ខ្មែរ-អាមេរិកាំង​គ្រោង​ដាក់​ញតិ្ត​ឲ្យ​អន្តរជាតិ​ជួយ​កម្ពុជា​ចំ​ខួប​ទី៣០​នៃ​សន្ធិសញ្ញា​សន្តិភាព

ខ្មែរ​នៅ​អាមេរិក
11 កញ្ញា 2021
សុខ ខេមរា
វីអូអេខ្មែរ

រូប​ឯកសារ៖ ព្រះ​អម្ចាស់​ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ជាមួយ​ភាគី​ជម្លោះ​នៅ​កម្ពុជា នៅ​ក្នុង​​សន្និសីទ​អន្តរជាតិ​ស្តី​ពី​សន្តិភាព​​នៅ​កម្ពុជា​ ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ Photo: AFP


ក្រុង CHARLOTTE រដ្ឋ NORTH CAROLINA —  ដូច​ពលរដ្ឋ​ខ្មែរ​នៅជុំវិញ​ពិភពលោក​មួយចំនួន​ដែរ​តំណាង​ពលរដ្ឋ​ខ្មែរ​-អាមេរិកាំង​នៅ​តាម​បណ្តា​រដ្ឋ​នានា កំពុង​ពិភាក្សា​អំពី​ការ​រៀបចំ​ប្រារព្ធ​ខួបលើក​ទី៣០​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​ទី២៣ ​ខែតុលា​នៅឆ្នាំ​២០២១​នេះ​ដើម្បី​រំឭក​ខួប​រួមគ្នា​ពិភាក្សា​រួមគ្នា​វាយ​តម្លៃ​រួមគ្នា​ពី​ការអនុវត្ត​កិច្ច​ព្រមព្រៀង​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​និង​ដាក់​ញតិ្តរួមគ្នា​ទៅ​កាន់​បណ្តាប្រទេស​នានា​ដែល​បាន​សន្យា​កាលពី​បី​ទសវត្សរ៍​កន្លង​មកថា​នឹងជួយ​ស្តារ​ប្រទេស​កម្ពុជា​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ការគោរព​សិទ្ធិមនុស្ស​អធិបតេយ្យ​ភាព​ និង​ការអភិវឌ្ឍន៍​ពេញ​លេញ។

ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​គេច​ចេញ​ពីសង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ​ហើយ​នៅ​បន្ត​គិតពី​បញ្ហា​ជាតិ​សំខាន់ៗ​ទាំងនោះ​រួមមាន​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​ជាច្រើន​និងតាម​បណ្តារដ្ឋ​ជាច្រើន​នៅ​សហរដ្ឋ​អាមេរិក​រួមទាំង​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​រដ្ឋ California​រដ្ឋ Minnesota​និង​អូស្ត្រាលី​ប្រទេស​បារាំង​ហើយនិង​អឺរ៉ុប​ផងដែរ។ ពួកគេ​កំពុង​រៀបចំ​ពិធី​ប្រារព្ធ​ខួបឆ្នាំនេះ​តាមប្រព័ន្ធ​អនឡាញ​ផង និង​រៀបចំ​ការ​ចូលរួម​ដោយ​ផ្ទាល់ផង​ដែរ​ដោយ​គ្រោងនឹង​ធ្វើ​តាម​វិធានការ​សុខាភិបាល​ក្នុង​ពេល​មាន​ការ​រាតត្បាត​នៃជំងឺ​កូវីដ១៩។

លោក​ ទូច វិបុល ​សកម្មជន​និង​ខ្មែរ-អាមេរិកាំង​មក​ពី​រដ្ឋ ​North Carolina ​បាន​ថ្លែងថា​លោក​នឹងចូលរួម​ជាមួយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅក្នុង​រដ្ឋ California​ នៅថ្ងៃ​ទៅ២៣​ខែតុលា ​ខាងមុខ នេះដោយ​ផ្ទាល់។ លោកថា​ដោយសារ​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​ក្នុងពេល​កូវីដ១៩​នោះ តំណាង​សហគមន៍​ខ្មែរនៅ​ទីនោះ​គឺ​នឹង​មាន​ជា​វេទិកា​ជាមួយ​តំណាងៗ​សហគមន៍​ដើម្បី​ប្រារព្ធ​ខួបទី​៣០​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុងប៉ារីស​ដោយផ្ទាល់​នៅទី​សាធារណ:មួយ​ដើម្បី​ជំរុញ​ដល់ពលរដ្ឋខ្មែរ​ចូលរួម​ឲ្យបាន​សកម្ម ​ក្នុងការ​ពិភាក្សា​និង​សរសេរ​ញតិ្តរួមគ្នា​ដាក់​ជូន​បណ្តា​ប្រទេស​ហត្ថលេខី​ទាំង១៨​និងអង្គការ​សហប្រជាជាតិ​ផងដែរ។

លោក​ថ្លែង​ថា៖ «ដូច្នេះ​យើង​ព្យាយាម​ឲ្យជំរុញ​ទៅដល់​ប្រទេស​ទាំងអស់​ហ្នឹង​ដែល​ជា​ហត្ថលេខី​ឲ្យយក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្ថានភាព​នៅកម្ពុជា​មែនទែន​ពីព្រោះ​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស​នៅកម្ពុជា​កាន់តែធ្ងន់ធ្ងរ​ហើយការ​រំលោភ​គោលការណ៍​ប្រជាធិបតេយ្យ​ក៏កាន់​តែ​ធ្ងន់ធ្ងរ។ យើងមិន​ចង់​និយាយជាមួយ​រដ្ឋាភិបាល​កម្ពុជា​ទេ​ព្រោះ​រដ្ឋាភិបាល​កម្ពុជា​រំលោភ​ទៅលើ​គោលការណ៍​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ទាំងស្រុង​តែម្តង»

រូប​ឯកសារ៖ លោក ទូច វិបុល ចូលរួម​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​មុខ​ក្រសួង​ការបរទេស រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។ (សាយ ​មុន្នី/VOA)
រូប​ឯកសារ៖ លោក ទូច វិបុល ចូលរួម​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​មុខ​ក្រសួង​ការបរទេស រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។ (សាយ ​មុន្នី/VOA)

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ថាកំពុង​ធ្វើផ្ទុយ​ពី​សិទ្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ដូចជា​ការ​បំបិទ​សំឡេង​ក្រុមជំទាស់​មេដឹកនាំ​ក្រុម​ជំទាស់​ជាប់​ក្តីក្តាំ​តុលាការ​ការ​រំលោភ​សិទ្ធិមនុស្ស​ការ​បិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ការ​ចាប់ខ្លួន​ក្រុម​យុវជន​ដោយសារ​សម្តែង​មតិ​ការធ្វើ​ច្បាប់​នានា​ដែល​រឹតត្បិត​សេរីភាព​នានា​ការដឹកនាំ​ប្រទេស​គឺដោយ​រដ្ឋាភិបាល​ឯកបក្ស​ជាដើម។

លោក​ យ័ប គឹមទឹង​ ប្រធាន​សមាគម​ខ្មែរ-អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅតំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​និងជា​អនុប្រធាន​សមាគម​បណ្តាញ​ពលរដ្ឋខ្មែរ​ (KPNC)​ បាន​ថ្លែង​ថា កម្មវិធី​រៀបចំ​នៅឆ្នាំ​នេះ​មានការ​រៀបចំ​តាម ​ហ្ស៊ូម (Zoom)​ ដោយ​ពិភាក្សា​តាម​រយ:​វាគ្មិន​សំខាន់ៗ​ដែល​មាន​ពលរដ្ឋ​ចូលរួម​ពីតាម​បណ្តា​រដ្ឋនិង​ប្រទេស​នានា​មាន​កម្មវិធី​សវនាការ​ដើម្បី​សួរ​ដេញដោល​ពីបញ្ហា​កម្ពុជា​តើមាន​ការ​អនុវត្តន៍​បាន​កម្រិតណា​ត្រង់ណា ​និង ​មិន​បាន​អនុវត្ត​កម្រិតណា​និងចំណុច​ណាខ្លះ។

លោក​ថ្លែង​ថា៖ «ដូចជា​មុនៗ​អញ្ចឹង​ដែរ​យើងចង់​ឃើញ​ប្រទេស​កម្ពុជា​យើងមាន​លទ្ធិ​ប្រជាធិបតេយ្យ​ឲ្យ​បានត្រឹមត្រូវ​ហើយមាន​ការគោរព​សិទ្ធិមនុស្ស​ឲ្យ​បាន​ត្រឹមត្រូវ​ពីព្រោះ​យើង​ជឿជាក់​ថា​កត្តា​ទាំង​ប៉ុន្មាន​ហ្នឹង​ធ្វើឲ្យ​ប្រទេស​ផ្សេងៗ​ទៀតអាច​ស្រួល​រកស៊ី​ជាមួយ​ប្រទេស​ខ្មែរ។ នៅពេល​គេ​ចូលចិត្តរកស៊ី​ជាមួយ​ប្រទេស​ខ្មែរទៅ​ប្រទេស​យើង​ក៏អាច​មាន​ជីវភាព​រស់នៅ​បានល្អ​ទៅមុខ»

លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្រុម​វាគ្មិន​កម្ពុជា​សំខាន់ៗ​អ្នក​ជំនាញ​អាមេរិកាំង​សំខាន់​លើ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​និងបញ្ហា​នយោបាយ​នឹងបង្ហាញ​ឲ្យដឹង​ពីរឿង​រ៉ាវ​ដែលកើត​ឡើងក្នុង​ប្រទេស​កម្ពុជា​ដែលលោក​បាន​រិះគន់​ទៅលើការ​រិតត្បិត​សេរីភាព​នយោបាយ​ការ​រំលោភ​សិទ្ធិមនុស្ស​សេរីភាព​បញ្ចេញ​មតិ​ការ​ចាប់ឃុំខ្លួន​សកម្មជន​ជាច្រើន​ដែល​ប្រទេស​ជាច្រើន​កំពុងដាក់ក្តី​បារម្ភ​ហើយ​ទាមទារ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ធ្វើការ​កែទំរង់​និងបើក​ទូលាយ​នៅលម្ហ​សេរីភាពនិង​ប្រជាធិបតេយ្យ​ឡើងវិញ​ជាពិសេស​មុនការ​បោះឆ្នោត​ឈាន​មក​ដល់។

លោក​ថា​ការធ្វើ​សវនាការ​សួរ​ដេញដោល​ជាមួយ​វាគ្មិន​សំខាន់ៗ​ដែលក្រុម​សង្គម​ស៊ីវិល​កំពុងរៀបចំ​នេះ​គឺដើម្បី​ឲ្យ​សាធារណជន​ដឹងថា​តើសន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវបាន​រំលោភ​បំពាន​យ៉ាងម៉េច​បញ្ហា​អ្វីខ្លះ​ក្នុង​រយ:ពេល​៣០ឆ្នាំ​កន្លងមក​ដែល​ដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​គោរពតាម​និង ​មិនគោរព​តាម​ហើយតើ​ប្រទេស​កម្ពុជា​ត្រូវ​កែទម្រង់​អ្វីខ្លះ? ប្រទេស​ហត្ថលេខី​ត្រូវបំពេញ​កាតព្វកិច្ច​របស់ខ្លួន​យ៉ាងណា? អ្នកជំនាញ​នឹង​មាន​អនុសាសន៍​យ៉ាងណា​លើបញ្ហា​កម្ពុជា។

រូប​ឯកសារ៖ លោក​ យ័ប គឹមទឹង ប្រធាន​សមាគម​ខ្មែរ​-អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ នៅ​ក្នុង​កម្មវិធី​រំឭក​ខួប​លើក​ទី២៨ ​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​បណ្ណាល័យ​ George Mason Regional Library ក្នុង​ទីក្រុង​ Annandale រដ្ឋ​ ​Virginia កាល​ពី​ឆ្នាំ​២០១៩។ (សឿន វឌ្ឍនា/វីអូអេ)
រូប​ឯកសារ៖ លោក​ យ័ប គឹមទឹង ប្រធាន​សមាគម​ខ្មែរ​-អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ នៅ​ក្នុង​កម្មវិធី​រំឭក​ខួប​លើក​ទី២៨ ​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​បណ្ណាល័យ​ George Mason Regional Library ក្នុង​ទីក្រុង​ Annandale រដ្ឋ​ ​Virginia កាល​ពី​ឆ្នាំ​២០១៩។ (សឿន វឌ្ឍនា/វីអូអេ)

កាលពីថ្ងៃទី​២៣ខែ​តុលា ឆ្នាំ​១៩៩១ ភាគីចម្បាំង​ទាំង៤​នៃ​ប្រទេស​កម្ពុជា និង​តំណាង​រដ្ឋាភិបាល​ចំនួន​យ៉ាងតិច១៨ ទៀតក្រៅ​ពីកម្ពុជា​ដែលមាន​រួម សហរដ្ឋ​អាមេរិក ចិន និង​អតីត​សហភាព​សូវៀត​ផង បានចុះ​ហត្ថលេខា​លើ​សនិ្ធសញ្ញា​សន្តិភាព​នៅ​ទីក្រុង​ប៉ារីស ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិលរ៉ាំរ៉ៃ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ក្នុង​គោលការណ៍​សំខាន់ៗ​នៃកិច្ច​ព្រមព្រៀង​សន្ធិសញ្ញា​សន្តិភាព​ទីក្រុងប៉ារីស​កាលពី​៣០ឆ្នាំ មុន​គឺភាគី​ហត្ថលេខី​នានា​រួមទាំង​កម្ពុជា​ខ្លួនឯង​បាន​ព្រមព្រៀងគ្នា​ថានាំកម្ពុជា​ឲ្យមាន​សន្តិភាព ការ​រីក​ចម្រើន​ផ្នែក​ប្រជាធិបតេយ្យ​ការ​គោរព​សិទ្ធិមនុស្ស​ការអភិវឌ្ឍ​ពេញ​លេញ។ ភាគី​នយោបាយ​ខ្មែរនៅ​បន្ត​ចោទ​ប្រកាន់គ្នា​និង​វាយ​ប្រហារ​គ្នា​ឥតឈប់​ឈរ​ដោយ​មាន​អំណះ​អំណាង​រៀងៗ​ខ្លួន​ទៅលើ​គោលការណ៍​សំខាន់​នៃកិច្ច​ព្រមព្រៀង​នេះ​បន្ថែម​ពី​លើការ​ទាមទារ​របស់​ក្រុម​ជំទាស់​ដែលបន្ត​ស្នើសុំ​ឲ្យ​មាន​ការ​ជួយពី​អន្តរជាតិ​លើបញ្ហា​កម្ពុជា​ដែល​បានរង​គ្រោះដោយ​ការដក​ខ្លះ​ឬមិន​ទាន់បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំចូល​ទីផ្សារ​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ដោយសារ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​និងការ​ចោទ​ប្រកាន់​រឿងរំលោភ​សិទ្ធិមនុស្ស។

លោក ​ខេវិន សួគ៌​ ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​រស់​នៅជាយ​ក្រុង​ឡុងប៉ិច​រដ្ឋ California​ ដែល​ជាអ្នករៀបចំ​សន្និសីទ​ម្នាក់​ជាមួយ​ខ្មែរ-អាមេរិកាំង​ផ្សេងទៀត​បានថ្លែង​ថា​កម្មវិធី​ប្រារព្ធ​ខួប​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​ជារឿង​សំខាន់​ដែល​ពលរដ្ឋ​ខ្មែរត្រូវ​ចូលរួមគ្នា​ដើម្បី​បង្ហាញ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​សភា​និង​ព្រឹទ្ធសភា​ដឹងពី​ក្តីកង្វល់​របស់​ខ្មែរយើង​ចំពោះ​រឿង​សិទ្ធិមនុស្ស​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​បោះឆ្នោត​ដោយ​សេរី និង ​យុត្តិធម៌​នៅកម្ពុជា​តាមរយ:​ការសម្តែង​មតិរួមគ្នា​ចុះ​ហត្ថលេខា​រួមគ្នា​ដាក់ជូន​អ្នក​តំណាង​និង​ រដ្ឋាភិបាល​អាមេរិក​ដែលជា​ប្រទេស​ហត្ថលេខីមួយ​អាច​នាំមុខ​ក្នុងរឿង​ជួយ​ដល់​កម្ពុជា។

លោក​ថ្លែង​ថា៖ «ដែល​យើង​ធ្វើ​កម្មវិធី​ហើយ​យើងនឹង​បញ្ជូន​ញតិ្តហ្នឹង​ទៅតាម​លទ្ធភាព​ដែលយើង​ត្រូវតែ​បញ្ជូនបេសកជន​យើង​ទៅជួប​ឬក៏យើង​ត្រូវ​ធ្វើ​កម្មវិធី​អ្វីមួយ​ទៀត​ដើម្បី​បញ្ជូន​ញតិ្តហ្នឹង​ទៅ​ក្រសួង​រដ្ឋាភិបាល​អាមេរិក»។​

លោក​ថ្លែងថា​ជារឿង​សំខាន់​ដែល​រដ្ឋាភិបាល​អាមេរិកាំង​និងប្រទេស​ដទៃ​ជាប្រទេស​ហត្ថលេខី ដែល​ចេញមុខ​ធានា​ដល់​ដំណើរការ​គោរព​លទ្ធិប្រជាធិបតេយ្យ​សិទ្ធិមនុស្ស​ការអភិវឌ្ឍន៍​នៅកម្ពុជា​ជា​និរន្តរ៍។

រូប​ឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
រូប​ឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

មកពី​ទីក្រុង​អូកឡែន​រដ្ឋ​ California ​គឺលោក​ អ៊ិន សួន ​បាន​អះអាងថា​លោក​បាន​ជួប​ប្រជុំ​គ្នាពីការប្រារព្ធ​ខួបនេះ​ឡើង​ដោយសារ​ថា​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​ការ​គោរព​សិទ្ធិមនុស្ស​ជាពិសេស​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​ដូចជា​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​មុខ​ទំនិញ​នានា​មិនត្រូវ​ប៉ះពាល់​ហើយ​ចង់ឲ្យ​សហរដ្ឋ​អាមរិក​ដែលជា​មហា​អំណាច​និង​ជាប្រទេស​ហត្ថលេខី​នាំមុខ​គេមួយ​បានជួយកម្ពុជា​ស្តារឡើងវិញ​នូវ​ជីវភាព​ពលរដ្ឋ​ខ្មែរ​ជាពិសេស​ក្នុងពេល​មាន​កូវីដ១៩​បញ្ហា​សិទ្ធមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ដូចជា​មានចែង​ក្នុង​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស។

លោក​ អ៊ិន សួន ថ្លែង​ថា៖ «យើង​ទាំង​អស់គ្នា​សង្កត់​ចង់ឲ្យ​ប្រទេស​ហត្ថលេខី​ជាពិសេស​ប្រទេស​អាមេរិក​ដែល​មាន​ទម្ងន់ជាងគេ​ក្នុង​កិច្ច​ព្រមព្រៀង​ទាំងឡាយ​នោះ​ឲ្យយក​ចិត្តទុក​ដាក់​ដល់​កិច្ចព្រម​ព្រៀង​នេះ បន្ត​សកម្មភាព​តទៅ​ទៀត​កុំឲ្យ​ស្ងាត់​ជ្រងំ»

លោកថា​បញ្ហា​កម្ពុជា​ជាច្រើននេះ​ហើយ​ដែល​ខ្មែរ-អាមេរិកាំង​នៅបន្ត​ប្រារព្ធ​ខួបនេះ​ឡើង​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរនៅក្នុង​ស្រុក​និង​អ្នក​ជំនាន់​ក្រោយ​ដឹងថា​កិច្ច​ព្រមព្រៀង​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​នៅតែ​មាន​សុពលភាព​ហើយ​ប្រទេស​ហត្ថលេខី​ហ្នឹង​គេមិន​បោះបង់​កម្ពុជា​ចោល​ដែរ។ លោក​បាន​ស្នើ​ថា​ជា​ការ​ល្អ​ដែល​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​នាំគ្នា​ចូលរួម​ក្នុង​សកម្មភាព​នានា​ដើម្បី​ទាមទារ​និង​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យយក​ថ្ងៃទី២៣​តុលា​នេះ​ជាថ្ងៃ​ដែលមាន​ការបន្ធូរ​បន្ថយ​ទោសពៃរ៍​ដល់អ្នកជាប់​ឃុំឃាំងនិង​ស្តារ​ប្រទេស​ជាតិ​ឡើង​វិញឲ្យស្រប​តាម​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស។

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ផៃ ស៊ីផាន​បាន​ថ្លែង​ថា​លោក​មិនយល់​ថា​តើ​ខ្មែរ-មេរិកាំង​ធ្វើ​ពិធី​ប្រារព្ធ​ខួប​២៣ តុលា ​ដើម្បី​ជានិមិត្តរូប​ឬធ្វើ​ដើម្បីអ្វី​នោះទេ។ លោកថា​ រាជរដ្ឋាភិបាល​កម្ពុជា​មិនមាន​កាលវិភាគ​អ្វីនោះដែរ​ដោយសារ​ខ្លឹមសារ​និងធាតុផ្សំ​នៃកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសបាន​ដាក់ចូល​ក្នុងច្បាប់​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់​កំពូល​របស់​ប្រទេស​អស់​ហើយ។

លោក​ថ្លែង​ថា៖ «ពីព្រោះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ថ្ងៃទី២៣​តុលា​គឺជាកិច្ច​ព្រមព្រៀង​សន្តិភាព​រវាង​ភាគី​ប្រដាប់អាវុធ​ខ្មែរនិង​ខ្មែរ​ចំណុចទី១។​ ហើយ​ចំណុច​ទី២​បរទេស​គ្រាន់តែ​ជាសាក្សី​និងជួយ​ជម្រុញ​ព្រឹត្តិការណ៍​ភូមិសាស្ត្រ​នយោបាយ​ហើយបាន​ចែង​ក្នុង​ចំណុច​មួយនោះ​គឺថា​នៅពេល​ដែលយើង​មានរដ្ឋាភិបាល​មាន​រដ្ឋធម្មនុញ្ញ​គឺថា​ចប់ហើយ​អំណាច​នៃសេចក្តី​ព្រមព្រៀង​នោះ»

លោក​បាន​បន្ថែមថា​រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​ចែង​ពី​អធិបតេយ្យ​បូរណភាព​កម្ពុជា ​ដែល​លោក​ផៃ ស៊ីផាន​ទទូចថា​ពលរដ្ឋ​ខ្មែរ​ត្រូវ​ចងចាំ​ប្រវត្តិសាស្ត្រ​ដែល​ខ្មែរ​យើង​ត្រូវ​បរទេស​បោះបង់​ចោល។

លោក​ថ្លែង​ថា៖ «អ្នកធ្វើ​ហ្នឹង​គ្រាន់​តែ​ថាចង់​ឲ្យ​បរទេស​ចូលមក​បន្ថែម​ទៀត​គេគួរ​នឹកឃើញ​ក្នុង​ឆ្នាំ​១៩៧៥​គេគួរនឹកឃើញ​អាហ្វហ្គានីស្ថាន​គេគួរនឹក​ឃើញ​ខ្មែរក្រហម​ដែល​បរទេស​ដើរចោល​ខ្មែរ​បន្សល់ខ្លួន​ឯង។​ហើយខ្មែរ​ទាំងអស់​គេយល់​ឃើញថា​ការធ្វើ​កិច្ច​ព្រមព្រៀង​សន្តិភាព​រវាង​ភាគីជម្លោះ​ខ្មែរ​ប្រដាប់​អាវុធ​ហ្នឹងគឺ​កើតមក​ពី​ភូមិសាស្ត្រ​នយោបាយ​ហើយខ្មែរ​នៅក្នុង​ស្រុក​ខំថែ​ទាំសន្តិភាព​បាន​រហូត​មក​ទាល់​ថ្ងៃនេះ​និង​រៀបចំ​ឲ្យមាន​ការអភិវឌ្ឍន៍​ហ្នឹងគឺ​យើង​ព្រមព្រៀង​គ្នា​និង ឯកភាព​គ្នា​មិនចង់​ឲ្យមាន​ការលូកដៃ​លូកជើង​ពីបរទេស​នោះទេ»

លោក ​អ៊ូ ប៉េងសាន​ តំណាងម្នាក់​នៃ​សហគមន៍​ខ្មែរនៅ​រដ្ឋ Minnesota​ ដែលរៀបចំ​ប្រារព្ធ​ខួបសន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​បានថ្លែង​ថា​ខ្មែរ-អាមេរិកាំង​នៅរដ្ឋ​ Minnesota​ និង​រដ្ឋផ្សេងៗ​ទៀត​រួមទាំង​រដ្ឋ​ Washington (state) ​គ្រោងនឹង​រួមគ្នា​ធ្វើការ​ពិភាក្សា​តាម​ប្រព័ន្ធ​អនឡាញ​នៅថ្ងៃ​ទី២៣ ​តុលា ដើម្បី​វាយតម្លៃ​អំពីការ​អនុវត្តន៍​កិច្ចព្រម​ព្រៀង​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​តាំងពី​ឆ្នាំដំបូង​មក ហើយនិង​ដាក់ញតិ្ត​ដល់​ប្រទេស​ហត្ថលេខី​នានា​និង​ភាគី​ពាក់ព័ន្ធ​នៅក្រោយ​ពេល​ពិភាក្សា​គ្នារួច។

លោក​ថ្លែង​ថា៖ «សមត្ថភាព​លទ្ធភាព​របស់​យើង​ដែល​យើង​ធ្វើហ្នឹង​មាន​ជាអាទិ​ដូចថា​យើង​សរសេរ​លិខិតអំពាវនាវ​សុំស្នើ​ប្រទេស​ហត្ថលេខី​ទាំងអស់​រួមជាមួយ​និង​ប្រទេស​ដែលជា​សមាជិក​អង្គការ​សហប្រជាជាតិ ​(អ.ស.ប.)​ អង្គការ​មនុស្សធម៌​ អ.ស.ប.​ ក្រុមប្រឹក្សា​សន្តិសុខ​ អ.ស.ប. ​ក៏យើង​បាន​ធ្វើញតិ្ត​ធ្វើលិខិត​ទៅ​ដាស់​តឿន​គេជា​ហូរហែ​អញ្ចឹងដែរ។​ស្ថានទូត​ទាំងអស់​ដែលជា​ប្រទេស​ហត្ថលេខី​ដែលមាន​ទៅ​ស្នាក់​នៅ​សហរដ្ឋ​អាមេរិក​ឬក៏​នៅក្បែរៗ​ទីស្នាក់ការ​របស់​ អ.ស.ប.​ ក៏យើង​បាន​ធ្វើ​ញ្ញតិទៅ​ជូន​គេដែរ»

ដូច​ពលរដ្ឋខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ដែរ​ពលរដ្ឋខ្មែរ​នៅក្នុង​ប្រទេស​ផ្សេង​ដូចជា​នៅក្នុង​ប្រទេសបារាំង​សហភាព​អឺរ៉ុប​អូស្ត្រាលី​ក៏មាន​ផែនការរៀបចំ​ការប្រារព្ធ​ពិធី​រំឭក​ខួប​សន្ធិសញ្ញា​សន្តិភាពក្រុង​ប៉ារីសនៅឆ្នាំ​នេះ និងដូច​ជាឆ្នាំមុនៗ​ផងដែរ​ហើយនិង​ដាក់ញត្តិ​ទៅកាន់​រដ្ឋាភិបាល​ប្រទេស​ដែល​ពួកគេ​កំពុង​រស់នៅ​ឲ្យជួយ​អន្តរាគមន៍​ដល់​បញ្ហា​ជាតិធំៗ​របស់​កម្ពុជា​ដែលកំពុង​ប្រឈម​បច្ចុប្បន្ន​ដូចជា​បញ្ហា​លទ្ធិប្រជាធិប​តេយ្យ​និងការ​គោរព​សិទ្ធិមនុស្ស៕

What Next?

Recent Articles

Leave a Reply

Submit Comment