អាជ្ញាធរ​ក្រុងភ្នំពេញ​បង្ក្រាប​ក្រុម​ស្ត្រី​ថ្ងៃសុក្រ​ដែល​តវ៉ា​មុខ​ស្ថានទូត​អាមេរិក

ដោយ អាស៊ីសេរី
2021-09-10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អាជ្ញាធរ​ក្រុងភ្នំពេញ​បង្ក្រាប​ក្រុម​ស្ត្រី​ថ្ងៃសុក្រ​ដែល​តវ៉ា​មុខ​ស្ថានទូត​អាមេរិក

​ក្រុម​ ស្ត្រី​ថ្ងៃ​សុក្រ​ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​ស្ថានទូត​អាមេរិក​ នៅ​ថ្ងៃ​ទី១០ ខែ​កញ្ញា ឆ្នាំ២០២១ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​គ្រួសារ​ពួក​គាត់។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


ក្រុមសាច់ញាតិអ្នកជាប់ឃុំ បានចូលដាក់ញត្តិឲ្យស្ថានទូតអាមេរិកដោយជោគជ័យ


ក្រុមស្ត្រីថ្ងៃសុក្របន្តសុំអន្តរាគមន៍ពីប្រទេសលោកសេរី ឱ្យមានការដោះលែងសមាជិកគ្រួសារ


អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បង្ក្រាប​ក្រុម​ស្ត្រី​ថ្ងៃសុក្រ​ដែល​តវ៉ា​និង​ដាក់​ញត្តិ​ជូន​ស្ថានទូត​អាមេរិក​នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែ​កញ្ញា។ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ និង​មន្ត្រី​សិទ្ធិមនុស្ស ថ្កោលទោស​អាជ្ញាធរ ដែល​បំបិទ​សិទ្ធិ​សេរីភាព​ពួក​គាត់ មិន​ឲ្យ​ស្វែងរក​យុត្តិធម៌​សម្រាប់​សមាជិក​គ្រួសារ ដែល​កំពុង​ជាប់ឃុំ​ដោយសារ​រឿង​នយោបាយ។

ក្រុម​សមត្ថកិច្ច និង​កង​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​ប្រមាណ ៥០នាក់ បាន​តាម​រារាំង និង​បង្ក្រាប​លើ​ក្រុម​ស្ត្រី​ថ្ងៃសុក្រ​ប្រមាណ ១០នាក់​ដែល​ជា​សាច់ញាតិ ​និង​ជា​ប្រពន្ធ​កូន​របស់​សកម្មជន​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ មិន​ឲ្យ​ប្រមូល​ផ្ដុំ​លើក​បដា និង​ស្រែក​តវ៉ា​ដោយ​សន្តិវិធី​នៅ​មុខ​ស្ថាន​ទូត​អាមេរិក​នោះ​ទេ ក្រោម​ហេតុ​ផល​ថា ខ្លាច​ឆ្លង​ជំងឺ​កូវី-១៩៖ «សម័យ​នេះ សម័យ​កូវីដ ដូច្នេះ​មិន​អាច​ប្រមូល​ផ្ដុំ​ទេ ត្រូវ​រក្សា​គម្លាត​យ៉ាងតិច ១ម៉ែត្រ​កន្លះ ដើម្បី​ការពារ​ការ​ឆ្លង​នូវ​ជំងឺ​កូវីដ-១៩។ ជា​ពិសេស​មិន​អនុញ្ញាត​ឱ្យ​លើក​បដា​ទេ ចង់​តវ៉ា ត្រូវ​ចាត់​តំណាង​ដាក់​ញត្តិ មិន​ត្រូវ​មក​ស្រែក​ឡូឡា ប្រមូល​ផ្ដុំ​ជេរ​បញ្ចោរ​អ៊ីចឹង​អត់​ទេ។ ប្រសិន​បើ​មិន​ស្ដាប់​ការ​ណែនាំ​អាជ្ញាធរ​នឹង​អនុវត្ត​តាមច្បាប់»។

ទោះ​បី​ជា​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ប្រកាស​តាម​មេក្រូ ឲ្យ​អ្នក​តវ៉ា​រក្សា​គម្លាត​ក្តី ប៉ុន្តែ​ក្រុម​អាជ្ញាធរ​ខ្លួន​ឯង​ បាន​នាំ​គ្នា​ឈរ​ច្រងេងច្រងាង​ជាប់ៗ គ្នា និង​តាម​ឆាឆៅ​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​មិន​ឲ្យ​លើក​បដា មិន​ឲ្យ​ស្រែក​តវ៉ា ​និង​ដណ្ដើម​យក​ទូរស័ព្ទ​មិន​ឲ្យ​ថត​ផ្សាយ​ផ្ទាល់​តាម​ហ្វេសប៊ុក (Facebook) ព្រម​ទាំង​បាញ់​អាល់កុល​ដាក់​មុខ​ស្ត្រី​ទាំង​នោះ​ទៀត​ផង។ ក្រោយ​ដណ្ដើម​យក​ទូរស័ព្ទ​រួច ​ក្រុម​អាជ្ញាធរ បាន​បង្ក្រាប​ទៅ​លើ​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ដោយ​រុញច្រាន ​និង​ចាប់​អូស​ស្ត្រី​មួយ​ចំនួន បណ្ដាល​ឱ្យ​ពួក​គាត់​ដាច់​រយៈ​ដៃ​ចេញ​ឈាម និង​មាន​ស្នាម​ជាំ​លើ​រាង​កាយ​ជាច្រើន​កន្លែង។

តំណាង​ស្ត្រី​ថ្ងៃ​សុក្រ​ម្នាក់ ដែល​មាន​ប្ដី និង​កូនប្រុស​កំពុង​ជាប់​ឃុំ គឺ​លោក​ស្រី ព្រុំ ចាន់ថា ថ្លែង​ថា លោកស្រី ​ហួសចិត្ត ដែល​អាជ្ញាធរ​បន្ត​តាម​ធ្វើទុក្ខបុកម្នេញ ​និង​រំលោភ​បំពាន​សិទ្ធិ​របស់​ពួក​លោកស្រី ​ដល់​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក៖ «ចាប់​ទាញ​ទីណាត់ទីណែង អូស​តែ​ម្ដង កញ្ឆក់​យក​រូបថត ​បាញ់​អាល់កុល​ដាក់ភ្នែក ​ធ្វើ​គ្រប់​រូបភាព​ទាំង​អស់ កញ្ឆក់​ទូរស័ព្ទ​មិន​ឲ្យ​ឡាយ​មិន​ឲ្យ​ថត។ ពួក​គាត់​ថត​ខ្ញុំ​បាន​ តែ​ចំពោះ​ពួក​ខ្ញុំ​ឡាយ​ពួកគាត់​អត់​បាន។ សម្ដី​ពួកគាត់​វិញ អសុរោះ​បំផុត ហៅ​ង៉ែង ហង ​ទាំង​ដែល​ខ្ញុំ​អាច​ធ្វើជា​បង​ជា​ម្ដាយ​គាត់​បាន»

ការ​ប្រមូល​ផ្ដុំ​គ្នា​របស់​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​នៅ​មុខ​ស្ថានទូត​អាមេរិក​នេះ ​គឺ​ដើម្បី​ដាក់​ញត្តិ​ជូន​ស្ថានទូត​ និង​ប្រធានាធិបតី​អាមេរិក​ លោក ចូ បៃដិន (Joe Biden) ដើម្បី​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​គ្រួសារ​ពួក​គាត់ ដែល​កំពុង​ជាប់ឃុំ​ដោយ​អយុត្តិធម៌។ ពួកគាត់ ​រៀបរាប់​ក្នុង​ញត្តិ​ទៀត​ថា ស្ថាន​ភាព​នៅ​ក្នុង​ពន្ធនាគារ​ចង្អៀត​ណែន​ខ្លាំង ខ្វះ​អនាម័យ កង្វះ​អាហារូបត្ថម្ភ និង​មិន​អាច​អនុវត្ត​វិធាន​ការ​សុខាភិបាល​បាន​ទេ ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​សុខភាព​របស់​អ្នក​ជាប់​ឃុំ។ លើស​ពី​នេះ ពួក​គាត់​សង្កត់​ធ្ងន់​ថា តុលាការ បាន​អូស​បន្លាយ​ពេល​ឃុំ​ឃាំង​សកម្មជន​ទាំងនោះ​ឲ្យ​រង​ទុក្ខ​វេទនា​យូរអង្វែង​ដោយ​គ្មាន​ការ​កាត់​ក្ដី​ឡើយ។ ក្រុម​ស្ត្រី​ទាំង​នេះ ​លើក​ឡើង​ទៀត​ថា របប​ឯក​បក្ស​សព្វថ្ងៃ​នេះ ចាប់​មនុស្ស​ដាក់​គុក​តាម​អំពើ​ចិត្ត និង​មិន​ខ្វាយ​ខ្វល់​ស៊ើបអង្កេត​ករណី​វាយដំ​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។

ក្រោយ​ការ​រារាំង និង​ការ​បង្ក្រាប​របស់​អាជ្ញាធរ ខាង​មន្ត្រី​ស្ថានទូត​អាមេរិក បាន​អនុញ្ញាត​ឲ្យ​តំណាង​ស្ត្រី​ថ្ងៃ​សុក្រ ៣នាក់​ចូល​ដាក់​ញត្តិ​នៅ​ក្នុង​ស្ថាន​អាមេរិក​ដោយ​ជោគជ័យ។

លោក​ស្រី ព្រុំ ចាន់ថា ឲ្យ​ដឹង​ថា មន្ត្រី​ស្ថានទូត​អាមេរិក បញ្ជាក់​ថា ស្ថានទូត​អាមេរិក ​នឹង​មិន​ទុក​ពួក​លោកស្រី​ចោល​នោះ​ទេ ហើយ​ស្ថានទូត​បាន​តាមដាន​ស្ថានភាព​ពួក​លោកស្រី​ជាប់​ប្រជា​ចាំ។ លោកស្រី ព្រុំ ចាន់ថា សង្ឃឹម​ថា សហរដ្ឋ​អាមេរិក​នឹង​ជួយ​ជំរុញ​ឲ្យ​មាន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ និង​ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ដោយ​មូលហេតុ​នយោបាយ​ឲ្យ​មាន​សេរី​ភាព​ជួបជុំ​គ្រួសារ​ឡើងវិញ ​ព្រោះ​អាមេរិក​ជា​ប្រទេស​មហាអំណាច​ដែល​មាន​ទំនាក់​ទំនង​ការ​ទូត ពាណិជ្ជកម្ម និង​ជា​ម្ចាស់​ជំនួយ​ដ៏​សំខាន់​របស់​កម្ពុជា៖ «ជា​ធម្មតា​ជំនួយ​របស់​អាមេរិក​ គឺជា​ជំនួយ​ឥត​សំណង ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​ជួយ​ឲ្យ​ចំ​មនុស្ស កុំឲ្យ​ខុស​មនុស្ស ព្រោះ​ធម្មតា គាត់​ជួយ​មក​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស ​តែ​ជួយ​មក​ហើយ គាត់ (រដ្ឋាភិបាល​កម្ពុជាអត់​គោរព សិទ្ធិ​មនុស្ស​ផង ធ្វើបាប​តែ​បក្ស​ប្រឆាំង។ ខ្ញុំ​ទៅ​ស្ថាន​ទូត​អាមេរិក​នេះ ដើម្បី​រក​យុត្តិធម៌​សម្រាប់​គ្រួសារ និង​ប្ដី​របស់ខ្ញុំ ​និង​ប្រជាពលរដ្ឋ​ទាំងអស់។ ខ្ញុំ​មិន​រំពឹង​លើ​តុលាការ​ទេ ដោយ​សារ​ជា​តុលាការ​បក្ស ​និង​ធ្វើ​បាប​តែ​ពួក​ខ្ញុំ»

ជុំវិញ​ការ​ដាក់​កម្លាំង​បង្ក្រាប​លើ​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​នេះ អាស៊ី​សេរី ​មិនទាន់​អាច​សុំ​ឆ្លើយ​តប​ពី​អភិបាល​សាលា​រាជធានី​ភ្នំពេញ​ លោក ឃួង ស្រេង ​និង​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត ​មាសភក្តី បានទេ ​ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។ ទោះ​ជា​យ៉ាង​ណា​កន្លង​មក ក្រុម​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ ​បាន​បក​ស្រាយ​ក្នុង​របៀប​តែ​មួយ​ថា ការ​ប្រើ​ហិង្សា​បង្ក្រាប​លើ​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ទាំង​នោះ ​គឺ​ជា​ការ​អនុវត្ត​ច្បាប់ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ។

ទាក់ទង​ករណី​នេះ ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ​មានប្រសាសន៍ថា អាជ្ញាធរ ​មាន​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​ជួយ​សម្របសម្រួល​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​អាច​ប្រើប្រាស់​សិទ្ធិ​ជួបជុំ​តវ៉ា​ និង​ដាក់​ញត្តិ​តាម​គោល បំណង​របស់​ពួក​គាត់ ​មិន​មែន​ទៅ​រារាំង​ពលរដ្ឋ​ដូច្នេះ​ទេ៖ «ប៉ុន្តែ​ការ​ដែល​ទៅ​បង្ក​លក្ខណៈ​រារាំង រឹតត្បិត មាន​ហិង្សា​ ទៅ​វិញ​ទេ​ដែល​ជា​ហេតុ​ធ្វើឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។ចំណុច​ទាំង​អស់​នេះ គួរគប្បី​ពិនិត្យ​មើល​និង​កែសម្រួល​ឡើងវិញ​ ដើម្បី​ធ្វើឲ្យ​លំហ​នៃ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ​ទាមទារ​តវ៉ា​នេះ មិន​រង​ការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ»

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ​បាន​ដាក់​ញត្តិ​ជូន​ស្ថានទូត​អាមេរិក​ពីរ​លើក​រួច​មក​ហើយ។ កាល​ពី​ថ្ងៃ​សុក្រ ​ទី២៧​ សីហា ​កន្លងទៅ ​ពួកគាត់ ​ក៏បាន​ដាក់​ញត្តិ​ដែល​មាន​ខ្លឹមសារ​ដូចគ្នា​ជូន​ស្ថាន​ទូត​ជប៉ុន​ដែរ​ ប៉ុន្តែ​នៅ​ទី​នោះ ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ ហាក់​ទុក​មុខ​ឲ្យ​ស្ថាន​ទូត​ជប៉ុន ​ដោយ​មិន​រារាំង​និង​បង្ក្រាប​ធ្ងន់ធ្ងរ​ដូច​នៅ​​មុខ​ស្ថានទូត​អាមេរិក ​និង​ទីតាំង​មួយ​ចំនួន​ទៀត​ឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្រុម​ស្ត្រី​ប្រពន្ធ​កូន​របស់​សកម្មជន​បក្ស​ប្រឆាំង​ទាំង​នេះ ប្ដេជ្ញា​ថា ពួក​គាត់ ​នឹង​បន្ត​ដាក់​ញត្តិ​ជូន​ស្ថាន​ទូត​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេងៗ ទៀត រហូត​ទាល់​តែ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដោះលែង​គ្រួសារ​របស់​ពួក​គាត់៕

black-1.JPG
ជីដូនចាស់​របស់​​កុមារ​ កាក់ សុវណ្ណឆៃ មក​ចូលរួម​តវ៉ា​ដោះលែង​សមាជិក​គ្រួសារ​ខ្លួន នៅ​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ​២០២១។ Photo Provided

What Next?

Recent Articles

Leave a Reply

Submit Comment