អាជ្ញាធរ​រារាំង​ការ​ប្រមូល​ផ្តុំ​តវ៉ា​របស់​ក្រុម​ «ស្ត្រី​ថ្ងៃ​សុក្រ» នៅ​មុខស្ថាន​ទូត​អាមេរិក​

តុលាការ និងច្បាប់នយោបាយព័ត៌មានជាតិសិទ្ធិមនុស្ស
លោក ម៉ិច ដារ៉ា |១០ កញ្ញា ២០២១ |ម៉ោង ១១:៣៧
VOD

អ្នកស្រី ព្រំ ចាន់ថា ត្រូវជាភរិយាលោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបក្សប្រឆាំង និងត្រូវជាម្ដាយកុមារ កាក់ សុវណ្ណច្ឆ័យ ឈរលើករូបប្ដីរបស់ខ្លួន តវ៉ានៅបរិវេណសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

អ្នកស្រី ព្រំ ចាន់ថា ត្រូវជាភរិយាលោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបក្សប្រឆាំង និងត្រូវជាម្ដាយកុមារ កាក់ សុវណ្ណច្ឆ័យ ឈរលើករូបប្ដីរបស់ខ្លួន តវ៉ានៅបរិវេណសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)


អាជ្ញាធរសន្តិសុខខណ្ឌដូនពេញ បានរារាំងមិនឱ្យ​​ក្រុម ​«ស្ត្រី​ថ្ងៃសុក្រ» ​ដែល​​ភាគច្រើន​ជា​​ភរិយានិង​កូនរបស់អតីត​មន្ត្រី​​និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ តវ៉ា​នៅមុខស្ថានទូតអាមេរិកឡើយ ដោយយកហេតុផលថា សម័យកូវីដ-១៩​ ហាមជួបជុំគ្នា។

អ្នកស្រី​ ព្រំ​ ចាន់ថា​ ភរិយា​របស់​លោក ​កាក់ កុម្ភារ ​ដែល​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ បានមានប្រសាសន៍ដោយអង្វរអាជ្ញាធរថា៖ «សុំតែលើក [បដា និងរូបថត] មួយសន្ទុះទេ! យើងសុទ្ធតែខ្មែរដូចគ្នា កុំហាមឃាត់សិទ្ធិខ្ញុំសព្វបែបសព្វយ៉ាងពេក! ហើយរូចថតនេះសុទ្ធតែអ្នកសកម្មជនដែលស្នេហាជាតិនិងស្រឡាញ់ជាតិ។ យើងយកមកបង្ហាញ​ ដោយគាត់អត់ទោសអត់កំហុស។ វាគ្រាន់តែជារូបថតទេ វាមិនអីទេ»។

ស្ត្រីម្នាក់ក្នុងចំណោមស្រ្តីប្រមាណជិត១០នាក់ដែលសុំមិនបញ្ចេញឈ្មោះ អះអាងថា ស្វាមីនិងសាច់ញាតិរបស់ពួកគេដែលកំពុងជាប់ពន្ធនាគារ​ មិនបាន​ប្រព្រឹត្តខុសដូចការ​ចោទប្រកាន់​របស់​​តុលាការ​នោះទេ។ ករណីនេះ អ្នកស្រីបានស្នើ​ឱ្យស្ថាន​ទូតអាមេរិកជួយ​អន្តរាគមន៍​ទៅរដ្ឋាភិបាល​កម្ពុជាឱ្យ​មានការដោះលែងសាច់ញាតិរបស់ពួកគេឱ្យ​មាន​សេរីភាពវិញ។

អ្នកស្រីថា៖ «បើ​តុលាការយុត្តិធម៌ ត្រូវដោះលែង ហើយមិនឱ្យ​ពួកខ្ញុំនៅទីនេះទេ ទាមទាររហូតបែបនេះនោះទេ! តែតុលាការហ្នឹង វាគ្មានយុត្តិធម៌សម្រាប់ពួកខ្ញុំ ដូច្នេះយើងខ្ញុំត្រូវតែលើកដើម្បីឱ្យគេ​ដឹងថា វាអយុត្តិធម៌សម្រាប់ខ្ញុំ»។

ស្ត្រីទាំងនោះក៏បានស្រែរួមគ្នាដែរ​ថា «ដោះលែងៗៗ» ខណៈពេលដែលអាជ្ញាធរមួយចំនួន​បានព្យាយាមរារាំងនិងកញ្ឆក់យកបដានិងរូបភាពដែលស្រ្តីទាំងនោះបានកាន់។

អាជ្ញាធរខណ្ឌដូនពេញ បានថ្លែងតាមមេក្រូថា៖ «សម័យនេះសម័យកូវីដ ដូច្នេះមិនអាចប្រមូលផ្តុំ​ទេ ត្រូវរក្សាគម្លាតយ៉ាងតិច១ម៉ែត្រកន្លះ ដើម្បីការពារការឆ្លងនូវជំងឺកូវីដ-១៩។ អាជ្ញាធរមិនអនុញ្ញាត​ឱ្យ​លើកបដាទេ ចង់តវ៉ា ត្រូវចាត់តំណាងដាក់ញត្តិ មិនត្រូវមកស្រែកឡូឡា ប្រមូលផ្តុំជេរបញ្ចោ​រអ៊ីចឹង អត់ទេ»។

អាជ្ញាធរបានបន្ថែមថា៖ «ប្រសិនបើមិនស្តាប់ការណែនាំ នឹងយកទៅដាក់ចត្តាឡីស័ក១៤ថ្ងៃ។ សម័យនេះ សម័យកូវីដ​ហើយ មិនស្តាប់ការណែនាំរបស់អាជ្ញាធរ អាជ្ញាធរនឹងអនុវត្តតាមច្បាប់»។

ស្វាមី​របស់​ក្រុម ​«ស្ត្រី​ថ្ងៃ​សុក្រ» ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ជាបន្ត​បន្ទាប់ ​និង​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ជាច្រើន​ករណី ​ពាក់ព័ន្ធ​នឹង​សកម្មភាព​សង្គមនិង​ការរិះគន់​រដ្ឋាភិបាល ដែល​ក្នុង​ចំណោម​​ការ​ចោទ​ប្រកាន់​មានបទ «ញុះញង់កុំ​ឱ្យ​​​​យោធិន​ស្តាប់​បង្គាប់»​ «ការ​ញុះញង់​ឱ្យ​​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ​ឬ​បង្ក​ភាពវឹកវរ​ក្នុង​សង្គម» ​រហូត​ដល់បទ ​«រួម​គំនិត​ក្បត់» ជាដើម​។​ ទោស​អតិបរមា​ដែល​ពួកគេត្រូវ​ទទួល ​គឺ​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​២០​ឆ្នាំ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "អាជ្ញាធរ​រារាំង​ការ​ប្រមូល​ផ្តុំ​តវ៉ា​របស់​ក្រុម​ «ស្ត្រី​ថ្ងៃ​សុក្រ» នៅ​មុខស្ថាន​ទូត​អាមេរិក​"

  1. Anonymous says:

    I knew soon the evil that have been hurt you too much will be out of his luck . but please continuous to do what you can some thing will change soon

Leave a Reply

Submit Comment