ថែមដល់អំពើពុករលួយ ធ្វើឱ្យថប់ដង្ហើមចំពោះសហគ្រិនភាព និងធ្វើឱ្យក្រិនដល់ការធ្វើកំណែទម្រង់បន្ទាប់ពីកំហុសគោលនយោបាយ និងធនធានធម្មជាតិរបស់ខ្លួនបានធ្លាក់ចុះដោយសារការប្រើប្រាស់ច្រើនពេក។ មួយវិញទៀត គំរូកំណើនសេដ្ឋកិច្ចរបស់ចិន ដោយផ្អែកលើការផ្លាស់ប្តូរកម្លាំងពលកម្មជនបទដែលមិនមានផលិតភាព មកធ្វើការងារកម្មន្តសាលនៅទីក្រុង ដើម្បីគាំទ្រដល់កំណើនតាមរយៈការនាំចេញ ការនាំចូលបច្ចេកវិទ្យាពីបរទេសសម្រាប់នវានុវត្តន៍ និងការវិនិយោគលើហេដ្ឋរចនាសម្ព័ន្ធដែលខ្ជះខ្ជាយ មិនមាននិរន្តរភាពកំណើនសេដ្ឋកិច្ចយូរអង្វែងនោះទេ។

ភូមិសាស្ត្រក៏ជាកត្តាសំខាន់នៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពផងដែរ។ ក្នុងន័យនេះ សហរដ្ឋអាមេរិកជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងបន្ទាយយោធាធម្មជាតិ។ ជាពិសេសអាមេរិកមានមានស្តុក​ធនធានធម្មជាតិយ៉ាងច្រើន​ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមបែបធម្មជាតិច្រើនជាងពិភពលោកទាំងមូលរួមបញ្ចូលគ្នាទៅទៀត។ សហរដ្ឋអាមេរិកត្រូវបានហ៊ុមព័ទ្ធដោយប្រទេសជាមិត្តដែលមិនមានអំណាចយោធាគំរាមកំហែងសន្តិសុខរបស់ខ្លួននោះទេ។ ផ្ទុយពីសហរដ្ឋអាមេរិក ចិនហ៊ុមព័ទ្ធដោយប្រទេសមានអាវុធនុយក្លេអ៊ែរ ហើយមានអរិភាពជាមួយចិនទៅទៀត។

ក្នុងន័យការទូតវិញ សហរដ្ឋអាមេរិកមានមានសម្ព័ន្ធមិត្តនិងភាពជាដៃគូរឹងមាំ​អាចជឿទុកចិត្តបានជាង៥០ដែលជាសម្ព័ន្ធមិត្តផ្លូវការ ដើម្បីជួយសម្រេចបាននូវគោលបំណងអន្តរជាតិរបស់ខ្លួន។ អ្វីដែលគួរឱ្យកត់សម្គាល់ សម្ព័ន្ធមិត្តទាំងនេះគឺស្ថិតក្នុងចំណោមប្រទេសអ្នកមាន និងមានអភិបាលកិច្ចល្អបំផុតរបស់ពិភពលោក។ សម្ព័ន្ធមិត្តទាំងនេះមិនត្រឹមតែជាដៃគូសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងបង្កើតទ្រព្យសម្បត្តិគ្នាទៅវិញទៅមកនៅក្នុងសេដ្ឋកិច្ចពិភពលោកប៉ុណ្ណោះទេ ពួកគេជួយបំពងសំឡេងអំណាចនៃការដាក់ទណ្ឌកម្មរបស់អាមេរិក និងជួយគាំទ្រការទូតថែមទៀត។

ផ្ទុយមកវិញ ទោះបីចិនមានសាច់ដុំសេដ្ឋកិច្ចសម្រាប់ទាក់ទាញបណ្តាប្រទេសដទៃទៀត តាមរយៈគម្រោងប្រចាំសតវត្សរ៍ «ខ្សែក្រវាត់ និងផ្លូវ» (BRI) ក៏ដោយ ចិនហាក់ដូចជាខ្វះអំណាចទន់និងការជឿទុកចិត្តពីប្រទេសទាំងនោះ។ ម្យ៉ាងដោយសារគម្រោង«ក្រវាត់ និងផ្លូវ» ដែលការវិនិយោគនោះមិនបានផ្តល់ការអភិវឌ្ឍសេដ្ឋកិច្ចដូចក្តីសង្ឃឹមទុកសម្រាប់ប្រទេសម្ចាស់ផ្ទះនោះទេ ពីព្រោះប្រទេសចិនបាននាំមកជាមួយនូវសហគ្រាសនិងកម្មកររបស់ខ្លួនជាជាងពឹងផ្អែកលើម្ចាស់ផ្ទះ។ ទោះបីយ៉ាងនេះក្តី យោងតាមសន្ទស្សន៍អំណាចអាស៊ីឆ្នាំ២០២១ ឥទ្ធិពលការទូតរបស់ចិនលេខមួយ នាំមុខសហរដ្ឋអាមេរិកឈលេខបីក្នុងបញ្ជី។

ក្នុងន័យយោធាវិញ សហរដ្ឋអាមេរិកនៅតែជាមហាអំណាចផុតលេខរបស់ពិភពលោក។ សហរដ្ឋអាមេរិកមានលទ្ធភាពពង្រាយអំណាចរបស់ខ្លួនទូទាំងសកលលោក ដោយ​ចំណាយថវិកាលើយោធាមានចំនួន៧៤០ពាន់លានដុល្លារ ទល់១៧៨ពាន់លានដុល្លារបស់ចិន ក្នុងឆ្នាំ២០២១នេះ។

អ្វីដែលគួរកត់សម្គាល់ សហរដ្ឋអាមេរិកប្រើប្រាស់សេដ្ឋកិច្ចដ៏ធំរបស់ខ្លួនវិនិយោគលើកម្លាំងយោធា។ ដើម្បីមានឋានៈជាកំពូលមហាអំណាចពិភពលោក ជាតិនោះត្រូវក្តោបក្តាប់ស្តុកធនធានដ៏ធំ (ធនធានទាំងដុល gross resources) ហើយដើម្បីទួលបានលទ្ធផលនេះ រដ្ឋត្រូវតែជាប្រទេសរីកចម្រើននិងមានប្រជាជនច្រើន។ មានន័យថា រដ្ឋត្រូវតែផលិតទិន្នផល (outputs) ខ្ពស់ក្នុងតម្លៃទាប។ រដ្ឋប្រភេទនេះ មិនត្រឹមតែប្រមូលផ្តុំទិន្នន័យចូល (inputs) ដ៏ច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់នូវទិន្នផលចាំបាច់ក្នុងមួយឯកតានៃទិន្នន័យចូល (inputs)។ និយាយឱ្យខ្លី អំណាចរបស់ប្រជាជាតិមួយមិនមែនកើតចេញពីធនធានទាំងដុលរបស់ខ្លួននោះទេ ប៉ុន្តែមកពីធនធានសុទ្ធ (net resources) របស់ប្រទេសនេះ ដែលសល់មកពីធនធានដុល ដោយនៅសល់ដកថ្លៃដើម (costs)។

តាមរូបមន្តធនធាតុសុទ្ធ (net resources) = ផលទុនក្នុងស្រុកមនុស្សម្នាក់ (GDP per capita) X ផលទុនក្នុងស្រុកសរុប (GDP) សហរដ្ឋអាមេរិកមានអំណាចយោធាខ្លាំងជាងចិន។

Net Resources (GDP x GDP per capita) of the great power, PPP (constant 2017 international $)
Source: World Bank 2020

ជារួម ឆ្លងតាមការវិវត្តនៃទម្រង់នយោបាយរបស់មនុស្សជាតិ ប្រជាធិបតេយ្យជាទម្រង់គ្រប់គ្រងរដ្ឋដែលផ្តល់តម្លៃដល់អធិបតេយ្យភាពពលរដ្ឋ ហើយការសិក្សាជាច្រើនបានរកឃើញថា លទ្ធិប្រជាធិបតេយ្យល្អប្រសើរជាងអត្តាធិបតេយ្យនៅក្នុងមុខងារដាច់ដោយឡែកមួយចំនួន ដូចជា កំណើនសេដ្ឋកិច្ច ហិរញ្ញវត្ថុអន្តរជាតិ ការបង្កើតសម្ព័ន្ធមិត្ត និង អំណាចយោធា។ ការស្រាវជ្រាវវិទ្យាសាស្ត្រសង្គមថ្មីៗបានបង្ហាញថា លទ្ធិប្រជាធិបតេយ្យអាចធ្វើអ្វីៗទាំងអស់នេះបានល្អប្រសើរជាងគូប្រជែងអត្តាធិបតេយ្យរបស់ពួកគេ នៅក្នុងការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយ។


អត្ថបទវិភាគដោយបណ្ឌិត រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតឯកទេសទំនាក់ទំនងអន្តរជាតិ។

សូមបញ្ជាក់ថា ខ្លឹមសារនៅក្នុងអត្ថបទនេះទាំងស្រុងជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ ដោយមិនឆ្លុះបញ្ចាំងពីទស្សនៈឬ គោលជំហរបស់ វីអូឌី ឡើយ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment