សកម្មជន​បរិស្ថាន​ថា ការ​ប្តឹង​យក​ប្រេង​ឆៅ​មក​វិញ នឹង​រឹតតែ​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​លុយ​ច្រើន​ថែម​ទៀត

ដោយ មាន ​ឫទ្ធិ
2021-09-10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​បរិស្ថាន​ថា ការ​ប្តឹង​យក​ប្រេង​ឆៅ​មក​វិញ នឹង​រឹតតែ​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​លុយ​ច្រើន​ថែម​ទៀត

ក្រុមហ៊ុនប្រេង​ គ្រី​ស​អែ​ណឺ​ជី​ (Kr​i​s​Energy​) ដែលកាលពី​ដាច់ឆ្នាំ២០២០ បូមបានតំណក់ប្រេងដំបូងនៅកម្ពុជា។ រូប​គេហទំព័រក្រុមហ៊ុនប្រេង​ គ្រី​ស​អែ​ណឺ​ជី​ (Kr​i​s​Energy​)


សកម្មជន​បរិស្ថាន​ថា ការ​ប្តឹងផ្តល់​តាមផ្លូវ​តុលាការ​យក​ប្រេង​ឆៅ​ប្រមាណ ៣​សែន​បារែល មក​វិញ នឹង​រឹតតែ​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​លុយកាក់ និង​ត្រូវ​ចំណាយ​ពេលវេលា​កាន់តែ​ច្រើន​ថែមទៀត​។ សកម្មជន​រូប​នោះ​យល់​ថា រដ្ឋាភិបាល​គួរតែ​សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ​ក្នុង​រឿង​បណ្តែតបណ្តោយ​ឱ្យ​បាត់បង់​ប្រេង​ឆៅ​នេះ ហើយ​បើក​ការស៊ើបអង្កេត​លើ​មន្ត្រី​ពាក់ព័ន្ធ​របស់​ខ្លួន​វិញ ដើម្បី​កុំឱ្យ​កម្ពុជា​កាន់តែ​បាត់បង់​ទំនុកចិត្ត​ពី​ក្រុម​អ្នក​វិនិយោគ​បរទេស។

រឿងរ៉ាវ​អាស្រូវ​ដែល​អាជ្ញាធរ​កម្ពុជា​បាន​បណ្ដែតបណ្ដោយ​ឱ្យ​បាត់បង់​ប្រេង​ឆៅ​រហូត​ដល់​ទៅ​ប្រមាណ​ជិត ៣​សែន បារែល (១​បារែល ស្មើនឹង​ជិត ១៦០ លីត្រ​) ដែល​មាន​តម្លៃ​ស្មើ​នឹង​ជាង ២០​លាន​ដុល្លារ​អាមេរិក មក​ដល់​ពេល​នេះ​នៅតែ​មិន​ទាន់​មាន​ដំណោះស្រាយ​ជាក់លាក់​នៅ​ឡើយ​ទេ។

សកម្មជន​បរិស្ថាន និង​ជា​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez-Davidson) សោកស្តាយ​ដែល​រដ្ឋាភិបាល​នៅតែ​តែ​គ្មាន​ការ​ទទួលខុសត្រូវ ឬ​ទទួលស្គាល់​កំហុស​ជុំវិញ​រឿងរ៉ាវ​អាស្រូវ​ធ្វើ​ឱ្យ​បាត់​ប្រេង​ឆៅ​នេះ​។ លោក​ថា ការ​ប្តឹងផ្តល់​នេះ គឺជា​រឿង​ប្រជាភិថុតិ​ដែល​រដ្ឋាភិបាល​កម្ពុជា​ធ្វើឡើង​ដើម្បី​បិទបាំង​បរាជ័យ ការ​ធ្វេស​ប្រហែស និង​ភាព​អាម៉ាស់​របស់​ខ្លួន​។ លោក អាឡិច យល់​ថា ការ​ប្តឹងផ្តល់​នេះ នឹង​រឹតតែ​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​លុយកាក់​មួយ​កម្រិត​បន្ថែម​ទៀត៖ «មិន​ច្បាស់ ១០០%​ថា ការ​យក​ប្រេង ឬក៏​តស៊ូ​តាម​ប្រព័ន្ធ​តុលាការ​អន្តរជាតិ​ផង​ដើម្បី​យក​ប្រេងកាត​មកវិញ ខ្ញុំ​មិន​ទាន់​ច្បាស់ ១០០ថា វា​ជា​ដំណោះស្រាយ​ល្អ ឬក៏​អត់​នោះ​ទេ ពី​ព្រោះ​ថា កាលណា​យើង​ធ្វើ​រឿង​ហ្នឹង គឺ​ប្រាកដជា​ឆ្លងតាម​តុលាការ​បរទេស ឆ្លងតាម​តុលាការ​ឥណ្ឌូណេស៊ី​ជាដើម ហើយ​អាច​នឹង​លោត​ទៅ​អាជ្ញាកណ្ដាល​អន្តរជាតិ​ផង​។ អ៊ីចឹង​គឺ​ចំណាយ​លុយ​ច្រើន ហើយ​ចំណាយ​ពេលវេលា​ក៏​យូរ​ឆ្នាំ​ដែរ​…​។ យើង​ឡើង​ទៅ​តុលាការ​ផង យើង​មាន​មេធាវី​ផង យើង​ជួល​អ្នក​ដែល​មាន​ជំនាញ​ខាង​ច្បាប់ ទី​បញ្ចប់​អាច​នឹង​ចំណាយ​ច្រើនជាង​អ្វី​ដែល​ជា​តម្លៃ​នៃ​ប្រេងកាត​។ អ៊ីចឹង គួរ​ព្យាយាម​ឱ្យ​អស់ពី​លទ្ធភាព ប៉ុន្តែ​កុំ​សូវ​មាន​សង្ឃឹម​។ នៅ​ពេល​ដែល​ប្រេងកាត​ហ្នឹង​មកវិញ​អាច​នឹង​រដ្ឋ​ខាត​លុយ​មួយ​សារ​ទៀតហើយ ដោយ​សារបាន​ចំណាយ​ទៅលើ​រឿង​ក្តីក្តាំ​តាម​តុលាការ គឺ​ច្រើនជាង​តម្លៃ​នៃ​ប្រេង​កាត»។

alex.jpeg
អាឡិកហាន់ដ្រូ ហ្គាន់ឡេស ដេវិតសិន (Alejandro Gonzalez Davidson) ប្រធាន​ចលនា​មាតា​ធម្មជាតិ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ RFA

លោក អាឡិច ក៏​យល់​ឃើញ​ថា ក្រៅពី​ការខាតបង់​នេះ រឿងរ៉ាវ​ប្តឹងផ្តល់​នេះ​ក៏​ធ្វើ​កម្ពុជា​បាត់បង់​ទំនុកចិត្ត និង​ប៉ះពាល់​ដល់​បរិយាកាស​វិនិយោគ​ពី​ក្រុម​អ្នក​វិនិយោគ​បរទេស​ផង​ដែរ។

ស្រដៀង​គ្នា​នេះ​ដែរ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី យល់​ថា រឿងរ៉ាវ​ប្តឹងផ្តល់​នេះ​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ព្រោះ​ត្រូវ​ឆ្លងកាត់​នីតិវិធី​ស្មុគស្មាញ​ជាច្រើន​ដំណាក់កាល​៖ «​យើង​អាច​ប្រើ​ពេល​យូរ … រឿង​នេះ​វា​មិន​ស្រួល​ទេ​។ វា​ស្មុគស្មាញ​ពាក់ព័ន្ធ​នឹង​រឿង​រដ្ឋប្បវេណី​ដែល​យើង​ត្រូវ​ប្តឹង​យក​ប្រេង​មក​វិញ​ផង ហើយនឹង​រឿង​ឧក្រិដ្ឋ​អ្នក​ដែល​ប្រព្រឹត្ត​លួច​យក​ប្រេង ហើយ​ចេញពី​ដែនសមុទ្រ​កម្ពុជា​ដោយ​មិន​មាន​ការ​អនុញ្ញាត​។ នេះ​សុទ្ធតែ​ជា​រឿង​ព្រហ្មទណ្ឌ​។ អ៊ីចឹង វា​ស្មុគស្មាញ​បើសិនជា​យើង​ចង់​ឱ្យ​មាន​ការ​ដាក់​ទោស​ទណ្ឌ​ទៅ​ដល់​អ្នក​ប្រព្រឹត្ត​ខុស ឬក៏​ជនសង្ស័យ​ដើម្បី​មក​កាត់​ទោស យើង​ត្រូវធ្វើ​បត្យាប័ន​រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី តាម​គោលការណ៍​ច្បាប់​ដែល​យក​ជនសង្ស័យ​មក​កាត់ទោស»។

ក្រៅពី​ចង់​ឃើញ​រដ្ឋាភិបាល​ផ្តោត​លើ​ការស៊ើបអង្កេត​ករណី​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​បណ្តែតបណ្តោយ​ឱ្យ​កើតមាន​រឿង​នេះ លោក ប៉ិច ពិសី ក៏​ចង់​ឃើញ​រដ្ឋាភិបាល​គិតគូរ​ធានា​សុវត្ថិភាព និង​ការពារ​ព្រំដែន​សមុទ្រ​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធភាព​ផង​ដែរ​៖ «​ការ​ធ្វើ​ឱ្យ​មាន​ការ​ធ្វេសប្រហែស​រហូតដល់​មាន​ការ​ដឹក​ប្រេង​ចេញ វា​គ្រាន់តែ​ជា​រឿង​មួយ​ប្រហែលជា​យើង​អាច​ដោះស្រាយ​បាន​។ ក៏ប៉ុន្តែ បើសិនជា​យើង​មិន​ការពារ​ព្រំដែន​យើង​ឱ្យ​មាន​ប្រសិទ្ធភាព ឱ្យ​រឹង​ម៉ាំ ហើយ​ធានា​ថា រាល់​ការ​ចេញ​ចូល យើង​ត្រូវ​ដឹងឮ​ទេ អ្វី​ដែល​ខ្ញុំ​បារម្ភ​គឺ​ថ្ងៃក្រោយ​ទៅ​បើសិនជា​យើង​មានរឿង​ដទៃទៀត​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ធំៗ យើង​ប្រហែល​ជា​មាន​បញ្ហា​ធំ​ជាង​ហ្នឹង​ទៅទៀត​ដែល​ត្រូវ​ដោះស្រាយ»។

ពាក់ព័ន្ធ​រឿង​បាត់​ប្រេង​នេះ មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កុយ គួង នៅតែ​អះអាង​ថា កម្ពុជា​កំពុងតែ​ដំណើរការ​រឿង​នេះ​តាមផ្លូវ​ច្បាប់​៖ «​ទាក់ទង​នឹង​បញ្ហា​នេះ វា​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវច្បាប់​សុទ្ធសាធ​។ ដូច្នេះហើយ​ខាង​កម្ពុជា​យើង​កំពុងតែ​ដំណើរការ​អំពី​កិច្ចការ​ហ្នឹង ដោយមាន​ខាង​ក្រសួងយុត្តិធម៌​ជា​អ្នកដឹកនាំ​ធ្វើ​កិច្ច​ការងារ​ដើម្បី​នាំ​ប្រេង​ត្រលប់​មក​កម្ពុជា​យើង​វិញ»។

លោក កុយ គួង បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​ជុំវិញ​បញ្ហា​ប្តឹងផ្តល់​នេះ ថា​តើ​នឹង​ឈាន​ដល់​ការ​ប្តឹងផ្តល់​ទៅដល់​សមត្ថកិច្ច​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​អន្តរជាតិ​ដែរឬទេ​។ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​ជុំវិញ​រឿងរ៉ាវ​ប្តឹងផ្តល់​យក​ប្រេង​មកវិញ​នេះ បាន​នៅឡើយ​ទេ កាលពី​ថ្ងៃទី​០៩ ខែកញ្ញា ដោយ​លោក​មិន​លើក​ទូរស័ព្ទ​។ រីឯ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​ថាមពល និង​រ៉ែ លោក ជៀប សួរ ក៏​មិនអាច​ទាក់ទង​បាន​ដែរ​កាលពី​ថ្ងៃទី​០៩ ខែកញ្ញា។

ក្រសួង​រ៉ែ និង​ថាមពល កាលពី​ថ្ងៃ​ទី៣ ខែ​កញ្ញា បញ្ជាក់​ថា កម្ពុជា​កំពុង​ធ្វើ​បណ្តឹង​មួយចំនួន​ប្រឆាំង​នឹង​ម្ចាស់​នាវា អ្នក​គ្រប់គ្រង ប្រធាន​ក្រុម និង​បក្សពួក ពាក់ព័ន្ធ​នឹង​បទល្មើស​មួយចំនួន​នៅ​កម្ពុជា ហើយ​តុលាការ​កម្ពុជា​កំពុង​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ស្នើសុំ​ជំនួយ​ពី​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ដើម្បី​នាំ​ខ្លួន​ជនល្មើស និង​បក្សពួក​មក​ផ្ដន្ទាទោស និង​ដើម្បី​យក​ប្រេង​ឆៅ​កម្ពុជា​មក​វិញ ស្រប​តាម​ច្បាប់​ជាតិ​របស់​ប្រទេស​ទាំងពីរ និង​ច្បាប់​អន្តរជាតិ​។ សំណុំ​រឿង​នេះ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើបអង្កេត។

រឿងរ៉ាវ​អាស្រូវ​បាត់​ប្រេង​ឆៅ​ដល់​ទៅ​ជិត ៣​សែនបារែល​នេះ បាន​ផ្ទុះ​ឡើង​ក្រោយ​ពេល​អាជ្ញាធរ​ឥណ្ឌូណេស៊ី (Indonesia) បាន​ប្រកាស​ពី​ការ​ចាប់​បាន​កប៉ាល់​នេះ​នៅ​ដែនសមុទ្រ​របស់​ខ្លួន​កាល​ពី​ចុង​ខែ​សីហា។ មន្ត្រីនាំពាក្យ​យោធា​ជើង​ទឹក​ឥណ្ឌូណេស៊ី ធ្លាប់​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ប៊ែណា ញ៉ូវស៍ (BenarNews) ថា ការ​ឃាត់​កប៉ាល់​ដឹក​ប្រេង​ឆៅ​ពី​កម្ពុជា​នេះ មិនមែន​តាម​សំណើ​របស់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​គឺ​ដោយសារតែ​កប៉ាល់​នោះ​បាន​រំលោភ​ដែនសមុទ្រ​ឥណ្ឌូណេស៊ី ហើយ​ថា អាជ្ញាធរ​ឥណ្ឌូណេស៊ី នឹង​ផ្ដោត​តែ​លើ​សំណុំរឿង​ដែល​កប៉ាល់​នេះ​រំលោភ​ដែនសមុទ្រ​របស់​ខ្លួន​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សកម្មជន​បរិស្ថាន​ថា ការ​ប្តឹង​យក​ប្រេង​ឆៅ​មក​វិញ នឹង​រឹតតែ​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​លុយ​ច្រើន​ថែម​ទៀត"

  1. Anonymous says:

    under HUN SEN regime the corruption was way too big no one can fix unless this regime die under people willing. WELL evil communist monster after he seeing US $$$$$$$$$$$he just wanted to get all of it

Leave a Reply

Submit Comment